អនុវត្តតាមការណែនាំនេះដើម្បីការពារខ្លួនអ្នក និងអ្នកដទៃ ប្រសិនបើលោកអ្នកជាអ្នកមើលថែអ្នកជំងឺកូវីដ១៩ នៅតាមផ្ទះ។ ឈ្វេងយល់ថាអ្នកគួរធ្វើដូចម្តេចខ្លះនៅពេលនរណាម្នាក់បញ្ចេញរោគសញ្ញាកូវីដ១៩ ឬពេលដែលពួកគាត់ត្រូវបានរកឃើញថាមានផ្ទុកមេរោគ។
កំណត់សម្គាល់៖ មនុស្សចាស់ ឬជនណាម្នាក់ដែលមានជំងឺប្រចាំកាយធ្ងន់ធ្ងរ (ជំងឺរ៉ាំរ៉ៃ) ដូចជា ជំងឺសួតរ៉ាំរ៉ៃ ជំងឺបេះដូងធ្ងន់ធ្ងរ ឬជំងឺទឹកនោមផ្អែម មានហានិភ័យខ្ពស់ក្នុងការឆ្លងជំងឺកូវីដ១៩ ធ្ងន់ធ្ងរ។ ត្រូវតែទាក់ទងទៅវេជ្ជបណ្ឌិតឱ្យបានឆាប់ នៅពេលរោគសញ្ញាចាប់ផ្តើមបង្ហាញលើក្រុមមនុស្សដូចខាងលើ។
ផ្តល់ការគាំទ្រ និងជំនួយក្នុងការរស់នៅប្រចាំថ្ងៃ
- ជួយអ្នកជំងឺឲ្យអនុវត្តតាមការណែនាំរបស់វេជ្ជបណ្ឌិតក្នុងការថែទាំ និងការប្រើប្រាស់ថ្នាំ។
- សម្រាប់មនុស្សភាគច្រើន រោគសញ្ញាអាចមានរយៈពេលពីរបីថ្ងៃ ហើយពួកគេនឹងមានអារម្មណ៍ធូរស្រាលមួយសប្តាហ៍ក្រោយមក។
- ត្រូវធ្វើឲ្យប្រាកដថា អ្នកជំងឺសម្រាកនិងផឹកទឹកឲ្យបានច្រើន។
- ជួយពួកគាត់ក្នុងការទិញទំនិញនៅផ្សារ ការមើលវេជ្ជបញ្ជា។ បើអាចធ្វើទៅបាន គួរតែពិចារណាឲ្យមានរបស់របរទាំងនោះដឹកជញ្ជូនមកដល់កន្លែង។
- ជួយថែរក្សាសត្វចិញ្ចឹម ហើយកាត់បន្ថយការប៉ះពាល់រវាងអ្នកជំងឺ និងសត្វ បើអាចធ្វើបាន។
អង្កេតមើលរោគសញ្ញា
- ត្រូវមានលេខទូរស័ព្ទរបស់គ្រូពេទ្យនៅក្នុងដៃ។
- ត្រូវទាក់ទងទៅគ្រូពេទ្យ ប្រសិនបើអ្នកជំងឺកាន់តែមានអាការៈមិនប្រសើរ។ សម្រាប់ករណីបន្ទាន់ ត្រូវទាក់ទងទៅលេខ ១១៥ ហើយប្រាប់ថាមនុស្សឈឺក្នុងផ្ទះអាចនឹងមានផ្ទុកមេរោគកូវីដ១៩។
ត្រូវទាក់ទងទៅកាន់លេខ ១១៥ ភ្លាមនៅពេលឃើញថារោគសញ្ញាគ្រោះថ្នាក់បន្ទាន់កូវីដ១៩ កាន់តែស្តែងឡើងច្បាស់។
រោគសញ្ញាគ្រោះថ្នាក់បន្ទាន់រួមមាន៖
- ពិបាកដកដង្ហើម ឬដង្ហើមខ្លី។
- ឈឺទ្រូង ឬមានអារម្មណ៍ថាមានសម្ពាធក្នុងទ្រូង។
- ពិបាកក្នុងការភ្ញាក់ដឹងខ្លួន។
- មុខ និងបបូរមាត់ស្លេករាងខៀវ។
