អេដស៍ជាជំងឺកាចសាហាវមួយដែលមកដល់ពេលនេះពុំទាន់មានថ្នាំព្យាបាលនៅឡើយនោះទេ។ ជំងឺនេះនៅតែជាដំបៅសង្គម ហើយនៅក្នុងសង្គមមួយចំនួន អ្នកជំងឺនៅតែត្រូវអ្នកជុំវិញខ្លួនរើសអើង។
នៅប្រទេសកម្ពុជា បញ្ហារើសអើងលើអ្នកផ្ទុកមេរោគអេដស៍ក៏នៅតែកើតមានដែរ ទោះបីជាដឹងថាជំងឺនេះមិនអាចចម្លងពីគ្នាតាមរយៈការប្រាស្រ័យទាក់ទងគ្នាក៏ដោយ។ យោងទៅតាមអង្គការ UNAIDS បានឱ្យដឹងថា គិតត្រឹមឆ្នាំ២០១៩ អ្នកផ្ទុកមេរោគអេដស៍នៅប្រទេសកម្ពុជាមានចំនួនរហូតដល់ ៧ម៉ឺន ៣ពាន់នាក់ ដែលស្មើប្រមាណ ០,៥% នៃប្រជាជនសរុប។
ឱសថ PrEP មកពីពាក្យក្នុងភាសាអង់គ្លេសថា Pre-Exposure Prophylaxis គឺជាថ្នាំ បើលេបឱ្យបានទៀងទាត់អាចការពារការឆ្លងមេរោគអេដស៍ទោះបីជាមានការរួមភេទជាមួយអ្នកមានមេរោគដោយពុំមានការការពារក៏ដោយ។ ប្រសិទ្ធភាពនៃឱសថនេះមានរហូតទៅដល់ ៩៦% ប្រសិនបើគេទទួលទានថ្នាំឱ្យបានត្រឹមត្រូវទៀងទាត់តាមការកំណត់របស់វេជ្ជបណ្ឌិត។ ឱសថ PrEP ត្រូវបានចាប់ផ្តើមប្រើប្រាស់នៅបណ្តាប្រទេសលោកខាងលិចមួយចំនួន ដូចជាសហរដ្ឋអាមេរិក និងប្រទេសនៅតំបន់អឺរ៉ុប ហើយនៅប្រទេសថៃ និងសិង្ហបុរី ក៏មានអ្នកស្គាល់ច្រើនផងដែរ។ យ៉ាងណាមិញ ប្រទេសកម្ពុជាពុំទាន់មានការផ្សព្វផ្សាយទូលំទូលាយនៅឡើយទេ ទោះបីជាឱសថ PrEP ផ្តល់អត្ថប្រយោជន៍ជាច្រើនដល់ប្រជាពលរដ្ឋខ្មែរ។
Focus បានធ្វើបទសម្ភាសន៍ជាមួយលោកវេជ្ជបណ្ឌិត យន់ ភារុន ដែលជានាយកប្រតិបត្តិនៅគ្លីនិកឈូកស។ គ្លីនិកនេះជាគ្លីនិកផ្តល់សេវាថែទាំ និងព្យាបាលដល់អ្នកឆ្លងជំងឺអេដស៍ដែលជាអ្នកប្រឈមខ្ពស់រួមមានបុរសរួមភេទជាមួយបុរស អ្នកបម្រើសេវាកម្សាន្តសប្បាយ អ្នកប្តូរភេទ និងអ្នកប្រើប្រាស់គ្រឿងញៀន។ លោកវេជ្ជបណ្ឌិតមានបទពិសោធន៍ផ្នែកនេះអស់រយៈពេលជាង ៨ឆ្នាំមកហើយ។
តើបុគ្គលបែបណាដែលអាចទទួលសេវាឱសថ PrEP នេះបាន ហើយបុគ្គលទាំងនោះចាំបាច់ត្រូវតែជាអ្នកស្រឡាញ់ភេទផ្ទុយគ្នា ឬអ្នកស្រឡាញ់ភេទដូចគ្នា?
