កម្ពុជាបានរកឃើញករណីឆ្លងជំងឺកូវីដ១៩បន្តបន្ទាប់ចាប់តាំងពីខែមករា មក។ ក៏ប៉ុន្តែប្រជាពលរដ្ឋភាគច្រើននៅមិនទាន់បានដឹងអំពីព័ត៌មានទាក់ទងទៅនឹងការព្យាបាលអ្នកជំងឺកូវីដ១៩នៅឡើយទេ។
ហេតុដូចនេះហើយ Focus បានធ្វើបទសម្ភាសន៍មួយជាមួយវេជ្ជបណ្ឌិត ឆន សុធារី អនុប្រធានផ្នែកជំងឺសួត និងជាវេជ្ជបណ្ឌិតទទួលបន្ទុកថែរក្សាអ្នកជំងឺកូវីដ១៩នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ដែលជាមជ្ឈមណ្ឌលធ្វើតេស្ដរកមើលជំងឺកូវីដ១៩ ដើម្បីដឹងពីដំណើរការព្យាបាលជំងឺកូវីដ១៩នៅកម្ពុជា។
តើមន្ទីរពេទ្យបែងចែកក្រុមទទួលបន្ទុកយ៉ាងដូចម្ដេច?
យើងជ្រើសរើសបុគ្គលិក ៤ផ្នែកធំៗ ក្នុងនោះមានផ្នែកសង្គ្រោះបន្ទាន់ ២ក្រុម ផ្នែកជំងឺឆ្លង និងផ្នែកជំងឺសួត ឬផ្លូវដង្ហើម។ យើងមានក្រុមធំ ៤ក្រុមដែលយកមកពី ៤ផ្នែកនេះ។ ក្នុងមួយក្រុមធំមានសមាជិកសរុប ១២នាក់។ ពួកគាត់ចែកវេនគ្នាមើលថែទាំអ្នកជំងឺក្នុងមួយថ្ងៃ ៣វេន។ មានន័យថា ក្នុងមួយក្រុមតូចគាត់ត្រូវមើលថែអ្នកជំងឺ ៨ម៉ោង។ ក្នុងមួយក្រុមតូចយើងមាន៖
- វេជ្ជបណ្ឌិតធំ ១នាក់ដែលគាត់ជាអ្នកដឹកនាំក្រុមតូច
- គ្រូពេទ្យ ៤នាក់
- បុគ្គលិក ៤នាក់
- គិលានុបដ្ឋាយិកា ២នាក់
- កម្មករ ១នាក់។
តើគេបែងចែកតួនាទីការងារសមាជិកយ៉ាងដូចម្ដេច?
ជាទូទៅ ប្រសិនបើមិនមានការចាំបាច់ខ្លាំង គ្រូពេទ្យគ្រាន់តែធ្វើការមើលតាមកាមេរ៉ាខាងក្រៅ។ ប៉ុន្តែបើមានការចាំបាច់ ឧទាហរណ៍អ្នកជំងឺធ្វើទុក្ខខ្លាំង គាត់ត្រូវពាក់សម្ភារការពារ Personal Protective Equipment (PPE) ចូលទៅក្នុងបន្ទប់ដើម្បីមើលអ្នកជំងឺនោះ។ ចំណែកឯបុគ្គលដែលជាគិលានុបដ្ឋាយិកាវិញ រៀងរាល់ពេលគាត់ចូលយាមម្តងៗគាត់មានតួនាទីចូលទៅវាស់ឈាម មើលចង្វាក់ដង្ហើម មើលអុកស៊ីសែន និងចែកថ្នាំ។ល។ សម្រាប់បុគ្គលិកបោសសម្អាត គាត់ប្តូរវេនគ្នាធ្វើការបោសសម្អាតក្នុងបរិវេណខាងក្នុងបន្ទប់អ្នកជំងឺ និងខាងក្រៅ។ ជាទូទៅ យើងបែងចែកម៉ោងសម្អាតពីរវេនក្នុងមួយថ្ងៃ។ ប៉ុន្តែពេលខ្លះក៏បានតែម្តងដែរ វាអាស្រ័យតាមភាពជាក់ស្តែង។
មុននឹងអនុញ្ញាតឱ្យអ្នកទទួលបន្ទុកចូលទៅព្យាបាលអ្នកជំងឺ តើខាងមន្ទីរពេទ្យត្រូវបង្រៀនអំពីអ្វីខ្លះដល់ពួកគាត់?
ជាទូទៅ មុននឹងយើងអនុញ្ញាតឱ្យក្រុមធំនីមួយៗចូលទៅបម្រើការ យើងមានអ្នកដឹកនាំក្រុមជាអ្នកជំនាញបង្រៀនគាត់ជាមុន។ យើងបង្រៀនលើ ៣ចំណុចសំខាន់ៗ។
ទី១ យើងបង្រៀនឱ្យពួកគាត់ដឹងពីប្លង់បន្ទប់អ្នកជំងឺ ព្រោះយើងមានទម្រង់ច្បាស់លាស់។ យើងត្រូវណែនាំឱ្យដឹងថាត្រូវចូលតាមផ្លូវណា ចេញតាមផ្លូវណា។ មុននឹងចូល ត្រូវធ្វើអ្វី ហើយមុននឹងចេញ ពួកគាត់ត្រូវដោះ PPE ចេញ ហើយសម្អាតខ្លួនយ៉ាងដូចម្តេច។ យើងប្រាប់ទៀតថា ក្នុងបន្ទប់ព្យាបាលអ្នកជំងឺកូវីដ១៩ មានប្រព័ន្ធអ្វីខ្លះ ហើយប្រព័ន្ធសម្អាត និងប្រព័ន្ធអុលត្រាវីយូឡេ (Ultraviolet) សម្អាតនៅក្នុងបន្ទប់ហ្នឹងប្រើប្រាស់ដូចម្តេចខ្លះ។ បន្ទាប់មក យើងបង្រៀនគាត់ឱ្យចេះពាក់ PPE ពីព្រោះការពាក់ និងការដោះ PPE វាមានការពិបាក។ យើងបង្រៀន ហើយឲ្យពួកគាត់អនុវត្តផ្ទាល់ជាមួយយើង។ ទាល់តែយើងឃើញថាគាត់អនុវត្តបានត្រឹមត្រូវហើយ គាត់យល់ដឹងត្រឹមត្រូវហើយ បានយើងអនុញ្ញាតឲ្យគាត់ចូលទៅ។ បន្ទាប់មកទៀត យើងបង្រៀនឱ្យគាត់ចេះយកវត្ថុវិភាគ (Swap Test) ពីព្រោះអ្នកជំងឺនឹងត្រូវបានធ្វើ Swap Test នេះជាញឹកញាប់។
តើអ្វីខ្លះដែលក្រុមទទួលបន្ទុកមិនអាចធ្វើបាន?
