តើការចាក់សាក់បែបបុរាណ ឬការសាក់យ័ន្តបែបខ្មែរនេះនឹងនៅតែអាចបន្តដំណើររបស់ខ្លួននៅក្នុងយុគសម័យទំនើបបានទៀតដែរឬទេ?
វប្បធម៌ដ៏អស្ចារ្យនៃការសាក់យ័ន្តវេទមន្តនៅលើដងខ្លួនដែលត្រូវបានអនុវត្តអស់ជាច្រើនសតវត្សរ៍នៅក្នុងសង្គមខ្មែរ មានភាពរង្គោះរង្គើដោយសារវប្បធម៌សាក់រូបសម័យថ្មី និងការផ្លាស់ប្ដូរផ្នែកជំនឿ និងតម្រូវការតាមបែបសម័យថ្មី។
យោងតាមសហព័ន្ធខ្មែរសាក់យ័ន្ត្រដ៏ល្បីមួយមានទីតាំងនៅលើទឹកដីអង្គរខេត្តសៀមរាប បានលើកឡើងថា ប្រវត្តិនៃការសាក់យ័ន្តនេះបានកកើតឡើងពីប្រពៃណីនៃការសាក់ និងការប្រើប្រាស់យ័ន្ត ដោយខ្មែរយើងចេះសាក់នៅលើដងខ្លួនតាំងពីសម័យបុរេប្រវត្តិសាស្ត្រ ឬដើមសម័យលោហធាតុ (២៥០០-៥០០ឆ្នាំមុន គ.ស)។ នៅសម័យនោះ បុព្វបុរសខ្មែរយើងរស់នៅជាកុលសម្ព័ន្ធនៅឡើយ ដោយការសាក់នេះគឺដើម្បីសម្គាល់ក្រុមនៃកុលសម្ព័ន្ធ ឬក្រុមនៃជនជាតិយើងកាលពីសម័យនោះ។
ខ្មែរយើងមានជំនឿថា យ័ន្តគាថាគឺជាយានសម្រាប់អភិវឌ្ឍលទ្ធិសាសនាដ៏ស័ក្ដិសិទ្ធិមួយជាចាំបាច់បំផុត។ លក្ខណៈសម្បត្តិនៃយ័ន្ត គឺការផ្តល់ឥទ្ធិពលស័ក្ដិសិទ្ធិអ្វីមួយដែលគេហៅថា បារមី មហិទ្ធិឫទ្ធិ ភាពក្លាហាន អង់អាច និងជ័យជម្នះសម្រាប់អ្នកជឿ។ សូមរំលឹកថា ខាងវិស័យសិល្ប៍សាស្ត្រ សំស្ក្រឹតបាលីមួយចំនួន ដូចជាយ័ន្តមន្តគាថា អាគមគាថាដែលជនជាតិខ្មែរបានខ្ចីពីឥណ្ឌា យកមកចម្រាញ់បន្ថែមតាំងតែពីសម័យនគរភ្នំ ហើយសព្វថ្ងៃនេះកំពុងពេញនិយមនៅឡើយ តែរហូតមកដល់បច្ចុប្បន្ននេះ ខ្មែរយើងច្រើនតែមានការសាក់តាមបែបពុទ្ធនិយមច្រើនជាងព្រាហ្មណ៍និយម និងព្រលឹងនិយម។
ជាមួយនឹងការរំពឹងទុក និងការគោរពស្រលាញ់នៃការសាក់យ័ន្តខ្មែរនេះ លោក ពុំ រ៉េម អតីតបុគ្គលិកនៃអង្គការកុមារមួយរូប បានចែករំលែកបទពិសោធន៍របស់គាត់ក្នុងការសាក់យ័ន្តនេះនៅលើខ្លួនរបស់គាត់កាលពី ៥ឆ្នាំមុនជាមួយនឹងស្នាមសាក់យ័ន្ត ៨ទិស និងយ័ន្តផ្សេងទៀត។ លោកជឿជាក់ថាវាអាចជួយការពារ និងជានិមិត្តរូបនៃភាពក្លាហាន អំណាច និងការអាណិតស្រលាញ់ពីអ្នកជុំវិញខ្លួន។
