ទឹកសំខាន់ណាស់សម្រាប់ជីវិត។ ទោះជាយ៉ាងណា មនុស្សមួយចំនួនព្យាយាមទទួលទានទឹករ៉ែឱ្យបានច្រើន ពីព្រោះវាត្រូវបានគេបង្ហាញថាផ្តល់អត្ថប្រយោជន៍ជាច្រើនដល់សុខភាព។ តើពិតមែនឬទេដែលថាទឹករ៉ែតែងតែផ្តល់អត្ថប្រយោជន៍ដល់សុខភាព?
តើអ្វីទៅជាទឹករ៉ែ?
រដ្ឋបាលចំណីអាហារ និងឱសថរបស់សហរដ្ឋអាមេរិក បានកំណត់ទឹករ៉ែថាជាទឹកដែលផ្ទុកសមាសធាតុរឹងរលាយដែលមានចំណុះ ២៥០ppm (parts per million) ដែលមានប្រភពមកពីទឹកក្នុងដី។ ទឹករ៉ែផ្ទុកសារធាតុជាច្រើនដូចជា កាល់ស្យូម ស័ង្កសី ម៉ាញ៉េស្យូម ប៉ូតាស្យូម សូដ្យូម និងកាបូណាត។ ជាមួយគ្នានេះផងដែរ ទឹករ៉ែខ្លះទៀតក៏មានផ្ទុកសារធាតុដែកនិងអ៊ីយ៉ូត ដែលផ្តល់អត្ថប្រយោជន៍ជាច្រើនដល់សុខភាព។ ទឹករ៉ែភាគច្រើន គឺប្រើប្រាស់សម្រាប់ការព្យាបាលជំងឺ ហើយល្អសម្រាប់អ្នកធ្វើដំណើរផ្លូវឆ្ងាយ។
អត្ថប្រយោជន៍នៃទឹករ៉ែ
ទឹករ៉ែមានសារធាតុរ៉ែជាច្រើនដែលផ្តល់អត្ថប្រយោជន៍ដល់សុខភាព ដូចជាអាចជួយកាត់បន្ថយសម្ពាធឈាម ត្រួតពិនិត្យប្រព័ន្ធឈាម បំប៉នឆ្អឹង និងពង្រឹងសមត្ថភាពនៃប្រព័ន្ធរំលាយអាហារ។
យោងតាមអត្ថបទមួយស្ដីពី សមាសភាពគីមី និងផលប៉ះពាល់នៃសុខភាពរបស់ទឹករ៉ែ ដែលបោះពុម្ពផ្សាយក្នុងមជ្ឈមណ្ឌលជាតិព័ត៌មានវិទ្យានៃជីវបច្ចេកវិទ្យា (NCBI) បានឱ្យដឹងថាសារធាតុរ៉ែផ្តល់អត្ថប្រយោជន៍ជាច្រើនដូចជា៖
- កាល់ស្យូម៖ ជំនួយឆ្អឹង គ្រប់គ្រងដំណើរការសាច់ដុំនិងចលនាបេះដូង ជំនួយដល់ការបង្កកឈាមពេលមានរបួស និងពង្រឹងល្បឿននៃការបញ្ចូលព័ត៌មានក្នុងខួរក្បាល
- ម៉ាញ៉េស្យូម៖ ជំនួយឆ្អឹង ពង្រឹងសមត្ថភាពសាច់ដុំនិងខួរក្បាល ការរំលាយជាតិខ្លាញ់និងការសំយោគប្រូតេអ៊ីន
- ប៉ូតាស្យូម៖ ជួយពង្រឹងសកម្មភាពបេះដូងនិងសាច់ដុំ ពន្លឿនដំណើរការនៃប្រព័ន្ធប្រសាទ ផ្តល់លំនឹងអាស៊ីតនិងបាសក្នុងរាងកាយ
- សូដ្យូម៖ គ្រប់គ្រងការជ្រាបចូលនៃសារធាតុផ្សេងៗក្នុងកោសិកា និងគ្រប់គ្រងសារធាតុរាវក្នុងរាងកាយ
- ដែក៖ ជំនួយដល់ជាលិកាសាច់ដុំនិងឈាម ដូចជាគ្រាប់ឈាមក្រហម
- ស័ង្កសី៖ ពង្រឹងការសំយោគនិងលំនឹងនៃសារធាតុសែន
- កាបូណាត៖ ជួយដល់ការរំលាយអាហារ ពង្រឹងលំនឹងនៃជាតិអាស៊ីតអំឡុងពេលហាត់ប្រាណ
កម្រិតនៃសមាសធាតុគីមីមានក្នុងទឹករ៉ែ
របាយការណ៍របស់ EC Directive បង្កើតដោយសហភាពអឺរ៉ុបសម្រាប់ការកំណត់ច្បាប់លើបញ្ហាផ្សេងៗនៅក្នុងតំបន់ បានចង្អុលបង្ហាញពីកម្រិតដាក់ឱ្យប្រើប្រាស់នៃសារធាតុសំខាន់ៗទាំងបួនក្នុងទឹករ៉ែ។