នៅពេលដែលពួកគាត់ចូលទៅក្នុងបន្ទប់ថែរក្សាអ្នកជំងឺហើយ ពួកគាត់មិនមានសិទ្ធិចេញមកក្រៅនោះទេ។ សិទ្ធិក្នុងការមើលអ្នកជំងឺផ្សេងក៏មិនមានដែរ។ និយាយរួម ពួកគាត់មិនមានសិទ្ធិក្នុងការចាកចេញពីខ្សែបន្ទាត់ដែលយើងដៅនោះទេ។ អ៊ីចឹងរាល់តម្រូវការរបស់បុគ្គលិកដែលយើងដាក់ឱ្យគាត់ធ្វើការ ត្រូវមានក្រុមដែលជាថ្នាក់លើរបស់ពួកគាត់ហ្នឹង ត្រូវតែព្យាយាមបំពេញតម្រូវការជូនពួកគាត់ពីក្រៅវិញ។ នៅពេលដែលពួកគាត់ខ្វះខាត ឬត្រូវការអ្វី យើងនឹងទាក់ទងគ្នាតាមប្រព័ន្ធអ៊ីនធឺណិត ដែលក្នុងនោះយើងបានបង្កើតជាក្រុមផ្សេងៗ។ យើងមានក្រុមច្រើនគួរសម ក្រុមសម្រាប់អ្នកដឹកនាំ សម្រាប់បុគ្គលិកផ្ទាល់ ក្រុមសម្រាប់ប្រចាំការជាដើម។ គ្រូពេទ្យនឹងផ្តល់ដំណឹងពីតម្រូវការអ្នកជំងឺនៅក្នុងក្រុមទាក់ទងនោះមកក្រុមថែទាំអ្នកជំងឺ (Team Treatment) ហើយក្រុមថែទាំនឹងធ្វើការពិភាក្សាករណីជំងឺរបស់អ្នកជំងឺ និងរកដំណោះស្រាយសម្រាប់ការព្យាបាល។ រាល់ការងារទាំងអស់ យើងធ្វើទៅតាមប្រព័ន្ធអ៊ីនធឺណិត។ នៅក្នុងបន្ទប់កូវីដ១៩ គឺយើងបំពាក់កាមេរ៉ាសឹងតែគ្រប់ជ្រុង។ ប៉ុន្តែមិនមែនដើម្បីតាមដានឯកជនភាពរបស់អ្នកជំងឺនោះទេ គឺដើម្បីមើលស្ថានភាពរបស់អ្នកជំងឺ ពីព្រោះថាយើងមិនអាចឱ្យបុគ្គលិកយើងពាក់ PPE ៨ម៉ោងលើ ៨ម៉ោងបាននោះទេ។ គាត់ពាក់ PPE នៅពេលណាដែលចាំបាច់ ព្រោះថាវាហប់ណាស់។ បន្ទាប់ពីការចូលទៅឱ្យថ្នាំ វាស់ឈាម វាស់កម្តៅ និងអុកស៊ីសែនអស់ហើយ គាត់ត្រូវដោះ PPE ហើយមកប្រចាំការនៅក្នុងបន្ទប់ក្បែរហ្នឹង ហើយគាត់ត្រូវមើកាមេរ៉ារហូត។ ក្នុងបន្ទប់អ្នកជំងឺមានមីក្រូហ្វូន និងទូរស័ព្ទដើម្បីឱ្យអ្នកជំងឺអាចទាក់ទងមកគ្រូពេទ្យប្រចាំការនៅបន្ទប់ជាប់ហ្នឹងបានទាន់ពេល។ ទោះបីជាគាត់មិនបានធ្វើការទាក់ទងមក ក៏ក្រុមគ្រូពេទ្យប្រចាំការយើងមើលកាមេរ៉ារហូតដែរ។ ពេលមានបញ្ហា គាត់ពាក់ PPE ចូលទៅក្នុងភ្លាមៗ។
តើបុគ្គលិកទទួលបន្ទុកការងារបានធ្វើចត្តាឡីស័ករួចរាល់អស់ហើយឬនៅ?
មកទល់បច្ចុប្បន្ននេះ នៅមានក្រុមចុងក្រោយកំពុងឋិតនៅក្នុងចត្តាឡីស័ក។ តាមធម្មតា នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត យើងមានយុទ្ធសាស្ត្រ និងប្រូតូកូល (protocol) របស់យើងត្រឹមត្រូវ។ ដូចនេះ ក្នុងពេលដែលគាត់ចូលទៅអនុវត្តការងាររបស់គាត់ ប្រសិនបើអំឡុងពេលធ្វើការគាត់មានរោគសញ្ញា យើងនឹងធ្វើ Swap Test ជូនគាត់ដើម្បីមើលថាតើគាត់មានឆ្លងរោគឬអត់។ ផ្ទុយទៅវិញ ប្រសិនបើក្នុងអំឡុងពេល ១៤ថ្ងៃ គាត់មិនមានរោគសញ្ញានោះទេ នៅថ្ងៃបញ្ចប់ភារកិច្ចរបស់គាត់ យើងចាំបាច់ត្រូវធ្វើ Swap Test ទាំងអស់គ្នា ទាំង ១២នាក់។ ក្នុងករណីដែលមាននរណាម្នាក់ឆ្លង យើងត្រូវដាក់គាត់ព្យាបាលដូចអ្នកជំងឺទូទៅអ៊ីចឹង។ ប៉ុន្តែបើរកឃើញថាគ្មាននរណាម្នាក់ឆ្លងទេ ក៏យើងមិនទាន់អនុញ្ញាតឱ្យគាត់ទៅផ្ទះភ្លាមដែរ។ យើងនឹងស្នើសុំឱ្យគាត់ធ្វើចត្តាឡីស័ក ១៤ថ្ងៃក្នុងអគារមួយរបស់យើង។ រហូតដល់ថ្ងៃទី១៤ នៃចត្តាឡីស័ក យើងនឹងធ្វើ Swap Test ជូនពួកគាត់ម្តងទៀត។ ប្រសិនបើលទ្ធផលតេស្ដអវិជ្ជមាន ទើបយើងអនុញ្ញាតឱ្យគាត់ចូលបម្រើការងារតាមធម្មតាវិញ។ វាមានសុវត្ថិភាពខ្ពស់ ពីព្រោះយើងធ្វើតេស្ដឱ្យគាត់ពីរដង។ ក្រោយពេលមើលថែអ្នកជំងឺ និងមុនពេលចេញពីការធ្វើចត្តាឡីស័ក ១៤ថ្ងៃ។
តើខាងមន្ទីរពេទ្យបែងចែកផ្លូវដើរយ៉ាងដូចម្ដេច ដើម្បីធានាសុវត្ថិភាពរបស់អ្នកជំងឺដទៃទៀត?
