តើអ្វីទៅជា LGBTQ+? តើវាមានភាពខុសគ្នាដូចម្តេចខ្លះ?

រីករាយខែមោទនភាពសម្រាប់អ្នកស្រឡាញ់ភេទដូចគ្នា!
ខែមិថុនា គឺជាខែអបអរសាទរសេរីភាពសម្រាប់សហគមន៍អ្នកស្រឡាញ់ភេទដូចគ្នា (LGBTQ+ community)។ ជារៀងរាល់ឆ្នាំ សហគមន៍ LGBTQ+ នៅទូទាំងពិភពលោកតែងជួបជុំគ្នាដើម្បីធ្វើការអបអរមួយខែពេញសម្រាប់ភាពចម្រុះគ្នា ភាពខុសគ្នា ក្តីស្រឡាញ់ និងការទទួលយកគ្នា។ ដើម្បីអបអរសាទរទិវានេះ នៅតាមបណ្តាប្រទេសនានា សហគមន៍ LGBTQ+ តែងតែមករួបរួមគ្នាដើម្បីដង្ហែក្បួន ប្រគំតន្ត្រី ជប់លៀង ដើរក្បួន ធ្វើសិក្ខាសាលា និងកិច្ចពិភាក្សាផ្សេងៗ។ បច្ចុប្បន្ននេះ ប្រទេសជាច្រើនលើពិភពលោកបានចាប់ផ្តើមប្រារព្ធទិវានេះ។
ខែមិថុនានេះត្រូវបានគេជ្រើសរើសជាខែមោទនភាពអ្នកស្រឡាញ់ភេទដូចគ្នា ដើម្បីរំលឹកដល់ការប៉ះទង្គិចមួយរវាងក្រុមអ្នកស្រឡាញ់ភេទដូចគ្នា និងក្រុមប៉ូលិសនៅក្នុងផ្ទះសំណាក់មួយឈ្មោះ Stonewall Inn នៅក្នុងទីក្រុងញ៉ូវយ៉ក (New York) សហរដ្ឋអាមេរិក កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ១៩៦៩។ កុបកម្មនេះត្រូវបានគេចាត់ទុកថាជាចំណុចចាប់ផ្តើមនៃចលនារើបម្រះទាមទារសិទ្ធិរបស់ក្រុមអ្នកស្រឡាញ់ភេទដូចគ្នាដែលយើងតែងតែឃើញជារឿយៗសព្វថ្ងៃនេះ។
បណ្ដាញសង្គមបានធ្វើឱ្យសហគមន៍ LGBTQ+ ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ប្រជាជនទូទៅ។ អ្នកដែលចាត់ទុកខ្លួនឯងជាសមាជិកនៃសហគមន៍ LGBTQ+ ភាគច្រើនបានជ្រើសរើសបណ្ដាញសង្គមដើម្បីធ្វើការចែករំលែកបទពិសោធន៍ ការស្វែងរកភាពកក់ក្តៅ និងការលើកទឹកចិត្តរវាងគ្នានិងគ្នា។ លើសពីនេះទៅទៀត គឺដើម្បីទាមទារការទទួលស្គាល់ និងភាពស្មើគ្នាពីសំណាក់ប្រជាជនទូទៅដែលជាប្រជាជនភាគច្រើន។ ទោះបីយើងមើលឃើញថាសង្គមបានបើកចំហ ហើយទទួលស្គាល់សហគមន៍ LGBTQ+ មួយកម្រិតក៏ពិតមែន ប៉ុន្តែក៏នៅមានបញ្ហាជាច្រើនទៀតសម្រាប់ពួកគាត់ក្នុងការតស៊ូមតិដើម្បីទាមទារការគោរពសិទ្ធិរបស់ពួកគេ។
Focus ចង់យកឱកាសនេះដើម្បីពន្យល់ថាតើ LGBTQ+ ជាអ្វី។
មុននឹងត្រូវបានគេហៅថា “LGBTQ+” ដូចដែលអ្វីដែលយើងបានដឹង និងឮនៅក្នុងពេលបច្ចុប្បន្ននេះ សហគមន៍អ្នកស្រឡាញ់ភេទដូចគ្នាត្រូវបានគេហៅថា “LGBT” ដែលក្នុងនោះមានអក្សរ L តំណាងឱ្យ “Lesbian”។ អក្សរ G តំណាងឱ្យ “Gay”។ អក្សរ B តំណាងឱ្យ “Bisexual” និងអក្សរ T តំណាងឱ្យ “Transgender”។ មុនពេលការបង្កើតឱ្យមានអក្សរកាត់ “LGBT” នេះ មនុស្សហៅអ្នកស្រឡាញ់ភេទដូចគ្នាថា “សហគមន៍ខ្ទើយ”។ ការផ្លាស់ប្ដូរពីការហៅថា “សហគមន៍ខ្ទើយ” ទៅ “LGBT” នេះ ត្រូវបានធ្វើឡើងដើម្បីឱ្យមានការរាប់បញ្ចូលជាងមុន។
