«យើងត្រូវដឹងថា អ៊ីនធឺណិតមិនអាចជំនួសពេលវេលាអានឬលេង ពេលវេលាហាត់ប្រាណ ឬពេលវេលានៅជាមួយគ្រួសារបាននោះទេ ពីព្រោះសកម្មភាពទាំងអស់នេះគឺសំខាន់ណាស់សម្រាប់ការលូតលាស់របស់កុមារ»។

Focus បានចុះផ្សាយអត្ថបទមួយអំពីសុវត្ថិភាពអ៊ីនធឺណិតសម្រាប់កុមារ ដើម្បីជាព័ត៌មានសម្រាប់ឪពុកម្តាយ អាណាព្យាបាលក៏ដូចជាសាធារណជន និងផ្តល់ជាវេទិកាដល់ពួកគេក្នុងការឈ្វេងយល់ពីហានិភ័យដែលបណ្តាលមកពីការប្រើប្រាស់អ៊ីនធឺណិតទៅលើកុមារ ព្រមទាំងវិធីសាស្ត្រដែលឪពុកម្តាយអាចការពារកូនៗរបស់ពួកគេពីបញ្ហានេះ។
នៅពេលនេះ Focus បានធ្វើបទសម្ភាសន៍ជាមួយប្រធានផ្នែកអប់រំនៃអង្គការយូនីសេហ្វ (UNICEF) ប្រចាំកម្ពុជា អ្នកស្រី ខាថើរីន បេណ្ណែត្ត (Katheryn Bennett) និងប្រធានផ្នែកគាំពារកុមាររបស់អង្គការយូនីសេហ្វប្រចាំកម្ពុជា អ្នកស្រី លូស៊ា សូឡែទី (Lucia Soleti) ដើម្បីផ្តល់ព័ត៌មានបន្ថែមលើបញ្ហាសុវត្ថិភាពអ៊ីនធឺណិតរបស់កុមារនេះ។
មុនចូលបម្រើការងារនៅអង្គការយូនីសេហ្វប្រចាំកម្ពុជាក្នុងតំណែងជាប្រធានផ្នែកអប់រំនៅឆ្នាំ២០១៧ អ្នកស្រី ខាថើរីន បេណ្ណែត្ត មានបទពិសោធន៍ជាច្រើនលើកម្មវិធីអប់រំ និងអភិវឌ្ឍន៍សង្គមនៅតំបន់អាស៊ីអាគ្នេយ៍ រួមមានប្រទេសកម្ពុជា ប្រទេសមីយ៉ាន់ម៉ា ប្រទេសថៃ ប្រទេសឥណ្ឌូនេស៊ី ប្រទេសឡាវ និងប្រទេសទីម័រខាងកើត ក្នុងរយ:ពេល ១៥ឆ្នាំកន្លងមកនេះ។ អ្នកស្រីក៏ធ្លាប់ធ្វើការជាអ្នកពិគ្រោះយោបល់ផ្នែកអប់រំជាមួយធនាគារពិភពលោក (World Bank) លើគោលនយោបាយ និងការអនុវត្តផ្នែកអប់រំ ព្រមទាំងធ្លាប់ធ្វើជាអ្នកជំនាញសម្រាប់កម្មវិធីអប់រំហៅថា «អប់រំកុមារ» នៅប្រទេសកាតា (Qatar) ផងដែរ។ ជាមួយគ្នានេះ អ្នកស្រីក៏បានដឹកនាំក្រុម និងកម្មវិធីអស់រយៈពេលជាង ១០ឆ្នាំសម្រាប់កម្មវិធីជំនួយរបស់រដ្ឋាភិបាលអូស្ត្រាលី។ អ្នកស្រីបានបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតមុខជំនាញការសិក្សាលើការអភិវឌ្ឍមកពីសាកលវិទ្យាល័យ Cambridge នៃចក្រភពអង់គ្លេស។
ចំណែកអ្នកស្រី លូស៊ា សូឡែទី បានចូលបម្រើការងារនៅអង្គការយូនីសេហ្វប្រចាំកម្ពុជានៅឆ្នាំ២០១៥ ដោយមានបទពិសោធន៍ក្នុងផ្នែកគាំពារកុមារអស់រយៈពេលជាង ១៣ឆ្នាំ។ អ្នកស្រីក៏ជាភ្នាក់ងាររបស់អង្គការសហប្រជាជាតិ (United Nation) ក្នុងវិស័យអភិវឌ្ឍន៍ និងមនុស្សធម៌ ហើយទទួលបានតួនាទីជាប្រធានផ្នែកគាំពារកុមាររបស់អង្គការយូនីសេហ្វប្រចាំកម្ពុជា នៅឆ្នាំ២០១៩។ អ្នកស្រីបានបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតផ្នែកសិទ្ធិមនុស្ស និងការគ្រប់គ្រងការប៉ះទង្គិចពីសាកលវិទ្យាល័យ Pisa នៃប្រទេសអ៊ីតាលី។
តើកុមារគួរមានអាយុប៉ុន្មានឆ្នាំទើបអាចប្រើប្រាស់អ៊ីនធឺណិត ឬចាប់ផ្តើមប្រើប្រាស់អ៊ីនធឺណិតបាន?
