កញ្ញា នូ សុភាម៉ានី៖ «ខ្ញុំពេលខ្លះចូលចិត្តញាក់ស្មា ប៉ុន្តែខ្ញុំគិតថាវាជាទម្លាប់ និងស្តាយ (Style) របស់ខ្ញុំ។ ខ្ញុំមិនគិតថាវាជា តិក (a tic) ឬភាពមិនប្រក្រតីសរីរាង្គ ឬជំងឺថររែត (Tourette) នោះទេ»។
កញ្ញា នូ សុភាម៉ានី មានទម្លាប់ញាក់ស្មាម្តងម្កាល តែនាងមិនប្រាកដថាវាបណ្តាលមកពីអ្វីនោះទេ។ ទោះបីវាជាអ្វីដែលនាងមានក្នុងរយៈពេលយូរមកហើយក៏ដោយ ក៏ការញាក់សរសៃនេះមិនប៉ះពាល់ការងាររបស់ខ្លួនជាគិលានុបដ្ឋាយិកាដែរ។ បើទោះជាមានការញាក់ស្មាពីរបីដងក្នុងរយៈពេលមួយម៉ោងក្តី ម៉ានី យល់ថារូបនាងផ្ទាល់ក៏ដូចជាប្រជាជនខ្មែរជាច្រើននាក់ទៀតគិតថាវាគ្រាន់តែជាផ្នែកមួយនៃការរស់នៅប្រចាំថ្ងៃរបស់ខ្លួនប៉ុណ្ណោះ និងមិនមានគំនិតចង់រកពីមូលហេតុដែលបង្កនោះទេ។
តើអ្វីទៅជាជំងឺថររែត (Tourette Syndrome)?
យោងទៅតាមវិទ្យាស្ថានជាតិនៃជំងឺភាពមិនប្រក្រតីនៃប្រព័ន្ធប្រសាទ និងជំងឺដាច់សរសៃឈាមខួរក្បាលរបស់អាមេរិក បានឱ្យដឹងថា ជំងឺថររែត (Tourette) គឺជាជំងឺមួយពាក់ព័ន្ធទៅនឹងប្រព័ន្ធប្រសាទដែលរោគសញ្ញារបស់វាគេអាចសម្គាល់បានតាមរយៈការនិយាយពាក្យដដែលៗ ការធ្វើចលនាដោយអចេតនា និងការបញ្ចេញសំឡេងដោយឥតព្រាងទុក ដែលគេហៅជាភាសាអង់គ្លេសថា «តិក» (tics)។ ជំងឺនេះត្រូវបានកំណត់សម្គាល់ឡើងក្នុងឆ្នាំ១៨៨៥ ដោយវេជ្ជបណ្ឌិត Georges Gilles de la Tourette ដែលជាអ្នកជំនាញខាងប្រព័ន្ធប្រសាទជនជាតិបារាំង ហើយក្រោយមកគេក៏បានប្រើឈ្មោះជំងឺនេះដោយយកតាមឈ្មោះរបស់លោក។
អ្នកដែលត្រូវបានគេធ្វើរោគវិនិច្ឆ័យថាមានជំងឺថររែត នឹងអាចបញ្ចេញសំឡេង ឬចលនាប្លែកៗខុសពីធម្មតាមួយចំនួនដែលពុំអាចគ្រប់គ្រងបានដោយបុគ្គលនោះទេ ដូចជាការញាក់ភ្នែកឥតឈប់ឈរ ការញាក់ស្មា ការចម្រាស់បំពង់កដោយប្រើសំឡេងនេះសំឡេងនោះ ការហិតក្លិន ការបន្ទរសំឡេងរអ៊ូមិនធម្មតា ឬការបំពងសំឡេងដោយប្រើពាក្យជេរប្រមាថផ្សេងៗ។
តើអ្វីទៅជារោគសញ្ញានៃជំងឺថររែត?
