បង្កើនប្រសិទ្ធភាពថ្នាក់រៀនអនឡាញរបស់អ្នក ដោយគ្រាន់តែចាប់ផ្តើមប្រើប្រាស់គេហទំព័រទាំងនេះ និងដើម្បីមានការប្រាស្រ័យទាក់ទងគ្នាល្អប្រសើរជាមួយសិស្សរបស់អ្នក។
ការរាតត្បាតនៃជំងឺកូវីដ១៩ បានបង្កើតឱ្យមានភាពធម្មតាបែបថ្មី (New Normal) ជាច្រើននៅក្នុងការរស់នៅប្រចាំថ្ងៃរបស់យើង។ វត្តមានរបស់ជំងឺនេះ បានបង្ខំឱ្យយើងធ្វើការផ្លាស់ប្ដូរ សម្របខ្លួន និងត្រូវតែស្វែងរកវិធីជីវិតថ្មីរហូត។ សម្រាប់គ្រូ និងអ្នកអប់រំក៏ដូចគ្នាដែរ។
ការផ្លាស់ប្ដូរមករៀន និងបង្រៀនតាមប្រព័ន្ធឌីជីថល គឺជាចម្លើយដើម្បីបន្តការសិក្សាក្នុងស្ថានភាពដែលយើងមិនអាចគ្រប់គ្រងបានបែបនេះ។ សម្រាប់គ្រូនិងអ្នកអប់រំ បញ្ហាមិនចប់ត្រឹមការផ្លាស់ប្ដូរមកបង្រៀនតាមអនឡាញប៉ុណ្ណោះទេ ព្រោះការបង្រៀនតាមអនឡាញនេះបានក្លាយជាបញ្ហាចោទច្រើនជាងការបង្រៀនក្នុងថ្នាក់ទៅទៀត។ ជាក់ស្តែងគឺការមិនដឹងថាសិស្សយកចិត្តទុកដាក់លើការបង្រៀនកម្រិតណាពេលរៀនតាមអនឡាញ។
ខុសពីការបង្រៀននៅក្នុងថ្នាក់ដែលសិស្សស្ថិតនៅក្រោមការគ្រប់គ្រងដោយផ្ទាល់ពីគ្រូទទួលបន្ទុក គ្រូអាចឱ្យសិស្សធ្វើសកម្មភាពផ្សេងៗ ដូចជាការធ្វើការជាក្រុម និងការលេងល្បែងក្នុងគោលបំណងសិក្សាជាដើម។ ដូចនេះ សម្រាប់សិស្សភាគច្រើនការរៀនសូត្រនៅក្នុងថ្នាក់មានភាពសប្បាយរីករាយ និងមិនសូវធុញដូចការរៀនតាមអនឡាញនោះទេ។
ក៏ប៉ុន្តែ គ្រូក៏ដូចជាអ្នកអប់រំ អាចមកស្គាល់ពីគេហទំព័រអនឡាញទាំងអស់នេះបាន ដើម្បីធ្វើឱ្យការបង្រៀនតាមអនឡាញ ឬការបង្រៀនពីចម្ងាយរបស់ខ្លួនមានប្រសិទ្ធភាព និងកាត់បន្ថយភាពធុញទ្រាន់របស់សិស្សជាជាងការអង្គុយស្តាប់គ្រូពន្យល់តែម្យ៉ាង។ បច្ចុប្បន្ននេះ នៅក្នុងអ៊ីនធឺណិតមានគេហទំព័រជាច្រើនសម្រាប់គ្រូ និងអ្នកអប់រំទាញប្រយោជន៍ពីវា។
Lightsail
បង្កើតឡើងនៅក្នុងឆ្នាំ២០១២ Lightsail ជាគេហទំព័រអក្សរសាស្ត្រអនឡាញមួយដែលមានផ្ទុកសៀវភៅជាច្រើនក្បាលលើប្រធានបទយ៉ាងច្រើន ដែលត្រូវសម្រាប់សិស្សដែលស្ថិតក្នុងកម្រិតពីមត្តេយ្យដល់ទី១២ (K12)។ សិស្ស និងគ្រូអាចអានឯកសារក៏ដូចជាសៀវភៅមាននៅក្នុងនោះបាន។ ពិសេសជាងនេះទៅទៀត តាមរយៈគេហទំព័រនេះ គ្រូអាចធ្វើការឃ្លាំមើលការអានរបស់សិស្ស ផ្តល់ជាលំហាត់ ឬសំណួរបាន និងអាចឱ្យយោបល់ទៅសិស្សវិញបានភ្លាមៗផងដែរ។
Kahoot!