បច្ចេកវិទ្យាអាចជាវិធីដ៏ល្អក្នុងការជួយកុមារលើការរៀនសូត្រប្រកបដោយភាពរីករាយ និងការចូលរួមសហការ ហើយក៏អាចជួយលើការបង្ហាញពីភាពច្នៃប្រឌិតរបស់ពួកគេ និងការភ្ជាប់ទំនាក់ទំនងនៅក្នុងសង្គម។ ទោះបីជាយ៉ាងណាក៏ដោយ វាពិតជាសំខាន់ណាស់សម្រាប់មាតាបិតាអាចគ្រប់គ្រងនូវខ្លឹមសារការស្រាវជ្រាវលើអ៊ីនធឺណិត និងអាចកំណត់ពេលវេលាដែលអាចចំណាយលើប្រព័ន្ធអ៊ីនធឺណិត។ ទន្ទឹមជាមួយគ្នានេះ មាតាបិតាក៏អាចតាមដានថាតើកូនរបស់ពួកគេទទួលបាននូវមាតិកាដែលសមស្របទៅតាមអាយុ និងវ័យឬយ៉ាងណា។
បច្ចុប្បន្ននៅក្នុងប្រទេសកម្ពុជាមានកម្មវិធីសិក្សាពីចម្ងាយកំពុងចាក់ផ្សាយតាមរយៈប្រព័ន្ធបណ្ដាញសង្គម ទូរទស្សន៍ និងវិទ្យុជាដើម។ កម្មវិធីទាំងនេះផ្តល់នូវសកម្មភាពនៃការចូលរួមរៀនសូត្រផ្សេងៗសម្រាប់ការអប់រំរបស់កុមារតូច (អាយុពី ៣ ទៅ ៥ឆ្នាំ)។
សព្វថ្ងៃនេះ យើងឃើញថាឪពុកម្តាយភាគច្រើនបានអនុញ្ញាតឱ្យកូនៗរបស់ពួកគេប្រើប្រាស់អ៊ីនធឺណិតតាំងពីក្មេង។ តើអង្គការយូនីសេហ្វប្រចាំកម្ពុជាមានការព្រួយបារម្ភទាក់ទងនឹងសុវត្ថិភាពរបស់កុមារនៅលើអ៊ីនធឺណិតដែរឬទេ?
