ប្រសិនបើមានអាការ:គ្រុនក្តៅ ឬក្អក អ្នកប្រហែលជាអាចមានជំងឺកូវីដ១៩។ មនុស្សភាគច្រើនមានអាការ:ស្រាលហើយអាចជាសះស្បើយដោយខ្លួនឯងនៅផ្ទះបាន។
ប្រសិនបើគិតថាខ្លួនឯងអាចផ្ទុកមេរោគកូរ៉ូណា សូមទាក់ទងអ្នកផ្តល់សេវាថែទាំសុខភាពណាមួយដែលនៅជិតអ្នកជាបន្ទាន់។
- ត្រូវតាមដានរោគសញ្ញារបស់ខ្លួន។
- ប្រសិនបើមានរោគសញ្ញាសំខាន់ៗគួរឱ្យកត់សម្គាល់ណាមួយ ដូចជាពិបាកដកដង្ហើម សូមប្រញាប់ទាក់ទងខាងសេវាថែទាំសុខភាពដែលនៅជិតអ្នកជាបន្ទាន់។
វិធីទប់ស្កាត់ការពារការរីករាលដាលនៃជំងឺកូវីដ១៩ ប្រសិនបើអ្នកផ្ទុកជំងឺ
ប្រសិនបើអ្នកផ្ទុកជំងឺកូវីដ១៩ ឬសង្ស័យថាមានជំងឺកូវីដ១៩ ត្រូវអនុវត្តតាមជំហានសំខាន់ៗដូចខាងក្រោមដើម្បីថែទាំសុខភាពផ្ទាល់ខ្លួន និងជួយការពារមនុស្សផ្សេងទៀតនៅក្នុងផ្ទះ និងសហគមន៍របស់អ្នកមិនឱ្យឆ្លង។
ត្រូវស្នាក់នៅផ្ទះលើកលែងតែត្រូវទៅទទួលការព្យាបាល
- អ្នកត្រូវស្នាក់នៅផ្ទះលើកលែងតែត្រូវទៅទទួលការថែទាំសុខភាព និងមិនត្រូវដើរលេងនៅទីសាធារណៈនោះទេ។ អ្នកជំងឺភាគច្រើនមានអាការ:ស្រាលហើយអាចជាសះស្បើយដោយខ្លួនឯងបាននៅផ្ទះដោយពុំចាំបាច់ទទួលការព្យាបាលពីមន្ទីរពេទ្យឡើយ។
- ត្រូវស្នាក់នៅផ្ទះថែរក្សាសុខភាពខ្លួនអ្នកឱ្យបានល្អដោយទទួលទានទឹកឱ្យបានច្រើន។
- ត្រូវរាយការណ៍ទៅកាន់មន្ទីរពេទ្យរុស្ស៊ី ឬមន្ទីរពេទ្យបង្អែកណាមួយដែលនៅជិតអ្នក ឬទំនាក់ទំនងទៅកាន់លេខ ១១៥ ប្រសិនបើអ្នកមានអាការ:ពិបាកដកដង្ហើម ឬមានរោគសញ្ញាដែលគួរឲ្យកត់សម្គាល់ណាមួយ។
- ត្រូវជៀសវាងការប្រើប្រាស់រថយន្តសាធារណៈ ឬតាក់ស៊ី។
ត្រូវនៅឱ្យឆ្ងាយពីមនុស្សផ្សេងៗ និងសត្វចិញ្ចឹមនៅក្នុងផ្ទះ
ត្រូវស្នាក់នៅឱ្យឆ្ងាយពីមនុស្សផេ្សងៗ និងសត្វចិញ្ចឹមនៅក្នុងផ្ទះរបស់អ្នក និងត្រូវប្រើបន្ទប់ទឹកដាច់ដោយឡែក ប្រសិនបើអាចធ្វើទៅបាន (ចុចត្រង់នេះដើម្បីអានបន្ថែមអំពីផែនការរៀបចំគេហដ្ឋានឱ្យបានត្រឹមត្រូវអំឡុងពេលប្រឈមនឹងជំងឺកូវីដ១៩)។ ក្នុងករណីចាំបាច់បំផុតដែលអ្នកត្រូវនៅជិតមនុស្ស ឬសត្វផ្សេងៗនៅក្នុងផ្ទះ ឬខាងក្រៅផ្ទះ ត្រូវពាក់ម៉ាស់ ឬយកក្រណាត់បិទមុខ។
ត្រូវតាមដានរោគសញ្ញារបស់អ្នក
