យើងអាចយល់ដឹងពីជំងឺកូវីដបានយ៉ាងច្រើន តាមរយ:ការសិក្សាពីជំងឺសា (SARS-CoV-2) ដែលធ្លាប់បានកើតមានឡើងកន្លងមក។ យោងទៅតាមការសិក្សានាពេលបច្ចុប្បន្ននេះ ជំងឺកូវីដ១៩ ត្រូវបានចម្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតតាមរយៈការប៉ះពាល់ផ្ទាល់ទៅនឹងតំណក់ទឹកតូចៗដែលចេញមកពីប្រព័ន្ធផ្លូវដង្ហើមរបស់អ្នកដែលមានផ្ទុកមេរោគនេះ ជាពិសេសបុគ្គលដែលមានទំនាក់ទំនងជិតស្និទ្ធគ្នា (ឋិតនៅតិចជាង ២ម៉ែត្រពីគ្នា) ក៏ដូចជាការប៉ះផ្ទាល់ទៅលើផ្ទៃនៃវត្ថុនានាដែលមេរោគនេះនៅទំជាប់។
ម្យ៉ាងវិញទៀត បើផ្អែកទៅលើការសិក្សាថ្មីៗនេះបានបញ្ជាក់ថា ជនដែលបានផ្ទុកមេរោគនេះហើយពុំមានរោគសញ្ញា ក៏ដើរតួចម្បងក្នុងការចម្លងមេរោគនេះផងដែរ។ ហេតុនេះ ការសម្អាតធូលីដែលអាចមើលឃើញ និងការសម្លាប់មេរោគ ពិតជាការការពារខ្លួនយ៉ាងសំខាន់ពីជំងឺកូវីដ១៩ ក៏ដូចជាផ្លូវដង្ហើមផ្សេងៗដែលកើតមាននៅក្នុងគេហដ្ឋាន និងសហគមន៍។
យ៉ាងណាមិញ គេមិនទាន់បានដឹងច្បាស់នៅឡើយទេថា ខ្យល់នៅក្នុងបន្ទប់ដែលមានវត្តមានមេរោគជំងឺកូវីដ១៩នេះ អាចមានសមត្ថភាពចម្លងបានយូរប៉ុនណានោះទេ ប៉ុន្តែការធ្វើឱ្យមានខ្យល់ចេញចូលច្រើននៅក្នុងតំបន់ ឬបន្ទប់ វាពិតជាអាចឱ្យតំណក់ទឹកតូចៗដែលចេញមកពីប្រព័ន្ធផ្លូវដង្ហើមរបស់អ្នកដែលមានផ្ទុកមេរោគជំងឺកូវីដ១៩ ឬសង្ស័យថាមានមេរោគនេះចេញពីខ្យល់បានលឿនជាងបន្ទប់ដែលបិទជិត។
ចំណែកគោលបំណងនៃការណែនាំអំពីការសម្អាត និងសម្លាប់មេរោគនៅតាមគេហដ្ឋាននេះ គឺដើម្បីកំណត់ការរស់នៅរបស់មេរោគនៅក្នុងបរិយាកាសឱ្យនៅតិចបំផុត ជាពិសេសសម្រាប់អ្នកដែលសង្ស័យថា ខ្លួនមានផ្ទុកមេរោគអ្នកដែលបានឆ្លងមេរោគ និងអ្នកដែលត្រូវដាក់ឱ្យនៅដាច់ដោយឡែកពីគេ។
ខាងក្រោមនេះ គឺជាការណែនាំខ្លះៗដែលអ្នកអាចធ្វើបាននៅតាមគេហដ្ឋាន និងទីសាធារណៈ
១- ការសម្អាត
ការសម្អាត គឺជាការយកចេញនូវមេរោគ ធូលី និងភាពមិនស្អាតនៅផ្ទៃខាងក្រៅ។ ប៉ុន្តែវាមិនអាចសម្លាប់មេរោគទាំងអស់នោះបានទេ វាគ្រាន់តែអាចជួយកាត់បន្ថយចំនួន និងហានិភ័យក្នុងការរាលដាលនៃមេរោគប៉ុណ្ណោះ។
២- ការសម្លាប់មេរោគ
ការសម្លាប់មេរោគ គឺជាការប្រើប្រាស់សារធាតុគីមីតាមការណែនាំរបស់ក្រសួងសុខាភិបាល ឬក្រុមមន្ត្រីជំនាញផ្នែកពិនិត្យផលិតផលដើម្បីសម្លាប់មេរោគនៅផ្ទៃខាងក្រៅ វាមិនអាចបំបាត់មេរោគ ធូលី និងភាពមិនស្អាតនៅផ្ទៃខាងក្រៅដូចការសម្អាតបាននោះទេ។ ហេតុនេះ ការសម្លាប់មេរោគបន្ទាប់ពីធ្វើការសម្អាតរួច វាកាន់តែអាចជួយកាត់បន្ថយចំនួន និងហានិភ័យក្នុងការរាលដាលនៃមេរោគបានល្អ។
