ក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំផែនការសម្រាប់ការសិក្សាពីចម្ងាយ និងតាមប្រព័ន្ធអេឡិចត្រូនិកនៅកម្ពុជា ដើម្បីដោះស្រាយបញ្ហាក្នុងការសិក្សាស្របពេលនៃការផ្ទុះឡើងជំងឺកូវីដ១៩ និងដើម្បីបង្កើនសមត្ថភាពសម្រាប់ការអប់រំនៅពេលអនាគត។
ជាលើកដំបូងបង្អស់ដែលកម្មវិធីសិក្សានៅទូទាំងកម្ពុជា ត្រូវបានផ្លាស់ប្ដូរពីការសិក្សានៅតាមសាលារៀនផ្ទាល់មកជាការសិក្សាតាមប្រព័ន្ធអនឡាញ (Online) ទាំងស្រុង ដោយក្រសួងអប់រំ យុវជន និងកីឡា បានបង្កើតកម្មវិធីសិក្សាពីចម្ងាយសម្រាប់ចាប់ពីថ្នាក់មត្តេយ្យសិក្សាដល់មធ្យមសិក្សា ដើម្បីបង្ការការរីករាលដាលនៃជំងឺកូវីដ១៩។ លើសពីនេះទៅទៀត ក្រសួងក៏បានរៀបចំរួចជាស្រេចនូវទស្សនវិស័យសំខាន់ៗដើម្បីពង្រឹងប្រព័ន្ធអប់រំតាមបែបឌីជីថល (Digital) នៅកម្ពុជាឱ្យកាន់តែមានភាពប្រសើរឡើងសម្រាប់ពេលខាងមុខ។
លោក រស់ សុវាចា អគ្គលេខាធិការ និងជាអ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ប្រាប់ Focus ថា ដើម្បីចូលរួមទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ១៩ ក្រសួងអប់រំ យុវជន និងកីឡា បានបង្កើតឱ្យមានការសិក្សាពីចម្ងាយ និងប្រព័ន្ធអេឡិចត្រូនិក ដោយការផ្សាយតាមរយៈប៉ុស្តិ៍ទូរទស្សន៍ គេហទំព័រ ទំព័រហ្វេសប៊ុកជាដើម ដើម្បីជួយសម្រួលក្នុងការសិក្សា និងការបង្រៀននៅទូទាំងប្រទេស។
គាត់មានប្រសាសន៍ថា៖ «ជាទូទៅ ក្រសួងអប់រំ យុវជន និងកីឡា សង្កេតឃើញថាមាតាបិតា សិស្សានុសិស្ស និងគ្រប់ភាគីពាក់ព័ន្ធបានស្វាគមន៍ និងគាំទ្រសេវាសិក្សាពីចម្ងាយរបស់ក្រសួងអប់រំ យុវជន និងកីឡា ជាពិសេសជាមួយនឹងការផ្សាយតាមរយៈទូរទស្សន៍ប៉ុស្តិ៍ទទក២ ដែលអាចបន្តឱ្យមានការរៀន និងបង្រៀននៅទីក្រុង និងជនបទទូទាំង ២៥រាជធានី-ខេត្ត ក្នុងឱកាសចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩»។
យុវជន គឹម ដឹវីប្រូស្ពែរ៍ (Kim De Vie Prospere) ជាសិស្សអ៊ីធូស្ទែម (E2STEM) ម្នាក់ដែលមានទីតាំងនៅក្នុងវិទ្យាល័យព្រះយុគន្ធរ រាជធានីភ្នំពេញ ក៏បានសម្ដែងការពេញចិត្តដែលក្រសួងអប់រំបានអនុវត្តការសិក្សាតាមផ្នែកឌីជីថលក្នុងអំឡុងពេលកូវីដ១៩នេះ ពីព្រោះវាអាចជួយសម្រួលដល់ការសិក្សា និងផ្តល់ឱកាសដល់សិស្សានុសិស្សបានសិក្សា និងស្គាល់ពីការសិក្សាតាមបែបឌីជីថល។
អ៊ីធូស្ទែម (E2STEM) ជាស្ថាប័នអប់រំមួយដែលបានសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា ដើម្បីជួយបង្កើតយុវជនឱ្យមានជំនាញផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា ដែលនឹងជួយអភិវឌ្ឍប្រទេសកម្ពុជា។
