សហគ្រាសសង្គម ស៊ី អ៊ិនវេសមិន (SHE Investments) ត្រូវបានស្ថាបនាឡើងដោយសហស្ថាបនិកបីរូប គឺអ្នកស្រី លឹម លីដា អ្នកស្រី សេលា ប៉យ័ និងលោក ជេម វីលសុន នៅក្នុងឆ្នាំ២០១៥។
គោលបំណងចម្បងរបស់ ស៊ី អ៊ិនវេសមិន គឺដើម្បីផ្តល់ជំនួយដល់សហគ្រិនស្ត្រីក្នុងការពង្រីកអាជីវកម្មរបស់ខ្លួនពីមីក្រូសហគ្រាស (Micro-Enterprise) ឬអាជីវកម្មបែបគ្រួសារឲ្យក្លាយទៅជាអាជីវកម្មខ្នាតតូច ឬមធ្យម (Small and Medium-Sized Enterprises) ក្រោមរូបភាពជាការផ្តល់វគ្គបណ្តុះបណ្តាល (Accelerator និង Incubator)។ សម្រាប់វគ្គបណ្តុះបណ្តាលដែលសហគ្រិនបានបង្កើតឡើងកន្លងមកនេះមានចំណុចផ្ដោតសំខាន់រួមមួយ គឺការឈ្វេងយល់ទៅលើបញ្ហាដែលសហគ្រិនស្ត្រីជួបប្រទះ ហើយព្យាយាមធ្វើយ៉ាងណាឲ្យកម្មវិធី ឬវគ្គបណ្តុះបណ្តាលទាំងនោះឆ្លើយតបទៅនឹងបញ្ហាដែលពួកគាត់ជួបប្រទះផ្ទាល់។
ក្រៅពីការផ្តល់ជាវគ្គបណ្តុះបណ្តាល សហគ្រាសសង្គមមួយនេះក៏ផ្តល់ជូនជាកម្មវិធីបង្កើតបណ្ដាញ (Networking Event) និងគេហទំព័រព័ត៌មាន ដើម្បីជាជំនួយដល់សហគ្រិនផងដែរ។ គេហទំព័រព័ត៌មានឥតគិតថ្លៃនេះមានឈ្មោះថា «ងាយងាយ»។ តាមរយៈគេហទំព័រមួយនេះ សហគ្រិនស្ត្រីក៏ដូចជាសាធារណជនទូទៅ នឹងទទួលបានព័ត៌មានទាក់ទងនឹងការចុះឈ្មោះអាជីវកម្មក្នុងអគ្គនាយកដ្ឋានពន្ធដារ និងក្រសួងពាណិជ្ជកម្ម។
គំនិតទាំងអស់នេះត្រូវបានផ្ដួចផ្ដើមឡើងបន្ទាប់ពីក្រុមការងារ ស៊ី អ៊ិនវេសមិន បានរកឃើញតាមការស្រាវជ្រាវមួយថាក្នុង ៦៥% នៃសហគ្រិនទាំងអស់នៅក្នុងប្រទេសកម្ពុជាត្រូវបានបង្កើតឡើងដោយស្ត្រី។ ប៉ុន្តែអាជីវកម្មទាំងអស់នោះ គឺជាអាជីវកម្មក្រៅផ្លូវការ ឬអាជីវកម្មគ្រួសារ។ ចំណែកអាជីវកម្មខ្នាតកណ្តាល និងធំ ភាគច្រើនត្រូវបានបង្កើត និងគ្រប់គ្រងដោយបុរស។ គំនិតចង់លុបបំបាត់គម្លាតនេះ គឺជាចំណុចចាប់ផ្តើមដំបូងរបស់ ស៊ី អ៊ិនវេសមិន។
Focus បានធ្វើបទសម្ភាសន៍ជាមួយអ្នកស្រី លឹម លីដា ដែលជាសហស្ថាបនិក និងអ្នកគ្រប់គ្រងគម្រោងរបស់ ស៊ី អ៊ិនវេសមិន ដើម្បីឈ្វេងយល់បន្ថែមពីបេសកកម្មរបស់សហគ្រិនផ្ទាល់ សារសំខាន់នៃការពង្រីកអាជីវកម្ម សារសំខាន់នៃការចុះឈ្មោះធ្វើអាជីវកម្មសម្រាប់សហគ្រិនស្ត្រី។ល។
តើ ស៊ី អ៊ិនវេសមិន ជួយសហគ្រិនស្ត្រីដោយរបៀបណាខ្លះ?
