ការយល់ដឹងពីគន្លឹះងាយៗ ដើម្បីទទួលបានការគាំទ្រពីអ្នកដទៃក្នុងការដោះស្រាយបញ្ហា ជាពិសេសចំពោះបញ្ហារួម អាចផ្ដល់នូវសារប្រយោជន៍ជាច្រើន សម្រាប់ជីវិតរស់នៅ ប្រចាំថ្ងៃរបស់អ្នក និង សង្គមទាំងមូលផងដែរ។
មនុស្សគ្រប់រូបមិនសុទ្ធតែមានឆន្ទៈ និងភាពក្លាហាន ក្នុងការដោះស្រាយបញ្ហានៅចំពោះមុខទេ។ ជាពិសេស នៅពេល ដែលអ្នកគ្មានការគាំទ្រពីអ្នកជុំវិញខ្លួន។ ហេតុនេះនៅពេលដែលមនុស្សចូលរួមគ្នាដោះស្រាយបញ្ហា វាអាចមាជម្រុញឱ្យមានភាពងាយស្រួល និងប្រសិទ្ធភាព ក៏ដូចជាការលើកទឹកចិត្តសម្រាប់អ្នកជួបប្រទះនូវបញ្ហា ផងដែរ។
ទាក់ទងនឹងប្រធានបទនេះ Focus បានជួបសម្ភាសន៍ជាមួយលោក លី រតនៈ អ្នកគ្រប់គ្រងសន្តិភាព នៃអង្គការនារីសន្តិភាព ជាអង្គការក្នុងស្រុកដែលមួយដែលធ្វើការគាំទ្រស្ត្រី និងយុវជនក្នុងការដោះស្រាយទំនាស់ និងទប់ស្កាត់អំពើហិង្សា ដោយសន្តិភាព និងអហិង្សា។
តាមរយៈបទពិសោធន៍ប្រមាណជាង១០ឆ្នាំ ធ្វើការទាក់ទង នឹងការដោះស្រាយទំនាស់ និង ការអប់រំកសាងសន្តិភាព ក៏ដូចជាការងារសង្គមជាច្រើនទាក់ទងនឹងការកសាងក្រុម និង សមាគមផងដែរ។ អ្នកជំនាញរូបនេះ នឹងចែករំលែកនូវចំណុចសំខាន់ៗ ដែលជួយឱ្យយុវជនអាចមកប្រើប្រាស់ សម្រាប់កៀងគរការគាំទ្រពី អ្នកដទៃក្នុងការដោះស្រាយបញ្ហា។
ចិត្តដូចគ្នា
ការស្វែងរកនូវមនុស្ស ដែលមើលឃើញពីបញ្ហា និងមានគោលដៅរួមក្នុងការដោះស្រាយបញ្ហា ជាចំណុចដំបូងបង្អស់ក្នុងការកៀងគរសម្លេងឱ្យមានការចូលរួម។ បើសិនអ្នកគ្មានឆន្ទៈដូចគ្នា ក្នុងការចូលរួមដោះស្រាយបញ្ហានោះទេ វាមិនខុសពីធ្វើស្រែប្រវ៉ាស់មេឃនោះទេ អ្នកអាចនឹងខាតបង់ពេលវេលានិងធនធានឥតប្រយោជន៍ក្នុងការប្រមូលផ្ដុំនូវមនុស្សមកធ្វើការជាមួយគ្នា តែងដែលគេអាចមានគំនិតផ្សេង និងមើលឃើញពីផលប្រយោជន៍អ្វីមួយ។
ទំនុកចិត្ត និងភាពស្និទ្ធស្នាល
ទំនុកចិត្ត ជាចំណងរឹងមាំដែលអាចចងក្រុមឱ្យនៅជាមួយគ្នា ក្នុងការដោះស្រាយបញ្ហា។ ជាពិសេសសម្រាប់ យុវជន ការបង្កើតឱ្យមានភាពស្និទ្ធស្នាល និងភាពរីករាយខ្លះនៅក្នុងក្រុម អាចធ្វើឱ្យពួកគេ យល់ច្បាស់ពីគ្នា។ រាល់បញ្ហាទាំងអស់មិនតម្រូវឱ្យមានតែភាពតានតឹង និងក្តីកង្វល់ ក្នុងការដោះស្រាយនោះទេ។ ការកសាងទំនុកចិត្ត និងភាពស្និទ្ធស្នាលនេះហើយ ក៏ជាចំណុចស្រូបទាញមួយ ឱ្យអ្នកដទៃចូលរួម និងស្ម័គ្រចិត្តជាមួយអ្នកនៅពេលបញ្ហាប្រឈមលេចឡើងផងដែរ។
