ផលិតផលធ្វើឱ្យស្បែកសអាចធ្វើការកែប្រែរូបរាងខាងក្រៅរបស់អ្នកបាន ប៉ុន្តែវាមិនអាចកែប្រែសុខភាពរបស់អ្នកឱ្យដូចដើមវិញនោះទេ ប្រសិនបើអ្នកមិនបានប្រើប្រាស់ផលិតផលទាំងនោះឱ្យបានត្រឹមត្រូវ។
ប្រភេទផលិតផលដែលធ្វើឱ្យស្បែកស ភ្លឺរលោងរាប់រយមុខដែលបានផលិតក្នុងស្រុក និងនាំចូលពីក្រៅប្រទេស ដូចជាគ្រឿងសម្អាងថែរក្សាស្បែក ថ្នាំលេបធ្វើឱ្យស្បែកស ខូឡាជេន (Collagen) និងវីតាមីនផ្សេងៗជាច្រើនមុខទាំងក្នុងតម្លៃថោកនិងថ្លៃ កំពុងចរាចរណ៍នៅតាមទីផ្សារនានាក្នុងប្រទេសកម្ពុជា។
តាមការសិក្សារបស់ National Institute of Health (NIH) ដែលជាស្ថាប័នសិក្សាពីបញ្ហាសុខភាព និងជីវវេជ្ជសាស្ត្រធំមួយរបស់សហរដ្ឋអាមេរិកបានឱ្យនិយមន័យផលិតផលធ្វើឱ្យស្បែកស គឺជាផលិតផលគ្រឿងសម្អាងទាំងឡាយណាដែលបង្កើតឡើងក្នុងគោលបំណងដើម្បីកាត់បន្ថយភាពស្រអាប់និងសារធាតុខ្មៅ ជាពិសេសជាតិមេឡានីន (Melanine) នៅក្នុងស្បែក ដើម្បីទទួលបានស្បែកសភ្លឺថ្លាតាមក្តីប្រាថ្នា។
ចំណោទនៃបញ្ហាគឺ ប្រសិនបើអ្នកមិនបានយកចិត្តទុកដាក់ក្នុងការជ្រើសយកផលិតផលដែលត្រឹមត្រូវ និងយល់ដឹងពីសារធាតុផ្សេងៗក្នុងផលិតផលទាំងនោះទេ វាអាចបង្កឱ្យមានគ្រោះថ្នាក់ជាច្រើនដល់សុខភាពរបស់អ្នកប្រើប្រាស់។ ជាពិសេសផលិតផលដែលមានផ្ទុកជាតិបារត និងសារធាតុហាយដ្រូឃ្វីណូនច្រើន (hydroquinone) ដែលបង្កឱ្យមានបញ្ហា ដូចជាស្បែកស្តើង ស្បែកស្រអាប់ខ្លាំងឬភ្លឺខ្លាំងពេក មហារីកស្បែក ស្បែកងាយស្នាមនិងប្រតិកម្ម ការប៉ះពាល់ដល់តម្រងនោម ថ្លើម និងប្រព័ន្ធប្រសាទ ភាពមិនប្រក្រតីនៃកំណើត ប្រសិនបើអ្នកប្រើប្រាស់នៅក្នុងអំឡុងពេលមានផ្ទៃពោះ ជាពិសេសវាក៏អាចឆក់យកអាយុជីវិតអ្នកថែមទៀតផង។
ជាការពិតណាស់ វាមានការលំបាកក្នុងការបញ្ឈប់ការប្រើប្រាស់ផលិតផលទាំងនោះទាំងស្រុង ប៉ុន្តែអ្នកក៏អាចធ្វើជាអ្នកប្រើប្រាស់ឆ្លាតវៃម្នាក់ក្នុងការជ្រើសរើសផលិតផលដែលមានស្តង់ដារត្រឹមត្រូវដើម្បីសុវត្ថិភាពរបស់ខ្លួន និងចំណេញពេលវេលានិងប្រាក់កាសផងដែរ។
ខាងក្រោមនេះគឺជាដំបូន្មានសំខាន់ៗដែលបានណែនាំដោយអ្នកជំនាញសុខភាព ដើម្បីជៀសវាងគ្រោះថ្នាក់នៃការប្រើប្រាស់គ្រឿងសម្អាងមិនត្រឹមត្រូវបាន៖
- ធ្វើការពិភាក្សាជាមួយគ្រូពេទ្យជំនាញមុនពេលធ្វើការប្រើប្រាស់ផលិតផលដែលធ្វើឱ្យស្បែកស និងយល់ច្បាស់ពីការប្រើប្រាស់ឱ្យបានត្រឹមត្រូវ