បន្ទាប់មកទៀត ពាក្យសម្រាប់ប្រើដើម្បីសម្គាល់អ្នកដែលមាននិន្នាការភេទ (Sexual Orientation) និងអត្តសញ្ញាណយេនឌ័រ (Gender Identity) ខុសពីគ្នានឹងមនុស្សភាគច្រើនត្រូវបានផ្លាស់ប្ដូរទៅតាមពេលវេលា។ ដូចនេះហើយទើបពាក្យ “LGBTQ+” ត្រូវបានបង្កើតឡើង ដែលក្នុងនោះរួមមាន lesbian, gay, bisexual, transgender, queer ឬ questioning និងផ្សេងៗទៀត។
Lesbian ត្រូវបានគេប្រើប្រាស់ដើម្បីពិពណ៌នាលើមនុស្សស្រីដែលស្រឡាញ់មនុស្សស្រីដូចគ្នាទាំងលើផ្លូវភេទ និងផ្លូវអារម្មណ៍។
Gay ពេលខ្លះនៅតែត្រូវបានគេប្រើប្រាស់ដើម្បីសំដៅលើអ្នកដែលស្រឡាញ់ភេទដូចគ្នាជាទូទៅ។ ប៉ុន្តែបច្ចុប្បន្ននេះ មនុស្សភាគច្រើនប្រើពាក្យនេះដើម្បីពិពណ៌នាមនុស្សប្រុសដែលស្រឡាញ់មនុស្សប្រុសដូចគ្នាទាំងលើផ្លូវភេទ និងផ្លូវអារម្មណ៍។
Bisexual ឬ bi គឺជាអ្នកដែលមិនតែងតែស្រឡាញ់មនុស្សដែលមានភេទដូចគ្នា ឬភេទផ្ទុយគ្នានោះទេ។ និយាយរួម ពាក្យនេះសំដៅលើក្រុមមនុស្សដែលស្រឡាញ់ទាំងបុរសនិងស្ត្រី ទាំងលើផ្លូវភេទនិងផ្លូវអារម្មណ៍។ ការសិក្សាស្រាវជ្រាវបានបង្ហាញថា ភាគច្រើនមនុស្សដែលមានភេទកំណើតជាស្រី កំណត់ខ្លួនឯងជា Bisexual ច្រើនជាងបុរស។
Transgender ឬ trans គឺជាអ្នកដែលអត្តសញ្ញាណយេនឌ័ររបស់ខ្លួនមិនឆ្លើយតបទៅ ឬដូចនឹងភេទកំណើតរបស់ខ្លួន។
Queer គឺប្រហែលជាពាក្យមួយដែលពិបាកក្នុងការពន្យល់ជាងគេ។ តាមន័យត្រង់ ពាក្យនេះមានន័យថា “មិនដូចគេ” ឬ “ចម្លែក”។ ភាគច្រើនគេប្រើពាក្យនេះដើម្បីសម្គាល់សហគមន៍អ្នកស្រឡាញ់ភេទដូចគ្នាជារួម ប៉ុន្តែវាមានលក្ខណៈមិនសូវត្រឹមត្រូវនោះទេ។ ជាទូទៅ ពាក្យនេះត្រូវបានប្រើប្រាស់ដោយមនុស្សដែលកំណត់ខ្លួនឯងថាមិនស្រឡាញ់មនុស្សដែលមានភេទផ្ទុយពីខ្លួនឯង តែពួកគេមិនច្បាស់ថាខ្លួនឯងជាអ្វីឱ្យប្រាកដនៅក្នុងសហគមន៍ LGBTQ+ នោះទេ។ អ្នកជំនាញអត្តសញ្ញាណយេនឌ័រ មិនណែនាំឱ្យហៅនរណាម្នាក់ថា “Queer” នោះទេ។ ប៉ុន្តែអ្នកអាចហៅបាននៅពេលអ្នកច្បាស់ថាបុគ្គលនោះមិនមានប្រតិកម្មអវិជ្ជមានទៅលើពាក្យនេះ។
Questioning សំដៅលើនរណាម្នាក់ដែលមិនទាន់ដឹងច្បាស់ពីនិន្នាការភេទរបស់ខ្លួន។ យើងអាចពណ៌នាពេលនេះបានថាជាពេលដែលបុគ្គលណាម្នាក់កំពុងស្វែងរកខ្លួនឯង មុនពេលកំណត់ថាខ្លួនឯងជាអ្វីឱ្យប្រាកដ។