- សមាសធាតុកាបូណាត៖ មានបរិមាណតិចជាង ៦០០មិល្លីក្រាមក្នុង១លីត្រ
- កាល់ស្យូម៖ មានបរិមាណតិចជាង ១៥០មិល្លីក្រាមក្នុង១លីត្រ
- ម៉ាញ៉េស្យូម៖ មានបរិមាណតិចជាង ៥០មិល្លីក្រាមក្នុង១លីត្រ
- សូដ្យូម៖ មានបរិមាណតិចជាង ២០០មិល្លីក្រាមក្នុង១លីត្រ ហើយសារធាតុសូដ្យូមសម្រាប់អ្នកដែលតម្រូវការទាប គឺត្រូវមានបរិមាណតិចជាង ២០មិល្លីក្រាមក្នុង១លីត្រ
គុណវិបត្តិនៃការទទួលទានទឹករ៉ែ
រហូតមកដល់ពេលបច្ចុប្បន្ននេះមានការស្រាវជ្រាវតិចតួចបំផុតទាក់ទិនទៅនឹងផលប៉ះពាល់របស់ទឹករ៉ែលើសុខភាព ក៏ប៉ុន្តែវាមានគុណវិបត្តិមួយចំនួននៃទឹករ៉ែផងដែរដូចជា៖
- តម្លៃខ្ពស់
- អាការត្អើកឬហើមពោះអាចកើតមានឡើងដោយសារសារធាតុកាបូណាតដែលមាននៅក្នុងទឹករ៉ែដែលមានពពុះ ហើយអាចបណ្តាលឱ្យធ្មេញឆាប់ពុកផុយជាងទឹកធម្មតា
- ប្រភេទទឹករ៉ែមួយចំនួនប្រហែលជាអាចបន្ថែមស្ករ ឬសារធាតុផ្អែមសិប្បនិម្មិតផ្សេងៗដែលអាចបង្កឱ្យទៅជាជំងឺទឹកនោមផ្អែម និងជំងឺបេះដូង ហើយប្រភេទខ្លះទៀតអាចមានជាតិសូដ្យូមច្រើនដែលមិនសមស្របសម្រាប់អ្នកដែលត្រូវទទួលទានជាតិសូដ្យូមតិចក្នុងរបបអាហារ
តើអ្នកណាគួរទទួលទានទឹករ៉ែឱ្យបានច្រើន?
ប្រសិនបើអ្នកមានសុខភាពល្អរឹងមាំ ការទទួលទានទឹករ៉ែពិតជាល្អសម្រាប់សុខភាព ហើយជាពិសេសក្នុងពេលហាត់ប្រាណខ្លាំងដោយសារតែការបាត់បង់ជាតិទឹក និងសារធាតុរ៉ែតាមការបញ្ចេញញើស។ ទោះបីជាយ៉ាងណាក៏ដោយ ការទទួលទានទឹកធម្មតាគឺល្អគ្រប់គ្រាន់សម្រាប់មនុស្សផងដែរ។
តើអ្នកណាមិនគួរទទួលទានទឹករ៉ែ?
យោងតាមក្រសួងសុខាភិបាលរបស់ប្រទេសអូស្ត្រាលី បានឱ្យដឹងថាសូដ្យូមដែលមាននៅក្នុងទឹករ៉ែ គឺពុំផ្តល់ការប៉ះពាល់ដល់សុខភាពនោះទេ ប្រសិនបើយើងទទួលទានក្នុងកម្រិតធម្មតាមួយ។ ក៏ប៉ុន្តែមនុស្សមួយចំនួនគួរតែមានភាពប្រយ័ត្នខ្ពស់លើកម្រិតជាតិសូដ្យូមនៅក្នុងទឹករ៉ែនៅពេលដែលវាមានបរិមាណលើសពី ២០មិល្លីក្រាមក្នុងមួយលីត្រ។ អ្នកទាំងនោះរួមមាន៖
- អ្នកដែលកំពុងគ្រប់គ្រងកម្រិតជាតិស្កររបស់ខ្លួនដោយសារជំងឺលើសឈាម
- អ្នកដែលមានជំងឺបេះដូង
- អ្នកដែលមានបញ្ហាតម្រងនោម ឬកំពុងមានជំងឺក្រួសក្នុងតម្រងនោម
- អ្នកដែលត្រូវទទួលទានជាតិសូដ្យូមតិចក្នុងរបបអាហារ (ជាតិសូដ្យូមសំដៅលើអំបិលផងដែរ)៕