ពិធីរៀបអាពាហ៍ពិពាហ៍ គឺជាពិធីមួយដ៏សំខាន់ក្នុងឆាកជីវិតរបស់មនុស្សភាគច្រើន ហើយក៏ជាទំនៀមទម្លាប់ខ្មែរដែលមានជាយូរលង់ណាស់មកហើយ។ ទោះបីជាមានការផ្លាស់ប្ដូរខ្លះៗទៅតាមបរិបទនៃសម័យកាលក្តី ពិធីសិរីមង្គលនេះនៅតែត្រូវបានគេផ្តល់តម្លៃ និងប្រតិបត្តិមកជាហូរហែ។

ជាទូទៅ បុគ្គលគ្រប់ៗរូបរមែងចង់ឱ្យពិធីមង្គលសិរីរបស់ខ្លួនប្រព្រឹត្តទៅបានដោយភាពល្អឥតខ្ចោះ ប៉ុន្តែវាពិតជាមានការលំបាកខ្លាំងណាស់ក្នុងការប្រព្រឹត្តពិធីដ៏អធិកអធមនេះទៅបាន ប្រសិនបើគ្មានការរៀបចំទុកដាក់ជាមុន និងជាពិសេសផ្នែកហិរញ្ញវត្ថុផ្ទាល់តែម្តង។
តើអ្នកគិតថាអ្នកបានត្រៀមអ្វីៗរួចជាស្រេចសម្រាប់ជំហានដំបូងបង្អស់នៃការបង្កើតគ្រួសារហើយឬនៅ?
ខាងក្រោមនេះ គឺជាចំណុចសំខាន់មួយចំនួនដែលអ្នកមានគម្រោងចង់រៀបអាពាហ៍ពិពាហ៍គួរតែដឹង៖
បណ្ណាការ (ថ្លៃទឹកដោះ)
តាមប្រពៃណីខ្មែរ បណ្ណាការគឺជាជំនូនដែលក្រុមគ្រួសារខាងប្រុសស្នើជូនទៅខាងស្រីសម្រាប់ការរៀបចំពិធីនេះ និងជាជំនូនចងដៃសម្រាប់ការរស់នៅរបស់កូនចៅនាពេលអនាគត។ បញ្ហាបណ្ណាការនេះ ត្រូវបានគិតគូរពីសំណាក់ក្រុមគ្រួសារទាំងសងខាង ឬកូនប្រុសកូនស្រីផ្ទាល់តែម្តង។ ដូចនេះ វាមិនមែនជាមានការប្រឈមខ្លាំងក្លានោះទេ ប្រសិនបើភាគីទាំងសងខាងពិភាក្សា និងមានការយល់ស្របចំពោះគ្នាទៅវិញទៅមក។
ភោជនីយអាហារ និងភេសជ្ជៈ
ការរៀបចំអាហារ និងភេសជ្ជៈសម្រាប់ទទួលបងប្អូនញាតិជិតឆ្ងាយ និងមិត្តភក្ដិ ជាផ្នែកមួយយ៉ាងសំខាន់ក្នុងពិធីរៀបមង្គលការខ្មែរ ហើយវាក៏ជាផ្នែកមួយនៃការចំណាយយ៉ាងធំ និងចាំបាច់ផងដែរ។ នាពេលបច្ចុប្បន្ននេះ តម្លៃម្ហូបសម្រាប់ពិធីមង្គលការយ៉ាងតិចបំផុតគឺចាប់ពី ១២០ដុល្លារឡើងទៅក្នុងមួយតុ ដោយតម្លៃនេះមានភាពខុសគ្នាទៅតាមតំបន់ និងកម្រិតនៃតម្រូវការរបស់ភ្ញៀវ ហើយអ្នកគួរតែធ្វើការកក់ទុកយ៉ាងតិចបំផុត ៣ខែមុន។ ដោយឡែកភេសជ្ជៈវិញមានភាពងាយស្រួលក្នុងការបញ្ជា (កុម្ម៉ង់) ទិញ ហើយអ្នកអាចជ្រើសយកទៅតាមតម្រូវការ និងបរិមាណដែលអ្នកត្រូវការ ប៉ុន្តែវាក៏អាចជាបញ្ហាដែរប្រសិនបើអ្នកគ្មានគម្រោងរៀបចំទុកដាក់ជាមុន ព្រោះវាអាចនាំឱ្យមានភាពខ្ជះខ្ជាយក្នុងការប្រើប្រាស់។