(+) Plus គឺជាសញ្ញាតំណាងឱ្យអ្នកដែលកំណត់ខ្លួនឯងក្រៅពីបទដ្ឋានយេនឌ័រ (Gender norms) ក៏ប៉ុន្តែពួកគេមិននៅក្នុងពាក្យណាមួយដែលមានពន្យល់ខាងលើនោះទេ។
ពាក្យផ្សេងៗទៀតដែលអ្នកអាចឃើញ ឬឮនៅពេលគេនិយាយអំពីសហគមន៍ LGBTQ+ រួមមាន៖
Coming out ត្រូវបានគេប្រើប្រាស់ដើម្បីពន្យល់អំពីដំណើរការទទួលស្គាល់និន្នាការភេទ ឬអត្តសញ្ញាណយេនឌ័ររបស់បុគ្គលណាម្នាក់។ ក៏ប៉ុន្តែនេះមិនមែនបានន័យថា បុគ្គលនោះនឹងចែករំលែក ឬប្រាប់មនុស្សគ្រប់គ្នាពីនិន្នាការភេទ ឬអត្តសញ្ញាណយេនឌ័ររបស់ខ្លួននោះទេ។ អ្នកខ្លះអាចនឹងប្រាប់មិត្តភក្ដិខ្លួនពីវា ក៏ប៉ុន្តែមិនប្រាប់គ្រួសាររបស់ខ្លួនក៏មាន។
In the closet ផ្ទុយពីពាក្យថា ‘coming out’ ពាក្យនេះសំដៅទៅលើពេលមួយដែលអ្នកមិនទទួលស្គាល់អត្តសញ្ញាណយេនឌ័ររបស់ខ្លួន។ អ្នកខ្លះប្រកែកមិនទទួលស្គាល់អត្តសញ្ញាណយេនឌ័ររបស់ខ្លួនឯងនៅពេលនេះ។ ចំណែកអ្នកខ្លះទៀតទទួលស្គាល់ខ្លួនឯង ក៏ប៉ុន្តែមិនទាន់ចង់ចែករំលែកជាមួយអ្នកដទៃ។
Outing សំដៅទៅលើពេលដែលជនណាម្នាក់ប្រាប់ពីអត្តសញ្ញាណយេនឌ័ររបស់ជនម្នាក់ទៀតទៅបុគ្គលទីបី ដោយគ្មានការអនុញ្ញាតពីសាមីខ្លួន។
Intersex បើយោងតាមកាសែត The New York Times ពាក្យនេះត្រូវបានគេប្រើប្រាស់ដើម្បីសម្គាល់ជនណាម្នាក់ដែលមានអត្តចរិតពីកំណើតមិនដូចមនុស្សប្រុស ឬស្រី។ ពាក្យនេះមិនសំដៅទៅលើនិន្នាការភេទ និងអត្តសញ្ញាណយេនឌ័ររបស់អ្នកណាម្នាក់នោះទេ។
Homosexual គឺជាពាក្យមួយទៀតដែលគេប្រើប្រាស់ដើម្បីពណ៌នាអំពីនរណាម្នាក់ដែលតែងតែ ឬមិនតែងតែស្រឡាញ់មនុស្សដែលមានភេទដូចគ្នា។
Pansexual គឺជាមនុស្សដែលស្រឡាញ់បានគ្រប់យេនឌ័រទាំងអស់។ និយាយរួម ពួកគេស្រឡាញ់មនុស្សលើគុណភាព និងអត្តចរិតជាជាងថាតើពួកគេកំណត់ខ្លួនឯងជាអ្វីមួយ។
Cisgender ឬ cis សំដៅលើមនុស្សទាំងឡាយណាដែលមិនមែនជាអ្នកដែលផ្លាស់ប្ដូរយេនឌ័រ។ មានន័យថា អត្តសញ្ញាណយេនឌ័ររបស់ពួកគេឆ្លើយតបទៅ ឬដូចនឹងភេទកំណើតរបស់ខ្លួន។
Asexual សំដៅលើជនណាម្នាក់ដែលមិនមានចំណង់ផ្លូវភេទជាមួយនរណាម្នាក់ឡើយ។ ក៏ប៉ុន្តែក្រុមមនុស្សប្រភេទនេះមានអារម្មណ៍ស្រឡាញ់មនុស្សបានធម្មតា។
Demisexual ត្រូវបានគេប្រើប្រាស់ដើម្បីសម្គាល់លើបុគ្គលណាម្នាក់ដែលមានចំណង់ផ្លូវភេទតែជាមួយជនណាដែលពួកគេមានទំនាក់ទំនងផ្នែកអារម្មណ៍ខ្លាំងតែប៉ុណ្ណោះ៕