ការសិក្សាមួយពីគ្លីនិកម៉ាយូ (Mayo Clinic) ដែលជាមជ្ឈមណ្ឌលវេជ្ជសាស្ត្រមិនរកប្រាក់ចំណេញរបស់សហរដ្ឋអាមេរិក បានបញ្ជាក់ថា ជំងឺថររែត ជាធម្មតាកើតមានចំពោះកុមារ និងក្មេងវ័យជំទង់ដែលមានអាយុចាប់ពី ៣ ទៅ ១៥ឆ្នាំ ហើយភាគច្រើនកើតមានទៅលើបុរសរហូតដល់ ៣ ទៅ ៤ដងច្រើនជាងស្ត្រី។ ជាមួយគ្នានេះផងដែរ «តិក» (tics) ដែលជាចលនារាងកាយ ឬការបន្ទរសំឡេងភ្ញោចចេញភ្លាមៗនេះ ត្រូវបានគេបែងចែកជាពីរក្រុមធំសំខាន់ៗដែលមានពីរកម្រិតដូចគ្នា៖
- តិកម៉ូទ័រ (motor tics)៖ ចលនារាងកាយឬសាច់ដុំ
- តិកកម្រិតស្រាល (simple tics)៖ ការញាក់ស្មា ការញាក់ភ្នែក ការកន្ត្រាក់ច្រមុះ ការកន្ត្រាក់ផ្សេងៗ ព្រមទាំងការភ្ញោចចេញនៃចលនាមួយចំនួន
- តិកកម្រិតស្មុគស្មាញ (complex tics)៖ ការលោតផ្លោះ ការប៉ះឬហិតវត្ថុផ្សេងៗ ការធ្វើចលនាដដែលៗ ការពត់ បត់ ឬការកន្ត្រាក់
- តិកសំឡេង (vocal tics)៖ ការបំពងសំឡេង
- តិកកម្រិតស្រាល (simple tics)៖ ការបន្ទរសំឡេងរអ៊ូ ការចម្រាស់បំពង់ក ព្រូសឬក្អក និងសំឡេងអ្វីចម្លែកៗជាដើម
- តិកកម្រិតស្មុគស្មាញ (complex tics)៖ ការនិយាយពាក្យរបស់ខ្លួន ឬការនិយាយតាមពាក្យអ្នកដទៃឡើងវិញដដែលៗ ឬការប្រើពាក្យជេរប្រមាថផ្សេងៗ
លើសពីនេះទៀត «តិក» អាចបន្លាស់ប្តូរបានតាមពេលវេលាក្នុងប្រភេទផ្សេងៗគ្នានៃភាពញឹកញាប់ (Frequency) និងភាពធ្ងន់ធ្ងរនៃករណីជំងឺ ដែលជាពិសេសក្នុងអំឡុងពេលនៃការប្រែប្រួលប្តូរពីក្មេងវ័យជំទង់ទៅមនុស្សពេញវ័យ ហើយក៏អាចបង្កទៅជាមានទាំងសំឡេង និងម៉ូទ័រតិកផងដែរ។ ជាមួយគ្នានេះដែរ «តិក» អាចមានសភាពធ្ងន់ធ្ងរបានតាមរយៈការប្រែប្រួលផ្លូវចិត្ត ដូចជាភាពតានតឹង (stress) ការអស់កម្លាំង ភាពរំជើបរំជួល ការថប់បារម្ភឬអារម្មណ៍ញាប់ញ័រ (anxiety) ហើយ «តិក» ក៏អាចកើតឡើងផងដែរទោះបីជាអំឡុងពេលគេងក៏ដោយ ដែលនេះអាចជាមូលហេតុបណ្តាលឱ្យមានជំងឺពិបាកក្នុងការគេង។
តើអ្នកជំងឺថររែត អាចគ្រប់គ្រង «តិក» បានដែរឬទេ?
ផ្នែកសេវាសុខភាពថ្នាក់ជាតិរបស់ប្រទេសអង់គ្លេស បង្ហាញថាមនុស្សមួយចំនួនប្រហែលជាអាចគ្រប់គ្រង «តិក» របស់ខ្លួនដោយមានការផ្ដោតអារម្មណ៍ខ្ពស់ ឬការហ្វឹកហាត់អនុវត្តក្នុងរយៈពេលយូរមកហើយ ប៉ុន្តែអ្នកជំងឺអាចគ្រប់គ្រងលើ «តិក» នេះបានតែរយៈពេលខ្លីប៉ុណ្ណោះ។ បន្ថែមពីលើនេះ «តិក» អាចកើតឡើងតិចជាងពេលមានសកម្មភាពផ្សេងៗ ដូចជាពេលលេងកីឡា ពេលអានសៀវភៅ ឬពេលច្រៀងជាដើម។ ការព្យាយាមគ្រប់គ្រង «តិក» នេះអាចបណ្តាលឱ្យអ្នកជំងឺមានអារម្មណ៍នឿយហត់ ព្រោះថាលទ្ធផលចុងក្រោយគឺនៅដដែលនៅតែមាន «តិក»។
តើអ្វីទៅជាមូលហេតុបង្កនៃជំងឺថររែត?