ឱសថ PrEP ផ្ដោតសំខាន់ទៅលើក្រុមប្រឈមខ្ពស់ ឬក្រុមដែលគិតថាពួកគាត់កំពុងស្ថិតក្នុងស្ថានភាពប្រឈមមេរោគអេដស៍ ឬការចម្លងមេរោគអេដស៍ ដូចជាក្រុមស្ត្រីបម្រើសេវាកម្សាន្តសប្បាយ ក្រុមអ្នកស្រឡាញ់ភេទដូចគ្នា ក្រុមអ្នកប្តូរភេទ និងក្រុមអ្នកប្រើប្រាស់គ្រឿងញៀន។ ជារួម ទាំងអ្នកស្រឡាញ់ភេទដូចគ្នា ឬអ្នកស្រឡាញ់ភេទផ្ទុយគ្នាក្តី សុទ្ធតែអាចប្រើប្រាស់ឱសថ PrEP បើសិនជាខ្លួនស្ថិតនៅក្នុងស្ថានភាពប្រឈមខ្ពស់ដោយមានដៃគូរួមភេទច្រើន ឬរួមភេទដោយមិនប្រើប្រាស់ស្រោមអនាម័យ។
តើដំណើរការក្នុងការទទួលយកសេវាប្រើប្រាស់ឱសថ PrEP មានលក្ខណៈយ៉ាងដូចម្តេច?
សម្រាប់ដំណើរការក្នុងការផ្តល់ជូនពីគ្លីនិកឈូកសមាន ៤ដំណាក់កាលធំៗដូចជា៖
- ជួបជាមួយផ្នែកខាង Reception ដើម្បីទទួលបានប័ណ្ណព័ត៌មានអំពីឱសថ PrEP យកមកអាន ហើយប្រសិនបើចាប់អារម្មណ៍ អតិថិជនត្រូវការចុះឈ្មោះ។
- ជួបជាមួយអ្នកប្រឹក្សា។ អតិថិជននឹងជួបប្រឹក្សាក្នុងបន្ទប់ដាច់ដោយឡែកមួយដើម្បីឈ្វេងយល់បន្ថែមពីការប្រើប្រាស់ឱសថ PrEP ទាំងបរិមាណនិងកាលវិភាគ ព្រមទាំងអត្ថប្រយោជន៍របស់វាផងដែរ។ បន្ថែមទៀតនោះ អ្នកប្រឹក្សានឹងធ្វើការសំណេះសំណាល និងពិនិត្យមើលពីឥរិយាបថ ឬស្ថានភាពប្រឈមទៅនឹងមេរោគអេដស៍ និងជំងឺកាមរោគផ្សេងៗ (STIs)។
- ការធ្វើតេស្ដឈាមដើម្បីដឹងពីលទ្ធផលមេរោគអេដស៍។
- ប្រសិនបើលទ្ធផលអវិជ្ជមាន៖ ប្រហែលជាអាចនឹងទទួលសេវាឱសថ PrEP ហើយបញ្ជូនទៅដំណាក់កាលចុងក្រោយ។
- ប្រសិនបើលទ្ធផលវិជ្ជមាន៖ ពុំអាចទទួលបានសេវាឱសថ PrEP ហើយនឹងទទួលការប្រឹក្សាបន្ថែមពីការផ្ទុកមេរោគនេះ និងទទួលថ្នាំពន្យារជីវិតនៅគ្លីនិកឈូកស ប្រសិនបើគាត់ស្ថិតនៅក្នុងក្រុមអ្នកប្រឈមខ្ពស់ដូចជា MSM (អ្នកដែលស្រឡាញ់ភេទដូចគ្នាជាដើម)។
- ទទួលការពិនិត្យបន្ថែមពីគ្រូពេទ្យដើម្បីធ្វើការវាយតម្លៃពីកត្តាប្រឈមដែលមានការត្រួតពិនិត្យតាំងពីក្បាលដល់ចុងជើង ជាពិសេសសម្ពាធឈាម ជីពចរ ចង្វាក់បេះដូង ជំងឺទឹកនោមផ្អែម ជំងឺលើសឈាម ជំងឺតម្រងនោម ហើយនិងមានកម្រងសំណួរមួយចំនួនសម្រាប់អតិថិជន។
ប្រសិនបើវេជ្ជបណ្ឌិតវាយតម្លៃថាអតិថិជនសមស្របនឹងការទទួលសេវាឱសថ PrEP ពួកគាត់អាចទទួលបានថ្នាំ និងការណែនាំពីការប្រើប្រាស់ពីគ្លីនិកឈូកសតាមដំណាក់កាលផ្សេងៗគ្នា។
តើផលរំខាន (side effects) នៃឱសថ PrEP មានអ្វីខ្លះ?