បច្ចុប្បន្ននេះ ស៊ី អ៊ិនវេសមិន មានកម្មវិធី និងវគ្គបណ្តុះបណ្តាលច្រើន។ ក្នុងនោះ កម្មវិធីស្នូលរបស់យើងផ្ដោតសំខាន់លើការបង្រៀនតាមរយៈការបើកវគ្គបណ្តុះបណ្តាលជា Incubation និង Accelerator។ ក្នុងវគ្គបណ្តុះបណ្តាល យើងមានសកម្មភាពផ្សេងៗ ដូចជាការប្រឹក្សាយោបល់ជាក្រុម ទស្សនកិច្ចសិក្សា និងការប្រឹក្សាយោបល់មួយទល់មួយ។ លើគ្រប់ជំហានទាំងអស់នេះ យើងនឹងជួយគាត់ឲ្យកាន់តែមានភាពជឿទុកចិត្តលើខ្លួនឯង និងធ្វើឱ្យគាត់អាចពង្រីកអាជីវកម្មរបស់គាត់បាន។
ក្រៅពីនេះ យើងមានគេហទំព័រមួយដែលមានឈ្មោះថា «ងាយងាយ» ដែលគាត់អាចចូលទៅមើលបានទាក់ទងនឹងព័ត៌មានចុះឈ្មោះ និងការរកស៊ីជាដើម។
បច្ចុប្បន្នយើងកំពុងបង្កើតកម្មវិធីទូរស័ព្ទដែលមានឈ្មោះថា «កត់ត្រារៀល» ដែលយើងនឹងដាក់ឱ្យប្រើប្រាស់ក្នុងពេលឆាប់ៗនេះ។ គោលបំណងសំខាន់របស់កម្មវិធីទូរស័ព្ទនេះ គឺដើម្បីឱ្យសហគ្រិនកត់ត្រាកំណត់ហេតុចំណូលចំណាយ។ កម្មវិធីទូរស័ព្ទនេះមានភាពសាមញ្ញមែនទែន គេមិនចាំបាច់ឱ្យសហគ្រិននោះមានចំណេះដឹងផ្នែកគណនេយ្យដើម្បីប្រើប្រាស់នោះទេ។
មួយទៀត ស៊ី អ៊ិនវេសមិន មានកម្មវិធីបណ្ដាញដែលយើងធ្វើឡើងរាល់ ១ ឬ ៣ខែម្តង។ តាមរយៈកម្មវិធីនេះ សហគ្រិនស្ត្រីអាចចូលរួមជួបជជែកគ្នា ឬផ្លាស់ប្ដូរនាមប័ណ្ណគ្នាទៅវិញទៅមក។
មុនពេលដែល ស៊ី អ៊ិនវេសមិន ចេញជារូបរាងដូចសព្វថ្ងៃនេះ ពេលដែលមានគំនិតនេះឡើង តើអ្នកស្រីទៅរកអ្នកណាមុនគេ?