ទីកន្លែង
ប្រសិនបើអ្នកមានទីកន្លែងសមរម្យសម្រាប់រៀបចំពិធីមង្គលនេះបានដោយខ្លួនឯង អ្នកពិតជាមានសំណាង ព្រោះអ្នកអាចសន្សំប្រាក់មួយចំនួនធំសម្រាប់ការជួលទីកន្លែងត្រឹមតែរយៈពេលពីរបីថ្ងៃ។ បើអ្នកត្រូវជួលទីកន្លែង អ្នកគួរកក់ទុកយ៉ាងតិចណាស់ក៏កន្លះឆ្នាំមុនដែរ ជាពិសេសការជួលទីតាំងដែលមានតម្លៃថ្លៃចាប់ពីខ្ទង់ពាន់ដុល្លារឡើងទៅ។
សម្អាងការ និងការតុបតែងពិធី
ការតុបតែងរៀបចំខ្លួនជាចំណុចសំខាន់ ព្រោះសម្អាងការជាធាតុដ៏សំខាន់ដែលធ្វើឱ្យកូនកំលោះកូនក្រមុំបង្ហាញភាពស្រស់ស្អាតរបស់ខ្លួនតាមបែបប្រពៃណីខ្មែរ ជាពិសេសសម្រាប់កូនក្រមុំតែម្តង។ សម្អាងការ ឬដែលគេតែងនិយមហៅថាផ្នួងនេះ គួរតែរកឱ្យបានមុនយ៉ាងតិចបំផុត ៦ខែ។ វាអាចមានភាពងាយស្រួលក្នុងការកក់ទុកមុនយូរជាងនេះ។ ប៉ុន្តែប្រសិនបើអ្នកកក់ទុកមុនរយៈពេលយូរពេក វាអាចមានបញ្ហាទៅលើការផ្លាស់ប្ដូររាងកាយរបស់អ្នក និងការនិយមរបស់សម្លៀកបំពាក់។ សម្អាងការអាចមានតម្លៃចាប់ពី ៨០០ដុល្លារឡើងទៅនៅតាមខេត្ត និងជនបទ ចំណែកឯនៅតាមទីប្រជុំជន និងទីក្រុងភាគច្រើនអាចមានតម្លៃថ្លៃចាប់ពី ១.២០០ដុល្លារឡើង ទៅតាមប្រភេទនិងកម្រិតនៃសម្អាងការដែលអ្នកជ្រើសរើស។
បច្ចុប្បន្ននេះ សម្អាងការក៏មានគិតជាកញ្ចប់ផងដែរ ដែលអាចមានរួមបញ្ចូលទាំងគ្រូបាអាចារ្យ និងសម្រាប់ពិធីកាត់សក់ជាដើម ហើយតម្លៃជាកញ្ចប់នេះអាចមានការប្រែប្រួលទៅតាមការជ្រើសរើសរបស់អ្នក។ ចំណែកឯតម្លៃនៃការតុបតែងពិធី ដូចជាផ្កា ការតុបតែងរោងក្នុងពិធីក៏មានតម្លៃថ្លៃគួរសមដូចគ្នា ដែលអាចមានតម្លៃចាប់ពី ៧០០ដុល្លារឡើងទៅតាមបែបផែននីមួយៗ។
តន្ត្រីសម័យ និងពិធីបែបបុរាណ
ចំណុចសំខាន់មួយដែលភាគច្រើនគេមានការធ្វេសប្រហែស គឺការជ្រើសរើសវង់ភ្លេងបុរាណខ្មែរសម្រាប់ប្រគំក្នុងពិធីទាំងមូល និងពិធីកាត់សក់ដែលជាផ្នែកមួយដ៏មានអត្ថន័យខ្លាំងណាស់សម្រាប់ពិធីមង្គលការបែបប្រពៃណីខ្មែរ។ នាពេលបច្ចុប្បន្ននេះ វង់ភ្លេងខ្មែរមានចំនួនតិចបើប្រៀបទៅនឹងក្រុមតន្ត្រីសម័យ ហើយតម្រូវការក៏មានច្រើន ជាពិសេសនៅរដូវកាលរៀបអាពាហ៍ពិពាហ៍។ ហេតុនេះ អ្នកក៏គួរតែសង្វាតស្វែងរកវង់ភ្លេងនេះយ៉ាងតិចឱ្យបាន ៣ខែមុនដូចគ្នា។ ចំណែកឯតម្លៃអាចចាប់ពី ៣៥០ដុល្លារឡើងទៅដល់ខ្ទង់ពាន់ដុល្លារក្នុងមួយថ្ងៃទៅតាមតំបន់ និងកេរ្តិ៍ឈ្មោះរបស់ក្រុមវង់តន្ត្រីនោះ។ ចំណែកតន្ត្រីសម័យសម្រាប់ញ៉ាំងពិធីឱ្យកាន់តែសប្បាយនៅពេលល្ងាចមានតម្លៃចាប់ពី ៧០០ដុល្លារទៅសម្រាប់នៅតាមខេត្ត ចំណែកឯទីក្រុងនិងទីប្រជុំជនមានតម្លៃចាប់ពី ៩០០ដុល្លារឡើង។
រូបថត និងវីដេអូ
ការថតរូប និងវីដេអូអាចរាប់ចូលជាការចំណាយធំមួយ និងសំខាន់ក្នុងពិធីមង្គលការខ្មែរ ពីព្រោះការថតរូបជាទម្លាប់យ៉ាងពេញនិយមចំពោះមនុស្សគ្រប់វ័យ ហើយវាក៏ជាអនុស្សាវរីយ៍មួយដ៏ប្រពៃសម្រាប់គូស្វាមីភរិយាផងដែរ។ ភាគច្រើនតម្លៃនៃរូបថត និងវីដេអូនេះត្រូវបានគេគិតជាកញ្ចប់ ដែលជាទូទៅមានប្រមាណប្រហែលពី ៥០០ដុល្លារឡើងទៅក្នុងមួយកញ្ចប់។ ចំណែកឯការថតរូបមុនពេលអាពាហ៍ពិពាហ៍ (pre-wedding) អាចមានតម្លៃចាប់ពី ២៥០ដុល្លារឡើងទៅក្នុងមួយថ្ងៃដោយមិនគិតពីថ្លៃធ្វើដំណើរ និងការចំណាយផ្សេងៗ។ ចំណែកការថតវីដេអូ តម្លៃចាប់ពី ៨០០ដុល្លារឡើង។
ការរៀបចំពិធីមង្គលការតាមបែបប្រពៃណីខ្មែរតម្រូវឱ្យមានការរៀបចំទុកដាក់ជាមុនរយៈពេលយូរ និងចំណាយប្រាក់កាសច្រើន បើប្រៀបធៀបទៅនឹងពិធីប្រពៃណីដទៃ ហើយវាក៏ជាក្តីបារម្ភមួយដែលមនុស្សប្រុសស្រីទូទៅដែលមានគម្រោងរៀបចំពិធីមង្គលការរបស់ខ្លួនឱ្យបានល្អប្រពៃទៅតាមប្រពៃណី ប៉ុន្តែវាមានបញ្ហាទៅនឹងកង្វះធនធានផ្សេងៗ។ ទន្ទឹមនឹងគ្នានេះដែរ គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុជាច្រើនបានផ្តល់ប្រាក់កម្ចីសម្រាប់ការរៀបអាពាហ៍ពិពាហ៍ដល់បុគ្គលដែលខ្វះធនធានសម្រាប់ដោះស្រាយបញ្ហានេះប្រមាណពី ៥ពាន់ដុល្លារដល់ ៣ម៉ឺនដុល្លារដែលត្រូវគិតតាមកម្រិតនៃប្រាក់បៀវត្សរ៍ការងាររយៈពេលអត្រាការប្រាក់ និងឯកសារបញ្ជាក់ផ្សេងៗ។
ការរៀបចំពិធីមង្គលការមួយឱ្យល្អឥតខ្ចោះមិនមែនជាចំណុចសំខាន់បំផុតនៃជីវិតអាពាហ៍ពិពាហ៍នោះទេ ពីព្រោះសុភមង្គលគ្រួសារអាស្រ័យទៅលើដៃគូស្វាមីភរិយាដែលត្រូវចំណាយពេលវេលារយៈពេលវែងរស់នៅជាមួយគ្នានៅពេលអនាគត។ ហេតុនេះ បើអាចអ្នកគួរកាត់បន្ថយការចំណាយច្រើនលើសលប់នៅក្នុងពិធីនេះដើម្បីជៀសវាងបញ្ហាហិរញ្ញវត្ថុនៅពេលក្រោយ៕