នៅយើង គឺចែកចេញជាពីរផ្នែក ផ្នែក Out Patient Department (OPD) និង In Patient Department (IPD)។ ក្នុងហ្នឹងយើងចែកដាច់ដោយឡែកពីផ្នែកជំងឺទូទៅ។ ដោយសារមានការផ្សព្វផ្សាយតាមផេក (Page) របស់មន្ទីរពេទ្យអំពីផ្លូវសម្រាប់ប្រជាពលរដ្ឋដែលគាត់មានបំណងចង់មកពិគ្រោះជំងឺកូវីដ១៩។ ប្រសិនបើគាត់មិនបានដឹងព័ត៌មាននេះទេ នៅខាងមុខមន្ទីរពេទ្យ បងៗអ្នកយាមនៅខាងមុខនឹងធ្វើការសាកសួរថាគាត់ចង់ធ្វើអ្វី អញ្ជើញមកដើម្បីអ្វី។ ប្រសិនបើប្រជាពលរដ្ឋប្រាប់ថាចង់មកធ្វើតេស្តរកកូវីដ១៩ គាត់នឹងប្រាប់ផ្លូវដែលយើងបានរៀបចំទុកនោះ។ អ៊ីចឹងពេលមកដល់ភ្លាម ពួកគាត់ត្រូវឆ្លងកាត់បន្ទប់ពិគ្រោះជំងឺកូវីដ១៩សិន។
ក្នុងនោះយើងបានបែងចែកបុគ្គលិកដាច់ដោយឡែក ដើម្បីផ្តល់ជាសម្ភារដែលយើងរៀបចំសម្រាប់តែអ្នកជំងឺ និងប្រជាជនដែលគាត់គិតថាខ្លួនឯងមានជំងឺកូវីដ១៩ ពីព្រោះយើងមិនអាចលាយឡំជាមួយអ្នកជំងឺផ្សេងបានទេ។ បន្ទាប់ពីគាត់ពិគ្រោះហើយ បើគ្រូពេទ្យដឹង ឬសង្ស័យថាអ្នកនោះអាចឆ្លងកូវីដ១៩មែន គាត់នឹងចាប់ផ្តើមធ្វើការធ្វើតេស្តជូន។ ធ្វើតេស្ដហើយ យើងបញ្ជូន (សំណាក) ទៅខាងវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា។ ប្រសិនបើបានលទ្ធផលវិជ្ជមាន ខាងមន្ទីរពេទ្យនឹងធ្វើការទាក់ទងទៅគាត់ ដើម្បីអញ្ជើញគាត់មកសម្រាកនៅបន្ទប់កូវីដ១៩។
តើជាទូទៅពលរដ្ឋអញ្ជើញមកធ្វើតេស្ដដោយខ្លួនឯង ឬយ៉ាងណា?
ភាគច្រើនគាត់អាចមកដោយខ្លួនឯង ព្រោះក្រសួងសុខាភិបាលបានប្រកាសហើយថា យើងមានកន្លែងធ្វើតេស្តកូវីដ១៩ហ្នឹងមានប៉ុន្មានកន្លែង។ ពេលខ្លះគាត់ទាក់ទងទៅ ១១៥ ដោយខ្លួនឯង។ ក្នុងលក្ខខណ្ឌដែល ១១៥ គាត់គិតថាគួរតែធ្វើតេស្ត គាត់នឹងណែនាំឱ្យមកធ្វើតេស្ដ។
តើសព្វថ្ងៃនេះមានអ្នកមកធ្វើតេស្ដដែរឬទេ?
នៅតែមានជាប្រចាំ គ្រាន់តែឥឡូវនេះចំនួនអ្នកដែលមកធ្វើតេស្តវាថយចុះ វាមិនច្រើនដូចមុននោះទេ។ កាលពីដំបូងៗ មួយថ្ងៃប្រហែលជាខ្ទង់ ១០០នាក់។ ប៉ុន្តែមកសព្វថ្ងៃនេះ ១ថ្ងៃមានអ្នកមកធ្វើតេស្តប្រមាណ ១០នាក់។ ក្នុងនោះមានជនជាតិចិន បារាំង អង់គ្លេស វៀតណាម គឺគ្រប់ជាតិសាសន៍។ ពេលខ្លះវាជាឧបសគ្គដែរ ពីព្រោះតែរនាំងភាសា។
តើមកទល់ពេលនេះមានអ្នកមកធ្វើតេស្ដចំនួនប៉ុន្មាននាក់នៅមន្ទីរពេទ្យរុស្ស៊ី?
មកទល់ថ្ងៃនេះមានអ្នកធ្វើតេស្ដប្រមាណជាង ៤.០០០ ទៅ ៥.០០០នាក់។ ក្នុងនោះរួមមានកុមារផងដែរ។ ក៏ប៉ុន្តែពេលរកឃើញករណីវិជ្ជមានលើកុមារ យើងនឹងបញ្ជូនទៅមន្ទីរពេទ្យកុមារជាតិ។ កន្លងមកនេះយើងឃើញមានករណីវិជ្ជមានលើកុមារតែ ១ករណីប៉ុណ្ណោះដែលគាត់ជាកូនបរទេស។ សម្រាប់ជនពិការវិញមិនទាន់មានទេ។ (គិតត្រឹមថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០)
តើដំណើរការធ្វើតេស្តប្រព្រឹត្តទៅយ៉ាងដូចម្ដេច?