ពេលដែលយើងមានគំនិតនេះឡើង ដៃគូរបស់ខ្ញុំគាត់ចាប់ផ្តើមធ្វើការស្រាវជ្រាវលក្ខណៈធំមួយ។ ដំបូងបង្អស់យើងមានគំនិតចង់ផ្តល់ជាវិនិយោគដល់សហគ្រិន ប៉ុន្តែបន្ទាប់ពីការស្រាវជ្រាវយើងរកឃើញថា បញ្ហាចម្បងរបស់សហគ្រិនស្ត្រីមិនមែនមានតែរឿងលុយមួយមុខនោះទេ។ តាមពិត លុយជាបញ្ហាបន្ទាប់បន្សំខាងក្រោយទេ។ បញ្ហាចម្បង និងសំខាន់ខ្លាំងបំផុត គឺគាត់មិនដឹងថាគាត់គួរមានវិធីសាស្ត្របែបណាដើម្បីធ្វើឱ្យអាជីវកម្មរបស់គាត់ដែលស្ថិតក្នុងលក្ខណៈមិនផ្លូវការ ឬនៅមានលក្ខណៈជាគ្រួសារនៅឡើយនេះរីកចម្រើន។
ឃើញដូចនេះ យើងក៏ជជែកគ្នាជាមួយសហគ្រិនស្ត្រីលើគ្រប់អាជីវកម្ម មិនថាតែផ្នែកកាត់ដេរ ឬសិប្បកម្មនោះទេ យើងនិយាយជាមួយគ្រប់វិស័យទាំងអស់។ ដូចនេះហើយបានជាយើងបង្កើត ស៊ី អ៊ិនវេសមិន ដើម្បីឆ្លើយតបទៅនឹងបញ្ហាទាំងអស់នេះ។
កម្មវិធីដំបូងបង្អស់របស់សហគ្រិនយើង គឺទាក់ទងទៅនឹងការផ្តល់ចំណេះដឹងនេះផ្ទាល់។ ទន្ទឹមនឹងនេះចាប់តាំងពីឆ្នាំ២០១៦ មក យើងចាប់ផ្តើមមានកម្មវិធីមួយទៀតជាទម្រង់មូលនិធិឧបត្ថម្ភ (Fund) ដល់ស្ត្រីសហគ្រិនអាចខ្ចីរហូតដល់ ១ម៉ឺនដុល្លារ ដើម្បីយកទៅពង្រីកអាជីវកម្មរបស់គាត់។ សម្រាប់កម្មវិធីផ្តល់មូលនិធិឧបត្ថម្ភឆ្នាំនេះ យើងនឹងបើកក្នុងពេលឆាប់ៗនេះ។
នៅពេលដែលមានផែនការច្បាស់លាស់ហើយ តើ ស៊ី អ៊ិនវេសមិន បានជំនួយថវិកាពីណាមក?
ដំបូងបង្អស់ យើងមិនមានជំនួយពីណានោះទេ។ ដូចនេះ ពេលនោះយើងបានធ្វើការរៃអង្គាសថវិកា (Fund Raising) បានមួយចំនួនដើម្បីយកមកធ្វើការពិសោធន៍ខ្នាតតូចមួយ (Pilot Study)។ បន្ទាប់ពីការពិសោធន៍ខ្នាតតូចហ្នឹង យើងបានលទ្ធផលដែលអាចបង្ហាញថាអ្វីដែលយើងគិតនោះវាត្រឹមត្រូវ ហើយទើបយើងចាប់ផ្តើមធ្វើការជជែកជាមួយដៃគូផ្សេងៗជាបន្តបន្ទាប់ ហើយដៃគូដែលយើងធ្វើការជាមួយភាគច្រើនគឺជាអង្គការអន្តរជាតិធំៗ។
តើវាមានភាពលំបាកដូចម្តេចក្នុងការធ្វើឱ្យក្រុមគោលដៅក៏ដូចជាសាធារណជនបានដឹងពី ស៊ី អ៊ិនវេសមិន?