សម្រាប់កុមារ និងមនុស្សវ័យជំទង់ជាច្រើន ការចំណាយពេលវេលាលើប្រព័ន្ធអ៊ីនធឺណិត គឺជាមធ្យោបាយមួយក្នុងការបន្តទទួលបានការអប់រំ ជាពិសេសនៅអំឡុងពេលនៃការរាលដាលជំងឺកូវីដ១៩។ ខណៈដែលការប្រើប្រាស់អ៊ីនធឺណិតជាតម្រូវការចាំបាច់សម្រាប់ការអប់រំ ការបង្កើនពេលវេលាចំណាយលើបណ្ដាញអ៊ីនធឺណិតនេះអាចធ្វើឱ្យកុមារ និងមនុស្សវ័យជំទង់ប្រឈមនឹងហានិភ័យខ្ពស់លើការរំលោភបំពាន និងការកេងប្រវ័ញ្ចតាមអ៊ីនធឺណិត ដែលនេះរាប់បញ្ចូលទាំងការកេងប្រវ័ញ្ចផ្លូវភេទ និងការប្រមាញ់ផ្លូវភេទលើកុមារ។ កង្វះទំនាក់ទំនងផ្ទាល់ជាមួយមិត្តភក្ដិ អាចនាំឱ្យមានហានិភ័យខ្ពស់ក្នុងការផ្ញើរូបភាពមិនសមរម្យ រួមមានរូបអាសអាភាស ហើយខណៈពេលនេះផងដែរអាចមានការកើនឡើងនូវឱកាសដែលកុមារអាចទទួលបាននូវមាតិកាគ្រោះថ្នាក់ និងហិង្សាផ្សេងៗក៏ដូចជាមានហានិភ័យខ្ពស់ក្នុងការទទួលនូវការគំរាមកំហែងតាមប្រព័ន្ធអ៊ីនធឺណិត។ ដូច្នេះវាពិតជាសំខាន់ណាស់ដែលកុមារអាចការពារខ្លួនឯងបានលើប្រព័ន្ធអ៊ីនធឺណិត ហើយឪពុកម្តាយនិងអាណាព្យាបាលក៏អាចជួយពង្រឹងសុវត្ថិភាពដល់កូនៗរបស់ពួកគេផងដែរ។ ការប្រើប្រាស់អ៊ីនធឺណិតទាំងអស់ដែលពាក់ព័ន្ធនឹងកុមារ តម្រូវឱ្យមានការចូលរួម និងអង្កេតពីឪពុកម្តាយដែលពួកគេត្រូវធានានូវការការពារលើកុមារ មាតិកាសមស្របសម្រាប់កុមារ និងការចំណាយពេលវេលាត្រឹមត្រូវលើប្រព័ន្ធអ៊ីនធឺណិត។
តើអង្គការយូនីសេហ្វប្រចាំកម្ពុជាបានធ្វើយុទ្ធនាការអំពីប្រធានបទនេះដែរឬទេ?
ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដោយមានការគាំទ្រពីអង្គការយូនីសេហ្វប្រចាំកម្ពុជា បានធ្វើយុទ្ធនាការថ្នាក់ជាតិរយៈពេល ៥ឆ្នាំហៅថា «គ្រួសាររឹងមាំ» ស្ដីពីការផ្លាស់ប្ដូរឥរិយាបថឆ្ពោះទៅកាន់ការបញ្ចប់អំពើហិង្សាប្រឆាំងលើកុមារ និងការបែកបាក់គ្រួសារ។ យុទ្ធនាការនេះត្រូវបានចាប់ផ្តើមនៅខែកុម្ភៈ ឆ្នាំ២០២០ ដែលវិសាលភាពរបស់វាក៏រួមបញ្ចូលនូវការការពារកុមារលើប្រព័ន្ធអ៊ីនធឺណិតផងដែរ។ គន្លឹះនិងព័ត៌មានសម្រាប់កុមារនិងឪពុកម្តាយក្នុងការថែរក្សាសុវត្ថិភាពតាមបណ្ដាញអ៊ីនធឺណិត ជាពិសេសក្នុងអំឡុងពេលនៃជំងឺកូវីដ១៩ អ្នកអាចស្វែងរកបាននៅតាមបណ្ដាញសង្គមហ្វេសប៊ុក ហើយអាចស្រាវជ្រាវបន្ថែមតាមរយៈគេហទំព័រ។
តើអ៊ីនធឺណិតអាចផ្តល់នូវផលប៉ះពាល់អ្វីខ្លះលើសុវត្ថិភាព និងសុខុមាលភាពរបស់កុមារ?