ផលរំខាននៃការប្រើប្រាស់ឱសថ PrEP គឺអាស្រ័យទៅលើបុគ្គលនីមួយៗ ប៉ុន្តែផលរំខានជាទូទៅរួមមានឈឺក្បាល វិលមុខ ក្តៅខ្លួនតិចតួចដែលនឹងអាចបាត់ទៅវិញក្នុងរយៈពេលមួយសប្តាហ៍។ ក៏ប៉ុន្តែផលរំខានសម្រាប់អ្នកប្រើប្រាស់មួយចំនួនអាស្រ័យផ្ទាល់ទៅលើសុខភាពរបស់អតិថិជន ដែលអ្នកមួយចំនួនមិនបង្ហាញផលរំខាននោះទេ។
ចំណុចសំខាន់មួយនៅពេលប្រើប្រាស់ឱសថ PrEP គឺវាអាចមានផលប៉ះពាល់ដល់តម្រងនោម ប្រសិនបើតម្រងនោមមានបញ្ហា។ ឱសថ PrEP នេះផងដែរមិនប៉ះពាល់ដល់ឱសថផ្សេងដែលអតិថិជនកំពុងប្រើប្រាស់ដោយសារជំងឺប្រចាំកាយ ឬជំងឺបាក់ទឹកចិត្ត។ បន្ថែមទៀតនោះ ស្ត្រីមានផ្ទៃពោះក៏អាចប្រើប្រាស់ឱសថ PrEP ដោយពុំមានផលប៉ះពាល់ដល់ទារកក្នុងផ្ទៃ។ ជាមួយគ្នានេះ ឱសថ PrEP ពុំអាចការពារការចម្លងជំងឺកាមរោគផ្សេងទៀតបានទេ ដូចជាជំងឺស្វាយ Gonerral and Cymedia។ ដូច្នេះហើយ សាររបស់គ្លីនិកគឺប្រើឱសថ PrEP និងស្រោមអនាម័យរួមគ្នា។
តើនៅពេលបច្ចុប្បន្ននេះប្រជាជនកម្ពុជាអាចទទួលបានឱសថ PrEP ដោយមិនមានបង់ថ្លៃសេវាដែរឬទេ?
ការទទួលបានឱសថ PrEP រួមទាំងសេវាផ្សេងៗទៀតទាំងអស់ទាក់ទងទៅនឹងជំងឺអេដស៍ពីគ្លីនិកឈូកស គឺពុំតម្រូវឱ្យមានការបង់ថ្លៃសេវានោះទេសម្រាប់ប្រជាជនកម្ពុជា។ គ្លីនិកនេះផ្តល់សេវាចាប់ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ពីម៉ោង ៧កន្លះព្រឹកដល់ម៉ោង ៥រសៀល ហើយដើម្បីបំពេញនូវតម្រូវការរបស់ប្រជាជន គ្លីនិកក៏ផ្តល់ជូនសេវាទាំងអស់ទាក់ទងទៅនឹងជំងឺអេដស៍បន្ថែមនៅថ្ងៃអង្គារ និងព្រហស្បតិ៍ ដល់ម៉ោង ៨យប់ និងថ្ងៃសៅរ៍ ចាប់ពីម៉ោង ១០ព្រឹកដល់ម៉ោង ៤រសៀល។
តើទិន្នន័យសម្រាប់អ្នកប្រើប្រាស់ឱសថ PrEP តាមរយៈគ្លីនិកឈូកសមានចំនួនប្រហែលប៉ុន្មាន?
រហូតមកដល់ពេលបច្ចុប្បន្ននេះ អ្នកដែលទទួលបានសេវាឱសថ PrEP មានចំនួន ២០៨នាក់ពីគ្លីនិកឈូកស ប៉ុន្តែអ្នកដែលនៅបន្តសេវាមានចំនួន ១៦៤នាក់។ ប្រសិនបើអ្នកប្រើប្រាស់ឱសថ PrEP ក្នុងករណីដែលខកខានលេបថ្នាំមួយថ្ងៃ នៅថ្ងៃបន្ទាប់ក៏អាចបន្តលេបថ្នាំដោយពុំមានបញ្ហាអ្វីដែរ ដោយសារថាំ្ន PrEP អាចការពារបានក្នុងរយៈពេល ២៤ម៉ោង។ ជាមួយគ្នានេះផងដែរ ការប្រើប្រាស់ឱសថ PrEP ពុំតម្រូវឱ្យប្រើប្រាស់ក្នុងរយៈពេលពេញមួយជីវិតនោះទេ។ នៅក្នុងដំណាក់កាលណាមួយដែលខ្លួនគិតថាខ្លួនលែងស្ថិតនៅក្នុងក្រុមអ្នកប្រឈម ហើយដោយមានដៃគូតែមួយ នេះប្រហែលជាពេលដែលអាចបញ្ឈប់ការប្រើប្រាស់ឱសថនេះបានដោយស្នើសុំពីវេជ្ជបណ្ឌិត៕
កំណត់និពន្ធ៖ បទសម្ភាសន៍នេះត្រូវបានកែសម្រួលដើម្បីប្រវែងអត្ថបទ និងភាពត្រឹមត្រូវ។