តើអ្វីទៅជាការងារសេរីឬការងារឯករាជ្យ? ហេតុអ្វីបានជាមនុស្សកាន់តែច្រើនទៅៗចង់ធ្វើការងារបែបនេះ?

“ខ្ញុំជាអ្នកធ្វើការសេរីមួយរូប។” “ខ្ញុំធ្វើការពេញម៉ោងផង ហើយទន្ទឹមនឹងនេះខ្ញុំក៏ទទួលយកការងារសេរីផងដែរ។” “ខ្ញុំចូលចិត្តធ្វើជាអ្នកធ្វើការងារសេរី។” “ខ្ញុំចូលចិត្តសេរីភាព ដូច្នេះការក្លាយជាអ្នកធ្វើការងារសេរីគឺជាជម្រើសដ៏ត្រឹមត្រូវសម្រាប់ខ្ញុំ។”
ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ អ្នកប្រាកដជាបានឮញឹកញាប់អំពីពាក្យការងារសេរីពីមិត្តភក្ដិ គ្រួសារ ឬសូម្បីតែនៅលើអ៊ីនធឺណិត។ ការធ្វើការងារសេរី គឺជានិន្នាការដ៏ក្តៅគគុកមួយនៅក្នុងពិភពលោក មិនត្រឹមតែនៅក្នុងប្រទេសកម្ពុជាតែប៉ុណ្ណោះនោះទេ។
Upwork ដែលជាវេទិកាសម្រាប់ការងារឯករាជ្យទូទាំងពិភពលោក បានព្យាករថា នៅត្រឹមឆ្នាំ២០២៨ ក្រុមហ៊ុនផ្សេងៗគ្នាជាច្រើននឹងមានបុគ្គលិកធ្វើការពីចម្ងាយ ឬអ្នកធ្វើការងារសេរីរហូតច្រើនជាង ៧៣%។ របាយការណ៍របស់ Upwork និងសហជីពអ្នកធ្វើការងារសេរី (Freelancer Union) ចេញផ្សាយក្នុងឆ្នាំ២០១៨ បានឱ្យដឹងថា ចំនួនអ្នកធ្វើការងារសេរីនៅសហរដ្ឋអាមេរិកមានចំនួនរហូតទៅដល់ជិត ៥៧ (៥៦,៧) លាននាក់។ បើប្រៀបធៀបទៅនឹងរបាយការណ៍ក្នុងឆ្នាំ២០១៤ ប្រជាជនអាមេរិកដែលហៅខ្លួនឯងថាជាអ្នកធ្វើការងារសេរីនេះមានការកើនឡើងចំនួន ៣,៥លាននាក់។
ចំណែកនៅប្រទេសជប៉ុន ការស្ទង់មតិមួយរបស់រដ្ឋាភិបាលនៅឆ្នាំ២០១៩ បានឱ្យដឹងថាអត្រាអ្នកធ្វើការងារឯករាជ្យមានចំនួន ៥% នៃចំនួនអ្នកធ្វើការសរុបនៅក្នុងប្រទេសរបស់ខ្លួនដែលមានចំនួនប្រមាណ ៣,៥លាននាក់។ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍វិញ ប្រទេសហ្វីលីពីន ជាប់ចំណាត់ថ្នាក់ទី៦ ក្នុងចំណោមបណ្តាប្រទេសទូទាំងពិភពលោកដែលមានចំនួនអ្នកធ្វើការងារសេរីច្រើន។
ទោះបីនៅកម្ពុជាមិនមានទិន្នន័យជាផ្លូវការណាមួយដែលបង្ហាញពីចំនួនពិតប្រាកដនៃអ្នកកំពុងធ្វើការងារសេរីនៅក្នុងប្រទេសក្តី ក៏គេអាចប៉ាន់ស្មានថាចំនួនអ្នកធ្វើការងារសេរីគឺមានការកើនឡើងគួរឱ្យកត់សម្គាល់ ជាពិសេសក្នុងចំណោមអ្នកដែលកើតនៅចុង Gen Y and Gen Z (សំដៅទៅលើអ្នកកើតនៅក្នុងទសវត្សរ៍៨០ និង៩០)។ ជារៀងរាល់ថ្ងៃនៅតាមហាងកាហ្វេនានា ឬនៅទីក្រុងភ្នំពេញ គេសង្កេតឃើញមានមនុស្សអង្គុយធ្វើការជាមួយកុំព្យូទ័រយួរដៃ (Laptop) ពេញមួយថ្ងៃ។ ពួកគេទាំងអស់ប្រហែលជាមិនប្រាកដថាជាអ្នកធ្វើការងារសេរីទាំងអស់នោះទេ ក៏ប៉ុន្តែប្រាកដណាស់យ៉ាងហោចក៏មានខ្លះដែរ។
ដូច្នេះ តើអ្វីទៅជាអ្នកធ្វើការងារសេរី?