អ្នកដែលយើងសង្ស័យក្រោយពេលធ្វើការពិគ្រោះហើយ យើងនឹងអញ្ជើញពួកគាត់មកឱ្យពួកខ្ញុំធ្វើតេស្ត។ ការធ្វើតេស្ត គឺគេត្រូវត្បាល់ច្រមុះ និងបំពង់ក។ ក្នុងនោះគ្រូពេទ្យដែលធ្វើតេស្តត្រូវពាក់ PPE។ ពេលត្បាល់ច្រមុះ និងបំពង់កហើយ យើងបញ្ជូន (សំណាក) ទៅវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ពីព្រោះយើងមិនអាចទុកយូរបានទេ។ ក្រោយពីធ្វើតេស្តហើយ វាអាស្រ័យទៅលើចំនួនអ្នកជំងឺដែលគាត់មកធ្វើតេស្ត។ ជាទូទៅ ២៤ម៉ោងទើបយើងបានលទ្ធផល។ ពីមុននៅពេលដែលផ្ទុះច្រើនមែនទែន ៤៨ម៉ោងទើបយើងបានលទ្ធផល។ ការបញ្ជូនសំណាកទៅវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា មានពីរវគ្គ ពីព្រោះយើងបើកការពិគ្រោះជំងឺពីរដង ទាំងព្រឹក និងល្ងាច។ ពេលព្រឹកចាប់ផ្តើមពីម៉ោង ៨ ទៅ។ ខាងគ្រូពេទ្យគាត់នឹងធ្វើការពិគ្រោះជំងឺម្តងមួយៗ ហើយក្នុងករណីដែលគាត់សង្ស័យ គាត់នឹងបញ្ជូនអ្នកជំងឺឱ្យធ្វើតេស្ដ។
នៅពេលរកឃើញវិជ្ជមានភ្លាម ខាងមន្ទីរពេទ្យធ្វើយ៉ាងដូចម្ដេច?
ក្នុងករណីយើងធ្វើតេស្តហើយមានលទ្ធផលវិជ្ជមានមួយ អ្នកដែលនៅជុំវិញបុគ្គលនោះ (Close Contact) ទាំងអស់ នឹងត្រូវបានយើងធ្វើការស្រាវជ្រាវ មិនចាំបាច់ឱ្យគាត់សុំយើងនោះទេ គឺយើងលួងលោមគាត់ ស្នើសុំគាត់ ដើម្បីឱ្យគាត់មកធ្វើតេស្ដ ហើយសហការជាមួយយើង។ ក្នុងករណីដែលយើងពិបាកក្នុងការធ្វើការសន្និដ្ឋាន ក៏យើងធ្វើតេស្តជូនគាត់ដែរ។ ការស្រាវជ្រាវស្វែងរក (Close Contact) ប្រព្រឹត្តទៅដោយការធ្វើការសាកសួរ។ យើងមានក្រុម RRT របស់ក្រសួងសុខាភិបាល គាត់នឹងជួយខាងពេទ្យយើង។ ប៉ុន្តែក្នុងនាមយើងជាគ្រូពេទ្យក៏យើងជួយគាត់។ ឧទាហរណ៍យើងមានប្រជាពលរដ្ឋវិជ្ជមាន អ្នកគាត់នៅជាមួយ អ្នកធ្វើការជាមួយគាត់ ស្នើសុំឱ្យគាត់មកធ្វើតេស្ត។ យើងជម្រាបទៅខាងក្រសួងសុខាភិបាល ឱ្យក្រុមឆ្លើយតបបន្ទាន់ជួយយើង។ ហើយខាងនោះនឹងធ្វើការស្រាវជ្រាវ។
តើពេលធ្វើតេស្ដហើយយើងដាក់គាត់ទៅក្នុងបន្ទប់ដោយឡែកដែរអត់?
វាអាស្រ័យ យើងមិនអាចមានកន្លែងដាក់ដោយឡែកបានទាំងស្រុងនោះទេ។ ផ្ទុយទៅវិញ ប្រសិនបើអ្នកជំងឺដែលចូលមកមានការសង្ស័យខ្លាំង យើងធ្វើតេស្តជូនគាត់។ យើងណែនាំឲ្យគាត់ពាក់ម៉ាស់ ហើយសម្រាកនៅដាច់ដោយឡែកតែឯងសិន។ បានន័យថា ពេលគាត់ទៅដល់ផ្ទះវិញ គាត់ត្រូវនៅក្នុងបន្ទប់ដាច់ដោយឡែកតែឯងពេលចាំលទ្ធផល។ បើក្នុងករណីសង្ស័យខ្លាំងរហូតដល់គាត់មានរោគសញ្ញា យើងមានបន្ទប់ប្រហែលជា ៥ ទុកដាក់ឱ្យគាត់នៅដាច់ដោយឡែកនៅក្នុងមន្ទីរពេទ្យយើង។ ក្នុងពេលហ្នឹង យើងផ្តល់ជាអាហារ ព្រោះយើងមិនចង់ឱ្យមានបងប្អូនមកជួបគាត់ទេ។ ហើយក្នុងបន្ទប់ដែលយើងដាក់ដាច់ដោយឡែក បើគាត់រាងធូរស្រាលបន្តិច យើងដាក់គាត់ក្នុងអគារជំងឺសួតដែលយើងមានប្រហែលជា ៥បន្ទប់ ហើយយើងមានបន្ទប់៣ នៅក្នុងអគារសង្គ្រោះបន្ទាន់ ២បន្ទប់ទៀតសម្រាប់អ្នកដែលគាត់សង្ស័យខ្លាំង។
តើយើងទាក់ទងទៅអ្នកជំងឺនៅពេលមានករណីវិជ្ជមានយ៉ាងដូចម្ដេច?
ធម្មតា មុននឹងយើងធ្វើតេស្តយើងមានទម្រង់ធ្វើតេស្ត (តារាង) ដែលយើងបំពេញ ដូចជារោគសញ្ញាអ្វីខ្លះ គាត់មកពីប្រទេសណា។ល។ ហើយនិងលេខទូរស័ព្ទទំនាក់ទំនង។ រក្សាវាទុក។ ក្នុងករណីដូចជាបរទេសខ្លះដែលគាត់មិនមានលេខទូរស័ព្ទទំនាក់ទំនង គឺយើងសុំកន្លែងដែលគាត់ស្នាក់នៅ ដូចជាតើក្នុងសណ្ឋាគារណា នៅ Apartment ណាអ៊ីចឹង ដើម្បីឱ្យយើងងាយស្រួលទាក់ទងទៅគាត់។ ជាទូទៅ គឺវាអាស្រ័យលើអ្នកជំងឺទៀត។ អ្នកខ្លះយើងត្រូវសួរគាត់ថាគាត់មានមធ្យោបាយអញ្ជើញមកខ្លួនឯងបានអត់ ម៉ូតូ ឬឡាន។ យើងមិនសូវណែនាំឱ្យជិះ Tuk Tuk នោះទេ។ យើងនឹងធ្វើការលាងសម្អាតបាញ់សម្លាប់មេរោគយានយន្តដែលគាត់ជិះមក។ បើអត់មានមធ្យោបាយធ្វើដំណើរមក យើងនឹងឱ្យខាងរថយន្តសង្គ្រោះបន្ទាន់មន្ទីរពេទ្យទៅដឹកមកដាក់នៅក្នុងបន្ទប់កូវីដ១៩ ដើម្បីធានាសុវត្ថិភាពពេលធ្វើដំណើរ។
នៅពេលរកឃើញអវិជ្ជមាន ខាងមន្ទីរពេទ្យធ្វើយ៉ាងដូចម្ដេច?