លោកថា៖ «កាលពីមុនខ្ញុំត្រូវបានគេនិយាយមើលស្រាលខ្ញុំ ព្រោះខ្ញុំមានរាងតូច ថាខ្ញុំអន់ដូចពងមាន់ កុំចង់មកជល់នឹងថ្ម ដូច្នេះខ្ញុំសម្រេចចិត្តចាក់សាក់លើខ្លួនដើម្បីបង្ហាញថាខ្ញុំជាមនុស្សក្លាហាន ហើយបន្ទាប់ពីសាក់រួច ខ្ញុំគិតថាខ្ញុំទទួលបានការគោរព និងការស្រឡាញ់ច្រើនពីអ្នកដទៃ»។
ដើម្បីរក្សាប្រសិទ្ធភាពនៃការសាក់យ័ន្តនេះ ទាមទារឱ្យគាត់សមាទានសីល ៥ គឺការជៀសវាងពីការសម្លាប់ជីវិតអ្នកដទៃ ការលួចឆក់ទ្រព្យសម្បត្តិអ្នកដទៃ ការប្រព្រឹត្តអំពើអនាចារជាមួយប្រពន្ធគេ ការផឹកឬជក់បារី និងការនិយាយកុហកឬនិយាយដើមគេជាដើម។ ការធ្វើតាមការណែនាំទាំងអស់នេះ បាននាំឱ្យគាត់ទទួលបានសេចក្តីសុខផ្លូវចិត្ត និងជៀសវាងការប្រព្រឹត្តខុសផ្សេងៗ។ ប៉ុន្តែគ្រូសាក់យ័ន្តនីមួយៗមានបទដ្ឋានផ្សេងៗពីគ្នាសម្រាប់ការអប់រំ។
លោកបន្ថែមថា៖ «លោកគ្រូដែលសាក់រូបឱ្យខ្ញុំ បានអប់រំឱ្យខ្ញុំកុំឱ្យមានចិត្តក្រអឺតក្រទម និងធ្វើតែអំពើល្អ និងធម៌ទាំង៥ ដើម្បីរស់នៅប្រកបដោយសេចក្តីសុខ និងរក្សាថាមពលរបស់សាក់យ័ន្តឱ្យបានស័ក្ដិសិទ្ធិ ប្រសិនបើមិនចឹងទេគ្រោះថ្នាក់នោះនឹងវិលមករកខ្ញុំវិញ»។
លោកបង្ហាញការជឿជាក់ថា នៅតែមានអ្នកជឿជាច្រើនដែលគោរព និងផ្ដល់តម្លៃនៃការសាក់យ័ន្តខ្មែរនេះ ទាំងក្នុងស្រុក និងក្រៅស្រុក ប៉ុន្តែចំនួនមនុស្សដែលមកសាក់នាពេលនេះអាចនឹងធ្លាក់ចុះជាបណ្ដោះអាសន្ន ដោយសារតែពេលនេះមានជំងឺកូវីដ១៩។
លោកឱ្យដឹងបន្ថែមថា៖ «ខ្ញុំឃើញថាមានប្រជាជនខ្មែរជាច្រើនដែលនៅតែស្រឡាញ់ការសាក់យ័ន្ត ហើយក៏មានជនបរទេសជាច្រើនដែលមកសាក់យ័ន្តនេះ ពីព្រោះពួកគេមើលឃើញថាមានតារាបរទេសល្បីៗជាច្រើនដែលសាក់យ័ន្តនេះមានការសមប្រកបពិតមែន ហើយខ្ញុំគិតថាមានតែមួយចំនួនតូចប៉ុណ្ណោះដែលគ្រាន់តែចង់សាក់លេង»។