វាពិតជាសំខាន់ណាស់ដែលយើងត្រូវដឹងថាអ៊ីនធឺណិតអាចជួយសម្រួលដល់ឱកាសសម្រាប់កុមារជាច្រើនទាក់ទិនទៅនឹងការទទួលបានព័ត៌មាន និងការអប់រំ ហើយវាក៏ជាធនធានដ៏សំខាន់មួយសម្រាប់កុមារក្នុងការបញ្ចេញមតិ និងការចូលរួមនៅក្នុងសហគមន៍របស់ពួកគេផងដែរ។
អ៊ីនធឺណិតក៏អាចបង្កហានិភ័យដល់សុវត្ថិភាព និងសុខុមាលភាពរបស់កុមារ ដូចជាការកេងប្រវ័ញ្ច និងការរំលោភបំពានផ្លូវភេទលើកុមារតាមប្រព័ន្ធអ៊ីនធឺណិត។ កុមារនិងមនុស្សវ័យជំទង់ក៏អាចមានមនុស្សមិនស្គាល់មុខ ឬបុគ្គលដែលមានចំណាប់អារម្មណ៍ផ្លូវភេទលើពួកគេដែលប្រហែលជាអាចទទួលបានរូបភាពមិនសមស្រប ឬបានសុំឱ្យមានការផ្ញើរូបថត ឬវីដេអូអាក្រាតរបស់ពួកគេ។ មនុស្សពេញវ័យក៏អាចប្រើបច្ចេកវិទ្យាដើម្បីទាក់ទងកុមារ ហើយទាក់ទាញពួកគេឱ្យមានទំនាក់ទំនងផ្លូវភេទលើប្រព័ន្ធអ៊ីនធឺណិត ហើយហានិភ័យផ្សេងទៀតនោះក៏អាចរួមបញ្ចូលការគំរាមកំហែងតាមប្រព័ន្ធអ៊ីនធឺណិត រួមមានការបង្ហោះនិងផ្ញើសារអេឡិចត្រូនិកដូចជារូបភាព ឬវីដេអូក្នុងគោលបំណងបៀតបៀន យាយីគំរាមកំហែង ឬលេចចេញនូវពាក្យចចាមអារ៉ាមលើបុគ្គលដទៃទៀតតាមរយៈវេទិកាឌីជីថលជាច្រើនដូចជាបណ្ដាញសង្គម។ ទន្ទឹមនឹងនេះ ឯកជនភាពរបស់កុមារក៏នឹងអាចទទួលរងហានិភ័យខ្ពស់ផងដែរ។
យើងត្រូវដឹងថាអ៊ីនធឺណិតមិនអាចជំនួសពេលវេលាអានឬលេង ពេលវេលាហាត់ប្រាណ ឬពេលវេលាជាមួយគ្រួសារបាននោះទេ ពីព្រោះសកម្មភាពទាំងអស់នេះគឺសំខាន់ណាស់សម្រាប់ការលូតលាស់របស់កុមារ។
តើអ៊ីនធឺណិតអាចជះឥទ្ធិពលលើការអភិវឌ្ឍផ្លូវចិត្តរបស់កុមារបានដែរឬទេ?
ដូចដែលយើងបានរៀបរាប់ខាងលើថាមានវិធីដែលរក្សាតុល្យភាព និងសុខភាពល្អលើការប្រើប្រាស់អ៊ីនធឺណិតក៏ដូចជាវិធីដែលមិនត្រឹមត្រូវផងដែរ ដែលនេះជាមូលហេតុដែលតម្រូវឱ្យមានការចូលរួមរបស់ឪពុកម្តាយ។ នៅពេលសកម្មភាពសំខាន់ៗជាច្រើនដូចជាការលេងកីឡា ការភ្ជាប់ទំនាក់ទំនងសង្គមនៅក្នុងជីវិតរស់នៅប្រចាំថ្ងៃត្រូវបានជំនួសដោយអ៊ីនធឺណិត នោះវានឹងអាចផ្តល់នូវផលវិបាក និងជះឥទ្ធិពលអវិជ្ជមានដល់កុមារ។ អំពើហិង្សាលើកុមារតាមអ៊ីនធឺណិត មានដូចជាការកេងប្រវ័ញ្ច និងការរំលោភបំពានផ្លូវភេទអាចជះឥទ្ធិពលអាក្រក់ដល់សុខុមាលភាពរបស់កុមារ រួមទាំងការអភិវឌ្ឍផ្លូវចិត្តរបស់ពួកគេដែលអាចបណ្តាលឱ្យមានភាពតានតឹង ការថប់បារម្ភ និងការបាក់ទឹកចិត្តក៏ដូចជាការបាត់បង់ការលូតលាស់ផ្នែកអប់រំ ព្រមទាំងការកើនឡើងនូវកម្រិតនៃអំពើហិង្សា និងសកម្មភាពព្រហ្មទណ្ឌផ្សេងៗ។
តើឪពុកម្តាយ និងអ្នកអប់រំអាចធ្វើអ្វីខ្លះដើម្បីធានាសុវត្ថិភាពរបស់កុមារនៅលើអ៊ីនធឺណិត?
