រវាងការធ្វើការក្នុងការិយាល័យ និងធ្វើការពីផ្ទះ មួយណាអនុញ្ញាតឱ្យអ្នកមានលទ្ធភាពផលិតល្អជាង? អ្វីទៅជាគុណសម្បត្តិ និងគុណវិបត្តិរបស់ការធ្វើការពីផ្ទះ?
ជំងឺកូវីដ១៩ បានបង្កើតឱ្យមានភាពធម្មតារបៀបថ្មី (New Normal) ជាច្រើននៅក្នុងវិស័យផ្សេងៗ ព្រមទាំងរបៀបរស់នៅប្រចាំថ្ងៃរបស់មនុស្សចាប់តាំងពីការផ្ទុះឡើងដំបូងនៅក្នុងខែធ្នូ កាលពីឆ្នាំមុន។ នៅក្នុងនោះរួមមាន វប្បធម៌នៃការធ្វើការផងដែរ ដែលជាធម្មតាបុគ្គលិកត្រូវទៅការិយាល័យ ឬក្រុមហ៊ុន ដើម្បីបំពេញការងារប្រចាំថ្ងៃរបស់ខ្លួន។ បច្ចុប្បន្ននេះមានមនុស្សជាច្រើននាក់កំពុងធ្វើការពីផ្ទះ (Work From Home) ឬធ្វើការពីចម្ងាយ (Remote Working) នៅទូទាំងពិភពលោក ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺឆ្លងកូវីដ១៩។
មុនពេលមានជំងឺរាតត្បាតនេះ មានបុគ្គលិកតែប្រមាណជា ៧% នៃប្រជាជនអាមេរិកប៉ុណ្ណោះដែលមានសិទ្ធិជ្រើសរើសធ្វើការពីផ្ទះនេះបាន ហើយអ្នកដែលអាចធ្វើបែបនេះបានភាគច្រើនគឺជាអ្នកមានតួនាទីខ្ពស់ៗ (Knowledge Workers) សំដៅលើអ្នកដែលប្រើការគិតជាចម្បងសម្រាប់ការធ្វើការប្រចាំថ្ងៃ ហើយដែលក្នុងនោះរួមមាននាយកប្រតិបត្តិ អ្នកគ្រប់គ្រងផ្នែកព័ត៌មានវិទ្យា និងអ្នកវិភាគហិរញ្ញវត្ថុជាដើម។ នេះបើយោងតាមគេហទំព័រ World Economic Forum។
ដោយសារនៅក្នុងប្រទេសកម្ពុជាមិនមានការរីករាលដាលនៃជំងឺកូវីដ១៩ខ្លាំងដូចនៅប្រទេសប៉ែកអឺរ៉ុបមួយចំនួន ក្រុមហ៊ុនខ្លះអនុញ្ញាតឱ្យបុគ្គលិកធ្វើការពីផ្ទះ ហើយក្រុមហ៊ុនខ្លះទៀតមិនបានអនុវត្តជម្រើសមួយនេះនោះទេ។
លោក វណ្ណ ណេត អ្នកបង្កើតខ្លឹមសារ (Content Creator) របស់ក្រុមហ៊ុនទីផ្សារឌីជីថលមួយក្នុងទីក្រុងភ្នំពេញ បានប្រាប់ថា ក្រុមហ៊ុនរបស់លោកអនុញ្ញាតឱ្យបុគ្គលិកធ្វើការពីផ្ទះពេលមានជំងឺកូវីដ១៩ ប៉ុន្តែសព្វថ្ងៃនេះលោកត្រឡប់ទៅធ្វើការក្នុងការិយាល័យវិញហើយ។ លោកបានប្រាប់បន្ថែមថា ការធ្វើការពីផ្ទះ គឺជាអ្វីដែលលោកប្រាថ្នាចង់បានជាយូរមកហើយ ព្រោះលោកមិនចាំបាច់ទៅជួបនឹងមនុស្សដែលមិនចាំបាច់ជួប ហើយមិនចាំបាច់ត្រូវខ្វល់ខ្វាយពីការស្លៀកពាក់ និងការរៀបឫក។
លោកបានប្រាប់ថា៖ «ខ្ញុំចូលចិត្តធ្វើការពីផ្ទះជាងការដែលត្រូវទៅការិយាល័យ ដោយសារខ្ញុំមិនចាំបាច់មានអ្នកត្រួតត្រាលើការស្លៀកពាក់ ហើយខ្ញុំមានពេលផ្ដោតទៅលើការបំពេញការងារបានល្អជាង»។
