ភាពជឿនលឿននៅក្នុងវិស័យបច្ចេកវិទ្យាអ៊ីនធឺណិត ភាពសម្បូរបែប និងតម្លៃសមរម្យនៃឧបករណ៍អេឡិចត្រូនិកនៅលើទីផ្សារ បានធ្វើឱ្យទំនោរនៃការប្រើប្រាស់ឧបករណ៍អេឡិចត្រូនិកមានការកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។
ជាពិសេសនៅក្នុងកាលៈទេសៈនៃការរាលដាលជំងឺកូវីដ១៩នេះ ដោយសារការទំនេរពីការសិក្សា និងការងារ រួមផ្សំទាំងមានពេលវេលាទំនេរច្រើនផងនោះ វាអាចធ្វើឱ្យអ្នកចំណាយពេលច្រើនជាមួយអេក្រង់ទូរស័ព្ទ កុំព្យូទ័រ ឬទូរទស្សន៍ជាងពេលមុនទៅទៀត។
ការចំណាយពេលវេលាទៅលើអេក្រង់នៃគ្រឿងអេឡិចត្រូនិកច្រើន ធ្វើឱ្យអ្នកមើល ឬអ្នកប្រើប្រាស់ទទួលនូវសារធាតុអ័រម៉ូនម្យ៉ាងឈ្មោះថា ដូប៉ាមីន (dopamine) ដែលចេញពីខួរក្បាលរបស់អ្នកប្រើប្រាស់។
សារធាតុដូប៉ាមីនជាប្រភេទអ័រម៉ូនដែលធ្វើឱ្យអ្នកមានអារម្មណ៍សប្បាយ និងពេញចិត្តនៅពេលដែលអ្នកបានប្រើប្រាស់ទូរស័ព្ទ ប៉ុន្តែការបញ្ចេញសារធាតុនោះច្រើនពេកក៏អាចធ្វើឱ្យប៉ះពាល់ដល់ប្រព័ន្ធគ្រប់គ្រងខ្លួនរបស់អ្នកប្រើប្រាស់ (impulse control) ផងដែរ។
បន្ថែមពីលើនេះ ការចំណាយពេលច្រើនទៅលើអេក្រង់ក៏ធ្វើឱ្យប៉ះពាល់ដល់ផ្នែកខួរក្បាលខាងមុខ (frontal cortex) របស់អ្នកដូចជាឥទ្ធិពលអាក្រក់របស់ជាតិកាហ្វេអ៊ីនដែរ ព្រោះថានៅពេលដែលអ្នកបានប្រើប្រាស់ឧបករណ៍អេឡិចត្រូនិកនោះ វាធ្វើឱ្យអ្នកមានភាពស្រស់ស្រាយ និងពេញចិត្ត តែប្រសិនបើអ្នកមិនបានប្រើប្រាស់វាទេនោះ នឹងធ្វើឱ្យអ្នកមានភាពមួម៉ៅ និងមិនសប្បាយចិត្តដូចគ្នា។
តើការប្រើប្រាស់ឧបករណ៍អេឡិចត្រូនិកកម្រិតណាដែលចាត់ទុកថាត្រឹមត្រូវ?
កាលពីឆ្នាំ២០១៩ អង្គការសុខភាពពិភពលោក (WHO) បានធ្វើសេចក្តីណែនាំអំពីការប្រើប្រាស់ឧបករណ៍អេឡិចត្រូនិកឱ្យបានក្នុងរយៈពេលត្រឹមត្រូវ ដោយតម្រូវឱ្យកុមារដែលមានអាយុចន្លោះពី ២ ដល់ ៥ឆ្នាំគួរចំណាយពេលទៅលើការប្រើប្រាស់ឧបករណ៍អេឡិចត្រូនិកច្រើនបំផុតត្រឹម ១ម៉ោងក្នុងមួយថ្ងៃ ស្របពេលដែលកុមារដែលមានអាយុក្រោមពីរឆ្នាំ មិនគួរចំណាយពេលទៅលើការប្រើប្រាស់ឧបករណ៍អេឡិចត្រូនិកទេ។ ចំណែកមនុស្សពេញវ័យវិញ មិនគួរប្រើប្រាស់លើសពីពីរម៉ោងក្នុងមួយថ្ងៃនោះឡើយ។
តើអ្វីខ្លះដែលជាភាពអវិជ្ជមានដែលបណ្តាលមកពីការប្រើឧបករណ៍អេឡិចត្រូនិកលើសកំណត់?
