តើប្រព័ន្ធភាពស៊ាំជាអ្វី? ហើយយើងអាចបង្កើនវាបានយ៉ាងដូចម្តេច?
ពាក្យថា “ប្រព័ន្ធភាពស៊ាំ” ត្រូវបានឃើញជារឿយៗនៅក្នុងប្រព័ន្ធផ្សព្វផ្សាយ ជាពិសេសក្នុងពេលដែលមានជំងឺឆ្លងនានាក្នុងពិភពលោក ដូចជានៅពេលពិភពលោកកំពុងប្រយុទ្ធជាមួយជំងឺកូវីដ១៩នេះដែរ។ គិតត្រឹមថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០ មានអ្នកឆ្លងជំងឺកូវីដ១៩ទូទាំងពិភពលោកជាង ៥លាន ៥សែននាក់។ ក្នុងនោះអ្នកឆ្លងមានបទពិសោធន៍មិនដូចគ្នានោះទេ។ អ្នកខ្លះមានផ្ទុកវីរុសក្នុងខ្លួន ប៉ុន្តែស្ទើរតែមិនមានបង្ហាញរោគសញ្ញា ហើយអ្នកឆ្លងខ្លះទៀតបង្ហាញរោគសញ្ញាធ្ងន់ធ្ងររហូតដល់បាត់បង់ជីវិត។ ភាពខុសគ្នារវាងប្រព័ន្ធភាពស៊ាំ គឺជាចម្លើយ។
ករណីស្លាប់ដោយសារជំងឺកូវីដ១៩ភាគច្រើន គឺមកពីប្រព័ន្ធភាពស៊ាំមិនធ្វើការឆ្លើយតប ឬមិនមានលទ្ធភាពតបតនឹងមេរោគបាន។ វាមិនមែនមកពីមេរោគដោយផ្ទាល់នោះទេ។
មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺឆ្លងអាមេរិក (CDC) ចាត់ក្រុមមនុស្សដែលមានអាយុចាប់ពី ៦៥ឆ្នាំឡើងទៅ អ្នកដែលមានប្រព័ន្ធភាពស៊ាំខ្សោយ និងអ្នកដែលមានជំងឺប្រចាំកាយ (រ៉ាំរ៉ៃ) ដូចជាជំងឺបេះដូងធ្ងន់ធ្ងរ ជំងឺសួតកម្រិតមធ្យមឬធ្ងន់ធ្ងរ ជំងឺស្ទះសរសៃឈាមបេះដូង និងជំងឺទឹកនោមផ្អែម ជាមនុស្សដែលមានហានិភ័យខ្ពស់ក្នុងការវិវឌ្ឍទៅកើតជំងឺកូវីដ១៩ធ្ងន់ធ្ងរ។ ក្នុងនេះយើងមិនអាចគ្រប់គ្រងអាយុ និងជំងឺទាំងនោះបានទេ ប៉ុន្តែយើងអាចឈ្វេងយល់ និងបង្កើនប្រព័ន្ធភាពស៊ាំឱ្យខ្លាំងបាន។
អ្វីទៅជាប្រព័ន្ធភាពស៊ាំ?