ជាការពិតណាស់ មិនមែនការងារទាំងអស់សុទ្ធតែអាចធ្វើការពីផ្ទះបាននោះទេ ដូចជាបុគ្គលិកធនាគារ អ្នកលក់ដូរទំនិញនានា និងអ្នកធ្វើការដោយកម្លាំងជាដើម។
លោក ឡី ដមបញ្ញាបុត្រ (Ley Dompanhaboth) មន្ត្រីប្រតិបត្តិសាខារបស់ធនាគារ ABA បានឱ្យដឹងថា លោកមិនដែលមានបទពិសោធន៍ធ្វើការពីផ្ទះនោះទេ ព្រោះការងាររបស់ខ្លួនមិនអំណោយផលសម្រាប់ជម្រើសនេះនោះទេ។
លោកបានបញ្ជាក់ប្រាប់ថា៖ «ខ្ញុំមិនដែលគិតចង់ធ្វើការពីផ្ទះនោះទេ ព្រោះខ្ញុំគិតថាការធ្វើនៅការិយាល័យមានភាពងាយស្រួលជាងសម្រាប់តួនាទីរបស់ខ្ញុំ។ ក្នុងមួយថ្ងៃៗខ្ញុំត្រូវធ្វើរបាយការណ៍ពីសកម្មភាពរបស់សាខាដែលខ្ញុំទទួលបន្ទុកទៅកាន់ការិយាល័យកណ្តាលតាមអ៊ីមែល។ ហើយអ៊ីមែលនេះអាចបើកបានជាមួយតែកុំព្យូទ័រធ្វើការក្នុងការិយាល័យតែប៉ុណ្ណោះ»។
ការកើនឡើងនៃតួលេខរបស់អ្នកធ្វើការពីផ្ទះនេះ បង្កើតឱ្យមានការតស៊ូមតិថា តើការធ្វើការពីផ្ទះមានឱកាសអាចជំនួសការធ្វើការក្នុងការិយាល័យបានដែរឬទេទៅថ្ងៃអនាគត បន្ទាប់ពីស្ថានភាពជំងឺកូវីដ១៩? តើក្រុមហ៊ុនមួយចំនួនអាចនឹងចាប់ផ្តើមអនុញ្ញាតឱ្យបុគ្គលិកធ្វើការពីផ្ទះក្រោយកូវីដ១៩ដែរទេ?
ទស្សនាវដ្ដី Forbes បានធ្វើការវិភាគទៅលើសំណួរនេះ ហើយបានសរុបសេចក្តីថា អនាគតនៃការធ្វើការនៅមានភាពស្រពេចស្រពិលនៅឡើយ។ ជាជាងការដែលអនុញ្ញាតឱ្យបុគ្គលិកធ្វើការពីផ្ទះ ឬនៅក្នុងការិយាល័យទាំងស្រុង ក្រុមហ៊ុន ឬស្ថាប័នការងារអាចនឹងប្រើវិធីធ្វើការទាំងពីរនេះចូលគ្នា ដែលក្នុងនោះអ្នកគ្រប់គ្រងអាចនឹងធ្វើការចាត់ជាវេនសម្រាប់ពេលធ្វើការពីផ្ទះ និងក្នុងការិយាល័យជូនបុគ្គលិក។
ទោះបីជាអនាគតនៃការធ្វើការនៅមានភាពមិនច្បាស់លាស់ក៏ដោយ អ្នកអាចត្រៀមខ្លួនទៅថ្ងៃអនាគតបានដោយការឈ្វេងយល់ពីគុណសម្បត្តិ និងគុណវិបត្តិមួយចំនួនទាក់ទងនឹងការធ្វើការពីផ្ទះដែលចង្អុលដោយអ្នកជំនាញដូចខាងក្រោម៖
គុណសម្បត្តិ៖
១- អនុញ្ញាតឱ្យអ្នកប្រើប្រាស់ពេលវេលាលើការធ្វើអ្វីផ្សេងបាន៖ ការធ្វើការក្នុងការិយាល័យពេញម៉ោងរារាំងអ្នកពីការបំពេញធុរៈចាំបាច់ប្រចាំថ្ងៃមួយចំនួន ដូចជាការទៅយកកូនពីសាលា ការណាត់ជួបជាមួយគ្រូពេទ្យ និងហាត់ប្រាណជាដើម។ ដោយហេតុថាអ្នកត្រូវតែបង្ហាញខ្លួននៅក្នុងការិយាល័យធ្វើការជានិច្ច។ ប៉ុន្តែការធ្វើការពីផ្ទះ អាចធ្វើឲ្យអ្នកប្រើប្រាស់ពេលវេលាលើការបំពេញធុរៈចាំបាច់ផ្សេងៗទៀតបាន ដរាបណាអ្នកប្រាកដថាខ្លួនអាចធ្វើការឱ្យក្រុមហ៊ុនទាន់ពេល។