- រោគសញ្ញាទូទៅនៃជំងឺកូវីដ១៩រួមមាន គ្រុនក្តៅ និងក្អក ហើយពិបាកដកដង្ហើម គឺជារោគសញ្ញាធ្ងន់ធ្ងរជាងគេដែលត្រូវទទួលមើលថែពីខាងវេជ្ជសាស្ត្រ។
- ត្រូវអនុវត្តអំពីការថែទាំសុខភាពតាមការណែនាំរបស់ក្រសួងសុខាភិបាល។
- ត្រូវរាយការណ៍ទៅកាន់មន្ទីរពេទ្យ ឬមណ្ឌលសុខភាពក្នុងមូលដ្ឋានរបស់អ្នក ប្រសិនបើមានរោគសញ្ញាណាមួយ។
ពេលដែលត្រូវការការថែទាំពីមន្ទីរពេទ្យ
ប្រសិនបើអ្នកមានរោគសញ្ញាសំខាន់ៗគួរឲ្យកត់សម្គាល់មួយចំនួន សូមធ្វើការទំនាក់ទំនងទៅកាន់ខាងមន្ទីរពេទ្យជាបន្ទាន់។ រោគសញ្ញាសំខាន់ៗគួរឱ្យកត់សម្គាល់ទាំងនេះរួមមាន៖
- ពិបាកដកដង្ហើម
- ឈឺជាប់ក្នុងទ្រូង ឬថប់ទ្រូង
- ការភាន់ច្រលំ ភាំងស្មារតី ឬអសមត្ថភាពក្នុងការមានអារម្មណ៍ ឬដឹងខ្លួន
- បបូរមាត់ ឬមុខឡើងស្រអាប់រាងខៀវ
* រោគសញ្ញាអាចមានលើសពីនេះទៀត។ សូមពិគ្រោះយោបល់ជាមួយអ្នកផ្តល់សេវាវេជ្ជសាស្ត្រចំពោះរោគសញ្ញាធ្ងន់ធ្ងរផ្សេងៗទៀត។
ប្រសិនបើមានការសង្ស័យ ឬលេចចេញនូវរោគសញ្ញាធ្ងន់ធ្ងរណាមួយ ឬគិតថាអ្នកអាចនឹងឆ្លងជំងឺកូវីដ១៩ សូមទំនាក់ទំនងទៅកាន់លេខ ១១៥ ឬផ្តល់ដំណឹងទៅកាន់ខាងវេជ្ជសាស្រ្តណាមួយជាបន្ទាន់។ បើអាចធ្វើទៅបាន សូមពាក់ម៉ាស់ ឬយកក្រណាត់គ្របមុខមុនពេលជួបជាមួយខាងវេជ្ជសាស្ត្រ។
ត្រូវទាក់ទងទៅកាន់មន្ទីរពេទ្យមុនពេលទទួលការពិនិត្យជំងឺផ្សេងៗ
- មុននឹងទៅទទួលការត្រួតពិនិត្យសុខភាពជាប្រចាំឬចាំបាច់ណាមួយ អ្នកគួរតែទាក់ទងទៅកាន់មន្ទីរពេទ្យ ឬគ្លីនិកជាមុនសិនដើម្បីឱ្យពួកគេរក្សាការប្រុងប្រយ័ត្ន ក្នុងករណីដែលយើងអាចផ្ទុកមេរាគកូរ៉ូណាដោយពុំដឹងខ្លួន។
ប្រសិនបើអ្នកឈឺត្រូវពាក់ម៉ាស់ ឬក្រណាត់គ្របលើច្រមុះនិងមាត់របស់អ្នក
- អ្នកគួរតែពាក់ម៉ាស់ ឬក្រណាត់គ្របលើច្រមុះ និងមាត់របស់អ្នកប្រសិនបើអ្នកត្រូវនៅជិតអ្នកដទៃ ឬសត្វផ្សេងៗរួមទាំងសត្វចិញ្ចឹមនៅផ្ទះផងដែរ។
- អ្នកមិនចាំបាច់ពាក់ម៉ាស់ ឬយកក្រណាត់រុំនោះទេប្រសិនបើអ្នកនៅតែឯង ព្រោះវាអាចបណ្តាលឱ្យពិបាកដកដង្ហើម។ អ្នកចាំបាច់ត្រូវខ្ទប់មាត់នៅពេលក្អក និងកណ្តាស់ទោះបីជានៅតែឯងក៏ដោយ។ ព្យាយាមនៅឱ្យឆ្ងាយពីអ្នកដទៃយ៉ាងតិច ២-៤ម៉ែត្រដែលនឹងអាចជួយការពារខ្លួនអ្នកនិងមនុស្សនៅជុំវិញអ្នកឱ្យកាន់តែមានសុវត្ថិភាព។