ក្នុងករណីសង្ស័យខ្លាំង យើងនឹងជម្រាបឱ្យគាត់រស់នៅដាច់ដោយឡែកសិន ទោះបីជាគាត់តេស្ដអវិជ្ជមានក៏ដោយ។ ប្រសិនបើគាត់មកពីចិន ហើយគាត់ក្តៅខ្លួន ប៉ុន្តែយើងធ្វើតេស្តទៅជាអវិជ្ជមាន យើងស្នើសុំឱ្យគាត់រស់នៅដាច់ដោយឡែកសិនដែរ។ ៥ថ្ងៃក្រោយប្រសិនបើនៅតែបង្ហាញរោគសញ្ញា យើងនឹងទាក់ទងឱ្យមកវិញ។ ប្រសិនបើគាត់មិនអញ្ជើញមកទេ ខាងមន្ទីរពេទ្យនឹងទូរស័ព្ទទៅ។ យើងធ្វើដូចនេះក្នុងករណីដែលយើងសង្ស័យខ្លាំង ហើយអ្នកខ្លះក៏មិនមកដែរ ជាពិសេសពួកបរទេស។
តើការព្យាបាលកូវីដ១៩ ប្រព្រឹត្តទៅដូចម្តេច?
ពេលដែលរកឃើញករណីវិជ្ជមានភ្លាម យើងនឹងដាក់គាត់ចូលទៅក្នុងបន្ទប់កូវីដ១៩។ នៅក្នុងបន្ទប់យើងដាក់រួម ប៉ុន្តែយើងរចនាមកដើម្បីជួយសម្រួលពួកគាត់។ យើងមានកន្លែងសម្លាប់មេរោគ មានម៉ាស៊ីនសម្រាប់បូមខ្យល់ចេញពីបន្ទប់។ បន្ទប់នេះនៅឆ្ងាយពីកន្លែងជំងឺផ្សេងៗ ដូចនេះយើងគិតថាវាមានសុវត្ថិភាពមួយកម្រិតដែរសម្រាប់ទាំងអ្នកជំងឺផ្ទាល់ បុគ្គលិក និងអ្នកជំងឺផ្សេងៗនៅក្នុងមន្ទីរពេទ្យ។ សម្រាប់ការព្យាបាលយើងដឹងស្រាប់ហើយ មកទល់បច្ចុប្បន្ននេះយើងមិនទាន់មានការព្យាបាលត្រឹមត្រូវមួយនៅឡើយទេ ហើយយើងក៏មិនមានថ្នាំអ្វីព្យាបាលត្រឹមត្រូវដែរ។ អ៊ីចឹងអ្វីដែលយើងជូនគាត់ គឺការព្យាបាលដោយទ្រទ្រង់រាងកាយរបស់គាត់ (Supporting Care) ហើយបញ្ចូលជាមួយនឹងការព្យាបាលតាមរោគសញ្ញារបស់គាត់ ការផ្តល់អាហារូបត្ថម្ភ និងវីតាមីន (Vitamin) មួយចំនួនដែលយើងរំពឹងថាវាអាចជួយបង្កើនប្រព័ន្ធភាពស៊ាំរបស់គាត់។ យើងក៏មានការសហការជាមួយខាងចិត្តសាស្ត្រដែរ ពីព្រោះយើងដឹងច្បាស់ថាពេលដែលគាត់ចូលមកសម្រាកម្តងៗ គឺសុខភាពផ្លូវចិត្តរបស់គាត់អត់ល្អនោះទេ។ គាត់មានបញ្ហាពិបាកគេង ហើយមានភាពតានតឹងច្រើន។ ក្នុងករណីហ្នឹងថ្វីត្បិតគ្រូពេទ្យខាងផ្លូវចិត្តរបស់យើងមិនបានចូលមកក្នុងបន្ទប់ក៏ដោយ យើងធ្វើការទំនាក់ទំនងតាមបណ្ដាញរបស់យើង។ យើងធ្វើការរៀបរាប់រោគសញ្ញារបស់អ្នកជំងឺទៅគាត់ ហើយគាត់នឹងផ្តល់ជាថ្នាំជូន។ សរុបឱ្យខ្លី អ្វីដែលគ្រូពេទ្យយើងព្យាបាល គឺ៖
- ផ្តល់អាហារូបត្ថម្ភ
- ផ្តល់វីតាមីនជាជំនួយដល់ប្រព័ន្ធភាពស៊ាំរបស់គាត់
- ព្យាបាលទៅតាមរោគសញ្ញារបស់អ្នកជំងឺ
- ការព្យាបាលទៅតាមភាពធ្ងន់ធ្ងររបស់គាត់
ប្រសិនបើគាត់ត្រូវការអុកស៊ីសែន យើងផ្តល់ជូនគាត់។ ប្រសិនបើគាត់ខ្សោយដង្ហើម យើងនឹងដាក់ម៉ាស៊ីនដង្ហើមជូនគាត់។ ក៏ប៉ុន្តែមកដល់បច្ចុប្បន្ននេះ អ្នកជំងឺដែលគាត់មកសម្រាកព្យាបាលនៅមន្ទីរពេទ្យយើង មិនទាន់មានករណីធ្ងន់ធ្ងររហូតដល់ថ្នាក់ត្រូវការដាក់ម៉ាស៊ីនជំនួយដង្ហើមនៅឡើយទេ គ្រាន់តែមានអ្នកជំងឺមួយចំនួនគាត់ត្រូវការអុកស៊ីសែន។
សូមប្រៀបធៀបករណីស្រាល និងធ្ងន់ធ្ងរបំផុតតាំងពីធ្លាប់ព្យាបាលមក
អ្នកជំងឺនៅយើងនេះ ស្រាលបំផុតសឹងតែអត់មានរោគសញ្ញាតែម្តង គ្រាន់តែគាត់មានវីរុសនៅក្នុងខ្លួនហើយអស់កម្លាំង ដែលតម្រូវឱ្យគាត់សម្រាកនៅមន្ទីរពេទ្យ ព្រោះយើងខ្លាចគាត់ចម្លងមេរោគទៅអ្នកដទៃ។ អ្នកដែលធ្ងន់ធ្ងរមែនទែន គឺជាជនជាតិបរទេស។ គាត់មានអាយុចាស់ ហើយពួកគាត់ជក់បារីច្រើនទៀត។ ដូចនេះ សួតគាត់ គឺមានលក្ខណៈស្ពោត និងរលាករ៉ាំរ៉ៃ ហើយបូកនឹងកូវីដ១៩ទៀត គឺវាធ្វើឱ្យស្ថានភាពរបស់គាត់កាន់តែធ្ងន់ធ្ងរ។ ក្នុងករណីហ្នឹងយើងព្យាបាលទៅរួមទាំងអស់ គឺទាំងជំងឺដែលគាត់មានស្រាប់ អាហារូបត្ថម្ភ និងអុកស៊ីសែនជូនគាត់ទៅឃើញថាគាត់បានធូរមកវិញ វាជាសំណាងល្អមួយ។
តើមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតមានបន្ទប់ប៉ុន្មាន ហើយអាចផ្ទុកមនុស្សបានប៉ុន្មាននាក់?