និយាយរួម ការធ្វើការជាមួយស្ត្រីដំបូងវាមានភាពពិបាកខ្លាំង ដោយសារតែពួកគាត់សុទ្ធតែរវល់ ព្រោះទន្ទឹមនឹងការធ្វើអាជីវកម្ម ពួកគាត់ក៏មានតួនាទីជាម្តាយ និងជាភរិយាដែរ។ ភាគច្រើនគាត់មិនងាយលះបង់ពេលវេលារបស់គាត់ដើម្បីចេញក្រៅរៀនទេ។ ចំពោះខ្ញុំ ការដែលគាត់ហ៊ានចេញមកក្រៅដើម្បីរៀន លុះត្រាតែគាត់មានការជឿទុកចិត្តខ្លាំង។ ដំបូង យើងមានភាពលំបាកក្នុងការកសាងទំនុកចិត្តមួយហ្នឹង យើងបានព្យាយាមគ្រប់យ៉ាងដើម្បីផ្តល់ជំនួយ ការគាំទ្រ និងអ្វីផ្សេងទៀតដែលពួកគាត់ចង់បាន។
តើមកទល់បច្ចុប្បន្ននេះ ស៊ី អ៊ិនវេសមិន បានបង្កើតវគ្គបណ្តុះបណ្តាល និងកម្មវិធីចំនួនប៉ុន្មានហើយ? បើគិតជាតួលេខ មានសហគ្រិនស្ត្រីប៉ុន្មាននាក់ហើយដែលបានចូលរួម?
បើនិយាយអំពីកម្មវិធីស្នូល យើងមានច្រើន។ បើនិយាយអំពីចំនួនមនុស្សនៅក្នុងកម្មវិធីស្នូលរបស់យើងដែលមិនរាប់បញ្ចូលកម្មវិធីបង្កើតបណ្ដាញ និងកម្មវិធីជួបជុំផ្សេងៗទៀត យើងបានជួយសហគ្រិនស្ត្រីប្រហែលជា ៣០០នាក់ជាង។ សម្រាប់អ្នកចូលរួមកម្មវិធីបង្កើតបណ្ដាញ និងកម្មវិធីជួបជុំផ្សេងៗវិញ តួលេខអាចចូលដល់ខ្ទង់ពាន់។
តើអ្វីទៅជាមេរៀនសំខាន់ដែលអ្នកស្រីបានរៀនតាមរយៈការផ្តល់ជាវគ្គបណ្តុះបណ្តាលដល់សហគ្រិនស្ត្រីនេះ?
ក្រៅពីការបង្រៀន យើងមានជាវគ្គផ្តល់ប្រឹក្សាយោបល់ជូនគាត់។ តាមរយៈនេះ ខ្ញុំបានរៀនច្រើន។ អ្វីដែលរៀនច្រើនជាងគេតាមរយៈកម្មវិធីរបស់ ស៊ី អ៊ិនវេសមិន គឺការធ្វើយ៉ាងណាឱ្យពួកគាត់មានការគិតបែបស៊ីជម្រៅ ហើយមានគំនិតច្នៃប្រឌិតក្នុងការដោះស្រាយបញ្ហារបស់គាត់ និងការស្វែងរកឱកាសសម្រាប់ពួកគាត់ផ្ទាល់។
ដើម្បីបណ្ដុះការគិតបែបនេះ យើងបានប្រើប្រាស់វិធីសាស្ត្រ Coach Approach ដែលប្រើប្រាស់សំណួរជាគោល។ ដូចនេះវាមានការពិបាកខ្លាំងដោយសារភាគច្រើនពួកគាត់រំពឹងថាពេលគាត់មករៀន យើងនឹងផ្តល់ជាលក្ខណៈមតិយោបល់ឱ្យពួកគាត់។ ប៉ុន្តែនៅ ស៊ី អ៊ិនវេសមិន យើងមិនធ្វើបែបនេះនោះទេ។ ពេលដែលគាត់មករៀន គឺយើងធ្វើការសិក្សាពីគ្នាដើម្បីឈ្វេងយល់ពីគោលបំណងគាត់ ពីគោលដៅរបស់គាត់ជាដើម។ បន្ទាប់មកទៀត គឺយើងឱ្យសំណួរដើម្បីឱ្យគាត់ឈ្វេងយល់ពីបញ្ហារបស់ខ្លួនឯង រួចទើបយើងស្វែងរកសកម្មភាព និងដំណោះស្រាយដែលគាត់នឹងត្រូវធ្វើ។ យើងក៏បង្កើតជាសហគមន៍មួយដែលយើងមានអ្នកប្រឹក្សាយោបល់ (Mentor)។ អ្នកប្រឹក្សាយោបល់គឺជាអ្នកស្ម័គ្រចិត្តលើការជួយទៅសហគ្រិនស្ត្រីផ្សេងទៀត។
យោងតាមអ្វីដែលលើកឡើងក្នុងគេហទំព័ររបស់ ស៊ី អ៊ិនវេសមិន យើងឃើញថាមានសហគ្រិនស្ត្រីតែប្រមាណ ១% ប៉ុណ្ណោះដែលចុះឈ្មោះអាជីវកម្មជាផ្លូវការ។ តើបញ្ហានេះកើតឡើងដោយសារអ្វី? តើការចុះឈ្មោះអាជីវកម្មមានសារសំខាន់ចំពោះពួកគាត់ដូចម្តេចខ្លះ?
