ដំណើរកម្សាន្ត ការរុករកវប្បធម៌ និងធម្មជាតិប្រទេសកម្ពុជាតាមរយៈការផ្លាស់ប្ដូរទិសដៅទេសចរណ៍ដែលបង្ហាញពីទីតាំងប្លែកៗមួយចំនួន។
អត្ថបទដោយ CRISTYN LLOYD
ដំណើរទេសចរណ៍តាមឡាន Jeeps (LAVENDER JEEP TOURS)
វាមិនមែនជាការពិបាកដែលមើលឃើញដំណើរទេសចរណ៍តាមឡាន Jeeps ដែលជាប្រភេទរថយន្តយោធា A2 Jeeps មានពណ៌ស្វាយភ្លឺចាំង។ នេះគ្រាន់តែជាចំណុចចាប់ផ្តើមនៃបទពិសោធន៍មួយប៉ុណ្ណោះនៅទីក្រុងសៀមរាប។ ដំណើរទេសចរណ៍នេះផ្តល់ជូននូវដំណើរកម្សាន្តពេញមួយថ្ងៃជុំវិញប្រាសាទអង្គរវត្ត ប្រាសាទបន្ទាយស្រី និងភូមិបណ្តែតទឹកកំពង់ភ្លុក ដែលរួមមានការទស្សនាទេសភាពជាមួយនឹងបទពិសោធន៍ទៅលេងផ្សារនៅតាមជនបទ និងឈ្វេងយល់ពីចម្លាក់របស់សិប្បករក្នុងស្រុកអំពីវប្បធម៌របស់ប្រទេសកម្ពុជា។ ដំណើរទេសចរណ៍គ្រប់គ្រងដោយសហគ្រិនស្ត្រីមួយរូប និងមានរើសស្ត្រីដែលងាយរងគ្រោះពីសហគមន៍មូលដ្ឋានដើម្បីមកធ្វើការ។ ជាពិសេសទៅទៀតនោះ ប្រាក់ចំណេញមួយចំនួនធំនឹងផ្តល់ជូនទៅដល់សាលា Bridge of Life ជាថវិកាសម្រាប់កម្មវិធីអប់រំដល់ស្ត្រី និងកុមារនៅជនបទ។
មយ៉ូរ៉ាខ្សែរ៉ក (MAYURA ZIPLINE)
នៅក្នុងខេត្តមណ្ឌលគិរី ដើម្បីគយគន់ទេសភាព និងសម្រស់ទឹកជ្រោះប៊ូស្រាឱ្យបានគ្រប់ជ្រុងជ្រោយ គឺតាមការជិះខ្សែរ៉ក។ ការហោះពីលើព្រៃក្រាស់ដើម្បីរុករកនូវអាថ៌កំបាំងនៃពពួកសត្វ និងធម្មជាតិដែលសហគមន៍ជនជាតិដើមភាគតិចព្នងបានរស់នៅជាមួយអស់រយៈកាលជាច្រើនសតវត្សរ៍មកហើយ។ ការជិះខ្សែរ៉កយឺតៗដើម្បីឱ្យអ្នកទេសចរគយគន់សម្រស់ដ៏ស្រស់ត្រកាលរបស់ធម្មជាតិដែលមានកម្ពស់ប្រហែលជា ១០០ម៉ែត្រពីដី និងប្រវែង ៣០០ម៉ែត្រពីទីតាំងចុះចត។ អ្នកទេសចរនឹងទទួលបានបទពិសោធន៍ដ៏រំភើបបះសក់មួយពីខាងអ្នករៀបចំ។ ខ្សែរ៉កនេះគឺជាខ្សែរ៉កវែង និងខ្ពស់ជាងគេបំផុតនៅកម្ពុជា ដែលហោះកាត់ទឹកជ្រោះដ៏អស្ចារ្យមួយនៅប្រទេសកម្ពុជា។
ដំណើរទេសចរណ៍បែបអាហារ និងវប្បធម៌
អ្នកស្រី KEKSOON បានចាប់ផ្តើមបង្កើតក្រុមហ៊ុនទេសចរណ៍របស់គាត់ប្រកាន់ខ្ជាប់នូវគោលគំនិតពីរសំខាន់ៗ គឺនិរន្តរភាព និងរចនាបថដើមរបស់ខ្លួន។ នៅទីក្រុងកំពត ភ្ញៀវទេសចរអាចទទួលបានបទពិសោធន៍ដ៏អស្ចារ្យពីការចម្អិនអាហារ និងឈ្វេងយល់ពីវប្បធម៌នៅក្នុងតំបន់ដែលមានដូចជា ថ្នាក់ចម្អិនម្ហូបអាហារ ការភ្លក់អាហារតាមដងផ្លូវ និងគ្រឿងសមុទ្រ ក៏ដូចជាការធ្វើដំណើរកម្សាន្តទៅកាន់ជនបទផងដែរ។ ក្នុងនាមជាសិល្បករ និងជាអតីតចុងភៅ អ្នកស្រី KEK SOON មានប្រសាសន៍ថា សេចក្តីស្រឡាញ់ទៅលើអាហារ និងការប្រាស្រ័យទាក់ទងជាមួយប្រជាជនក្នុងតំបន់អាចជាដំណើរកម្សាន្តដ៏ល្អបំផុតមួយសម្រាប់ភ្ញៀវទេសចរដែលមានចំណាប់អារម្មណ៍ទៅលើម្ហូប និងវប្បធម៌ល្អ ដើម្បីទទួលបាននូវបទពិសោធន៍ដ៏ពិសេសពិសាលផងដែរ។ អ្នកស្រីក៏ជាម្ចាស់វិចិត្រសាលរបស់កាម៉ា (The Kampot Arts and Music Association-KAMA) ដែលជាគំនិតផ្ដួចផ្ដើមសិល្បៈសហគមន៍មិនរកប្រាក់ចំណេញនៅខេត្តកំពត។
CLIMBODIA
ក្រុមហ៊ុនដំណើរផ្សងព្រេង Climbodia ដែលមានទីតាំងនៅខេត្តកំពត បានកំណត់ថាដំណើរទេសចរណ៍របស់ខ្លួនត្រូវបានបង្កើតឡើងសម្របទៅតាមអ្នកដែលចូលចិត្តផ្សងព្រេង។ Climbodia នឹងផ្តល់ជូនអ្នកទេសចរនូវបទពិសោធន៍ឡើងភ្នំដែលសមស្របសម្រាប់គ្រប់កម្រិតទាំងអស់។ ការដើរលេងកម្សាន្តតាមក្រុមហ៊ុននេះក៏រួមបញ្ចូលនូវការរុករករូងភ្នំជាមួយនឹងការទស្សនាទេសភាពជនបទដ៏ខៀវស្រងាត់។ ជាមួយគ្នានេះដែរ ក៏មានអ្នកឡើងភ្នំឯករាជ្យជាច្រើនដែលពួកគេមានប្រដាប់ប្រដាផ្ទាល់ខ្លួន ហើយចំណាយត្រឹមតែ ១០ដុល្លារសម្រាប់ការប្រើប្រាស់ផ្លូវឡើងភ្នំដែលត្រួតពិនិត្យដោយក្រុមហ៊ុន Climbodia។ សកម្មភាពឡើងភ្នំនេះអាចរកបានពេញមួយឆ្នាំទោះបីជានៅក្នុងខែភ្លៀង ឬខែក្តៅក៏ដោយ។
ទស្សនាស្ថាបត្យកម្មខ្មែរជាមួយក្រុម KHMER ARCHITECTURE TOURS
ក្រឡេកមើលប្រវត្តិសាស្ត្រក្រោយសម័យទទួលឯករាជ្យពីបារាំង ដែលជាអំឡុងពេលមាសនៃទីក្រុងភ្នំពេញ ជាមួយក្រុម Khmer Architecture Tours។ ពួកគេនឹងផ្តល់បទពិសោធន៍ឱ្យភ្ញៀវទេសចរទស្សនាវិមានឯករាជ្យដែលសាងសង់នាទសវត្សរ៍ទី៥០ និង ៦០ តាមរយៈការដើរ ឬជិះទោចក្រយាន។ អំឡុងពេលនេះត្រូវគេកំណត់ថាជាសម័យកាលដែលពោរពេញដោយភាពច្នៃប្រឌិត ដោយសារតែពេលនោះស្ថាបត្យករពោរពេញដោយទេពកោសល្យបានវិលត្រឡប់ពីការសិក្សារបស់ពួកគេនៅឯក្រៅប្រទេស ដោយបានយករចនាបថខ្មែរនិងទំនើបកម្មរបស់បរទេសច្របាច់បញ្ចូលគ្នា។ គោលបំណងនៃដំណើរកម្សាន្តផ្ដោតសំខាន់លើស្នាដៃរបស់លោក វណ្ណ មូលីវណ្ណ ដែលជាស្ថាបត្យករកំពូលក្នុងប្រវត្តិសាស្ត្រប្រទេសកម្ពុជា ហើយស្នាដៃសំខាន់ៗរបស់លោករួមមានពហុកីឡដ្ឋានជាតិអូឡាំពិក និងវិទ្យាស្ថានភាសាបរទេស៕
កំណត់និពន្ធ៖ អត្ថបទនេះត្រូវបានបោះពុម្ពផ្សាយដំបូងនៅក្នុងទស្សនាវដ្ដី Discover ឆ្នាំ២០២០-២០២១ និងត្រូវបានធ្វើបច្ចុប្បន្នភាព។