អ្នកស្រី អេនជេលីណា ជូលី (Angelina Jolie) ដែលជាតារាហូលីវូដដ៏ល្បីល្បាញម្នាក់បានសាក់យ័ន្តនៅលើកញ្ចឹងកដោយអតីតព្រះសង្ឃថៃមួយអង្គ ពេលនាងមកប្រទេសកម្ពុជា។ បន្ទាប់ពីតារាស្រីរូបនេះបានសាក់រូបយ័ន្តនេះរួចមក ឃើញថាវាមានឥទ្ធិពលយ៉ាងខ្លាំងលើសាធារណជន និងបានជួយផ្សព្វផ្សាយអំពីការសាក់យ័ន្តនេះទៅកាន់មនុស្សជាច្រើនទាំងក្នុងនិងក្រៅប្រទេសឱ្យបានស្គាល់ពីការចាក់សាក់យ័ន្តនេះដែរ។
ការអនុវត្តការចាក់សាក់វប្បធម៌ និងអបិយជំនឿនេះ មិនត្រឹមតែមាននៅក្នុងប្រទេសកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែក៏មានប្រទេសជាច្រើនផងដែរ ជាពិសេសប្រទេសថៃ ឡាវ មីយ៉ាន់ម៉ា និងឥណ្ឌូនេស៊ី ដែលអ្នកអាចនឹងរកឃើញមនុស្សដែលមានសាក់យ័ន្ត។
ម្យ៉ាងវិញទៀត សិល្បៈឆ្លាក់រូបលើស្បែកដោយប្រើម្ជុលឫស្សីនេះ ក៏បានផ្លាស់ប្ដូរទៅជានិន្នាការនៃការឆ្លុះបញ្ចាំងពីការនិយមរបស់បុគ្គលម្នាក់ៗ ឬសិល្បៈបែបទំនើបទៅវិញ។
ក្រៅពីជំនឿក្នុងការការពារខ្លួននេះ មានហេតុផលជាច្រើនអាចជំរុញឱ្យមានការចាក់សាក់ដែលមនុស្សងាកទៅរកការសាក់ ដូចជាការទទួលបានចំណាប់អារម្មណ៍ ជាសិល្បៈ ការរើបម្រះ ការបង្ហាញរឿងផ្ទាល់ខ្លួនតាមបែបសិល្បៈ ទំនៀមទម្លាប់ ការទាក់ទាញខាងផ្លូវភេទ ការញៀន និងអត្តសញ្ញាណក្រុមជាដើម។
ជំនួសឱ្យការមានសាក់យ័ន្ត កញ្ញា ផេង សុភានាថ អ្នកផលិតកម្មវិធីទូរទស្សន៍ឯករាជ្យមួយរូបមានរូបសាក់តាមបែបទំនើបៗចំនួន ៤ ផ្សេងគ្នានៅលើដៃទាំងសងខាង ដោយចង់បង្ហាញសេចក្តីស្រឡាញ់ចំពោះម៉ាក់របស់ខ្លួន និងរូបតូចៗផ្សេងៗដែលនាងយល់ថាមានភាពទាក់ទាញ និងគួរឱ្យស្រស់ស្អាត។
កញ្ញាបានថ្លែងបន្តថា៖ «ខ្ញុំក៏ធ្លាប់ចង់សាក់យ័ន្តខ្មែរដូចគ្នា ប៉ុន្តែដោយសារតែពេលនោះមានគេសាក់ច្រើនពេក ព្រោះពេលហ្នឹងគេនាំគ្នាសាក់តាម អេនជេលីណា ជូលី (Angelina Jolie) ហើយខ្ញុំយល់ថាសាក់យ័ន្តហ្នឹងមើលទៅឃើញរាងកាចបន្តិច ដូច្នេះខ្ញុំសម្រេចចិត្តចាក់រូបតូចៗបែបទំនើបជំនួសវិញ»។