អ្នកធ្វើការងារសេរីសំដៅទៅលើបុគ្គលណាម្នាក់ដែលធ្វើការដោយខ្លួនឯង ហើយមិនចុះហត្ថលេខាលើកិច្ចសន្យាការងារជាមួយក្រុមហ៊ុន ឬអង្គការណាមួយឡើយ។ ផ្ទុយទៅវិញ ពួកគេត្រូវបានជួលដោយក្រុមហ៊ុន ឬអតិថិជនជាក់លាក់ណាមួយដើម្បីធ្វើការទៅលើអ្វីមួយ។
អ្នកធ្វើការងារឯករាជ្យខ្លះក៏អាចចុះកិច្ចសន្យាការងារជាមួយក្រុមហ៊ុនណាមួយផងដែរ ដូច្នេះហើយពួកគេនឹងទទួលបានគម្រោងពីក្រុមហ៊ុនទាំងនោះជានិច្ច ក៏ប៉ុន្តែមិនចាំបាច់មានតួនាទីជាបុគ្គលិករបស់ក្រុមហ៊ុននោះទេ។
ភាពខុសគ្នារវាងអ្នកធ្វើការងារសេរី និងបុគ្គលិកការងារគឺថាអ្នកធ្វើការសេរីខ្លះគិតថ្លៃសេវាតាមម៉ោង ឬប្រចាំថ្ងៃ ហើយអ្នកខ្លះទៀតគិតប្រាក់កម្រៃតាមគម្រោង។ មានន័យថាពួកគេនឹងទទួលបានប្រាក់កម្រៃនៅពេលបញ្ចប់គម្រោង។ ទោះជាយ៉ាងណាក៏ដោយ មិនមែនរាល់កិច្ចការងារទាំងអស់សមស្របទៅនឹងការងារសេរីនោះទេ។ ការងារសេរីដែលគេប្រទះឃើញថាធ្វើបាននោះ ជាទូទៅដូចជាការងារខាងទីផ្សារ ការងារបង្កើតគេហទំព័រ ការងារផ្នែកសរសេរ ការរចនាក្រាហ្វិក អ្នកប្រឹក្សាយោបល់ ការងារបកប្រែ ការងារបង្រៀន និងការងារគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយសង្គមជាដើម។
ជាមួយគ្នានេះដែរ អ្នកដែលប្រឡូកចូលក្នុងវិស័យច្នៃប្រឌិត ដូចជាសិល្បករ អ្នកបង្កើតមាតិកា អ្នកថតរូប ថតវីដេអូ ព្រមទាំងអ្នកកែសម្រួលវីដេអូ ក៏សមស្របចំពោះការងារឯករាជ្យផងដែរ។
កញ្ញា ហេង សួគ៌ា ដែលជាអ្នកសរសេរឯករាជ្យមួយរូបនៅលើគេហទំព័ររបស់ Amazon សហរដ្ឋអាមេរិក មានបទពិសោធន៍រយៈពេល ៦ឆ្នាំបាននិយាយថា៖ «ខ្ញុំចាប់ផ្តើមក្លាយជាអ្នកធ្វើការងារឯករាជ្យ ពីព្រោះខ្ញុំចូលចិត្តនឹងការសរសេរ ហើយខ្ញុំចង់បង្កើនចំណាប់អារម្មណ៍និងអាជីពរបស់ខ្ញុំដោយសារតែខ្ញុំគឺជាគ្រូបង្រៀនភាសាអង់គ្លេសនៅពេលនោះ»។
សួគ៌ា ចូលចិត្តការងារឯករាជ្យជាងធ្វើជាបុគ្គលិករបស់អ្នកដទៃ ហើយឥឡូវនេះគាត់ក៏បានលាឈប់ពីកន្លែងធ្វើការរបស់ខ្លួនដើម្បីក្លាយជាអ្នកនិពន្ធឯករាជ្យពេញម៉ោងផងដែរ។
សួគ៌ា បានបន្ថែមថា៖ «ខ្ញុំចង់ក្លាយជាអ្នកធ្វើការឯករាជ្យ ដោយសារហេតុផលជាច្រើនដែលភាគច្រើនដោយសារតែរបៀបរបបរស់នៅរបស់ខ្ញុំ និងដោយសារតែខ្ញុំអាចធ្វើការ និងដើរកម្សាន្តក្នុងពេលតែមួយ។ ខ្ញុំអាចធ្វើការពីកន្លែងណាក៏បានដរាបណាខ្ញុំមានកុំព្យូទ័រយួរដៃរបស់ខ្ញុំ។ ទន្ទឹមនឹងនោះផងដែរ ខ្ញុំក៏ចូលចិត្តសេរីភាពក្នុងការធ្វើការងារតាមកាលវិភាគរបស់ខ្ញុំដោយមិនចាំបាច់ទទួលសម្ពាធពីមនុស្សផ្សេងៗទៀតនៅក្នុងក្រុមហ៊ុននោះទេ»។