- ជៀសឱ្យផុតពីផលិតផលដែលផ្សំពីជាតិបារត (mercury) ព្រោះវាមានគ្រោះថ្នាក់ខ្លាំងដល់សុខភាពរាងកាយ និងកោសិកាស្បែក។ ក្រៅពីនោះ សារធាតុផ្សេងទៀតដូចជា Steroids, BHT and BHA, Dioxane, Fragrances ក៏ធ្វើឱ្យប៉ះពាល់ដល់សុខភាពរាងកាយ និងស្បែកផងដែរ
- កុំប្រើប្រាស់ផលិតផលដែលផ្ទុកសារជាតិហាយដ្រូឃ្វីណូន (hydroquinone) លើសពី ២% ហើយប្រសិនបើគ្មានការបញ្ជាក់ពីបរិមាណនេះទេ សូមកុំប្រើប្រាស់វាល្អជាង
- សិក្សាពីប្រភព និងប្រភេទនៃផលិតផល សុពលភាពនៃការប្រើប្រាស់ឱ្យបានត្រឹមត្រូវមុនការប្រើប្រាស់ (មិនច្រើនជាងបីឆ្នាំ)
- យល់ដឹងពីសារធាតុផ្សំនៃផលិតផលដែលមិនផ្តល់ផលប៉ះពាល់ខ្លាំងដល់សុខភាព (Kojic Acid, Vitamin C, Niacinamide, Glutathione, Azelaic acid, Glycolic acid, Linoleic acid, Paper Mulberry, Liquorice extract ជាដើម)
- សាកល្បងតាមវិធីសាស្ត្រងាយៗតាមបែបធម្មជាតិ និងទទួលទានអាហារ និងបន្លែផ្លែឈើដែលមានជាតិវីតាមីន B, C, D, E, K ឱ្យបានច្រើន
- ធ្វើការប្រឹក្សាជាមួយក្រុមគ្រូពេទ្យជំនាញភ្លាមៗ ប្រសិនបើអ្នកមានបញ្ហាដូចជាឈឺក្បាល រមាស់ស្បែក កន្ទួល និងអាឡែរហ្ស៊ី (Allergy) ពេលប្រើប្រាស់
ការសិក្សារបស់ The European Code Against Cancer (ECAC) ដែលជាអង្គការសុខភាពផ្ដួចផ្ដើមដោយគណៈកម្មការអឺរ៉ុប និងបង្កើតឡើងដោយទីភ្នាក់ងារអន្តរជាតិអង្គការសុខភាពពិភពលោកសម្រាប់សិក្សាស្រាវជ្រាវទៅលើជំងឺមហារីក និងណែនាំមនុស្សគ្រប់រូបក្នុងការការពារខ្លួនពីជំងឺមហារីក បានរកឃើញថាការប្រើប្រាស់ផលិតផលធ្វើឱ្យស្បែកសបានបង្កឱ្យមានផលប៉ះពាល់ និងគុណវិបត្តិជាច្រើនដល់អាយុជីវិតផងដែរ។ មិនតែប៉ុណ្ណោះ ការសិក្សានេះក៏បានសង្កត់ធ្ងន់ផងដែរថា ភាគច្រើននៃផលិតផលដែលធ្វើឱ្យស្បែកសនេះត្រូវបានផលិតឡើងដែលតម្រូវឱ្យស្បែករបស់អ្នកពឹងផ្អែកទៅលើផលិតផលទាំងអស់នោះរហូត ហើយនៅពេលដែលអ្នកឈប់ប្រើប្រាស់វា វាអាចធ្វើឱ្យស្បែករបស់អ្នកកាន់តែស្រអាប់ និងសុខភាពមិនល្អជាងមុនពេលប្រើប្រាស់ទៅទៀត។ ដូច្នេះ ការប្រើប្រាស់ផលិតផលទាំងនេះមិនសុទ្ធតែអាក្រក់នោះទេ ប៉ុន្តែអ្នកត្រូវមានការប្រុងប្រយ័ត្ន និងឆ្លាតវៃមុននឹងសម្រេចចិត្តប្រើប្រាស់ផលិតផលអ្វីមួយ៕