ប្រូស្ពែរ៍ បាននិយាយថា៖ «ក្នុងការសិក្សាពីចម្ងាយអស់រយៈពេលជិត ២ខែមកនេះ ខ្ញុំទទួលបានបទពិសោធន៍ថ្មីៗជាច្រើន ពីព្រោះវាគឺជាលើកដំបូងសម្រាប់ខ្ញុំនិងសិស្សជាច្រើនទៀតដែលរៀនដោយមិនបានជួបគ្រូផ្ទាល់ទាល់តែសោះ។ ខ្ញុំចេះក្នុងការប្រើប្រាស់កុំព្យូទ័រជាងមុន និងចេះដោះស្រាយបញ្ហាបានច្រើនជាងមុន ហើយការសិក្សាបែបនេះក៏បានធ្វើឲ្យខ្ញុំមានពេលច្រើនជាងមុនដើម្បីធ្វើកិច្ចការ និងមើលមេរៀន»។
ទោះជាបែបនេះក្តី សិស្សវិទ្យាល័យរូបនេះក៏បានត្អូញត្អែរពីចំណុចអវិជ្ជមានដែលខ្លួនបានជួបប្រទះក្នុងការសិក្សាតាមផ្នែកឌីជីថលនេះ ដោយគាត់បានរៀបរាប់ថា៖ «ប្រព័ន្ធអ៊ីនធឺណិតពេលខ្លះវាមានល្បឿនយឺត ហើយម៉្យាងទៀតគឺមិនមានលោកគ្រូអ្នកគ្រូដើម្បីសួរនៅពេលមិនយល់មេរៀនណាមួយ។ ការសិក្សាបែបនេះក៏មានលក្ខណៈស្មុគស្មាញជាងនៅសាលាផ្ទាល់ ពីព្រោះខ្ញុំសិក្សាតែម្នាក់ឯង ហើយខ្ញុំមិនបានជួប ឬសម្រាកលេងជាមួយមិត្តភក្ដិសោះ»។
ស្រដៀងគ្នានេះដែរ លោក ហែម រិទ្ធធេរ៉ូ ជាគ្រូបង្រៀននៅអនុវិទ្យាល័យមួយនៅខេត្តមណ្ឌលគិរី បានចែករំលែកពីភាពប្រសើររបស់ការសិក្សាពីចម្ងាយ និងប្រព័ន្ធឌីជីថលក្នុងអំឡុងពេលកូវីដនេះផងដែរ។
គ្រូបង្រៀនវ័យក្មេងរូបនេះបានថ្លែងថា៖ «វា (ការបង្រៀនតាមប្រព័ន្ធអនឡាញ) បានជួយសម្រួលដល់ការអប់រំនៅតាមផ្ទះ អាចជួយឱ្យសិស្សចេះប្រើប្រាស់បច្ចេកវិទ្យាបន្ថែម និងស្វ័យសិក្សា និងមិនចំណាយពេលចោលអំឡុងកូវីដនេះ»។
លោកគ្រូប្រវត្តិវិទ្យានេះក៏បានលើកឡើងពីបញ្ហាប្រឈមដែលរូបគាត់ផ្ទាល់ និងសិស្សនៅតំបន់នោះកំពុងជួបប្រទះក្នុងការសិក្សាពីចម្ងាយ និងប្រព័ន្ធឌីជីថលនេះ ដោយលោកថាការសិក្សាតាមប្រព័ន្ធអនឡាញក៏ដូចជាការប្រើប្រាស់ប្រព័ន្ធអនឡាញរបស់សិស្សនៅមានកម្រិត។ សិស្សមួយចំនួនមានការពិបាកក្នុងការទទួលព័ត៌មាន សេវាអ៊ីនធឺណិតខ្សោយ កង្វះខាតធនធាន ពេលវេលា សម្ភារ និងពិបាកក្នុងការពន្យល់ ព្រោះសិស្សម្នាក់ៗមានកម្រិតយល់ដឹងខុសៗគ្នា។
លោកគ្រូ រិទ្ធធេរ៉ូ ថ្លែងសង្កត់ធ្ងន់ថា៖ «ការបង្រៀនតាមអនឡាញនេះមិនអាចជំនួសការបង្រៀនផ្ទាល់បានឡើយ»។
ទាក់ទិននឹងបញ្ហានេះ អ្នកនាំពាក្យក្រសួងអប់រំ លោក រស់ សុវាចា បានពន្យល់ថា ករណីជំងឺកូវីដ១៩ជាបញ្ហាដែលពុំអាចរំពឹងទុកមុនបាន និងមានភាពបណ្ដោះអាសន្ន។ លោកថាក្រសួងក៏បានចេញសេចក្តីណែនាំផ្សេងៗដល់ភាគីពាក់ព័ន្ធដូចជា គ្រឹះស្ថានអប់រំសាធារណៈ និងឯកជន មាតាបិតា អាណាព្យាបាល និងសិស្សានុសិស្សឱ្យចូលរួមអនុវត្តតាមការសិក្សាពីចម្ងាយ និងប្រព័ន្ធឌីជីថលនេះ។