ពេលក្អកនិងកណ្តាស់
- គ្របមាត់និងច្រមុះរបស់អ្នកជាមួយនឹងក្រដាសជូតមាត់ឬបែរមុខចេញនៅពេលក្អកឬកណ្តាស់។
- បោះចោលក្រដាសជូតមាត់ដែលប្រើរួចក្នុងធុងសំរាម។
- លាងដៃភ្លាមៗជាមួយសាប៊ូនិងទឹកយ៉ាងហោចណាស់ឱ្យបាន ២០វិនាទី។ ប្រសិនបើគ្មានសាប៊ូ អ្នកអាចប្រើទឹកលាងដៃដែលមានជាតិអាល់កុលយ៉ាងតិចណាស់ ៦០ភាគរយ។
លាងដៃឱ្យបានញឹកញាប់
- ត្រូវលាងដៃអ្នកឱ្យបានញឹកញាប់ជាមួយសាប៊ូនិងទឹកយ៉ាងហោចណាស់២០វិនាទី។ ជាពិសេសបន្ទាប់ពីញើសសំបោរ ក្អកឬកណ្តាស់ ប្រើប្រាស់បន្ទប់ទឹកនិងមុនពេលបរិភោគឬរៀបចំអាហារ។
- ប្រសិនបើគ្មានសាប៊ូអ្នកអាចប្រើទឹកលាងដៃដែលមានជាតិអាល់កុលយ៉ាងតិចណាស់៦០ភាគរយលាងលើផ្ទៃដៃទាំងអស់រួចជ្រលីរហូតដល់ស្ងួត។
- សាប៊ូនិងទឹកគឺជាជំរើសដ៏ល្អបំផុតជាពិសេសប្រសិនបើដៃអ្នកមានភាពកខ្វក់ដែលអាចមើលឃើញបាន។
- ជៀសវាងការប៉ះពាល់ភ្នែក ច្រមុះនិងមាត់របស់អ្នកជាមួយនឹងដៃដែលមិនបានលាងសំអាត។
ជៀសវាងការប្រើប្រាស់របស់រួមគ្នា
- មិនត្រូវប្រើចានបាយ កែវទឹក កន្សែងពោះគោឬគ្រែគេងរួមជាមួយអ្នកដទៃឡើយ។
- ត្រូវលាងសម្អាតរបស់ទាំងនោះឱ្យបានស្អាតជាមួយសាប៊ូនិងទឹកឬដាក់ក្នុងម៉ាស៊ីនលាងចានបន្ទាប់ពីប្រើវារួច។
លាងសម្អាតផ្ទៃដែលប៉ះពាល់ញឹកញាប់
*ផ្ទៃដែលប៉ះពាល់ញឹកញាប់នោះរួមមានទូរស័ព្ទ តេឡេបញ្ជា បង្កាន់ដៃទ្វារ បន្ទប់ទឹក បង្គន់ ប៉ូតុងផ្សេងៗ និងក្តារ តុ ទូ គ្រែ។
- ប្រសិនបើអ្នករស់នៅជាមួយអ្នកជំងឺ ដាច់ខាតត្រូវលាងសម្អាតនិងសំលាប់មេរោគក្នុង “បន្ទប់អ្នកជំងឺ” និងបន្ទប់ទឹកជាប្រចាំ។ ប្រសិនបើអ្នករស់នៅក្នុងបន្ទប់ឬផ្ទះជាមួយអ្នកដែលចេញក្រៅញឹកញាប់ ដាច់ខាតក៏ត្រូវសម្អាតនិងសម្លាប់មេរោគនៅកន្លែងប្រើប្រាស់រួមគ្នាផងដែរដូចជាផ្ទះបាយនិងបន្ទប់ទឹក។ ជៀសវាងការប្រើប្រាស់របស់រួមគ្នាប្រសិនបើអាចធ្វើបាន ហើយមិនត្រូវចេញចូលបន្ទប់គ្នាផ្តេសផ្តាសឡើយ។
- ប្រសិនបើអ្នកអនាម័យត្រូវការសម្អាតនិងសំលាប់មេរោគក្នុងបន្ទប់គេងឬបន្ទប់ទឹករបស់អ្នកជំងឺពួកគេគួរតែពាក់ម៉ាសឬរបាំងមុខអំឡុងពេលសម្អាតហើយរង់ចាំឱ្យបានយូរបំផុតតាមដែលអាចធ្វើទៅបានបន្ទាប់ពីអ្នកជំងឺប្រើបន្ទប់ទឹករួច។