បន្ទប់សម្រាប់អ្នកជំងឺកូវីដតែម្តង គឺយើងមានបន្ទប់ធំមួយ តែយើងអាចរក្សាអ្នកជំងឺមាន ១០នាក់។ ក្នុងបន្ទប់នោះយើងបានរក្សាគម្លាតត្រឹមត្រូវ គ្រែយើងមានគម្លាតពីគ្នាប្រហែលជា ១,៥ម៉ែត្រ។ ក្នុងនោះបងប្អូនសាច់ញាតិរបស់អ្នកជំងឺមិនអាចមកសួរសុខទុក្ខអ្នកជំងឺបាននោះទេ ក៏ប៉ុន្តែគាត់អាចធ្វើការទាក់ទងគ្នាបានដោយការទូរស័ព្ទ ឬប្រព័ន្ធអ៊ីនធឺណិតបាន។ យើងក៏បានភ្ជាប់ WIFI ចូលក្នុងបន្ទប់នោះផងដែរ ដែលអនុញ្ញាតឲ្យអ្នកជំងឺប្រើប្រាស់ក្នុងការទាក់ទងទៅគ្រួសារបាន ព្រោះយើងអនុញ្ញាតឲ្យគាត់យករបស់ចាំបាច់ ដូចជា កុំព្យូទ័រយួរដៃ (Laptop) និងទូរស័ព្ទចូលបាន។ ពេលគាត់ជា ត្រូវចេញមកវិញបាន យើងនឹងធ្វើការសម្អាតសម្ភារទាំងអស់នោះជូនគាត់ ដោយការប្រើប្រាស់សូលុយស្យុងសម្លាប់មេរោគ។
ក្នុងករណីអ្នកជំងឺមានភាពតានតឹងខ្លាំង ខាងគ្រូពេទ្យធ្វើដូចម្តេច?
អ្នកជំងឺចូលមកតែងតែមានភាពតានតឹងដោយសារយើងដឹងស្រាប់ហើយគ្មាននរណាចង់នៅមួយកន្លែងនោះទេ។ ពេលមើលថាឧទាហរណ៍អ្នកជំងឺគេងមិនលក់ គ្រូពេទ្យខាងក្នុងមានសិទ្ធិរាយការណ៍ ប៉ុន្តែគាត់មិនមានសិទ្ធិចេញមកទេ។ ពេលនោះយើងនឹងធ្វើការរាយការណ៍បន្តទៅផ្នែកជំងឺផ្លូវចិត្តរបស់យើង។ នៅក្នុងបន្ទប់កូវីដ១៩ យើងមានទូរស័ព្ទសរុប ៣គ្រឿង។ ទីមួយគឺទូរស័ព្ទនៅលើតុសម្រាប់ឱ្យអ្នកជំងឺទាក់ទងមកគ្រូពេទ្យប្រចាំការ។ ទូរស័ព្ទ ២ទៀតជាប្រភេទ Smart Phone សម្រាប់ឱ្យគ្រូពេទ្យយាមធ្វើការទំនាក់ទំនងចេញក្រៅ។ ក្នុងករណីចាំបាច់ខ្លះ យើងឱ្យគ្រូពេទ្យចិត្តសាស្ត្ររបស់យើងនិយាយជាមួយអ្នកជំងឺតាមទូរស័ព្ទ។ ក្នុងករណីខ្លះទៀតពេលដែលបានព័ត៌មានពីគ្រូពេទ្យទទួលបន្ទុកភ្លាម គាត់នឹងរៀបថ្នាំជូនទៅតាមស្ថានភាពរបស់អ្នកជំងឺ។
តើមួយថ្ងៃគ្រូពេទ្យត្រូវចូលទៅត្រួតពិនិត្យអ្នកជំងឺប៉ុន្មានដង?
