មានឆ្ងល់អត់ថា ហេតុអ្វីមានអារម្មណ៍ភ័យខ្លាច នៅពេលនិយាយជាក្នុងចំណោមមនុស្សឬុជាសាធារណៈម្ដងៗ? ហើយគួរធ្វើម៉េចទៅដើម្បីឱ្យការនិយាយល្អជាងមុន? ដើម្បីស្រាយចម្ងល់និងដោះស្រាយបញ្ហាទាំងនេះ តោះមករៀនគួរក្រៅម៉ោងជាមួយ Focus ដើម្បីរៀនថ្ងៃនេះ ជាទុនសម្រាប់ថ្ងៃស្អែកទាំងអស់គ្នា។
នៅក្នុងភាគទី២ នៃផតខាស់«គួរក្រៅម៉ោង» ក្រោមប្រធានបទ «ការនិយាយជាសាធារណៈ» អ្នកនឹងបានស្តាប់ការពិភាក្សាគ្នាយ៉ាងសុីជម្រៅអំពីបទពិសោធន៍របស់ពិធីករទាំងពីរ តាមរយៈការស្វែងរកចំណុចខ្វះខាតរបស់ខ្លួន និងការពង្រឹងសមត្ថភាពជាមួយគន្លឹះសំខាន់ថ្មីៗ ងាយស្រួលយល់និងអនុវត្ត ដើម្បីបង្កើនទំនុកចិត្តក្នុងនិយាយ មិនថាក្នុងការសិក្សា ឬកិច្ចការងារផ្សេងៗ។
សម្រាប់មនុស្សមួយចំនួនប្រហែលជាធ្លាប់ឆ្លងកាត់និយាយសាធារណៈកន្លងមកហើយ។ ក្នុងនោះមិនមែនគ្រប់គ្នាយើងទាំងអស់សុទ្ធតែមានទំនុកចិត្តក្នុងការនិយាយបានទេ។ ដូចច្នេះថ្ងៃនេះ អ្នកទាំងអស់គ្នានឹងបានស្ដាប់ការពិភាក្សាគ្នា រវាងពិធីការីរបស់យើង កញ្ញា បូរិន្ទ សុភាវុទ្ធតី រួមជាមួយអ្នកហាត់ការរាយការណ៍ព័ត៌មានរបស់Focusមួយរូប គឺ លោក ឈីវ ប៊ុនឈាន។ អ្នកទាំងពីរបានពាំនាំមកជាមួយនូវបទពិសោធន៍ផ្ទាល់ខ្លួនមកចែករំលែក ក៏ដូចជាចំណេះដឹង និងការស្រាវជ្រាវពីអ្នកជំនាញ ដែលមនុស្សមួយចំនួន ជាពិសេសយុវជនមិនធ្លាប់ដឹងពីមុនមក។
ជំនាញនិយាយសាធារណៈ ជាជំនាញដ៏សំខាន់មួយសម្រាប់យុគសម័យថ្មី ដែលយុវជនគួរមានជំនាញនេះជាប់ខ្លួនដើម្បីប្រើប្រាស់ក្នុងការរស់នៅប្រចាំថ្ងៃ និងអាជីពការងារ។ ទាក់ទង់នឹងការនិយាយជាសាធារណៈនេះ ចង់ចៀសក៏ចៀសមិនផុតដែរ ព្រោះក្នុងជីវិតប្រចាំថ្ងៃមិនថាការសិក្សា និងកន្លែងការងារសុទ្ធតែទាមទារជំនាញនេះ។
តាមពិតទៅគ្រាន់តែនិយាយធម្មតា ជាមួយមិត្តភក្តិ និងអ្នកស្គាល់គ្នាប្រហែលមិនសូវខ្លាចនោះទេ។ ប៉ុន្តែបើឱ្យនិយាយក្នុងចំណោមមនុស្សជាសាធារណៈប្រហែលនៅខ្លាច។ មនុស្សមិនតិចទេដែលមានអារម្មណ៍ភ័យខ្លាចនៅពេលដែលតម្រូវឱ្យពួកគេនិយាយឬក៏ធ្វើបទបង្ហាញជាសាធារណៈ។