ការសិក្សាស្រាវជ្រាវមួយពីគ្លីនិកម៉ាយូ បានបង្ហាញថាមូលហេតុនៃជំងឺថររែត និង «តិក» នៅតែពុំទាន់អាចសន្មតបានច្បាស់នៅឡើយនោះទេ។ អំឡុងពេលនេះដែរ អ្នកជំនាញនិងអ្នកស្រាវជ្រាវជាច្រើនរូបកំពុងធ្វើការយ៉ាងស្វាហាប់ក្នុងការរកមូលហេតុបង្កនៃជំងឺនេះ។
ទោះបីជាយ៉ាងណាក៏ដោយ អ្នកវិទ្យាសាស្ត្របានរកឃើញតែពីកត្តាហានិភ័យនៃជំងឺថររែតប៉ុណ្ណោះ ដែលក្នុងនោះរួមមាន៖
- ប្រវត្តិគ្រួសារ៖ ហានិភ័យខ្ពស់នៃការកើតមានជំងឺថររែត ប្រសិនបើគ្រួសារមានឬមានប្រវត្តិកើតជំងឺនេះឬមាន «តិក»
- ការពាក់ព័ន្ធទៅនឹងភេទរបស់មនុស្ស៖ អត្រានៃការកើតជំងឺថររែតលើបុរសមានចំនួន ៣ ទៅ ៤ដងច្រើនជាងស្ត្រី
ជំងឺថររែត ក៏អាចនាំឱ្យយើងមានរបៀបរស់នៅបានយ៉ាងសកម្មផងដែរ ទោះបីជាជំងឺនេះអាចធ្វើឱ្យប៉ះពាល់ខ្លះៗដល់មុខមាត់របស់អ្នកជំងឺនៅក្នុងសង្គម និងសុខភាពផ្លូវចិត្តរបស់អ្នកជំងឺក៏ដោយ។ ក្រៅពីនេះ ចំណុចមួយចំនួនដែលអាចកើតមានលើអ្នកជំងឺថររែតមានដូចជា ជំងឺពិបាកក្នុងការគេង ការបាក់ទឹកចិត្ត ភាពធុញថប់អារម្មណ៍ សមត្ថភាពក្នុងការសិក្សា ឈឺក្បាល ជំងឺម្យ៉ាងដែលបណ្តាលឱ្យអ្នកចង់ធ្វើអ្វីតាមរបៀបរបបខ្លួន (Obsessive-Compulsive Disorder) ជំងឺដែលបណ្តាលឱ្យមនុស្សចាំបាច់ត្រូវសកម្មខ្លាំង និងធ្វើអ្វីមួយភ្លាមៗ (Attention Deficit Hyperactivity Disorder)។
តើគេអាចព្យាបាលជំងឺនេះបានយ៉ាងដូចម្តេច?
រហូតមកដល់ពេលនេះពុំទាន់មានវិធីព្យាបាលជំងឺថររែតនៅឡើយទេ ក៏ប៉ុន្តែអ្នកជំងឺអាចទទួលការព្យាបាលបែបអាកប្បកិរិយា និងថ្នាំខ្លះដើម្បីកាត់បន្ថយការលេចឡើង «តិក» ក្នុងសកម្មភាពប្រចាំថ្ងៃក៏ដូចជាកាត់បន្ថយបញ្ហាផ្លូវចិត្ត និងផ្លូវអារម្មណ៍។
ទោះជាយ៉ាងណា កុមារខ្លះក៏ប្រហែលជាអាចមានជំងឺ «តិក» ក្នុងរយៈពេលខ្លីផងដែរ «តិក» ទាំងអស់ពុំសុទ្ធតែត្រូវបានគេចាត់ទុកថាជារោគសញ្ញានៃជំងឺថររែតនោះទេ ក៏ប៉ុន្តែនៅពេលដែលកុមារម្នាក់បង្ហាញពីអាកប្បកិរិយាខុសពីធម្មតា វាពិតជាសំខាន់ណាស់ដែលយើងគួរព្យាយាមកំណត់ពីមូលហេតុនៃភាពមិនប្រក្រតីនេះដោយពិគ្រោះជាមួយអ្នកជំនាញដើម្បីចៀសវាងនូវលទ្ធភាពដែលអាចបង្កឱ្យទៅជាជំងឺធ្ងន់ធ្ងរបាន។
តើប្រជាជនកម្ពុជាគិតយ៉ាងដូចម្តេចចំពោះជំងឺថររែត?