ជាទូទៅ យើងមើលសំខាន់គឺពេលព្រឹក និងល្ងាច ព្រោះយើងចែកគ្រូពេទ្យជា ៣ក្រុម។ អ៊ីចឹងនៅពេលដូរវេន គឺត្រូវមានការត្រួតពិនិត្យម្តង ដែលក្នុងនោះគ្រូពេទ្យត្រូវមើលទៅលើសញ្ញាជីវិតរបស់អ្នកជំងឺ រួមមានចង្វាក់ដង្ហើម អុកស៊ីសែន សម្ពាធឈាម កម្តៅ និងស្មារតី។ និយាយរួម គាត់ត្រូវចូលទៅសួរសុខទុក្ខអ្នកជំងឺថាតើគាត់ត្រូវការអ្វីអត់។ យើងត្រូវចូលទៅបីដង ប៉ុន្តែក្នុងករណីយប់ពេក ហើយអ្នកជំងឺមិនមានត្រូវការអ្វីចាំបាច់ យើងក៏មិនចូលទៅដែរ។ និយាយរួមយ៉ាងតិចណាស់ក្នុងមួយថ្ងៃ យើងចូលទៅ ២ដង ដើម្បីយកសញ្ញាជីវិត។ ក្រោយពីចូលទៅហើយ ក្រុមគ្រូពេទ្យមិនមានសិទ្ធិមកគេងភ្លាមទេ គឺគាត់ត្រូវនៅឃ្លាំមើលអ្នកជំងឺ ដើម្បីដឹងថាគាត់មានបញ្ហាអ្វីអត់ ពីព្រោះពេលខ្លះបើអ្នកជំងឺមិនមានការចាំបាច់អ្វី ក៏គាត់មិនចង់ឱ្យយើងទៅរវល់ជាមួយគាត់ដែរ។ ប៉ុន្តែយើងត្រូវធ្វើទៅតាមលក្ខខណ្ឌ គឺការចុះមើលសញ្ញាជីវិតរបស់ពួកគាត់យ៉ាងហោចណាស់ឱ្យបាន ២ដងក្នុងមួយថ្ងៃ។ ក្រុមគ្រូពេទ្យនៅខាងក្នុងត្រូវធ្វើរបាយការណ៍ឱ្យមកប្រធានក្រុម ព្រឹកម្តង ល្ងាចម្តង។ ហើយរាល់សម្ភារវិភាគអ្នកជំងឺដែលយកពីខាងក្រៅទៅ នឹងត្រូវបានធ្វើការបាញ់សម្លាប់មេរោគនៅពេលដកចេញមក ព្រោះយើងត្រូវជៀសវាងការឆ្លងតាម Close Contact។
ដើម្បីព្យាបាលអ្នកជំងឺកូវីដ១៩ ពេទ្យត្រូវប្រើប្រាស់ថ្នាំអ្វីខ្លះ?
សម្រាប់រឿងថ្នាំ យើងមិនចង់និយាយឱ្យចំថាយើងប្រើប្រាស់ថ្នាំអ្វីឱ្យប្រាកដនោះទេ ពីព្រោះថ្នាំទាំងអស់នោះមិនមែនជាថ្នាំព្យាបាល។ ការដែលយើងនិយាយ ការប្រើប្រាស់ថ្នាំទាំងនោះមិនមែនជាថ្នាំព្យាបាលអាចបង្កឱ្យមានគ្រោះថ្នាក់។ ខ្ញុំជឿជាក់ថាប្រជាជនភាគច្រើនបានដឹងអំពីថ្នាំដែលយើងប្រើប្រាស់ គឺថ្នាំគ្រុនចាញ់ និងថ្នាំជំងឺអេដស៍ ដែលពិភពលោកមិនទាន់មានអំណះអំណាង ១០០% នៅឡើយទេថាថ្នាំទាំងនេះព្យាបាលបាន វាគ្រាន់ជាការប្រើប្រាស់តៗគ្នាតាមប្រទេសចិន និងប្រទេសនៅប៉ែកអឺរ៉ុបមួយចំនួន។ ពេលដែលពួកគាត់ប្រើប្រាស់ទៅឃើញមានភាពប្រសើរ ប៉ុន្តែវានៅមានលក្ខណៈប្រទាញប្រទង់គ្នានៅឡើយទេ។ ផ្ទុយទៅវិញ ថ្នាំទាំងអស់ហ្នឹងវាបង្កទៅជាគ្រោះថ្នាក់ច្រើន ប្រសិនបើយើងលេប ឬព្យាបាលដោយមិនមានគ្រូពេទ្យតាមដាន។ ឧទាហរណ៍ថ្នាំគ្រុនចាញ់ យើងឱ្យថ្នាំនេះទៅតាមស្ថានភាពបេះដូងរបស់អ្នកជំងឺ។ នៅក្នុងបន្ទប់យើងមានម៉ាស៊ីនចាប់ចង្វាក់បេះដូង។ ម៉ាស៊ីនចាប់ដៃរបស់គាត់ ក៏មានចង្វាក់បេះដូងដែរ។ អ៊ីចឹងក្នុងករណីក្រោយពេលប្រើថ្នាំ ហើយអ្នកជំងឺធ្វើទុក្ខ យើងនឹងធ្វើការវាស់ចង្វាក់បេះដូងគាត់ភ្លាម។ ក្នុងករណីចាំបាច់ខ្លាំង យើងនឹងបញ្ចប់ថ្នាំនោះ។ ប្រសិនបើប្រជាជនគាត់បានដឹងឮពីការផ្សព្វផ្សាយពីថ្នាំដែលយើងមិនទាន់ដឹងច្បាស់នេះ ហើយគាត់ទិញយកទៅប្រើប្រាស់ខ្លួនឯង វានឹងបង្កជាគ្រោះថ្នាក់ដល់គាត់ ពីព្រោះគាត់មិនបាននៅក្បែរពេទ្យនោះទេ។ គាត់មិនដឹងថាកម្រិតបែបណាដែលត្រូវប្រើ ពីព្រោះការប្រើប្រាស់លើសកម្រិត អត្រាគ្រោះថ្នាក់នឹងកើនឡើងកាន់តែខ្ពស់។ អ៊ីចឹង និយាយជារួមយើងមិនមានថ្នាំជាក់លាក់នោះទេ។
តើយើងធ្វើយ៉ាងណាទើបអាចដឹងថាអ្នកជំងឺនោះជាសះស្បើយ?