ការបង្កើតជាក្រុមដែលមានរចនាសម្ព័ន្ធច្បាស់លាស់
មិនថាក្រុមតូចឬធំក្តី ដើម្បីសម្រេចការងារទៅដោយរលូន អ្នកត្រូវបែងចែកតួនាទី និងមែកធាងការងារឱ្យបានច្បាស់លាស់។ ម្យ៉ាងទៀត វាមានភាពងាយស្រួលក្នុងការធ្វើការ និងជាការបង្ហាញថា អ្នកមានផែនការការ និងគោលដៅច្បាស់លាស់ក្នុងការដោះស្រាយបញ្ហានេះពិតមែន។ ភាពប្រាកដប្រជានេះ ជាចំណុចសំខាន់ដែលអាចទាក់ទងអ្នកខាងក្រៅឱ្យចូលរួម ប្រសិនបើគេមាន គោលដៅ និងចក្ខុវិស័យរួមដូចអ្នក។
អ្នកចង់បានអ្វីពីអ្នកចូលរួម
ការចូលរួមគាំទ្រអាចធ្វើទៅបានតាមច្រើនរូបភាពដូចជា ការចូលរួមការជជែកពិភាក្សា ការចូលរួមជាសកម្មភាពដោយផ្ទាល់ ការចូលរួមស្វែងយល់ដើម្បីដោះស្រាយបញ្ហា ដែលអាចផ្លាស់ប្តូរការគិត និងពិចារណា និងការចូលរួមជាធនធាន ជាដើម។ ហេតុនេះ មុនពេលទៅរកអ្នកដទៃឱ្យចូលរួមជាមួយអ្នក ជាដំបូងអ្នកត្រូវដឹងច្បាស់ថា តើអ្នកត្រូវការជំនួយ ឬការចូលរួមប្រភេទណា វាមានភាពងាយស្រួលក្នុងការគ្រប់គ្រង និងមិនខាតបង់ពេលវេលាទាំងសងខាង។
ជាចុងក្រោយ អ្នកជំនាញរូបនេះ បានបន្ថែមថា ការចូលរួមរបស់បុគ្គលម្នាក់ៗមានសារៈសំខាន់ណាស់ ក្នុងការដោះស្រាយបញ្ហា ព្រោះពេលខ្លះ បញ្ហារួមត្រូវការចូលរួមចំណែកពីសំណាក់បុគ្គលទាំងអស់នៅក្នុងសង្គម។ ជាពិសេសឆន្ទៈជាពលរដ្ឋសកម្ម ដែលដឹងច្បាស់ពីតួនាទីរបស់ខ្លួន ក្នុងការចូលរួមចំណែកដោះស្រាយបញ្ហារួមនៅក្នុងសង្គម។ ម្យ៉ាងទៀត ការបង្ហាញការឈឺឆ្អាលម្ដងបន្តិចៗ ជាសម្លេងសំខាន់ក្នុងការគាំទ្រដល់ជនរងគ្រោះ ឬអ្នកកំពុងជួបប្រទះនូវបញ្ហាអ្វីមួយ។ ហេតុនេះ ប្រសិនបើអ្នកជាយុវជន ដែលមានឱកាស និងសមត្ថភាពអាចចូលរួមអភិវឌ្ឍសង្គម អ្នកគួរចូលរួមទៅតាមធនធាន និងលទ្ធភាពតាមដែលអាចធ្វើទៅបាន។
អត្ថបទនេះជាផ្នែកមួយនៃគម្រោងផតខាស់«គួរក្រៅម៉ោង»ភាគទី៥ របស់យើងគឺដែលនិយាយអំពី៖ «ចង្កឹះមួយបាច់ទើបគេកាច់មិនបាក់»។ បច្ចុប្បន្ននេះ អ្នកអាចស្តាប់” ផតខាស់គួរក្រៅម៉ោង”បានតាមរយ:តំណភ្ជាប់ខាងក្រោម។ ហើយកុំភ្លេចចុច Follow ឬ Subscribe ផតខាស់របស់ពួកយើងផងណ៎ា ដើម្បីទទួលបានព័ត៌មានអំពីភាគបន្តបន្ទាប់របស់ពួកយើង៖
🔗Youtube៖ https://bit.ly/3r2m9RK
🔗Spotify៖ https://spoti.fi/3NVegr4
🔗Apple Podcasts៖ https://apple.co/3NNXOIT
🔗Google Podcast៖ https://bit.ly/3jOEVb8
🔗Hubhopper៖ https://bit.ly/3Jf9Nvz