ការសិក្សារបស់អង្គការ Childmind Institute ដែលជាស្ថាប័នមិនរកប្រាក់កម្រៃផ្នែកសុខមាលភាពកុមារនិងគ្រួសារ បានរកឃើញថា ការប្រើប្រាស់ឧបករណ៍អេឡិចត្រូនិកអាចផ្តល់ផលអវិជ្ជមានជាច្រើន ជាពិសេសទៅលើកុមារនិងយុវវ័យមានដូចជា៖
- បង្កឱ្យមានបញ្ហាភ្នែក ដូចជាការមើលមិនច្បាស់ ស្រវាំងភ្នែក ឈឺក្បាល
- ប៉ះពាល់ទៅលើសុខភាពផ្លូវចិត្ត ដូចជាជំងឺតប់ប្រមល់ និងជំងឺបាក់ទឹកចិត្ត
- ខ្សោយក្នុងការគិត និងការសិក្សា
- មានការបៀតបៀនតាមប្រព័ន្ធអនឡាញ
- បង្កឱ្យមានជំងឺធាត់ និងឡើងទម្ងន់
- គេងមិនបានទៀងទាត់ ឬមានបញ្ហាក្នុងការគេង
- បង្កឱ្យមានបញ្ហាអាកប្បកិរិយាមិនល្អ
- សុខភាពរាងកាយមិនល្អ ដូចជាឈឺឆ្អឹងខ្នង រួយក និងស្មាជាដើម
- មានបញ្ហាក្នុងការប្រាស្រ័យទាក់ទងក្នុងសង្គម និងជាមួយអ្នកនៅជុំវិញខ្លួន
ហេតុអ្វីបានជាអ្នកគួរតែកាត់បន្ថយការប្រើប្រាស់ឧបករណ៍អេឡិចត្រូនិកលើសកំណត់?
តាមការសិក្សារបស់ Mayo Clinic ដែលជាមជ្ឈមណ្ឌលផ្នែកវេជ្ជសាស្ត្រមិនរកប្រាក់ចំណេញរបស់សហរដ្ឋអាមេរិក បានបង្ហាញថា ការប្រើប្រាស់ឧបករណ៍អេឡិចត្រូនិកដូចជា ទូរស័ព្ទដៃ កុំព្យូទ័រ និងទូរទស្សន៍នៅក្នុងកម្រិតមួយសមរម្យ អាចបញ្ចៀសបញ្ហាប្រឈមដូចជា៖
- អាចធ្វើឱ្យសុខភាពរាងកាយមាំមួន
- កាត់បន្ថយហានិភ័យនៃជំងឺធាត់
- អ្នកអាចមានឱកាសក្នុងការធ្វើសកម្មភាពថ្មីៗ
- ធ្វើឱ្យអារម្មណ៍ស្រស់ស្រាយ
- បង្កើនទំនាក់ទំនងល្អជាមួយអ្នកដទៃ
តើមានវិធីសាស្ត្រអ្វីខ្លះដែលអាចជួយកាត់បន្ថយទម្លាប់ក្នុងការប្រើប្រាស់ឧបករណ៍អេឡិចត្រូនិក ជាពិសេសក្នុងរដូវកាលកូវីដ១៩នេះ?