ទម្លាប់រស់នៅជាមួយបច្ចេកវិទ្យាទំនើបបានបណ្ដាលឱ្យយុវជនភាគច្រើនមិនសូវបាននិយាយគ្នានៅខាងក្រៅឡើយ។ ការភ័យខ្លាច មិនមានភាពក្លាហាន ខ្វះទំនុកចិត្តនិងបទពិសោធន៍ ជាកត្តាបណ្ដាលឱ្យយុវជនមិនហ៊ាននិយាយ។ ហេតុនេះ ការបង្កើនទម្លាប់នៃការនិយាយប្រចាំថ្ងៃ អាចជាវិធីស៊ាំនៃការនិយាយ ដើម្បីជួយដល់ការនិយាយជាសាធារណៈឱ្យកាន់តែប្រសើរ។
ក្នុងកិច្ចសន្ទនាដ៏រស់រវើកនេះ ពិធីការនី វុទ្ធតី ដែលពោរពេញដោយវោហាសព្ទ័ បានចែករំលែកនូវបទពិសោធន៍របស់ខ្លួននិងទទួលបានពីអ្នកជំនាញមកចែករំលែក ព្រមទាំងគន្លឹះក្នុងការនិយាយឱ្យស្របទៅតាមប្រធានបទនិងពេលវេលា។ ជាមួយគ្នានេះដែរ ប៊ុនឈាន ដែលធ្លាប់មានបទពិសោធន៍ជូរចត់ជាមួយការនិយាយជាសាធារណៈ នឹងពាំនាំនូវវិធីសាស្រ្តដុះខាត់ខ្លួនក្នុងការកែប្រែការនិយាយរបស់ខ្លួនឱ្យកាន់តែល្អប្រសើរជាងមុន។ តើអ្វីជាគន្លឹះ ក្នុងការពង្រឹងការនិយាយជាសាធារណៈរបស់ប៊ុនឈាន?
ការពិភាក្សាតាមរយៈបទពិសោធន៍របស់អ្នកទាំងពីរ ពួកគេបានរកឃើញនូវចំណុចខ្សោយរបស់ខ្លួន ហើយបំប្លែងទៅជាមេរៀន ដើម្បីក្លាយជាគន្លឹះក្នុងការពង្រឹងសមត្ថភាពរៀងៗខ្លួន។
ក្រោយពីស្ដាប់ភាគនេះចប់ អ្នកទាំងអស់គ្នាយល់ដឹងថាភាពភ័យខ្លាចជារឿងធម្មតា ដែលយើងគ្រប់គ្នាតែងតែជួបប្រទះ ដែលវាអាចកាត់បន្ថយបានតាមរយៈការបង្កើនភាពជឿជាក់និងទំនុកចិត្តលើខ្លួនឯង ជាពិសេសត្រូវត្រៀមខ្លួនជានិច្ច និងប្រមូលអារម្មណ៍ឱ្យមូលលើចំណុចសំខាន់ដើម្បីឱ្យការនិយាយជាសាធារណៈរបស់យើងបានកាន់តែប្រសើរ។
អត្ថបទនេះជាផ្នែកមួយនៃគម្រោងផតខាស់«គួរក្រៅម៉ោង»ភាគទី២ របស់យើងគឺដែលនិយាយអំពី៖ «គ្រាន់តែនិយាយ ម៉េចបានខ្លាច?»។ បច្ចុប្បន្ននេះ អ្នកអាចស្តាប់”ផតខាស់គួរក្រៅម៉ោង”បានតាមរយ:តំណភ្ជាប់ខាងក្រោម។ ហើយកុំភ្លេចចុច Follow ឬ Subscribe ផតខាស់របស់ពួកយើងផងណ៎ា ដើម្បីទទួលបានព័ត៌មានអំពីភាគបន្តបន្ទាប់របស់ពួកយើង៖
🔗Youtube៖ https://bit.ly/3r2m9RK
🔗Spotify៖ https://spoti.fi/3NVegr4
🔗Apple Podcasts៖ https://apple.co/3NNXOIT
🔗Google Podcast៖ https://bit.ly/3jOEVb8
🔗Hubhopper៖ https://bit.ly/3Jf9Nvz