- លាងសម្អាតនិងសំលាប់មេរោគនៅកន្លែងដែលអាចមានឈាម លាមកឬវត្ថុរាវចេញពីរាងកាយ។
- លាងសម្អាតកន្លែងផ្សេងៗឬរបស់របរប្រើប្រាស់ដោយប្រើសាប៊ូនិងទឹកប្រសិនបើវាមានភាពកខ្វក់។ បន្ទាប់មកប្រើថ្នាំសំលាប់មេរោគក្នុងផ្ទះ។ អ្នកត្រូវធ្វើតាមការណែនាំនៅលើផ្លាកសញ្ញារបស់ផលិតផល ដើម្បីធានាថាការប្រើប្រាស់ប្រកបដោយសុវត្ថិភាពនិងប្រសិទ្ធភាព។
បញ្ឈប់ការនៅដាច់ដោយឡែក
អ្នកដែលមានជំងឺកូវីដ១៩ ដែលបានស្នាក់នៅក្នុងបន្ទប់ផេ្សងឬនៅដាច់ដោយឡែកពីគេ អាចត្រឡប់មកផ្ទះវិញបានក្រោមល័ក្ខខ័ណ្ឌដូចខាងក្រោម៖
- ករណីទី១៖ ប្រសិនបើអ្នកមិនធ្វើតេស្តដើម្បីកំណត់ថាអ្នកមានឆ្លងមេរោគឬអត់ អ្នកអាចចាកចេញពីផ្ទះឬចេញទៅក្រៅបានក្រោយពេលអ្នកបានឆ្លងកាត់ល័ក្ខខ័ណ្ឌទាំង៣ចំណុចខាងក្រោម៖
- អ្នកមិនមានគ្រុនក្តៅយ៉ាងហោចណាស់ ៧២ម៉ោង (រយៈពេល ៣ថ្ងៃពេញដោយមិនមានគ្រុនក្តៅឬដោយមិនបានប្រើថ្នាំបន្ថយកំដៅឡើយ)
- រោគសញ្ញាផ្សេងទៀតបានប្រសើរឡើង ដូចជាអាការ:ក្អកឬដកដង្ហើមខ្លី ថប់ៗ
- អ្នកបានឆ្លងផុតយ៉ាងហោចណាស់រយ:ពេល ៧ថ្ងៃរាប់ចាប់ពីថ្ងៃចេញរោគសញ្ញាលើកដំបូង
- ករណីទី២៖ ប្រសិនបើអ្នកនឹងធ្វើតេស្តដើម្បីកំណត់ថាអ្នកឆ្លងមេរោគឬអត់ អ្នកអាចចាកចេញពីផ្ទះឬចេញទៅក្រៅបានក្រោយពេលអ្នកបានឆ្លងកាត់ល័ក្ខខ័ណ្ឌទាំង៣ចំណុចខាងក្រោម៖
- អ្នកលែងមានជំងឺគ្រុនក្ដៅដោយមិនបានប្រើថ្នាំជួយបន្ថយកម្តៅ
- រោគសញ្ញាផ្សេងទៀតបានប្រសើរឡើង ដូចជាអាការ:ក្អកឬដកដង្ហើមខ្លី ថប់ៗ
- អ្នកបានទទួលការធ្វើតេស្តអវិជ្ជមានពីរដងជាប់គ្នាក្នុងគម្លាតរយ:ពេល ២៤ម៉ោងពីគ្នា។ គ្រូពេទ្យធ្វើតេស្តអ្នកនឹងធ្វើតាម ការណែនាំរបស់ក្រសួងសុខាភិបាល
សម្រាប់ព័ត៌មានបន្ថែមសូមចុចទីនេះ http://cdcmoh.gov.kh/ឬ តាមគេហទំព័រហ្វេសប៊ុក (Facebook) របស់នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង https://www.facebook.com/cdcmohcam/។
*នៅគ្រប់ករណីទាំងអស់ យើងត្រូវអនុវត្តតាមការណែនាំរបស់អ្នកផ្តល់សេវាថែទាំសុខភាព និងក្រសួងសុខាភិបាល។ ការសម្រេចចិត្តបញ្ឈប់ការដាក់ខ្លួនឯងឱ្យនៅដាច់ដោយឡែកពីគេត្រូវធ្វើឡើងដោយមានការពិគ្រោះយោបល់ជាមួយអ្នកផ្តល់សេវាថែទាំសុខភាពនិងមន្ទីរសុខភាពមូលដ្ឋានផ្សេងៗ៕