ការយល់មិនល្អចំពោះការចាក់សាក់មានភាពប្រសើរឡើងជាងមុននៅក្នុងសង្គមប្រទេសកម្ពុជា។ ទោះបីជានៅមានមនុស្សមួយចំនួនតូចនៅគិតថាវាសម្រាប់តែក្រុមក្មេងទំនើង និងអ្នកចូលចិត្តធ្វើអ្វីដែលខុសគេជាដើម បច្ចុប្បន្នប្រជាជនខ្មែរឃើញថាហាក់មានភាពស៊ាំទៅនឹងការឃើញការចាក់សាក់លើដងខ្លួនមនុស្ស។ ទោះបីជាប្រជាប្រិយភាពរបស់ការសាក់យ័ន្តហាក់ដូចជាមិនសូវពេញនិយមដូចការចាក់សាក់បែបទំនើបក្តី ការអភិរក្សស្នាមសាក់បែបបុរាណនេះនៅតែត្រូវបានបង្កប់យ៉ាងជ្រៅនៅក្នុងវប្បធម៌របស់ប្រទេសកម្ពុជា។
ផលិតករវ័យក្មេងរូបនេះបាននិយាយថា៖ «ដូចដែលខ្ញុំបានឃើញការចាក់សាក់បែបទំនើបទទួលបានការពេញនិយមយ៉ាងខ្លាំងសម្រាប់ទាំងបុរស និងស្ត្រី ប៉ុន្តែខ្ញុំគិតថាការសាក់យ័ន្តខ្មែរនៅតែពេញនិយមក្នុងចំណោមបុរស និងជនជាតិបរទេស ហើយខ្ញុំគិតថាវានឹងមិនបាត់បង់នោះទេ ពីព្រោះនៅមានហាងសាក់ជាច្រើនដែលនៅតែណែនាំមនុស្សឱ្យស្គាល់យ័ន្តខ្មែរ និងនៅតែមានអ្នកជឿ និងគោរពនៅឡើយ»។
សហព័ន្ធខ្មែរសាក់យ័ន្ត្រដែលបានបង្កើតឡើងក្នុងគោលបំណងសំខាន់ក្នុងការជួយអភិវឌ្ឍធនធានមនុស្សជំនាន់ក្រោយឱ្យបានយល់ពីសម្ភារ និងប្រពៃណីនៃការសាក់យ័ន្ត បានបង្ហាញក្តីរំពឹងខ្ពស់ពីភាពរីកចម្រើននៃការសាក់យ័ន្តខ្មែរយើង ដោយសារការសាក់យ័ន្តនេះកំពុងតែចាប់ផ្តើមមានប្រជាប្រិយភាពកាន់តែខ្លាំងជាងមុន បើធៀបទៅនឹងកាលដែលសហព័ន្ធខ្មែរសាក់យ័ន្ត្របានកកើតដំបូង។ មុនឆ្នាំ២០១៤ គឺពុំសូវមានគ្រូដែលចេះសាក់យ័ន្តមន្តគាថានោះទេ ប៉ុន្តែប៉ុន្មានឆ្នាំចុងក្រោយនេះ សហព័ន្ធខ្មែរសាក់យ័ន្ត្របានបំផុសបំផុលស្មារតីគ្រូអាចារ្យតាមអាស្រមនីមួយៗឱ្យប្រកាន់ខ្ជាប់បែបប្រពៃណីទំនៀមទម្លាប់សាក់យ័ន្តបុរាណ និងមិនចម្លងក្បួនខ្នាតពីប្រទេសដទៃ ក៏ឃើញថាគ្រូអាចារ្យមានចំនួនច្រើនជាងមុនដែរប្រកាន់តាមគោលការណ៍របស់សហព័ន្ធខ្មែរសាក់យ័ន្ត្រ ហើយបងប្អូនខ្មែរយើងក៏មានការចាប់អារម្មណ៍ផ្នែកនេះកាន់តែខ្លាំងឡើងផងដែរ។ ខាងសហព័ន្ធខ្មែរសាក់យ័ន្ត្រ យល់ថាការសាក់យ័ន្តនៅប្រទេសកម្ពុជានាពេលអនាគត នឹងមានភាពរីកចម្រើនខ្លាំង មានគ្រូផ្នែកសាក់យ័ន្តច្រើនដែលធ្វើតាមទំនៀមទម្លាប់បុរាណ មានការគោរពស្រឡាញ់ច្រើនទាំងជនជាតិខ្មែរ ទាំងភ្ញៀវបរទេស៕