៣- ការណែនាំសម្រាប់ការសម្អាត និងសម្លាប់មេរោគនៅក្នុងគេហដ្ឋានទូទៅ
- សម្អាត និងសម្លាប់មេរោគវត្ថុដែលអ្នកប៉ះពាល់ញឹកញាប់ និងផ្ទៃខាងក្រៅរបស់វា ដូចជាតុ ទូ កុងតាក់ភ្លើង ដៃទ្វារ បង្កាន់ដៃ បង្គន់ ក្បាលរ៉ូប៊ីណេ កន្លែងលាងចាន និងគ្រឿងអេឡិចត្រូនិកផ្សេងៗជាមួយទឹកសាប៊ូសម្អាតផ្ទះ និងសារធាតុសម្លាប់មេរោគផ្សេងៗដែលសមស្របទៅនឹងការសម្អាតផ្ទៃខាងក្រៅ តាមការណែនាំរបស់ផលិតផល។ ដើម្បីទទួលបានប្រសិទ្ធភាពខ្ពស់ និងមានសុវត្ថិភាព គប្បីធ្វើតាមការណែនាំជាមុន ក៏ដូចជាពាក់ស្រោមដៃ និងបើកចំហឱ្យមានខ្យល់ចេញចូលនៅពេលប្រើប្រាស់ផលិតផល។
- សម្រាប់សម្ភារអេឡិចត្រូនិក គួរតែធ្វើការណែនាំរបស់ក្រុមហ៊ុនក្នុងការសម្អាត និងសម្លាប់មេរោគ តែប្រសិនបើគ្មានការណែនាំពីក្រុមហ៊ុន គួរតែប្រើស្ព្រៃយ៍ (Spray) បាញ់ដែលមានកម្រិតអាល់កុលយ៉ាងហោចណាស់ ៧០ភាគរយ ដើម្បីសម្លាប់មេរោគនៅលើអេក្រង់ និងត្រូវសម្ងួតឱ្យបានត្រឹមត្រូវ ជៀសវាងមានទឹកដក់។
៤- ការណែនាំសម្រាប់ការសម្អាត និងសម្លាប់មេរោគនៅក្នុងគេហដ្ឋានដែលប្រឈមទៅនឹងមេរោគកូវីដ១៩
- សមាជិកនៅក្នុងផ្ទះគួរតែអប់រំខ្លួនពីរោគសញ្ញា និងការការពារខ្លួនពីការចម្លងមេរោគកូវីដ១៩ នៅក្នុងផ្ទះ។
- សម្អាត និងសម្លាប់មេរោគនៅលើវត្ថុប្រើប្រាស់រៀងរាល់ថ្ងៃ ដូចជា តុ កៅអី ដៃទ្វារ កុងតាក់ភ្លើង ទូរស័ព្ទ តេឡេបញ្ជា បង្កាន់ដៃ បង្គន់ ក្បាលរ៉ូប៊ីណេ កន្លែងលាងចាន និងគ្រឿងប្រើប្រាស់ប្រចាំថ្ងៃផ្សេងៗ។
- អ្នកដែលឈឺ គួរតែនៅបន្ទប់ដាច់ដោយឡែកពីគេ និងជៀសវាងការប៉ះពាល់ផ្ទាល់ជាមួយអ្នកដទៃ។
- ផ្តល់សម្ភារសម្អាតនៅក្នុងបន្ទប់គេង និងបន្ទប់ទឹកដល់អ្នកជំងឺ ដូចជា ក្រដាសជូតមាត់ ក្រដាសអនាម័យ ទឹកសាប៊ូ និងសារធាតុសម្លាប់មេរោគផ្សេងៗ។
- ប្រសិនបើប្រើប្រាស់បន្ទប់ទឹករួម គួរធ្វើការសម្អាត និងសម្លាប់មេរោគរាល់ពេលអ្នកជំងឺប្រើប្រាស់រួច។
- សមាជិកនៅក្នុងផ្ទះ គួរតែអនុវត្តតាមការណែនាំផ្សេងៗនៅពេលដែលមានទំនាក់ទំនងជាមួយអ្នកជំងឺ ឬជនសង្ស័យថាមានផ្ទុកមេរោគ។
៥- វិធីសាស្ត្រក្នុងការសម្អាត និងសម្លាប់មេរោគ
- ប្រើប្រាស់ស្រោមដៃរាល់ពេលសម្អាត និងសម្លាប់មេរោគ ហើយគួរតែបោះចោលស្រោមដៃដែលប្រើប្រាស់រួច និងលាងដៃភ្លាមៗបន្ទាប់ពីធ្វើការសម្អាតរួច។
- បើមានធូលីច្រើន គួរតែធ្វើការសម្អាតជាមួយសាប៊ូ និងទឹកសាប៊ូសិន មុននឹងធ្វើការសម្លាប់មេរោគ។