ការបោះបង់ចោលទម្លាប់ទាំងស្រុងក្នុងការប្រើប្រាស់ឧបករណ៍អេឡិចត្រូនិក អាចនឹងមានការលំបាកក្នុងការរស់នៅក្នុងសម័យដែលពោរពេញទៅដោយបច្ចេកវិទ្យាទំនើបនេះ ប៉ុន្តែក៏មានវិធីសាស្ត្រខ្លះៗដែលអ្នកអាចយកមកអនុវត្តបាន ដើម្បីកាត់បន្ថយទម្លាប់មិនល្អនេះបាន ជាពិសេសក្នុងអំឡុងពេលកូវីដ១៩ ដោយ៖
- កាត់បន្ថយទម្លាប់តាមបែបប្រាកដនិយម៖ ការកាត់បន្ថយពេលវេលានៅជាមួយអេក្រង់បន្តិចម្តងៗ ឬកាត់បន្ថយមកត្រឹមពាក់កណ្តាលនៃការប្រើប្រាស់ប្រចាំថ្ងៃ វាអាចមានប្រសិទ្ធភាពក្នុងការកាត់បន្ថយទម្លាប់អាក្រក់របស់អ្នកបានល្អជាងការបញ្ឈប់វាភ្លាមៗតែម្តង។
- ធ្វើសកម្មភាពនៅខាងក្រៅ៖ ទុកសម្ភារអេឡិចត្រូនិកដោយឡែក រួចដើរចេញលំហែកាយនៅទីខាងក្រៅជាអ្វីដែលអ្នកគួរតែធ្វើ។ ទោះបីជានៅក្នុងបរិវេណផ្ទះរបស់អ្នក ឬរយៈចម្ងាយខ្លីក្តី វាអាចជួយឱ្យអារម្មណ៍អ្នកស្រស់ស្រាយ និងធ្វើឱ្យខួរក្បាលរបស់អ្នកបានលំហែដូចគ្នា។ មិនត្រឹមតែប៉ុណ្ណោះ វាអាចឱ្យអ្នកធ្វើចលនារាងកាយថែមទៀតផង។
- បង្កើតទម្លាប់មិនប្រើប្រាស់ទូរស័ព្ទពេលនៅជាមួយអ្នកដទៃ៖ អ្នកគួរតែបង្កើតទម្លាប់ដាក់ទូរស័ព្ទចុះពីដៃនៅពេលដែលអ្នកចំណាយពេលជាមួយក្រុមគ្រួសារ និងមិត្តភក្ដិ ព្រោះវាមិនត្រឹមតែអាចជួយធ្វើឱ្យអ្នកបង្កើតពេលវេលាល្អៗជាមួយគ្នានោះទេ វាក៏អាចជួយកាត់បន្ថយហានិភ័យនៃជំងឺធាត់ដែលបណ្តាលមកពីការហូបចំណីបណ្តើរមើលទូរស័ព្ទបណ្តើរ។ លើសពីនេះ វាក៏បង្ហាញនូវគំរូល្អរបស់អ្នកចំពោះអ្នកនៅជុំវិញខ្លួនផងដែរ។
- ចែករំលែកការប្រើប្រាស់ឧបករណ៍អេឡិចត្រូនិករួមគ្នា៖ ការចូលរួមប្រើប្រាស់ឧបករណ៍អេឡិចត្រូនិករួមគ្នា មិនត្រឹមតែអាចជួយដល់ការចំណាយពេលទៅលើអេក្រង់រៀងៗខ្លួននោះទេប្រសិនបើអ្នកជាឪពុកម្តាយ ឬអាណាព្យាបាល អ្នកក៏អាចឈ្វេងយល់ពីអ្វីដែលកូនរបស់អ្នកកំពុងតែប្រើប្រាស់ផងដែរ។
- បិទសំឡេងកំណត់សម្គាល់៖ ការបើកកំណត់សម្គាល់នៅក្នុងឧបករណ៍អេឡិចត្រូនិក អាចធ្វើឱ្យអ្នកបាត់បង់ចំណាប់អារម្មណ៍ និងការផ្ចង់អារម្មណ៍ទៅលើការងារផ្សេងៗ ដូចនេះអ្នកគួរតែបិទសំឡេងដែលទាក់ទាញចំណាប់អារម្មណ៍អ្នកចេញ៕