មនុស្សគ្រប់រូបតែងតែមានពេលសប្បាយរីករាយ និងកើតទុក្ខ ប៉ុន្តែការប្រែប្រួលឡើងចុះភ្លាមៗនៃអារម្មណ៍គ្រប់ពេលវេលា ម្តងសប្បាយរីករាយ ម្តងកើតទុក្ខមិនចង់ជួបមនុស្សម្នា និងមិនចង់ធ្វើអ្វីទាំងអស់នោះ ជាបញ្ហាមួយដែលគួរផ្ដោតសំខាន់។

ជំងឺអារម្មណ៍ពីរ (Bipolar disorder) គឺជាអាការរោគដែលមានការប្រែប្រួលផ្នែកផ្លូវអារម្មណ៍ខ្លាំងដែលម្តងបាក់ស្រុតទឹកចិត្តខ្លាំង ឬមានអារម្មណ៍ពិបាកចិត្តខ្លាំង (Depression) រួចប្រែទៅជាមានទឹកចិត្តឡើងខ្ពស់ ឬសប្បាយចិត្តជ្រុល (Mania) ហើយបន្ទាប់មកទឹកចិត្តក៏ធ្លាក់ស្រុតមកវិញម្តងហើយម្តងទៀតជាញឹកញាប់។
អ្នកប្រហែលបានមើលឃើញតាមរយៈសារព័ត៌មានជាតិ និងអន្តរជាតិជាច្រើន ធ្លាប់ចេញផ្សាយ និងបានចែករំលែកអំពីបញ្ហានេះ ហើយមានបុគ្គលល្បីៗជាច្រើនមានជំងឺអារម្មណ៍ពីរនេះ ដូចជាតារាចម្រៀងល្បីៗក្នុងពិភពសិល្បៈដូចជាអ្នកចម្រៀងរ៉េប Kanye West អ្នកចម្រៀង Selena Gomez អ្នកចម្រៀង Halsey ក៏ដូចជាអ្នកចម្រៀង Mariah Carey ជាដើម។ ប៉ុន្តែអ្នកចង់ដឹងទេថា ជំងឺអារម្មណ៍ពីរនេះកើតឡើងមកពីអ្វីឱ្យពិតប្រាកដ?
បើតាមការសិក្សារបស់ស្ថាប័នសុខភាពជាតិរបស់ចក្រភពអង់គ្លេស បានឱ្យដឹងថា មូលហេតុពិតនៅពីក្រោយជំងឺអារម្មណ៍ពីរនេះនៅមិនទាន់បានរកឃើញនៅឡើយទេ។ ប៉ុន្តែគេបានរកឃើញថា មានកត្តាចូលរួមជាច្រើនដែលអាចបណ្តាលឱ្យបញ្ហានេះអាចកើតមានឡើង ដូចជា បញ្ហាតំណពូជ អតុល្យភាពនៃប្រព័ន្ធសរសៃប្រសាទ បរិយាកាសរស់នៅដែលនៅក្នុងស្ថានភាពមួយងាយបង្កឱ្យមានភាពស្ត្រេស ឬបាក់ទឹកចិត្តជាដើម។
ជំងឺអារម្មណ៍ពីរនេះ ភាគច្រើនមានពីរដំណាក់កាល គឺពេលធ្លាក់ស្រុតទឹកចិត្តខ្លាំង និងទឹកចិត្តឡើងខ្ពស់។
នៅក្នុងដំណាក់កាលធ្លាក់ស្រុតទឹកចិត្តខ្លាំង (Depression) អ្នកជំងឺអាចមានអាការដូចជាពិបាកចិត្ត ងាយយំ ឬឆាប់ស្រក់ទឹកភ្នែក គេងមិនលក់ ឬគេងច្រើនពេក បរិភោគមិនបាន មានអារម្មណ៍ធុញថប់ បាត់បង់ចំណង់ចំណូលចិត្តជីវិតប្រចាំថ្ងៃដូចជាទៅលើការងារ ការសិក្សា ការកម្សាន្ត ឆាប់មួម៉ៅ អារម្មណ៍ផ្លូវភេទចុះខ្សោយ អស់សង្ឃឹម និងអាចមានគំនិតចង់ធ្វើអត្តឃាតថែមទៀតផង។
ចំណែកឯក្នុងដំណាក់កាលទឹកចិត្តឡើងខ្ពស់វិញ (Mania) អ្នកជំងឺអាចមានអាការដូចជា ចង់សប្បាយខុសពីធម្មតា មិនចង់គេង មានអំនួតលើខ្លួនឯង រសាប់រសល់ចង់ធ្វើនេះធ្វើនោះ ឆាប់ប្រកាន់ខឹង ពិបាកផ្ចង់អារម្មណ៍ក្នុងការធ្វើការងារប្រចាំថ្ងៃ ធ្វើអ្វីដោយមិនគិតមុខក្រោយ កើនឡើងអារម្មណ៍ផ្លូវភេទខ្លាំងជាដើម។
ជំងឺអារម្មណ៍ពីរនេះដែរ ត្រូវបានគេបែងចែកជាច្រើនប្រភេទខុសៗគ្នាទៅតាមកម្រិតនៃជំងឺ អាការរោគ ព្រមទាំងដំណាក់កាលនីមួយៗ ហើយអាចមានរយៈពេលពីពីរទៅបីអាទិត្យ ឬឈានទៅដល់ខែក៏មាន។
នៅក្នុងដំណាក់កាលផ្លាស់ប្ដូរប៉ូលនៃអារម្មណ៍ទាំងពីរនេះ អ្នកជំងឺខ្លះអាចមានពេលវេលាមួយដែលមានអារម្មណ៍ធម្មតាទូទៅ មុននឹងឈានដល់ដំណាក់កាលប្រែប្រួលអារម្មណ៍ម្តងទៀត។
យ៉ាងណាមិញ ការព្យាបាលជំងឺអារម្មណ៍ពីរនេះអាចធ្វើឱ្យប្រសើរឡើងបានតាមរយៈការទទួលទានថ្នាំដើម្បីគ្រប់គ្រង និងព្យាបាលការឡើងចុះនៃអារម្មណ៍ ហើយអ្នកជំងឺគួររៀនកត់សម្គាល់រោគសញ្ញានៃការផ្លាស់ប្ដូរអារម្មណ៍របស់ខ្លួន និងទទួលធ្វើការព្យាបាលផ្លូវចិត្តពីអ្នកជំនាញ ជាពិសេសដាក់ខ្លួនឯងនៅក្នុងរបៀបរស់នៅល្អ ដូចជាការធ្វើលំហាត់ប្រាណ បរិភោគអាហារ និងដំណេកឱ្យបានទៀងទាត់ និងគ្រប់គ្រាន់ ហើយជាពិសេសសកម្មភាពផែនការដែលអ្នករីករាយដែលផ្តល់ឱ្យអ្នកនូវអារម្មណ៍នៃសមិទ្ធផលមួយ។
ជំងឺអារម្មណ៍ពីរនេះមិនត្រឹមតែអាចបង្កឱ្យមានបញ្ហាជាច្រើនទៅដល់សុខភាពផ្លូវកាយ និងផ្លូវចិត្តរបស់អ្នកជំងឺផ្ទាល់តែម្តង ប៉ុន្តែវាអាចប៉ះពាល់ដល់អនាគត និងជីវិតរស់នៅប្រចាំថ្ងៃរបស់អ្នកជំងឺជាខ្លាំង ប្រសិនបើពួកគាត់មិនបានទទួលយកការព្យាបាលបានត្រឹមត្រូវ និងទាន់ពេលវេលា៕