- ប្រើសារធាតុសម្លាប់មេរោគដែលមានការណែនាំពីមន្ត្រីជំនាញផ្នែកផលិតផលសម្រាប់សម្លាប់មេរោគ។
- សម្រាប់សម្ភារដែលទន់ដូចជា ព្រំ កម្រាល គួរសម្អាតទៅលើធូលីដែលអាចមើលឃើញដោយប្រើប្រាស់ផលិតផលឱ្យបានសមស្រប ឬសម្ភារខ្លះដែលអាចសម្អាតជាមួយទឹកក្តៅឧណ្ហៗ និងសម្ងួតឲ្យបានត្រឹមត្រូវ។
- សម្រាប់គ្រឿងអេឡិចត្រូនិកដូចជា ទូរស័ព្ទ តេឡេបញ្ជា គ្រឿងប្រើប្រាស់ប្រចាំថ្ងៃផ្សេងៗ គួរតែធ្វើតាមការណែនាំរបស់ក្រុមហ៊ុនក្នុងការសម្អាត និងសម្លាប់មេរោគ។
- គួរប្រើឧបករណ៍ណាដែលអាចដោះសម្អាតបាន។
- ប្រសិនបើគ្មានការណែនាំពីក្រុមហ៊ុន គួរតែប្រើស្ព្រៃយ៍ (Spray) បាញ់ដែលមានកម្រិតអាល់កុល ៧០ភាគរយ ដើម្បីសម្លាប់មេរោគនៅលើអេក្រង់ និងត្រូវសម្ងួតឱ្យបានត្រឹមត្រូវ ជៀសវាងមានទឹកដក់។
- ប្រើប្រាស់ស្រោមដៃរាល់ពេលបោកសម្អាតសម្លៀកបំពាក់របស់អ្នកជំងឺ ហើយបោះចោលស្រោមដៃដែលប្រើប្រាស់រួច និងលាងដៃភ្លាមៗបន្ទាប់ពីធ្វើការសម្អាតរួច។
- បើគ្មានស្រោមដៃ ត្រូវលាងដៃជាដាច់ខាត បន្ទាប់ពីធ្វើការសម្អាតរួច។
- កុំរលាស់សម្លៀកបំពាក់របស់អ្នកជំងឺពេលសម្អាត វាអាចជួយកាត់បន្ថយការសាយភាយមេរោគទៅក្នុងខ្យល់។
- សម្លៀកបំពាក់របស់អ្នកជំងឺអាចសម្អាតរួមជាមួយអ្នកដទៃបាន ប៉ុន្តែគួរតែធ្វើតាមការណែនាំអំពីរបៀបសម្អាតរបស់ក្រុមហ៊ុនផលិត ក៏ដូចជាការសម្អាតជាមួយទឹកក្តៅឧណ្ហៗ និងសម្ងួតឱ្យបានត្រឹមត្រូវ។
- ធ្វើការសម្អាត និងសម្លាប់មេរោគនៅលើកន្ត្រកដាក់សម្លៀកបំពាក់របស់អ្នកជំងឺ ឬអាចដាក់ទ្រាប់ដោយក្រណាត់នីឡុង រួចបោះចោលនៅពេលប្រើប្រាស់រួច ឬក៏អាចសម្អាតក្រណាត់នីឡុងនោះដើម្បីប្រើប្រាស់ឡើងវិញ។
- លាងសម្អាតដៃជាមួយសាប៊ូនិងទឹកយ៉ាងតិច ២០វិនាទី បន្ទាប់ពីដោះស្រោមដៃរួច និងធ្វើការប៉ះពាល់ជាមួយអ្នកជំងឺ។ ប្រសិនបើគ្មានសាប៊ូនិងទឹក អាចប្រើប្រាស់អាល់កុលសម្រាប់លាងដៃដែលមានកម្រិតអាល់កុល ៦០ភាគរយ។
- បន្តអនុវត្តទម្លាប់អនាម័យស្អាតនៅផ្ទះ កន្លែងការងារ និងគ្រប់សកម្មភាពផ្សេងៗដូចជាការសម្អាតដៃឲ្យបានស្អាត មុនពេលប៉ះពាល់ភ្នែក ច្រមុះ។
- គួរសម្អាតដៃបន្ទាប់ពីក្អក ឬកណ្ដាស់ និងប្រើប្រាស់បន្ទប់ទឹក មុនពេលបរិភោគ ឬរៀបចំអាហារ ប៉ះពាល់សត្វពាហនៈ និងសត្វចិញ្ចឹម មុន និងក្រោយពេលប៉ះពាល់ជាមួយអ្នកដទៃ។
- អ្នកជំងឺគួរតែបរិភោគនៅក្នុងបន្ទប់របស់គេ ចំណែកអ្នកដែលថែទាំគួរតែសម្អាតរបស់របរជាមួយសាប៊ូ ឬទឹកក្តៅ និងលាងដៃភ្លាមៗបន្ទាប់ពីថែទាំរួច។
- ប្រើប្រាស់ស្រោមដៃពេលរៀបចំ និងចោលសំរាម រួចលាងដៃភ្លាមៗបន្ទាប់ពីធ្វើការសម្អាតរួច៕