ឪពុកម្តាយ និងអ្នកអប់រំត្រូវតែយល់ថាកុមារគឺជាភ្នាក់ងារនៃការផ្លាស់ប្ដូរ ហើយពួកគេគួរតែទទួលបានចំណេះដឹង និងព័ត៌មានចាំបាច់ដើម្បីធានានូវសុវត្ថិភាពលើការប្រើប្រាស់អ៊ីនធឺណិត ព្រមទាំងជួយសម្របសម្រួលដល់កុមារក្នុងការទាញយកឯកសារតាមប្រព័ន្ធអ៊ីនធឺណិតទាក់ទងនឹងការសិក្សា។ ទន្ទឹមនឹងនេះ ឪពុកម្តាយ និងអ្នកអប់រំត្រូវមានការប្រុងប្រយ័ត្នខ្ពស់ពីហានិភ័យលើបណ្ដាញអ៊ីនធឺណិតសម្រាប់កុមារ ហើយពួកគេត្រូវចូលរួមក្នុងសកម្មភាពរបស់កុមារតាមអ៊ីនធឺណិត ពីព្រោះទោះបីជាកុមារប្រើអ៊ីនធឺណិតនៅផ្ទះក៏ដោយ ក៏មិនមែនមានន័យថាពួកគេមានសុវត្ថិភាពនោះឡើយ។
គន្លឹះសំខាន់ៗដែលអាចជួយឪពុកម្តាយ និងអ្នកអប់រំធានានូវសុវត្ថិភាពលើការប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណិតសម្រាប់កុមារ៖
- ធ្វើកិច្ចសន្យាជាមួយកុមារអំពីព្រំដែន ការរំពឹងទុក ព្រមទាំងឯកជនភាពលើការប្រើប្រាស់អ៊ីនធឺណិត រួមមានរយៈពេលដែលកុមារអាចចំណាយបានលើបណ្ដាញអ៊ីនធឺណិត រយៈពេលរៀន និងធ្វើកិច្ចការសាលា មិនអនុញ្ញាតឱ្យប្រើឧបករណ៍អេឡិចត្រូនិកនៅពេលបរិភោគអាហារ ឬបន្ទាប់ពីពេលវេលាជាក់លាក់ណាមួយ
- និយាយជាមួយកុមារអំពីសុវត្ថិភាព និងបញ្ហាប្រឈមលើប្រព័ន្ធអ៊ីនធឺណិតដោយមានការចូលរួម និងប្រាស្រ័យទាក់ទងជាមួយកូនរបស់អ្នកអំពីខ្លឹមសារដែលសមស្របតាមអាយុរបស់ពួកគេលើគេហទំព័រ និងបណ្ដាញផ្សព្វផ្សាយសង្គមជាដើម
- ពិភាក្សាជាមួយកុមារ ឬកូនៗរបស់អ្នកពីសកម្មភាព និងអាកប្បកិរិយាមិនល្អមួយចំនួននៅលើអ៊ីនធឺណិតដែលអាចជះឥទ្ធិពលដល់អ្នកដទៃ និងអាកប្បកិរិយារបស់អ្នកដទៃដែលអាចជះឥទ្ធិពលមកលើកុមារវិញ
- ការស៊ាំជាមួយកម្មវិធីសុវត្ថិភាពលើបណ្ដាញអ៊ីនធឺណិត
- ដឹងពីកន្លែងដែលត្រូវស្វែងរកជំនួយសម្រាប់ខ្លួនអ្នក និងកុមារ
- ឈ្វេងយល់ពីហានិភ័យរបស់ឯកជនភាព
- គោរពឯកជនភាពរបស់កូន ឬកុមារប្រកបដោយលក្ខណៈត្រឹមត្រូវ
- លេង ឬធ្វើសកម្មភាពជាមួយកុមារទាំងលើអ៊ីនធឺណិត និងក្រៅអ៊ីនធឺណិត
ប្រសិនបើឪពុកម្តាយកំណត់ពេលវេលាជាក់លាក់ក្នុងការប្រើប្រាស់អ៊ីនធឺណិតសម្រាប់កូនៗ តើនេះហាក់ដូចជាការរឹតត្បិតសេរីភាពរបស់ពួកគេដែរឬទេ?