២- ជួយសន្សំពេលវេលា និងថវិកា៖ ការធ្វើការពីផ្ទះអាចកាត់បន្ថយពេលវេលាដែលអ្នកចំណាយលើការតែងខ្លួនមកធ្វើការ និងពេលដែលចំណាយលើការធ្វើដំណើរមកធ្វើការ។ អ្នកអាចយកពេលនោះសម្រាប់ការគេងឱ្យបានគ្រប់គ្រាន់ ឬស្រស់ស្រូបអាហារពេលព្រឹកបានត្រឹមត្រូវវិញ។ លើសពីនេះ ការដែលមិនចាំបាច់ធ្វើដំណើរទៅធ្វើការមានន័យថា អ្នកមិនចាំបាច់ចាយលុយទៅលើការចាក់សាំងយានជំនិះរបស់អ្នកនោះទេ។
៣- អាចជួយកាត់បន្ថយភាពតានតឹង៖ ការធ្វើការពីផ្ទះមានភាគរយក្នុងការកាត់បន្ថយហានិភ័យនៃភាពតានតឹងបាន ពីព្រោះអ្នកធ្វើការដោយគ្មានសម្ពាធពីថ្នាក់លើ។ ម្យ៉ាងទៀត វាធ្វើឱ្យអ្នកមានការប្រុងប្រយ័ត្នក្នុងការសម្រេចចិត្តទៅលើអ្វីមួយបានល្អជាងពេលធ្វើការក្នុងការិយាល័យ។
គុណវិបត្តិ៖
១- ធ្វើឱ្យអ្នកមិនសូវមានការទាក់ទងជាមួយអ្នកផ្សេងផ្ទាល់មុខ៖ ការធ្វើការក្នុងការិយាល័យធ្វើឱ្យអ្នកមានឱកាសក្នុងការជួបជាមួយមិត្តរួមការងារ ហើយអាចនិយាយគ្នាលេងពីនេះពីនោះបានមិនដូចជាការធ្វើការពីផ្ទះទេ។ ទម្លាប់ធ្វើការពីផ្ទះ អាចធ្វើឱ្យអ្នកមានការពិបាកក្នុងការប្រាស្រ័យទាក់ទងជាមួយអ្នកដទៃផ្ទាល់មុខ។
២- មានការរំខានច្រើន៖ ធ្វើការនៅផ្ទះអាចធ្វើឱ្យអ្នកពិបាកក្នុងការបែងចែកម៉ោងធ្វើការ និងម៉ោងសម្រាកបានល្អ។ ទន្ទឹមនឹងនេះ អ្នកមានការរំខានជាច្រើនពេលធ្វើការពីផ្ទះ ព្រោះពេលខ្លះអ្នកមិនមានវិន័យល្អ ក្នុងនោះអ្នកចង់ងើបធ្វើនេះបន្តិចធ្វើនោះបន្តិច។ ការដែលមិនចែកដាច់ពេលធ្វើការ និងជីវិតប្រចាំថ្ងៃនេះ អាចធ្វើឱ្យអ្នកឆាប់ធុញទ្រាន់នឹងការងារ។
៣- ធ្វើឱ្យមានការយល់ច្រឡំពេលអានសារផ្សេងៗ៖ ពេលនិយាយផ្ទាល់ អ្នកអាចដឹងថាមនុស្សដែលនិយាយមកកាន់អ្នកលើកដាក់សំឡេងយ៉ាងដូចម្ដេច ដែលធ្វើឱ្យអ្នកឆាប់ដឹងថាបុគ្គលនោះមានការខឹង ឬនិយាយជាមួយអ្នកធម្មតា។ ក៏ប៉ុន្តែការបញ្ជូនព័ត៌មានដោយកម្មវិធីបញ្ជូនសារនានា អាចធ្វើឱ្យមានការឈ្លោះប្រកែកគ្នាបាន ក្នុងករណីដែលអ្នកផ្ញើសារមកអ្នកសរសេរពាក្យពេចន៍ដោយមិនបានគិតពីការលើកដាក់សំឡេងខុសដោយអចេតនា៕