ជាទូទៅអ្នកជំងឺដែលគាត់ចូលមក ខ្ញុំមិនសំដៅលើអ្នកជំងឺមុនពេលយើងទទួលបានឧបករណ៍ថតសួតនោះទេ។ យើងមិនទាន់មានម៉ាស៊ីនថតសួតនោះនៅពេលដំបូងៗ ប៉ុន្តែនៅពេលដែលយើងរកបានម៉ាស៊ីនថតសួតមក គឺយើងធ្វើការថតសួតជូនគាត់ យើងធ្វើការវាស់ចង្វាក់ដង្ហើមជូនគាត់ យើងមើលឈាមជូនគាត់។ មានតែការធ្វើ Swap Test មួយទេដែលអាចសន្និដ្ឋានបានថាជិតជា ឬមិនជិតជា។ យោងទៅតាមការណែនាំរបស់ក្រសួងដែលគេផ្សព្វផ្សាយជារឿយៗ នៅពេលដឹងថាអ្នកជំងឺណាម្នាក់ជា គឺនៅពេលដែលគាត់ធូរស្រាលអស់រោគសញ្ញា បូករួមនឹងការធ្វើ Swap Test មានលទ្ធផលអវិជ្ជមានពីរដងក្នុងចន្លោះពេល ៤៨ម៉ោង។ អ៊ីចឹងនៅពេលមានពីរករណីនេះ ទើបយើងអនុញ្ញាតឱ្យអ្នកជំងឺចេញទៅផ្ទះបាន។ ប៉ុន្តែយើងមិនទាន់អនុញ្ញាតឱ្យគាត់ទៅធ្វើការធម្មតានោះទេ គឺយើងត្រូវស្នើសុំឱ្យគាត់ធ្វើចត្តាឡីស័ក ១៤ថ្ងៃសិន។ នៅថ្ងៃទី១៣ នៃចត្តាឡីស័ករបស់គាត់ហ្នឹង គាត់ត្រូវអញ្ជើញមកមន្ទីរពេទ្យម្តងទៀត ដើម្បីធ្វើតេស្តជាលើកចុងក្រោយ។ ប្រសិនបើលទ្ធផលអវិជ្ជមានដដែល ទើបយើងអនុញ្ញាតឱ្យគាត់ចេញទៅធ្វើការដូចធម្មតា។
តើខាងមន្ទីរពេទ្យដែលជួបប្រទះការខ្វះសម្ភារសម្រាប់ព្យាបាលដែរឬទេ?
PPE គឺជារបស់សំខាន់ជាងគេ ដែលក្នុងនោះវាមានអាវ ២ជាន់ មានស្បែកជើងក្រាស់មួយ មានស្រោមជើង មានស្រោមដៃ ២ជាន់ មានវ៉ែនតា មានរបាំងមុខ (Face Shield) និងម៉ាស់ N៩៥។ មកទល់បច្ចុប្បន្ននេះ យើងមិនទាន់មានការខ្វះខាតនោះទេ តែយើងប្រើប្រាស់វាដោយសន្សំសំចៃបំផុត។ យើងមានក្រុមដែលត្រូវប្រើ PPE និងក្រុមដែលមិនត្រូវប្រើ។
តើមន្ទីរពេទ្យមានការត្រៀមលក្ខណៈគ្រប់គ្រាន់ឬទេប្រសិនបើមានករណីឆ្លងក្នុងរលកទី២?
យើងតែងតែត្រៀមជានិច្ច ព្រោះក្រុមដែលយើងចាត់តាំងហ្នឹងក៏មិនទាន់ត្រូវបានរំសាយដែរ។ យើងនៅតែត្រៀមសម្រាប់រលកទី២។ ក្នុងករណីមានរលកទី២ គឺយើងនៅតែមានក្រុមទទួលបន្ទុកនិងសម្ភារដើម្បីទប់ស្កាត់នឹងវា។ ក៏ប៉ុន្តែខ្ញុំសង្ឃឹមថា ប្រជាពលរដ្ឋទាំងអស់នឹងចូលរួមទាំងអស់គ្នាដើម្បីកុំឱ្យមានរលកទីពីរកើតឡើង។
តើអ្នកជំងឺត្រូវបង់ប្រាក់ដែរឬទេ?
ថវិកាមិនត្រូវបានយកពីអ្នកជំងឺទេ ព្រោះក្រសួងសុខាភិបាល បានប្រកាសរួចហើយថារាល់ការព្យាបាលជំងឺកូវីដ១៩ទាំងអស់ មិនត្រូវគិតថ្លៃទេ។ មានន័យថា អ្នកជំងឺមិនចាំបាច់បង់ថវិកាសម្រាប់ការព្យាបាលនោះទេ។ ប៉ុន្តែក្រសួងសុខាភិបាលបានផ្តល់ជាប្រាក់លើកទឹកចិត្តសម្រាប់បុគ្គលិកជួរមុខក្នុងការបំពេញការងារឱ្យបានល្អ។
មានព័ត៌មានថា បុគ្គលិកពេទ្យនៅមិនទាន់មានទឹកដៃស្មើគ្នាក្នុងការព្យាបាល ឬខ្លះមិនសូវជំនាញក្នុងពេលយកសំណាក? តើបញ្ហានេះយ៉ាងម៉េចដែរ? តើមន្ទីរពេទ្យបានត្រៀមបែបណា?
ខ្ញុំបានឃើញព័ត៌មានដែរ វាមិនមែនថាទឹកដៃមិនស្មើគ្នានោះទេ គឺយើងមានបច្ចេកទេសធ្វើខុសគ្នា។ មនុស្សពីរនាក់រៀនចាក់ថ្នាំដូចគ្នា ក៏ប៉ុន្តែរបៀបនៃការចាក់ថ្នាំវាខុសគ្នា។ វាអាស្រ័យលើអ្នកជំងឺខ្លួនឯងដែលថាខ្លួនទទួលការធ្វើ Swap Test បែបណា ពីព្រោះអ្នកខ្លះគ្រាន់តែដាក់ចូលច្រមុះ គឺគាត់ញ៉ាញ។ គឺវាអាស្រ័យលើភាពទទួលយកនៃអ្នកជំងឺខ្លួនឯងផងដែរ។ អ្នកជំងឺខ្លះគាត់មានបញ្ហាច្រមុះ ច្រមុះវៀច ច្រមុះមានដុំសាច់។ល។ ពេលហ្នឹងគាត់ទទួលរងការលំបាកជាងអ្នកដែលមិនមានបញ្ហាអ្វី។ សរុបមក វាទាក់ទងទៅនឹងបច្ចេកទេសរបស់គ្រូពេទ្យម្នាក់ច្រើនជាង បូករួមនឹងស្ថានភាពទទួលយករបស់អ្នកជំងឺផ្ទាល់។ រាល់បុគ្គលិកដែលយើងបញ្ជូនគាត់ទៅហ្នឹង គឺយើងសុទ្ធតែបានឆ្លងកាត់ការបង្រៀន។ មួយទៀត គឺទាក់ទងនឹងការចាក់ថ្នាំ ពេលយើងចាក់ថ្នាំក៏ពាក់ PPE ដែរ។ ដៃទទេមានវិញ្ញាណ យើងអាចស្ទាបសរសៃដឹងលឿនជាងការដែលយើងពាក់ PPE ពីព្រោះស្រោមដៃ PPE មានពីរជាន់ ហើយស្រោមដៃទាំងពីរនោះ គឺក្រាស់ៗ។ អ៊ីចឹងវាមានការពិបាកក្នុងការស្ទាបរកសរសៃឈាមអ្នកជំងឺដើម្បីកុំឱ្យចាក់ខុស៕