ការណែនាំ ការកំណត់វិន័យ និងកាលវិភាគច្បាស់លាស់លើការប្រើប្រាស់អ៊ីនធឺណិតសម្រាប់កុមារមិនមែនជាការរឹតត្បិតសេរីភាពកុមារនោះទេ ព្រោះកុមារត្រូវការការថែទាំ ហើយពួកគេពុំទាន់មានលទ្ធភាពក្នុងការវិនិច្ឆ័យសកម្មភាពរបស់ពួកគេលើប្រព័ន្ធអ៊ីនធឺណិតបាននៅឡើយ។ ឪពុកម្តាយត្រូវតាមដានការចូលរួមរបស់កូនៗ ដើម្បីចៀសវាងហានិភ័យនិងគ្រោះថ្នាក់ដែលអាចកើតមានឡើង។ អ្វីដែលសំខាន់បំផុតនោះ គឺការពន្យល់ដល់កុមារពីបញ្ហាផ្សេងៗលើបណ្ដាញអ៊ីនធឺណិត ការពិគ្រោះយោបល់ និងកិច្ចព្រមព្រៀងរួមគ្នារវាងឪពុកម្តាយនិងកូនៗលើដែនកំណត់ និងការរំពឹងទុកនៃការប្រើប្រាស់អ៊ីនធឺណិត។
ក្នុងពេលបច្ចុប្បន្ននេះ រដ្ឋាភិបាលកំពុងជំរុញការរៀនសូត្រតាមអនឡាញ តើមានវិធីណាដើម្បីធានាថាកុមារប្រើអ៊ីនធឺណិតតាមរបៀបត្រឹមត្រូវឬទេ?
កាលពីថ្ងៃទី២៤ ខែមេសា ក្រសួងអប់រំ យុវជន និងកីឡា បានចេញលិខិតលេខ២៣ដើម្បីណែនាំលើការរៀនសូត្រពីចម្ងាយ ហើយនៅថ្ងៃទី៨ ខែមិថុនា ក្រសួងក៏បានចេញសេចក្តីណែនាំលេខ២៩ ដើម្បីគាំទ្រដល់ការអនុវត្តសកម្មភាពប្រចាំថ្ងៃ និងការគ្រប់គ្រងការរៀនសូត្រពីចម្ងាយសម្រាប់សិស្សថ្នាក់ទី១២ និងគ្រឹះស្ថានឧត្ដមសិក្សាចំនួន៥ ព្រមទាំងដើម្បីពង្រឹងការចូលរួមរបស់ភាគីពាក់ព័ន្ធក្នុងការរៀនសូត្រពីចម្ងាយ។ តួនាទី និងការទទួលខុសត្រូវរបស់ឪពុកម្តាយ អាណាព្យាបាលក្នុងការគាំទ្រដល់ការរៀនសូត្រតាមប្រព័ន្ធអ៊ីនធឺណិតរបស់កូនៗក៏បានរួមបញ្ចូលនៅក្នុងឯកសារទាំងពីរនេះផងដែរ។
ឪពុកម្តាយត្រូវ៖
- មានកាលវិភាគច្បាស់លាស់ជាមួយកូនៗក្នុងការប្រើប្រាស់អ៊ីនធឺណិត
- បែងចែកពេលវេលាឱ្យបានច្បាស់លាស់ដើម្បីធ្វើការគាំទ្រដល់ការរៀនសូត្ររបស់កុមារដោយផ្តល់ការជួយពន្យល់បន្ថែម ការត្រួតពិនិត្យការរៀនរបស់ពួកគេ និងការពិនិត្យមើលកិច្ចការរបស់ពួកគេ