កំណត់សម្គាល់៖ មិនមែនមនុស្សទាំងអស់បង្ហាញរោគសញ្ញាគ្រោះថ្នាក់បន្ទាន់បែបនេះនោះទេ។
វិធីការពារខ្លួនឯងនៅពេលថែរក្សាអ្នកជំងឺ
១- កាត់បន្ថយការប៉ះពាល់ដោយផ្ទាល់
ជំងឺកូវីដ១៩ រាលដាល (ឆ្លង) រវាងមនុស្សដែលមានទំនាក់ទំនងជិតស្និទ្ធ (ក្នុងចម្ងាយប្រហែល ២ម៉ែត្រ) តាមរយៈទឹកមាត់នៅពេលនរណាម្នាក់និយាយ ក្អក ឬកណ្ដាស់។
- ប្រសិនបើអាចទៅរួច អ្នកដែលទទួលភារកិច្ចថែទាំមិនគួរជានរណាម្នាក់ដែលស្ថិតក្នុងក្រុមមានហានិភ័យខ្ពស់ឆ្លងជំងឺកូវីដ១៩នោះទេ។
- ត្រូវប្រើបន្ទប់គេង និងបន្ទប់ទឹកដាច់ដោយឡែក៖ ប្រសិនបើអាចធ្វើបាន ត្រូវដាក់អ្នកជំងឺនៅក្នុងបន្ទប់ដាច់ដោយឡែក ឬកន្លែងណាមួយដែលមានគម្លាតពីអ្នកដទៃនៅក្នុងផ្ទះ។ ប្រសិនបើអាចធ្វើទៅបាន គួរតែឲ្យអ្នកជំងឺមានបន្ទប់ទឹកផ្ទាល់ខ្លួនសម្រាប់ប្រើប្រាស់។
- កន្លែងរួម៖ ប្រសិនបើត្រូវប្រើកន្លែងរួម ត្រូវប្រាកដថាកន្លែងនោះមានខ្យល់ចេញចូលល្អ។
- បើកបង្អួច ឬកង្ហារ (ប្រសិនបើអាចធ្វើបាន) ដើម្បីបង្កើនខ្យល់ចេញចូល។
- ការធ្វើឲ្យមានខ្យល់ចេញចូលល្អ អាចជួយកម្ចាត់ចំហាយតំណក់ទឹកមាត់បានមួយកម្រិត។
- ជៀសវាងកុំឱ្យមានអ្នកមកសួរសុខទុក្ខ៖ ជៀសវាងកុំឱ្យមានអ្នកមកសួរសុខទុក្ខដែលមិនចាំបាច់ ជាពិសេសមនុស្សដែលមានហានិភ័យខ្ពស់ក្នុងការឆ្លង។
២- ទទួលទានអាហារក្នុងបន្ទប់ ឬកន្លែងដាច់ដោយឡែក
- រក្សាការនៅដាច់ដោយឡែកពីគ្នា៖ ប្រសិនបើអាចធ្វើបាន អ្នកជំងឺគួរតែទទួល ឬឱ្យគេបញ្ចុកអាហារនៅក្នុងបន្ទប់របស់ខ្លួន។
- ប្រើទឹកក្តៅសម្រាប់លាងចាន ឬប្រដាប់ប្រដាប្រើប្រាស់ដោយពាក់ស្រោមដៃ៖ ត្រូវកាន់ចាន ស្លាបព្រា និងកែវដែលអ្នកជំងឺប្រើប្រាស់ហើយជាមួយស្រោមដៃ។ ត្រូវតែលាងរបស់ទាំងនោះជាមួយទឹក និងសាប៊ូ ឬដាក់ចូលម៉ាស៊ីនលាងចាន។ ត្រូវលាងដៃក្រោយពេលដោះស្រោមដៃចេញ ឬពេលកាន់របស់ដែលប្រើប្រាស់ហើយ។
៣- ជៀសវាងការប៉ះពាល់សម្ភារផ្ទាល់ខ្លួន
- មិនត្រូវចែករំលែកនោះទេ៖ មិនត្រូវប្រើប្រាស់ចាន កែវ ស្លាបព្រា សម កន្សែង កម្រាលពូក ភួយ ឬឧបករណ៍អេឡិចត្រូនិកជាមួយអ្នកជំងឺទេ។