ទាក់ទងជាមួយនឹងសហគ្រិនស្ត្រីខ្មែរយើង គាត់មានការចុះឈ្មោះអាជីវកម្មតិចមែនទែន ដោយសារតែពួកគាត់មានបញ្ហាប្រឈមមួយចំនួន ដូចជាកត្តាពេលវេលា សម្ពាធសង្គម កត្តាចំណេះដឹង និងបណ្ដាញ។ មូលហេតុទាំងអស់នេះធ្វើឲ្យពួកគាត់មិនមានពេលគ្រប់គ្រាន់នៅក្នុងការដឹកនាំអាជីវកម្មរបស់ពួកគាត់នោះទេ។ កាលណាគាត់មិនមានពេលគ្រប់គ្រាន់ វាធ្វើឱ្យគាត់មិនមានទំនុកចិត្តក្នុងការពង្រីកអាជីវកម្មនោះទេ ព្រោះការចុះឈ្មោះជាអាជីវកម្មផ្លូវការជាទូទៅទាមទារឱ្យម្ចាស់អាជីវកម្មមើលរូបភាពច្បាស់លាស់មួយថា ពេលចុះឈ្មោះហើយវាអាចដំណើរការ ហើយអាចធ្វើឱ្យវាដើរទៅមុខបានឬទេ។ ភាគច្រើនបើគាត់មើលមិនឃើញគំនិតបែបនេះ គាត់មិនចង់ចុះឈ្មោះនោះទេ។ ផ្ទុយទៅវិញ ការចុះឈ្មោះជួយគាត់ច្រើន ក្នុងនោះពេលដែលគាត់ចុះឈ្មោះវាធ្វើឱ្យគាត់អាចចាប់ដៃគូសហការជាមួយក្រុមហ៊ុនផ្សេងៗ។ ការចុះឈ្មោះវាធ្វើឱ្យដៃគូពាក់ព័ន្ធរបស់យើងទាំងបុគ្គលិក ដៃគូផ្គត់ផ្គង់ អតិថិជន និងដៃគូសហការជឿជាក់លើយើងជាងមុន។
តាមរយៈបទពិសោធន៍ធ្វើការដោយផ្ទាល់ជាមួយសហគ្រិនស្ត្រី តើអ្វីទៅជាកំហុសដែលពួកគាត់តែងតែធ្វើឡើង ហើយពួកគាត់អាចជៀសវាងវាបានយ៉ាងដូចម្តេច?
ខ្ញុំមើលឃើញថាកំហុសមួយដែលពួកគាត់តែងតែធ្វើឡើងនោះ គឺការប្រើប្រាស់លុយអាជីវកម្ម និងលុយផ្ទាល់ខ្លួនច្រឡូកច្រឡំគ្នា។ ខ្ញុំគិតថារឿងនេះកើតឡើងសឹងតែលើមនុស្សគ្រប់រូប។ កត្តាមួយនេះសំខាន់មែនទែនក្នុងការពង្រីកអាជីវកម្ម។ រូបមន្តសម្ងាត់មួយដើម្បីជៀសវាងបញ្ហានេះ គឺគាត់ត្រូវបែងចែកឱ្យបានច្បាស់លាស់រវាងលុយផ្ទាល់ខ្លួន និងលុយគ្រួសារ។ ការធ្វើដូចនេះបាន ទាមទារឱ្យគាត់មានការអត់ធ្មត់ និងការសិក្សា។
តើអ្វីទៅជាឧបសគ្គរារាំងមិនឱ្យអាជីវកម្មរបស់សហគ្រិនស្ត្រីរីកលូតលាស់ទៅមុខ?