- ប្រសិនបើសាលារៀនស្នើសុំឱ្យសិស្សានុសិស្សចូលក្រុមទំនាក់ទំនងតាមតេឡេក្រាម (Telegram) ឪពុកម្តាយគួរតែចូលរួមក្នុងក្រុមតេឡេក្រាមនោះដែរ
វាពិតជាសំខាន់សម្រាប់សាលារៀនក្នុងការផ្តល់បរិយាកាសរៀនសូត្រតាមអនឡាញប្រកបដោយសុវត្ថិភាពសម្រាប់សិស្សានុសិស្ស។ មិនតែប៉ុណ្ណោះ សាលារៀនគួរតែបង្កើត ឬធ្វើបច្ចុប្បន្នភាពគោលនយោបាយលើការគាំពារកុមារក្នុងការឆ្លុះបញ្ចាំងពីស្ថានភាពជាក់ស្តែងដែលតម្រូវឱ្យមានការសិក្សាពីផ្ទះ និងការគ្រប់គ្រងការសន្ទនារបស់សិស្ស និងគ្រូតាមបណ្ដាញអ៊ីនធឺណិត ហើយសាលារៀនក៏គួរតែប្រាស្រ័យទាក់ទងយ៉ាងច្បាស់អំពីគោលនយោបាយសុវត្ថិភាពទាំងនេះ និងផ្តល់ធនធាន ព្រមទាំងព័ត៌មានស្ដីពីសុវត្ថិភាពឌីជីថលដើម្បីគាំទ្រដល់ឪពុកម្តាយ និងអាណាព្យាបាលក្នុងការបង្កើតបទពិសោធន៍វិជ្ជមាននៃការសិក្សាតាមប្រព័ន្ធអ៊ីនធឺណិត។
ក្រៅពីការរៀនសូត្រ តើកុមារគួរប្រើប្រាស់អ៊ីនធឺណិតដោយរបៀបណាទើបមិនបង្កគ្រោះថ្នាក់ដល់ពួកគេ?
អ្វីៗគ្រប់យ៉ាងគឺជាការរៀនសូត្រ សូម្បីតែការមើលវីដេអូនៅលើ YouTube ក៏ដោយ។ ចំណុចសំខាន់នោះ គឺឪពុកម្តាយត្រូវផ្តល់ការណែនាំច្បាស់លាស់ដល់កូនៗរបស់ពួកគេ ព្រមទាំងធ្វើការកំណត់កាលវិភាគច្បាស់លាស់ ហើយឪពុកម្តាយក៏ត្រូវចូលរួមតាមដានការប្រើប្រាស់អ៊ីនធឺណិតរបស់ពួកគេផងដែរ។
វាពិតជាសំខាន់ណាស់សម្រាប់ឪពុកម្តាយក្នុងការបង្រៀនកូនៗរបស់ពួកគេពីរបៀបប្រើប្រាស់បច្ចេកវិទ្យាប្រកបដោយភាពត្រឹមត្រូវ និងសុវត្ថិភាព និងចាប់យកជំនាញ និងទម្លាប់សំខាន់ដើម្បីក្លាយជាពលរដ្ឋប្រកបដោយចំណេះដឹងក្នុងសម័យឌីជីថលនេះ។
តើអង្គការយូនីសេហ្វមានដំណោះស្រាយអ្វីខ្លះចំពោះបញ្ហានេះ?