៤- ពេលដែលអ្នកគួរពាក់របាំងមុខ (ម៉ាស់) ឬស្រោមដៃ
ចំពោះអ្នកជំងឺ៖
- អ្នកជំងឺគួរតែពាក់ម៉ាស់ក្នុងពេលនៅជាមួយសមាជិកគ្រួសារ និងពេលចេញក្រៅ (នេះរួមទាំងមុនពេលបើកទ្វារចូលបន្ទប់ជួបពេទ្យ)។
- ម៉ាស់ជួយអ្នកដែលឈឺមិនឲ្យចម្លងមេរោគទៅអ្នកដទៃ។ វាជួយទប់មិនឲ្យតំណក់ទឹកមាត់ចេញទៅលើអ្នកដទៃ។
- មិនគួរឲ្យក្មេងមានអាយុក្រោម ២ឆ្នាំ អ្នកដែលពិបាកដកដង្ហើម មនុស្សឧស្សាហ៍សន្លប់ ឬមនុស្សចាស់ពាក់ក្រណាត់បាំងមុខ (ម៉ាស់ក្រណាត់) នោះទេ ពីព្រោះពួកគាត់មិនអាចដោះខ្លួនឯងបានដោយគ្មានជំនួយពីអ្នកដទៃ។
ចំពោះអ្នកថែទាំ៖
- ពាក់ស្រោមដៃនៅពេលដែលអ្នកប៉ះពាល់ឈាម ឬសារជាតិរាវក្នុងខ្លួន ដូចជា ទឹកមាត់ ទឹករំអិល ក្អួត និងទឹកនោម។ ត្រូវបោះចោលស្រោមដៃដែលប្រើប្រាស់ហើយទៅក្នុងធុងសំរាមជាក់លាក់ណាមួយ។
- អ្នកថែទាំត្រូវពាក់ម៉ាស់ក្នុងពេលមើលថែអ្នកជំងឺ។
- ដើម្បីការពារមិនឲ្យឆ្លង អ្នកត្រូវប្រាកដថាខ្លួនបានអនុវត្តសកម្មភាពការពារជារៀងរាល់ថ្ងៃ៖ ដូចជាការលាងដៃឲ្យបានញឹកញាប់ ជៀសវាងការប៉ះភ្នែក មាត់ ច្រមុះជាមួយដៃដែលមិនទាន់បានលាង ហើយត្រូវធ្វើការសម្អាត និងសម្លាប់មេរោគលើផ្ទៃសម្ភារប្រើប្រាស់ផ្សេងៗឲ្យបានញឹកញាប់ផងដែរ។
៥- លាងដៃរបស់អ្នកឲ្យបានញឹកញាប់
- ការលាងដៃ៖ ត្រូវលាងដៃរបស់អ្នកឲ្យបានញឹកញាប់ជាមួយទឹក និងសាប៊ូយ៉ាងហោចណាស់ឲ្យបាន ២០វិនាទី។ ត្រូវណែនាំឲ្យសមាជិកគ្រួសារអនុវត្តតាម ជាពិសេសអ្នកដែលនៅជិតអ្នកជំងឺខ្លាំងបំផុត។
- ការលាងដៃជាមួយទឹកថ្នាំសម្លាប់មេរោគ៖ ប្រសិនបើមិនមានទឹក និងសាប៊ូ អ្នកត្រូវប្រើទឹកថ្នាំសម្លាប់មេរោគដៃដែលមានជាតិអាល់កុលយ៉ាងហោចណាស់ ៦០%។ ជូតសម្អាតផ្ទៃដៃទាំងសងខាង រួចហើយត្រដុសដៃឲ្យស្ងួត។
- ត្រូវដកដៃចេញ៖ ជៀសវាងយកដៃដែលមិនទាន់លាងទៅប៉ះភ្នែក ច្រមុះ និងមាត់របស់អ្នក។
៦- ការសម្អាត និងសម្លាប់មេរោគនៅជុំវិញផ្ទះ