គេហទំព័រ Kahoot! គឺជាគេហទំព័រអប់រំក្នុងទម្រង់ល្បែងមួយដែលត្រូវបានបង្កើតនៅក្នុងឆ្នាំ២០១២។ ជាមួយគេហទំព័រមួយនេះ គ្រូអាចឱ្យសិស្សលេងហ្គេមឆ្លើយសំណួរដែលទាក់ទងនឹងមេរៀនបាន។ ក្រៅពីសំណួរទាក់ទងនឹងមេរៀន សិស្សក៏អាចរីករាយនឹងសំណួរ ឬហ្គេមដែលទាក់ទងនឹងប្រធានបទសំខាន់ៗមួយចំនួនផងដែរ។ Kahoot មានទាំងគេហទំព័រ និងកម្មវិធីទូរស័ព្ទ។ ស្ថាបនិករបស់ Kahoot ជឿជាក់ថាការរៀនដ៏ល្អបំផុតគឺការដែលសិស្សបានលេងហ្គេម ព្រោះវានឹងធ្វើឱ្យពួកគេមានចម្ងល់រហូត។
Khan Academy
គេហទំព័រនេះត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ២០០៨ ដោយលោក សាលម៉ាន ខាន់ (Salman Khan) ជាមួយគោលបំណងបង្កើតជាឧបករណ៍អនឡាញសម្រាប់ជួយសិស្សក្នុងការសិក្សា។ គេហទំព័រផ្តល់ជូនជាលំហាត់ និងវីដេអូបង្រៀនខ្លីងាយយល់លើមុខវិជ្ជាដូចជា គណិតវិទ្យា វិទ្យាសាស្ត្រ កុំព្យូទ័រ ប្រវត្តិសាស្ត្រ។ល។ ក្រៅពីនេះ គេហទំព័រមួយនេះក៏មានផ្តល់ជាមេរៀនសម្រាប់សិស្សត្រៀមប្រឡងបញ្ចប់កម្រិតវិទ្យាល័យនៅសហរដ្ឋអាមេរិកផងដែរ ហើយដែលគ្រូនៅតាមបណ្តាប្រទេសផ្សេងៗក៏អាចយកកម្រងសំណួរទាំងនោះឱ្យសិស្សរបស់ខ្លួនបាន។ សម្រាប់សិស្សវិញ ពួកគេក៏អាចប្រើប្រាស់គេហទំព័រដើម្បីបង្កើតជាក្តាររៀនដោយខ្លួនឯងបានផងដែរ។
Schoology
Schoology គឺជាបណ្ដាញទំនាក់ទំនងសង្គមផង និងកន្លែងរៀនអនឡាញសម្រាប់សិស្សកម្រិត K-12 រហូតដល់ថ្នាក់ឧត្ដមសិក្សាផង។ កម្មវិធីមួយនេះអនុញ្ញាតឱ្យអ្នកប្រើប្រាស់ បង្កើត គ្រប់គ្រង និងចែករំលែកមាតិកាសិក្សាផ្សេងៗ។ គ្រូនិងអ្នកអប់រំអាចប្រើប្រាស់គេហទំព័រដើម្បីគ្រប់គ្រងថ្នាក់របស់ខ្លួនបាន ព្រោះអ្នកអាចពិនិត្យមើលកំណត់ត្រាវត្តមានសិស្ស ដាក់ពិន្ទុអនឡាញ ធ្វើការប្រឡង ដាក់ជាសំណួរ និងដាក់កិច្ចការផ្ទះអនឡាញបាន។ លើសពីនេះទៅទៀត គេហទំព័រនេះនឹងផ្ញើសារជាការតឿន និងព័ត៌មានថ្មីនៅក្នុងថ្នាក់ជាប្រចាំ។
Smilebox
បង្កើតឡើងនៅក្នុងឆ្នាំ២០០៥ កម្មវិធីនេះអនុញ្ញាតឱ្យអ្នកប្រើប្រាស់បង្កើតជា slideshow សម្រាប់បង្រៀនសិស្សបានលឿន ហើយងាយស្រួលបំផុត។ ក្នុងនោះ គ្រូបង្រៀនអាចជ្រើសរើសរូបភាព ពុម្ព (Template) បទចម្រៀង និងឱ្យជាមតិបាន។ ក្រៅពីការបង្កើតជា slideshow អ្នកក៏អាចប្រើប្រាស់កម្មវិធីនេះដើម្បីបង្កើតជាសំបុត្រអញ្ជើញផ្សេងៗ កាតអនឡាញ (eCard) ការដាក់រូបភាពរួមបញ្ចូលគ្នា និងប័ណ្ណផ្សព្វផ្សាយនានា (Flyer) បានផងដែរ។
