នៅលើកោះទ្រង់ ស្ថិតនៅកណ្តាលទន្លេមេគង្គ ទេសចរអាចឈ្វេងយល់ពីជីវិតរស់នៅរបស់ប្រជាជនកម្ពុជានៅតាមជនបទ ហើយប្រហែលជាអាចមើលឃើញសត្វផ្សោតដែលមានជម្រកនៅក្នុងទន្លេមេគង្គទៀតផង។
អត្ថបទដោយ Paul Millar
នៅចំចំណុចកណ្តាលនៃទន្លេមេគង្គ គេអាចទៅដល់កោះទ្រង់បានដោយគ្រាន់តែជិះសាឡាងប្រហែលជា ១០នាទីពីទីប្រជុំជនផ្សារចាស់ខេត្តក្រចេះ ដែលស្ថិតនៅប៉ែកខាងជើងនៃប្រទេស និងអាចទៅដល់ក្នុងរយៈពេលតែ ៥ម៉ោងពីរាជធានីភ្នំពេញ។ ជាមួយគ្នានេះ ទេសចរក៏អាចអង្គុយរង់ចាំជិះសាឡាងនៅចំណុចភោជនីយដ្ឋានផ្កាម្លិះ ហើយពួកគេក៏អាចគយគន់ទេសភាពដ៏ស្រស់ស្អាតនៃទន្លេផងដែរ។
កោះទ្រង់មានទេសភាពដ៏ស្រស់បំព្រងខៀវស្រងាត់ ភ្ញៀវទេសចរក៏អាចដើរលេងលើឆ្នេរខ្សាច់ពណ៌សក្បុស និងល្អិតម៉ដ្ឋដែលមានពន្លឺចាំងផ្លេកនៅលើកោះពេលខែទឹកស្រក។
នៅខាងចុងនៃកោះទ្រង់ ទេសចរប្រហែលជាបានភ្លេចទីតាំងដ៏ស្រស់ស្អាតនៃប្រទេសកម្ពុជាដែលមើលទៅហាក់ដូចជាព្រំប្រទល់រវាងទឹក ខ្សាច់ និងពពក ដែលនៅពេលទឹកទន្លេស្រកបានបន្សល់ទុកនូវខ្សាច់ពណ៌សចាំងផ្លេកៗនៅក្រោមពន្លឺព្រះអាទិត្យ។
កោះទ្រង់ជាទីតាំងធម្មជាតិមួយសម្រាប់ការរស់នៅរបស់ប្រជាជនកម្ពុជាដែលមិនចូលចិត្តការរំខានដោយសម្ភារទំនើបៗ និងអគារខ្ពស់ដូចនៅទីក្រុងភ្នំពេញ និងសៀមរាប។
ទន្ទឹមនឹងនេះ នៅលើកោះមានទេសភាពវាលស្រែដ៏ខៀវស្រងាត់ និងមានផ្ទះអ្នកភូមិតាមបែបបុរាណនៅតាមដងកោះដែលអ្នកទេសចរអាចទទួលបាននូវអារម្មណ៍បែបថ្មីមួយទៀត។ នៅលើកោះមានផ្ទះប្រជាជនជាច្រើនផ្តល់សេវាស្នាក់នៅ (homestay) ហើយក៏មានសណ្ឋាគារប្រណីតជាច្រើនសម្រាប់ភ្ញៀវទេសចរផងដែរ។
វិធីល្អបំផុតដើម្បីគយគន់ និងទទួលបានបទពិសោធន៍នៅទីនោះ គឺការជិះកង់ទស្សនា។ ទេសចរអាចរុករកកន្លែងមានទេសភាពស្រស់ស្អាតដើម្បីថតរូបតាមផ្លូវលំនៃកោះនៅពេលជិះកង់លំហែកាយ។ នៅពេលដែលទេសចរជិះឆ្លងកាត់ភូមិ ពួកគេនឹងអាចគយគន់ផ្ទះបណ្ដែតទឹកជាច្រើននៅតាមច្រាំងដែលមានពណ៌ចម្រុះគ្នា ហើយក៏អាចទស្សនាវត្តវៀតណាមជាកន្លែងដែលមានរូបសំណាកវិសេសវិសាលជាច្រើន។
នៅពេលត្រឡប់មកដីគោកវិញ នៅទីក្រុងដ៏ស្ងប់ស្ងាត់នៃខេត្តក្រចេះ មានកេរដំណែល និងស្ថាបត្យកម្មចាស់ដ៏ប្រណិតនាសម័យអាណានិគមបារាំង។ ជាមួយគ្នានេះ នៅតាមដងទន្លេក៏មានភោជនីយដ្ឋានជាច្រើនផ្តល់នូវអាហារបែបខ្មែរ និងអឺរ៉ុប ដែលមានឱជារសឈ្ងុយឆ្ងាញ់ និងតម្លៃសមរម្យ។ នៅតាមដងវិថីនៃទីក្រុងចាស់ ទេសចរក៏អាចទិញបន្លែ ផ្លែឈើ និងត្រីសាច់ស្រស់ដើម្បីផ្ញើគ្រួសារពេលត្រឡប់មកផ្ទះវិញសម្រាប់ចម្អិនអាហារទទួលទានជុំគ្នា។
ពេលធ្វើដំណើរទៅលេងខេត្តក្រចេះ អ្នកទេសចរដាច់ខាតមិនអាចចោលព្រែកកាំពីបាននោះទេ ដែលជាជម្រកសម្រាប់សត្វផ្សោតទន្លេមួយចំនួនដែលជិតផុតពូជនៅប្រទេសកម្ពុជា។ នៅពេលជិះទូកកម្សាន្តនៅព្រែកកាំពី ទេសចរក៏អាចទស្សនាសត្វផ្សោតប្រឡែងលេងតាមទឹកទន្លេយ៉ាងសប្បាយរីករាយ។
ដោយគ្រាន់តែចំណាយតិចតួចលើសេវាជួលទូក អ្នកស្រុកអាចនាំភ្ញៀវទេសចរជិះទូកមើលផ្សោតនៅពេលវាលេងទឹក។ ចំនួនសត្វផ្សោតនៅប្រទេសកម្ពុជាមានតិចតួចដែលរហូតមកដល់ពេលនេះមានជាង ១០០ក្បាលប៉ុណ្ណោះ។ កាលពីមុនក៏មានការនេសាទខុសច្បាប់ដែលបណ្តាលឱ្យមានការបាត់បង់សត្វផ្សោតជាច្រើនតាមសំណាញ់របស់អ្នកនេសាទ។ ពេលអ្នកបើកទូកនាំភ្ញៀវទេសចរទៅកន្លែងមើលផ្សោត ពួកគាត់នឹងពន្លត់ម៉ាស៊ីនឱ្យមានភាពស្ងប់ស្ងាត់ ហើយពេលខ្លះក៏មានសត្វផ្សោតលេចចេញពីទឹកមកភ្លាមៗដែលទេសចរមានភាពរីករាយយ៉ាងខ្លាំងក្នុងការទស្សនា។
ក្នុងអំឡុងពេលថ្ងៃឈប់សម្រាកនាពេលខាងមុខនេះ ប្រសិនបើអ្នកស្វែងរកកន្លែងស្ងប់ស្ងាត់ និងចង់សម្រាកកម្សាន្តអារម្មណ៍ ខេត្តក្រចេះពិតជាអាចផ្តល់ទស្សនីយភាពដ៏អស្ចារ្យមួយសម្រាប់គ្រួសារអ្នកបាន៕