- សម្អាត និងសម្លាប់មេរោគលើផ្ទៃសម្ភារដែលប៉ះពាល់ញឹកញាប់ជារៀងរាល់ថ្ងៃ ក្នុងនោះរួមមាន តុ ដៃទ្វារ កុងតាក់ភ្លើង តុធ្វើការ ទូរស័ព្ទ ក្ដារចុចកុំព្យូទ័រ បន្ទប់ទឹក ក្បាលបើកបិទទឹក (រ៉ូប៊ីណេទឹក) និងអាងលាងចាន និងឧបករណ៍អេឡិចត្រូនិក។ល។
- ត្រូវលាងសម្អាតជាមួយទឹកនិងសាប៊ូ ប្រសិនបើវត្ថុនោះកខ្វក់ បន្ទាប់មក ប្រើទឹកសម្លាប់មេរោគ។
- ត្រូវអនុវត្តតាមការណែនាំនៅលើផលិតផល ដើម្បីធានាសុវត្ថិភាព និងប្រសិទ្ធភាពក្នុងការប្រើប្រាស់។ ផលិតផលភាគច្រើនណែនាំឱ្យទុកផ្ទៃឧបករណ៍ដែលយើងសម្អាតឱ្យសើមនៅមួយសន្ទុះដើម្បីរំងាប់បាក់តេរី។ ផលិតផលខ្លះទៀត ណែនាំឱ្យអ្នកប្រើប្រាស់ពាក់ស្រោមដៃ ហើយត្រូវប្រាកដថាមានខ្យល់ចេញចូលល្អក្នុងពេលសម្លាប់មេរោគ។
- ផលិតផលសម្លាប់មេរោគតាមផ្ទះភាគច្រើនមានប្រសិទ្ធភាព។
- ដើម្បីសម្អាតឧបករណ៍អេឡិចត្រូនិក លោកអ្នកត្រូវធ្វើតាមការណែនាំរបស់ផលិតផល។ ប្រសិនបើផលិតផលនោះគ្មានការណែនាំ អ្នកគួរប្រើប្រាស់ក្រណាត់សើម ឬទឹកបាញ់ដែលមានជាតិអាល់កុលយ៉ាងហោចណាស់ ៧០% ហើយទុកវាឱ្យស្ងួត។
៧- នៅក្នុងបន្ទប់គេង និងបន្ទប់ទឹក
- ក្នុងករណីដែលអ្នកប្រើប្រាស់បន្ទប់ដាច់ដោយឡែក៖ អ្នកគួរសម្អាតតែកន្លែងណាដែលអ្នកឈឺចាំបាច់ត្រូវប្រើប្រាស់ប៉ុណ្ណោះ ដូចជាក្នុងករណីដែលកន្លែងនោះប្រឡាក់ ឬមានស្នាម។ ការធ្វើដូចនេះ អាចជួយឲ្យអ្នកមានការប៉ះពាល់អ្នកឈឺតិចតួច។
- ប្រសិនបើអ្នកជំងឺអាចធ្វើបាន សូមឱ្យគាត់អាចសម្អាតបន្ទប់ដោយខ្លួនឯង។ អ្នកអាចផ្តល់សម្ភារដូចជា ក្រដាសជូតមាត់ កន្សែង និងរបស់សម្រាប់សម្អាតផ្សេងៗទៀត។
- ក្នុងករណីប្រើបន្ទប់រួម៖ អ្នកជំងឺគួរតែលាងសម្អាត និងសម្លាប់មេរោគក្រោយពេលប្រើប្រាស់ហើយ។ ប្រសិនបើមិនអាចធ្វើបាន អ្នកថែទាំត្រូវទុកចោលក្នុងរយៈពេលសមរម្យសិនមុននឹងចូលទៅសម្អាត និងសម្លាប់មេរោគ។
៨- ការបោកគក់ និងអ៊ុត
- មិនត្រូវរលាស់សម្លៀកបំពាក់កខ្វក់ទេ
- ពាក់ស្រោមដៃនៅពេលកាន់សម្លៀកបំពាក់រួចដោះស្រោមដៃបោះចោល
- សម្លៀកបំពាក់កខ្វក់របស់ជនណាម្នាក់ដែលឈឺ អាចដាក់បោកចូលគ្នាជាមួយរបស់អ្នកផ្សេងបាន