ដើម្បីឆ្លើយតបនឹងបញ្ហាប្រឈមដូចជាកង្វះធនធានផ្សេងៗ លោក រស់ សុវាចា ថ្លែងថា ក្រសួងអប់រំធ្លាប់បានណែនាំថា គ្រួសារដែលមិនទាន់មានទូរទស្សន៍អាចរៀនតាមទូរទស្សន៍ជាមួយអ្នកជិតខាងមិនឱ្យលើសពី ១០នាក់ ដោយតម្រូវឱ្យគ្រប់ភាគីពាក់ព័ន្ធរក្សាគម្លាតសុវត្ថិភាព និងអនុវត្តគោលការណ៍វេជ្ជសាស្ត្រតាមការណែនាំរបស់ក្រសួងសុខាភិបាល។
អ្នកនាំពាក្យរូបនេះដដែលក៏បានសង្កត់ធ្ងន់ដែរថា ការសិក្សា និងការបង្រៀនតាមបែបឌីជីថលគឺជាគោលដៅសំខាន់ដែលក្រសួងបានរៀបចំគិតគូរ និងប្ដេជ្ញាសម្រេចឱ្យបាននៅពេលអនាគត។
គាត់បានគូសបញ្ជាក់ថា៖ «ការរៀន និងបង្រៀនអនឡាញជាផ្នែកមួយនៃចក្ខុវិស័យការអប់រំតាមបែបឌីជីថលរបស់ក្រសួងអប់រំ យុវជន និងកីឡា ដែលបានចងក្រងក្នុងផែនការយុទ្ធសាស្ត្រវិស័យអប់រំឆ្នាំ២០១៩-២០២៣»។
លោក ហ៊ីងភិត វង្សរដ្ឋាយុទ្ធ ជាគ្រូបង្រៀននៅសាលារដ្ឋម្នាក់ ថាការសិក្សាតាមប្រព័ន្ធអនឡាញនេះនៅមានកម្រិតនៅឡើយ ជាពិសេសអ្នកសិក្សាផ្ទាល់។ គាត់បានថ្លែងថា៖ «និស្សិតនៅកម្ពុជានៅមានកង្វះការយល់ដឹងអំពីការរៀនសូត្រឯករាជ្យដែលជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ការរៀនសូត្រពីចម្ងាយ ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធ និងផ្នត់គំនិតរបស់ប្រជាជនកម្ពុជាមិនទាន់ត្រៀមខ្លួនដើម្បីសម្របខ្លួនពេញលេញទៅនឹងការរៀនសូត្រពីចម្ងាយ និងការសិក្សាតាមអេឡិចត្រូនិកនៅឡើយទេ»។
អ្នកជំនាញផ្នែកអប់រំរូបនេះបានលើកឡើងពីវិធានការមួយចំនួន ដែលលោកយល់ថាសំខាន់សម្រាប់ការរៀបចំការសិក្សាតាមប្រព័ន្ធអនឡាញនៅកម្ពុជាឱ្យមានប្រសិទ្ធភាព។ លោកស្នើឱ្យមានគម្រោងផ្សព្វផ្សាយគោលនយោបាយប្រសើរជាងមុន ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការគាំទ្រ និងយុទ្ធសាស្ត្រប្រតិកម្មក្នុងការចូលរួមដោះស្រាយបញ្ហា និងការអនុវត្ត។ បន្ថែមពីលើនេះ លោកថាការកែលំអនៅតាមសាលារដ្ឋដោយត្រូវបង្កើនចំនួនសម្ភារ និងគប្បីមានគម្រោងអភិវឌ្ឍន៍សមត្ថភាពដល់បុគ្គលិកបន្ថែមទៀត។
ការសិក្សាស្រាវជ្រាវរបស់មជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជាស្ដីពីអក្ខរកម្មឌីជីថល កាលពីខែតុលា ឆ្នាំ២០១៩ បានបង្ហាញថា ដើម្បីអភិវឌ្ឍខ្លួនឱ្យក្លាយទៅជាសង្គមឌីជីថលមួយដែលពេញលេញ កម្ពុជាត្រូវការយុទ្ធសាស្ត្ររយៈពេលវែងក្នុងការពង្រឹងវិស័យសំខាន់ៗដូចជាវិស័យអប់រំ ហេដ្ឋារចនាសម្ព័ន្ធឌីជីថល និងក្របខ័ណ្ឌច្បាប់ក្នុងការគ្រប់គ្រង ពីព្រោះកម្ពុជាមានបញ្ហាប្រឈមជាច្រើនដូចជា ធនធានមនុស្ស ហេដ្ឋារចនាសម្ព័ន្ធឌីជីថល អភិបាលកិច្ច និងការច្នៃប្រឌិតឌីជីថល។