ប្រព័ន្ធភាពស៊ាំ គឺជាបណ្ដាញកោសិកា និងប្រូតេអ៊ីន (Protein) នៅក្នុងខ្លួនរបស់មនុស្សម្នាក់ៗ។ វាមានមុខងារប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងផ្សេងៗដែលប៉ុនប៉ងចង់ចូលមកយាយីសុខភាពរបស់អ្នក។
ផ្នែកធំៗរបស់ប្រព័ន្ធភាពស៊ាំមានដូចជា៖
- គ្រាប់ឈាមស (White blood cells)
- អង់ទីករ (Antibodies)
- ប្រព័ន្ធបំពេញបន្ថែម (Complement System)
- ប្រព័ន្ធទឹករងៃ (Lymphatic System)
- អណ្ដើក (Spleen)
- ខួរឆ្អឹងខ្នង (Bone Marrow)
- និងក្រពេញទីមុស (Thymus)។
ប្រព័ន្ធភាពស៊ាំខ្លាំងមានលទ្ធភាពក្នុងការប្រឆាំងជាមួយនឹងមេរោគដែលចូលមកក្នុងខ្លួនអ្នកបាន។ ក្នុងករណីដែលអ្នកឆ្លងជំងឺ ប្រព័ន្ធភាពស៊ាំខ្លាំងអាចជួយសម្រាលកម្រិតនៃជំងឺមិនឱ្យវិវឌ្ឍទៅជាករណីធ្ងន់ធ្ងរបាន។ ក៏ប៉ុន្តែនៅពេលដែលអ្នកមានប្រព័ន្ធភាពស៊ាំខ្សោយ មេរោគផ្សេងៗនឹងឆ្លងចូលរាងកាយរបស់អ្នក ហើយធ្វើឱ្យអ្នកងាយឆ្លងជំងឺនានា។
ជាទូទៅ ប្រព័ន្ធភាពស៊ាំកត់ត្រាមេរោគទាំងអស់ដែលធ្លាប់ចូលមកក្នុងខ្លួនអ្នក ហើយវាសម្គាល់ និងសម្លាប់មេរោគនោះក្នុងករណីដែលវាចង់ចូលមកក្នុងខ្លួនអ្នកម្តងទៀត។ ប៉ុន្តែក្នុងករណីជំងឺកូវីដ១៩នេះ អ្នកជំនាញមិនទាន់សិក្សាស្រាវជ្រាវឱ្យស៊ីជម្រៅនៅឡើយថាតើរាងកាយរបស់អ្នកដែលធ្លាប់កើតជំងឺកូវីដ១៩ មានសមត្ថភាពសម្គាល់ និងប្រឆាំងនឹងជំងឺនេះបាននៅឡើយទេ។ ដូចគ្នានេះដែរ អង្គការសុខភាពពិភពលោក (WHO) បញ្ជាក់ថា បច្ចុប្បន្ននេះមិនមានភស្តុតាងច្បាស់លាស់ដែលបង្ហាញថាអ្នកជាសះស្បើយពីជំងឺកូវីដ១៩មានអង់ទីករការពារមិនឱ្យឆ្លងជាលើកទីពីរបាននោះទេ ពីព្រោះជំងឺនេះជាជំងឺថ្មីនៅឡើយ។
វិធីជួយបង្កើនប្រព័ន្ធភាពស៊ាំ
ប្រព័ន្ធភាពស៊ាំមានវិធីក្នុងការបង្កើន ប៉ុន្តែមិនមែនមនុស្សទាំងអស់គ្នាអាចធ្វើបាននោះទេ ពីព្រោះជំហាននីមួយៗចាំបាច់ត្រូវការភាពអត់ធ្មត់ និងការរក្សាតុល្យភាពក្នុងការរស់នៅប្រចាំថ្ងៃ។
ខាងក្រោមនេះ គឺជាវិធីទាំង ១២ ដែលអ្នកជំនាញចង្អុលថាអាចនឹងជួយបង្កើនប្រព័ន្ធភាពស៊ាំក្នុងខ្លួនមនុស្សបាន៖
- កុំជក់បារី
- បរិភោគបន្លែ ផ្លែឈើ គ្រាប់ធញ្ញជាតិឱ្យបានច្រើន
- ព្យាយាមហាត់ប្រាណឱ្យបានជាប្រចាំ
- រក្សាស្ថិរភាពទម្ងន់របស់អ្នកឱ្យបានល្អ
- គេងឱ្យបានគ្រប់គ្រាន់
- បរិភោគអាហារដែលឆ្អិនល្អ
- លាងដៃឱ្យបានញឹកញាប់
- ព្យាយាមកាត់បន្ថយភាពតានតឹងក្នុងខ្លួនឱ្យបានច្រើន
- ទទួលទានសុរាដោយមានកម្រិត
- កាត់បន្ថយការទទួលទានស្ករ
- លេបថ្នាំ ឬវីតាមីនជំនួយ
- បរិភោគទឹកឲ្យបានច្រើន៕