- ត្រូវបោកតាមការណែនាំរបស់ផលិតផល និងកំណត់កម្រិតសីតុណ្ហភាពទឹកឱ្យក្តៅតាមដែលអាចធ្វើបានតាមការណែនាំប្រើប្រាស់នៃសម្លៀកបំពាក់ត្រូវបោកគក់នោះ។
- ដោះស្រោមដៃ ហើយលាងដៃភ្លាម
- អ៊ុតសម្លៀកបំពាក់ឱ្យដល់កម្រិតសីតុណ្ហភាពមួយដែលក្តៅតាមដែលអាចធ្វើបាន
- លាងដៃក្រោយដាក់ខោអាវទៅក្នុងម៉ាស៊ីនសម្ងួត
- លាងដៃ និងធ្វើការសម្លាប់មេរោគលើកន្ត្រកដាក់ខោអាវ ហើយត្រូវលាងដៃភ្លាម។
៩- ប្រើធុងសំរាមមានរាងខ្ពស់
- ដាក់ស្រោមដៃប្រើប្រាស់រួច និងរបស់ផ្សេងៗដែលកខ្វក់ទៅក្នុងធុងសំរាម
- ត្រូវប្រើស្រោមដៃនៅពេលយកសំរាមទៅបោះចោល បន្ទាប់មកត្រូវលាងដៃ
- ដាក់ស្រោមដៃ ម៉ាស់ប្រើប្រាស់រួច និងរបស់ផ្សេងៗដែលកខ្វក់ទៅក្នុងធុងសំរាម
- ប្រសិនបើអាចធ្វើបាន ដាក់ធុងសំរាមមានរាងខ្ពស់ឱ្យអ្នកជំងឺប្រើប្រាស់។
១០- ការអង្កេតមើលសុខភាពរបស់អ្នក
- អ្នកថែទាំ និងអ្នកដែលនៅជិតនឹងអ្នកជំងឺ ត្រូវតាមដានសុខភាពខ្លួនឯង និងឃ្លាំមើលអំពីរោគសញ្ញារបស់កូវីដ១៩។
- រោគសញ្ញាទូទៅរួមមាន៖ ក្តៅខ្លួន ក្អក និងដកដង្ហើមខ្លី។ ការពិបាកក្នុងការដកដង្ហើម គឺជារោគសញ្ញាធ្ងន់ធ្ងរមួយ ហើយអ្នកត្រូវធ្វើការទាក់ទងទៅពេទ្យភ្លាម។
- ត្រូវទាក់ទងទៅកាន់លេខ ១១៥ ប្រសិនបើមានការពិបាកក្នុងការដកដង្ហើម
- ទាក់ទងទៅពេទ្យជាបន្ទាន់ ដើម្បីរាយការណ៍ពីអាការៈមុនពេលធ្វើដំណើរទៅដោយផ្ទាល់។
ពេលដែលមានសុវត្ថិភាពក្នុងការនៅជុំវិញអ្នកដទៃ៖ ពេលដែលត្រូវបញ្ចប់ការរស់នៅដាច់ដោយឡែកពីគេឯង
១- សម្រាប់អ្នកមានរោគសញ្ញាជំងឺកូវីដ១៩ ដែលទទួលការព្យាបាលនៅតាមផ្ទះ ហើយនឹងមិនមានបំណងទៅធ្វើតេស្ដរកមើលថាមានផ្ទុកមេរោគ ឬក៏អត់នោះ អាចចេញពីបន្ទប់បាននៅពេលដែល៖
- លែងក្តៅខ្លួនក្នុងរយៈពេល ៧២ម៉ោង (៣ថ្ងៃ) ចុងក្រោយដោយគ្មានការលេបថ្នាំបញ្ចុះកំដៅ
- រោគសញ្ញាផ្សេងៗដូចជា ក្អក ឬដកដង្ហើមខ្លីមានការប្រសើរឡើង
- អ្នកបានឆ្លងផុតយ៉ាងហោចណាស់រយៈពេល ៧ថ្ងៃរាប់ចាប់ពីថ្ងៃចេញរោគសញ្ញាលើកដំបូង