នៅក្នុងផែនការយុទ្ធសាស្ត្រវិស័យអប់រំសម្រាប់ឆ្នាំ២០១៩-២០២៣ ដែលក្រសួងអប់រំ យុវជន និងកីឡា បានដាក់ចេញ ក៏មានដាក់បញ្ចូលអំពីការអប់រំតាមបែបឌីជីថលដើម្បីឆ្លើយតបនឹងគោលនយោបាយ និងទិសដៅនៃសេដ្ឋកិច្ចឌីជីថលកម្ពុជា។
យុទ្ធសាស្ត្រសម្រាប់លើកកម្ពស់ការអប់រំតាមបែបឌីជីថលរបស់ក្រសួងអប់រំរួមមាន៖
- បញ្ជ្រាបបច្ចេកវិទ្យាព័ត៌មាន និងសារគមនាគមន៍ (ប.ព.ស) ឱ្យក្លាយជាឧបករណ៍សម្រាប់បង្រៀន និងរៀន និងចែករំលែកចំណេះដឹងក្នុងវិស័យអប់រំទាំងមូល សំដៅឱ្យសិស្សនិស្សិតនូវចំណេះដឹង និងបំណិន ប.ព.ស ដើម្បីធ្វើអន្តរកាលទៅរកពិភពការងារក្នុងសតវត្សរ៍ទី២១
- ប្រើប្រាស់ដំណើរការគ្រប់គ្រង និងបែបបទការងារថ្មី ដើម្បីធ្វើទំនើបកម្មការអនុវត្តការងារ និងបង្កើនប្រសិទ្ធភាព តម្លាភាព និងភាពស័ក្តិសិទ្ធិនៃអភិបាលកិច្ច និងការពិនិត្យតាមដានលទ្ធផលការងារក្នុងវិស័យអប់រំ
- ធានាឱ្យសិស្សនិស្សិតកម្ពុជាគ្រប់រូបបញ្ចប់ការសិក្សាក្នុងប្រព័ន្ធមានចំណេះដឹង និងបំណិន ប.ព.ស ដើម្បីមានលទ្ធភាពបន្តការសិក្សា និងបំពេញការងារវិជ្ជាជីវៈ
- បង្កើនប្រសិទ្ធភាព និងភាពស័ក្តិសិទ្ធិនៃការបង្រៀន និងរៀននៅតាមសាលាគរុកោសល្យ សាលារៀន និងគ្រឹះស្ថានសិក្សាដទៃទៀត តាមរយៈការប្រើប្រាស់ឧបករណ៍ ប.ព.ស និងធនធានអប់រំអេឡិចត្រូនិក
- ប្រើប្រាស់ការរៀនសូត្រតាមប្រព័ន្ធអេឡិចត្រូនិក ដើម្បីគាំទ្រឱ្យមានការផ្តល់សេវាអប់រំដល់គ្រប់អនុវិស័យទាំងអស់នៃវិស័យអប់រំសម្រាប់សិស្ស និស្សិត និងការអភិវឌ្ឍសមត្ថភាពស្ថាប័ន ក៏ដូចជាការរៀនពេញមួយជីវិត
- បង្កើនប្រសិទ្ធភាព ក៏ដូចជាសមត្ថភាពរបស់ខ្លួនក្នុងការធ្វើសេចក្ដីសម្រេចចិត្តផ្អែកតាមភស្តុតាង និងការចែករំលែកចំណេះដឹងតាមរយៈការប្រើប្រាស់ព័ត៌មានក្នុងលក្ខណៈជាប្រព័ន្ធក្នុងពេលតែមួយជាមួយគ្នា ដើម្បីបង្កើនសមត្ថភាពរបស់ខ្លួនក្នុងការងាររដ្ឋបាលអប់រំ ប្រតិបត្តិការ និងការប្រមូលទិន្នន័យតាមប្រព័ន្ធឌីជីថល
- បង្កើតស្តង់ដារសម្រាប់ហេដ្ឋារចនាសម្ព័ន្ធ ការភ្ជាប់ទំនាក់ទំនងបណ្ដាញអង្គភាពនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិទាំងអស់ទៅក្នុងប្រព័ន្ធតភ្ជាប់ផ្ទៃក្នុង
- ផ្ដល់ធនធានហិរញ្ញវត្ថុចាំបាច់ ដើម្បីគាំទ្រដល់ការប្រើប្រាស់ ប.ព.ស ក្នុងវិស័យអប់រំ ដោយប្រើប្រាស់ថវិការបស់រដ្ឋាភិបាល និងធ្វើការសម្របសម្រួលភាពជាដៃគូរវាងវិស័យឯកជន និងវិស័យសាធារណៈ និងការគាំទ្ររបស់ដៃគូអភិវឌ្ឍន៍នានាសម្រាប់រ៉ាប់រងចំណាយមូលធន និងចំណាយចរន្ត៕