រដ្ឋាភិបាលកម្ពុជាដោយមានការគាំទ្រពីយូនីសេហ្វ បានបង្កើត «ផែនការសកម្មភាពដើម្បីការពារ និងឆ្លើយតបទៅនឹងអំពើហិង្សាលើកុមារសម្រាប់ឆ្នាំ២០១៧-២០២១» ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដើម្បីពង្រឹងប្រព័ន្ធការពារកុមារថ្នាក់ជាតិ។ ផែនការសកម្មភាពកំណត់តួនាទី និងទំនួលខុសត្រូវ ព្រមទាំងសកម្មភាពរបស់ភ្នាក់ងាររដ្ឋាភិបាល និងមិនមែនរដ្ឋាភិបាលផ្សេងៗ និងការរួមបញ្ចូលសកម្មភាពសំខាន់ៗលើវិស័យផ្សេងៗ ដូចជាវិស័យសុខាភិបាល សុខុមាលភាពសង្គម និងវិស័យអប់រំជាដើម។ ផែនការសកម្មភាពមួយនេះក៏រួមបញ្ចូលនូវការការពារការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអ៊ីនធឺណិត ហើយយូនីសេហ្វកំពុងសហការជាមួយរដ្ឋាភិបាលក្នុងការសម្របសម្រួលជាមួយភាគីពាក់ព័ន្ធសំខាន់ៗ និងផ្តល់ការគាំទ្រផ្នែកបច្ចេកទេស ព្រមទាំងផ្នែកហិរញ្ញវត្ថុ ដើម្បីពន្លឿនការអនុវត្តរបស់ខ្លួន។
ការសហការជាមួយឧស្សាហកម្មផ្នែកបច្ចេកវិទ្យាព័ត៌មានវិទ្យា (ICT) គឺជាគន្លឹះក្នុងការធានាការគាំពារកុមារលើបណ្ដាញអ៊ីនធឺណិត។ នៅឆ្នាំ២០១៩ យូនីសេហ្វបានគាំទ្រក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ (Cambodia National Council for Children) រៀបចំសិក្ខាសាលាស្ដីពីឧស្សាហកម្មអាយស៊ីធី (ICT) ក្នុងគោលបំណងលើកកម្ពស់ការឆ្លើយតបពហុវិស័យថ្នាក់ជាតិ ដើម្បីការពារ និងដោះស្រាយការកេងប្រវ័ញ្ច និងការរំលោភបំពានផ្លូវភេទលើកុមារតាមប្រព័ន្ធអ៊ីនធឺណិត។ ក្រសួងនានារបស់រដ្ឋាភិបាល ក្រុមហ៊ុនបច្ចេកវិទ្យាព័ត៌មានវិទ្យា អង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកនិងអន្តរជាតិ កុមារនិងប្រព័ន្ធផ្សព្វផ្សាយផ្សេងៗ បានចូលរួមក្នុងសិក្ខាសាលានេះដើម្បីកំណត់ចំណុចខ្វះខាត និងសកម្មភាពអាទិភាពសំខាន់ៗសម្រាប់រយៈពេលខ្លី និងយូរ។
យូនីសេហ្វប្រចាំកម្ពុជាក៏ធ្វើការបង្កើតចំណេះដឹង និងភស្តុតាងថ្មីៗផងដែរ។ ការិយាល័យស្រាវជ្រាវយូនីសេហ្វសហការជាមួយបណ្ដាញដើម្បីបញ្ចប់ពេស្យាកម្ម និងការជួញដូរកុមារ ឬហៅកាត់ថា ECPAT (End Child Prostitution and Trafficking) និងប៉ូលិសអន្តរជាតិ (INTERPOL) កំពុងអនុវត្តគម្រោងស្រាវជ្រាវមួយពី «គ្រោះថ្នាក់រំខាន» មានគោលបំណងបង្កើតឯកសារអំពីទំហំ និងលក្ខណៈនៃការកេងប្រវ័ញ្ចផ្លូវភេទ និងការរំលោភបំពានលើកុមារតាមអ៊ីនធឺណិត។ ប្រទេសកម្ពុជាត្រូវបានជ្រើសរើសជាប្រទេសមួយក្នុងចំណោមប្រទេសចំនួន១៤ ដែលបានរួមបញ្ចូលនៅក្នុងគម្រោងស្រាវជ្រាវនេះ ហើយរបាយការណ៍ស្ដីពីបញ្ហានេះនឹងត្រូវបោះពុម្ពផ្សាយនៅឆ្នាំ២០២១ ខាងមុខនេះ។
ផែនការសកម្មភាពលើផ្នែកសំខាន់ៗចំនួន៥ រួមមាន៖
- ការសម្របសម្រួល និងកិច្ចសហប្រតិបត្តិការ
- ការគាំពារបឋម
- សេវាកម្មឆ្លើយតបការការពារកុមារលើវិស័យផ្សេងៗ
- ការបង្កើត និងធ្វើវិសោធនកម្មច្បាប់ និងគោលនយោបាយ
- ការតាមដាន និងវាយតម្លៃ៕