តាមការស្រាវជ្រាវរបស់ ស៊ី អ៊ិនវេសមិន ផ្ទាល់ យើងឃើញថាសហគ្រិនស្ត្រីរបស់យើងភាគច្រើនជួបប្រទះបញ្ហាធំមួយចំនួនដែលរារាំងមិនឲ្យអាជីវកម្មរបស់ពួកគាត់រីកចម្រើនទៅមុខបាន។
- កត្តាពេលវេលា៖ សហគ្រិនស្ត្រីប្រើប្រាស់ពេលវេលាមួយចំនួនធំរបស់គាត់ទៅលើគ្រួសារ។ គាត់គ្រប់គ្រងអាជីវកម្មបណ្តើរ គាត់មើលថែទាំគ្រួសារបណ្តើរ។ ភារកិច្ចទាំងនេះធ្វើឱ្យពួកគាត់មិនមានពេលគ្រប់គ្រាន់នៅក្នុងការផ្ដោតការសំខាន់ទៅលើអាជីវកម្មរបស់ខ្លួន។
- កត្តាផ្នត់គំនិត៖ មានន័យថាគាត់ទទួលរងសម្ពាធពីសង្គម។ ជានិច្ចកាលយើងតែងតែឮគេនិយាយថា «គ្រាន់តែរកៗទៅ»។ អ្នកខ្លះគិតថាគ្រាន់តែរកជាចំណូលបន្ថែម។ ដូចនេះវាធ្វើឱ្យសហគ្រិនស្ត្រីខ្មែរយើងមិនសូវមានមហិច្ឆតាធំ។ ផ្នត់គំនិតមួយទៀតនោះ គឺការដែលមនុស្សភាគច្រើនគិតថាមនុស្សស្រីគឺជាអ្នកមើលកូន ឬក៏អ្នកថែគ្រួសារ ជាដើម។ ការគិតទាំងអស់នេះ ធ្វើឱ្យសហគ្រិនស្ត្រីមានសម្ពាធ។
- កត្តាចំណេះដឹង៖ តាំងពីពេលចាប់ផ្តើមអាជីវកម្មមក ពួកគាត់មិនមានមហិច្ឆតាធំ ឬមើលឃើញរូបភាពធំលើអាជីវកម្មរបស់ខ្លួននោះទេ។ គាត់គ្រាន់តែដឹងថាគាត់ចង់បានចំណូលសម្រាប់គ្រួសារ។ អ៊ីចឹងពេលដែលគាត់មិនមានការគិតវែងឆ្ងាយលើអាជីវកម្មរបស់ខ្លួននេះហើយ គឺជាបញ្ហារបស់ពួកគាត់។
- កត្តាបណ្ដាញ៖ យើងមើលឃើញថាសហគ្រិនស្ត្រីនៅកម្ពុជាគាត់មិនមានបណ្ដាញដែលជួយគាំទ្រគាត់។ ដូចនេះហើយវាធ្វើឱ្យគាត់មិនសូវមានទំនុកចិត្ត ព្រោះគាត់មិនអាចនិយាយឬចែករំលែកបាន និងផ្លាស់ប្ដូរបទពិសោធន៍ទៅវិញទៅមកបានជាដើម។
សម្រាប់គន្លឹះ ៧យ៉ាងដែលអ្នកស្រី លឹម លីដា ចែករំលែកដល់ស្ត្រី និងសហគ្រិនស្ត្រីដែលចង់ចាប់ផ្តើមអាជីវកម្ម និងពង្រីកអាជីវកម្មបែបគ្រួសារ ឬអាជីវកម្មមិនផ្លូវការ សូមចុចត្រង់នេះ៕