២- សម្រាប់អ្នកមានរោគសញ្ញាជំងឺកូវីដ១៩ ដែលទទួលការព្យាបាលនៅតាមផ្ទះ ហើយមានបំណងទៅធ្វើតេស្ដរកមើលថាមានផ្ទុកមេរោគ ឬក៏អត់ អាចចេញពីបន្ទប់ក្នុងផ្ទះបាននៅពេលដែល៖
- លែងក្តៅខ្លួនក្នុងរយៈពេល ៧២ម៉ោង (៣ថ្ងៃ) ចុងក្រោយដោយគ្មានការលេបថ្នាំបញ្ចុះកំដៅ
- រោគសញ្ញាផ្សេងៗដូចជា ក្អក ឬការដកដង្ហើមខ្លីមានការប្រសើរឡើង
- ទទួលបានលទ្ធផលតេស្ដអវិជ្ជមាន ២ដងជាប់គ្នាក្នុងគម្លាតរយៈពេល ២៤ម៉ោងពីគ្នា។
៣- សម្រាប់អ្នកដែលមិនមានរោគសញ្ញាជំងឺកូវីដ១៩ ប៉ុន្តែធ្វើតេស្ដលទ្ធផលវិជ្ជមាន ហើយកំពុងរស់នៅដោយឡែកនៅតាមផ្ទះ អាចចេញពីបន្ទប់ និងផ្ទះបាននៅពេលដែល៖
- អ្នកនោះបានឆ្លងផុតរយៈពេល ៧ថ្ងៃគិតចាប់ពីថ្ងៃទទួលលទ្ធផលតេស្ដវិជ្ជមាន
- ប្រសិនបើបន្តមិនមានបង្ហាញរោគសញ្ញា (គ្មានការក្អក ឬដង្ហើមខ្លី) គិតចាប់តាំងពីថ្ងៃទទួលលទ្ធផលតេស្ដវិជ្ជមានមក។
មនុស្សដែលមិនបង្ហាញរោគសញ្ញាបែបនេះ គួរតែបន្តកាត់បន្ថយការប៉ះពាល់អ្នកដទៃឱ្យបាន ៣ថ្ងៃទៀត (ឋិតនៅឱ្យឆ្ងាយពីអ្នកដទៃក្នុងចម្ងាយយ៉ាងហោចណាស់ប្រហែល ២ម៉ែត្រ) ហើយត្រូវមានរបស់បិទបាំងច្រមុះ និងមាត់ ពេលនៅជិតគ្នាទោះបីជានៅផ្ទះក៏ដោយ។
៤- សម្រាប់មនុស្សគ្រប់រូប
- ពេលចេញក្រៅផ្ទះ ត្រូវរក្សាគម្លាតពីអ្នកដទៃឲ្យបានយ៉ាងហោចណាស់ប្រហែល ២ម៉ែត្រ ហើយត្រូវពាក់ម៉ាស់ពេលដែលនៅជិតអ្នកដទៃទៀត។
- វិធីពាក់ម៉ាស់៖
- អ្នកត្រូវពាក់ម៉ាស់ឲ្យផ្អឹបនឹងមុខ
- អ្នកត្រូវដាក់ខ្សែម៉ាស់ឱ្យដល់គល់ត្រចៀក
- ពេលអ្នកត្រូវធ្វើឲ្យប្រាកដថាអ្នកមានភាពងាយស្រួលក្នុងការដកដង្ហើម
- វិធីដោះម៉ាស់៖
- ក្នុងពេលដោះម៉ាស់ អ្នកមិនត្រូវប៉ះភ្នែក ច្រមុះ និងមាត់ទេ
- ក្រោយពេលដោះម៉ាស់ ត្រូវលាងដៃនឹងសាប៊ូភ្លាម
ត្រូវអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល។ ការសម្រេចឲ្យបញ្ចប់ការរស់នៅដោយឡែក ត្រូវកំណត់ដោយភ្នាក់ងារសុខាភិបាលដែលមានសមត្ថកិច្ច និងក្រសួងសុខាភិបាល។ លើសពីនេះ ការសម្រេចចិត្តត្រូវមើលទៅតាមស្ថានភាពជាក់ស្តែង៕