Engrade
Engrade ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ២០០៣។ វាជាគេហទំព័រផ្តល់ឧបករណ៍គ្រប់យ៉ាងដែលគ្រូត្រូវការសម្រាប់ការគ្រប់គ្រងថ្នាក់របស់ខ្លួន ក្នុងនោះរួមមានតារាងវត្តមាន សៀវភៅកំណត់ត្រាពិន្ទុ ប្រតិទិន តារាងតុអង្គុយ និងសំខាន់បំផុតនោះគឺវាមានសមត្ថភាពតាមដានអាកប្បកិរិយារបស់សិស្សបាន។ លើសពីនេះទៅទៀត តាមរយៈកម្មវិធីនេះ គ្រូអាចទាញយកមេរៀនដែលបានរៀបចំដោយបុគ្គលផ្សេងមកបង្រៀន។ សំខាន់ជាងគេនោះ គ្រូបង្រៀនអាចតាមដានការរីកចម្រើន និងការអភិវឌ្ឍរបស់សិស្សម្នាក់ៗរបស់ខ្លួនបានតាមរយៈគេហទំព័រនេះ។
Quizizz
គេហទំព័រ Quizizz គឺជាបណ្ដុំហ្គេមដែលទាក់ទងនឹងការសិក្សាសម្រាប់សិស្ស និងគ្រូ។ ជាមួយគេហទំព័រនេះ គ្រូបង្រៀនអាចបង្កើតជាសំណួរដែលទាក់ទងនឹងមេរៀនបានផងដែរ។ គេហទំព័រនេះជួយសម្រាលការងាររបស់គ្រូ ព្រោះតាមរយៈការឆ្លើយសំណួររបស់សិស្ស ពួកគេអាចដឹងថាអ្វីទៅជាចំណុចខ្លាំងចំណុចខ្សោយរបស់សិស្ស ហើយថាតើពួកគេត្រូវអភិវឌ្ឍលើផ្នែកអ្វី។
Nearpod
ដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅក្នុងឆ្នាំ២០១២ Nearpod គឺជាគេហទំព័រដ៏ល្អមួយសម្រាប់គ្រូ និងសិស្ស។ ជាមួយគេហទំព័រនេះ គ្រូអាចបង្កើតជាបទបង្ហាញប្រកបដោយភាពច្នៃប្រឌិត ព្រោះក្នុងបទបង្ហាញរបស់ខ្លួន គ្រូក៏ដូចជាអ្នកអប់រំអាចដាក់បញ្ចូលសំណួរខ្លី ការស្ទង់មតិ ឃ្លីបវីដេអូ រូបភាព ក្តារគូរ ខ្លឹមសារមេរៀនពីគេហទំព័រផ្សេងៗ។ល។
Baamboozle
Baamboozle គឺជាគេហទំព័រសម្រាប់លេង និងបង្កើតល្បែងផ្សេងៗក្នុងគោលបំណងអប់រំ។ ហ្គេមដែលមាននៅក្នុងគេហទំព័រនេះភាគច្រើនទាក់ទងនឹងចំណេះដឹងទូទៅដែលសិស្សចាំបាច់ត្រូវដឹង។ ដើម្បីលេង អ្នកត្រូវបែងចែកជាក្រុម ជ្រើសរើសលេងដែលអ្នកពេញចិត្តដើម្បីឆ្លើយសំណួរ។
Remind
Remind គឺជាកម្មវិធីមួយដែលអនុញ្ញាតឱ្យគ្រូផ្ញើសារទៅកាន់សិស្ស គ្រូដទៃទៀត និងអាណាព្យាបាលរបស់សិស្ស។ ជាមួយកម្មវិធីនេះ ឱកាសដែលសិស្សមិនបានអានសារមានតិចបំផុត ព្រោះវានឹងផ្ញើសារតឿនអ្នកជានិច្ច។ សម្រាប់សិស្សវិញ កម្មវិធីនេះតែងតែផ្ញើជាសារលើកទឹកចិត្តឱ្យធ្វើកិច្ចការផ្ទះជានិច្ចនៅរាល់ថ្ងៃសៅរ៍ និងអាទិត្យ៕