បន្ទាប់ពីបានសួរប្រជាជនកម្ពុជាចំនួន ១០នាក់ពីជំងឺនេះ មានតែពីរនាក់ប៉ុណ្ណោះដែលស្គាល់ពីជំងឺនេះ។ ក្រោយបានលើកឡើងពីរោគសញ្ញានៃជំងឺថររែត អ្នកមួយចំនួនបានគិតថាវាជាទម្លាប់មិនល្អរបស់បុគ្គលនោះទៅវិញជាជាងគិតថាវាជាជំងឺ។
កញ្ញា សុភាម៉ានី ដែលជាគិលានុបដ្ឋាយិកាបាននិយាយថា នាងពិតជាធ្លាប់ឮ និងជួបប្រទះអ្នកដែលមានស្ថានភាពស្រដៀងគ្នាដូចជា «តិក» ឬថររែត នៅក្នុងជីវិតប្រចាំថ្ងៃរបស់នាង ក៏ប៉ុន្តែវាមិនច្បាស់ថាវាជាអ្វីនោះទេ។
កញ្ញាបានលើកឡើងថា៖ «ខ្ញុំបានឃើញមនុស្សញាក់ភ្នែករបស់គេគ្រប់ពេល ឬបញ្ចេញសំឡេងរំខានពេលខ្លះ ប៉ុន្តែខ្ញុំមិនដែលដឹងថាហេតុអ្វីនោះទេ ព្រោះវាមិនមែនជាជំនាញសិក្សារបស់ខ្ញុំ។ ខ្ញុំគិតថាធនធានសម្រាប់ព័ត៌មាន និងសេវាកម្មព្យាបាលជំងឺនេះ គឺកម្រមែនទែន»។
លោកវេជ្ជបណ្ឌិត Todd Jungkuntz មកពីគ្លីនិក Optimistic Counseling នៅប្រទេសកម្ពុជា មានប្រសាសន៍ថា ទិន្នន័យនៃជំងឺថររែត គឺមិនមាននៅក្នុងប្រទេសកម្ពុជានោះទេ បើប្រៀបធៀបនឹងទិន្នន័យនៃជំងឺផ្សេងៗទៀត។
លោកបានបន្តទៀតថា អត្រានៃការកើតជំងឺនេះគឺទាបណាស់សម្រាប់ប្រជាជនទូទៅក្នុងប្រទេសកម្ពុជា (ប្រហែលជា ១% ឬតិចជាងនេះ)។ លោកមិនប្រាកដថាប្រធានបទនេះវាទាក់ទងនឹងប្រជាជនកម្ពុជាយ៉ាងដូចម្តេចនោះទេ បើប្រៀបធៀបទៅនឹងជំងឺអូធីសឹម (autism) ជំងឺដែលបណ្តាលឱ្យមនុស្សចាំបាច់ត្រូវសកម្មខ្លាំង និងធ្វើអ្វីមួយភ្លាមៗ (Attention Deficit Hyperactivity Disorder) ជំងឺតក់ស្លុតផ្នែកអារម្មណ៍ក្រោយព្រឹត្តិការណ៍អាក្រក់ណាមួយ (Post-Traumatic Stress Disorder) ជំងឺបាក់ទឹកចិត្ត (Depression) និងជំងឺថប់និងញាប់ញ័រអារម្មណ៍ (Anxiety Disorders)។
ជាមួយនឹងបទពិសោធន៍ជាច្រើនក្នុងការព្យាបាលជំងឺថប់និងញាប់ញ័រអារម្មណ៍ ជំងឺបាក់ទឹកចិត្ត ជំងឺតានតឹងផ្លូវចិត្ត (ស្ត្រេស) ជំងឺបង្កមកពីភាពតក់ស្លុត និងការអនុវត្តខាងវេជ្ជសាស្ត្រអស់រយៈពេលជាង ២០ឆ្នាំ លោកTodd និយាយថាមិនដែលជួបប្រទះនឹងអ្នកដែលមានជំងឺថររែតនោះទេ រួមទាំងនៅក្នុងប្រទេសកម្ពុជាផងដែរ ទោះបីជាគ្លីនិករបស់លោកផ្តល់សេវាកម្មព្យាបាលជំងឺថររែតនេះដែរក៏ដោយ។
ប៉ុន្តែលោកថា តាមការសង្កេតរបស់លោក នៅក្នុងប្រទេសកម្ពុជាក៏ប្រហែលជាមានករណី «តិក» និងជំងឺថររែត (tics and Tourette syndrome) នេះខ្លះដែរ។
លោកមានប្រសាសន៍ថា៖ «ពាក្យសម្ដីមិនសមរម្យ និងយោបល់ដែលភ្ញោចភ្លាមៗដែលជារឿយៗលោកមិនសូវបានជួបប្រទះនោះទេ ប៉ុន្តែអ្វីដែលជារោគសញ្ញាដែលលោកធ្លាប់ជួបប្រទះនោះ គឺការញាក់រាងកាយ ដូចជាការគ្រវីដៃ ការធ្វើចលនាឬកាយវិការអ្វីមួយ»៕