ដូចគ្នានេះដែរ លោក ថាំង សុខរិទ្ធ ជាអ្នកធ្វើការឯករាជ្យផ្នែករចនាក្រាហ្វិកមួយរូបដែលមានបទពិសោធន៍រយៈពេលជាង ៤ឆ្នាំបានប្រាប់ថា៖ «ខ្ញុំបានចាប់ផ្តើមក្លាយជាអ្នកធ្វើការឯករាជ្យនៅពេលចុងឆ្នាំទី១ ពីព្រោះខ្ញុំចង់ស្វែងរកចំណេះដឹង និងបទពិសោធន៍ដែលសាកលវិទ្យាល័យមិនអាចផ្តល់ជូនបាន ហើយក៏អាចទទួលបានប្រាក់ចំណូលសមរម្យដើម្បីផ្គត់ផ្គង់ខ្លួនខ្ញុំផងដែរ»។
សុខរិទ្ធ ដែលជានិស្សិតឆ្នាំទី៤ ជំនាញគ្រប់គ្រងសារព័ត៌មាននៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានឱ្យដឹងបន្តទៀតថា៖ «ការធ្វើការឯករាជ្យនេះបានផ្តល់ឱ្យខ្ញុំនូវឯករាជភាពពេញលេញ ហើយក៏មិនចាំបាច់ទទួលរងសម្ពាធពីអ្នកចាត់ការ ឬមិត្តរួមការងារនោះទេ»។
សុខរិទ្ធ ជឿជាក់ថាអ្វីដែលសំខាន់បំផុតនោះក្នុងនាមជាអ្នកធ្វើការឯករាជ្យ គឺការធ្វើស្វ័យសិក្សាឱ្យបានច្រើន ពីព្រោះយើងត្រូវចេះគ្រប់គ្រងអ្វីៗគ្រប់យ៉ាងដោយខ្លួនឯង ហើយសំខាន់ជាងគេនោះគឺត្រូវចេះធ្វើការសម្រេចចិត្តដោយខ្លួនឯងផងដែរ។
លោកក៏បានបន្ថែមទៀតដែរថា៖ «លើសពីជំនាញដែលខ្ញុំធ្វើ គឺការរចនានេះ ខ្ញុំគឺត្រូវមានជំនាញច្រើនផ្សេងទៀតផងដែរដោយត្រូវការចំណេះដឹងផ្នែកគណនេយ្យ និងផ្នែកទំនាក់ទំនង»។
យើងសង្កេតឃើញថាមនុស្សដែលចូលចិត្តធ្វើការងារឯករាជ្យ គឺជាអ្នកដែលឱ្យតម្លៃលើសេរីភាព ឯករាជភាព និងតុល្យភាពក្នុងជីវិត និងការងារ។ លក្ខណៈទូទៅដែលអ្នកធ្វើការឯករាជ្យមាន គឺភាពបត់បែន ចំណង់ចំណូលចិត្ត ទំនួលខុសត្រូវខ្ពស់ ការចេះលើកទឹកចិត្តខ្លួនឯង ភាពអត់ធ្មត់ ភាពជឿជាក់ និងសមត្ថភាពច្បាស់លាស់។
ទោះបីជាមានភាពវិជ្ជមានជាច្រើនដូចដែលបានរៀបរាប់ខាងលើក៏ដោយ ការប្រកបអាជីពជាអ្នកធ្វើការឯករាជ្យក៏មានផលវិបាកដែរ ក្នុងនោះរួមមានអសុវត្ថិភាពការងារ ការងារមិនមានភាពឋិតឋេរ និងហានិភ័យនៃការមិនទទួលបានប្រាក់ខែ ឬទទួលបានប្រាក់ខែយឺតយ៉ាវ។
កញ្ញា សួគ៌ា បាននិយាយថា៖ «ប្រសិនបើអ្នកចង់ធ្វើការឯករាជ្យ អ្នកត្រូវត្រៀមខ្លួនលើការងារ និងប្រាក់ចំណូលដែលមិនមានស្ថិរភាព ដោយមានពេលខ្លះប្រាក់ចំណូលទទួលបានខ្ពស់ ហើយមានពេលខ្លះប្រាក់ចំណូលទទួលបានក៏ទាបផងដែរ គឺផ្ទុយទាំងស្រុងតែម្តង។ ដើម្បីប្រាកដថាអ្នកមានធនធានគ្រប់គ្រាន់ដើម្បីផ្គត់ផ្គង់ការចំណាយប្រចាំថ្ងៃរបស់អ្នក អ្នកគួរតែព្យាយាមរកអតិថិជនផ្សេងៗគ្នាឱ្យបានច្រើន»៕