ជាមួយនឹងកំណើនសេដ្ឋកិច្ច ហើយអាជីវកម្មថ្មីៗជាច្រើនកំពុងមានការកើនឡើង និងផ្ដោតចក្ខុទៅលើការប្រើប្រាស់តាមប្រព័ន្ធឌីជីថល ក្រុមអ្នកមានទេពកោសល្យ និងភាពច្នៃប្រឌិតនៅក្នុងប្រទេសកម្ពុជា បានចាប់យកឱកាសនេះក្នុងការបញ្ចេញសមត្ថភាព និងប្រើប្រាស់គំនិតដ៏ល្អៗរបស់ពួកគេ។
អត្ថបទដោយ៖ ROBIN SPIESS
ក្រុមការងារ Focus សូមណែនាំអ្នកមានទេពកោសល្យចំនួន ១០រូបដែលសមិទ្ធផលរបស់ពួកគេគឺជាកម្លាំងចលករយ៉ាងសំខាន់ក្នុងការជំរុញវិស័យធុរកិច្ចបង្កើតថ្មី និងបច្ចេកវិទ្យា ដើរឆ្ពោះទៅមុខនៅក្នុងប្រទេសកម្ពុជា។
ធុល រិទ្ធី ស្ថាបនិកនៃ SmallWorld Cambodia
យើងប្រហែលជាអាចពិពណ៌នាបានយ៉ាងល្អបំផុតអំពីលោក ធុល រិទ្ធី ថាជាបុរសពហុវិស័យនៅក្នុងអាណាចក្រនៃសហគ្រិន និងបច្ចេកវិទ្យា។ ជាបុគ្គលដឹកនាំប្រកបដោយចំណាប់អារម្មណ៍ខ្ពស់ចំពោះវិស័យធុរកិច្ចបង្កើតថ្មីក្នុងប្រទេសកម្ពុជា លោក រិទ្ធី ខ្លួនឯងផ្ទាល់បានចូលរួមបង្កើតក្រុមហ៊ុន ក៏ដូចជាជួយក្នុងការដំណើរការបង្កើតក្រុមហ៊ុនបណ្ដាក់ទុនជាច្រើននៅក្នុងប្រទេស ក្នុងនោះរួមមានក្រុមហ៊ុនបច្ចេកវិទ្យាបង្កើតថ្មី Codingate ក្រុមហ៊ុនរៀបចំដំណើរទេសចរណ៍ Toursanak Adventures និងបណ្ដាញក្រុមហ៊ុនបណ្ដាក់ទុន Corco Angel។
នៅក្នុងឆ្នាំ២០១១ លោក រិទ្ធី បានចូលរួមសហការបង្កើតក្រុមហ៊ុន SmallWorld Cambodia ជាកន្លែងធ្វើការរួមគ្នាមួយ ដែលនៅទីនោះក្រុមសហគ្រិនវ័យក្មេងទទួលបានការលើកទឹកចិត្តក្នុងការអភិវឌ្ឍគំនិតអាជីវកម្មរបស់ខ្លួន ហើយចាប់តាំងពីឆ្នាំ២០០៧ មក ក្រុមហ៊ុននេះបានផ្តល់ទុនសម្រាប់ដំណាក់កាលដំបូងដល់ក្រុមអាជីវកម្មបង្កើតថ្មី។ តាមរយៈ SmallWorld REDD Lab លោក រិទ្ធី បានដឹកនាំការរចនា និងផលិតកម្មកុំព្យូទ័រយួរដៃដែលផលិតដោយក្រុមហ៊ុនកម្ពុជាដំបូងបង្អស់នៅចុងឆ្នាំ២០១៨។ ជាមួយនឹងការលក់បានប្រមាណ ១.០០០គ្រឿងរួចមកហើយនៅក្នុងប្រទេសកម្ពុជា លោក រិទ្ធី និងក្រុមការងារក៏កំពុងតែសាកល្បងទីផ្សារក្នុងតំបន់ដោយប្រមើលមើលអំពីសក្ដានុពលក្នុងការពង្រីកទៅកាន់ប្រទេសភូមា ហ្វីលីពីន ឥណ្ឌូនេស៊ី និងសិង្ហបុរី។
លោក រិទ្ធី និយាយថា៖ «តាមរយៈ SmallWorld ខ្ញុំបានរៀនអំពីរបៀបសិក្សា របៀបដឹកនាំ របៀបធ្វើតាម របៀបបរាជ័យ ហើយជាពិសេសនោះ គឺរបៀបជឿជាក់លើសភាវគតិខ្លួនឯង និងការដោះស្រាយបញ្ហាលំបាកៗ។ អ្វីគ្រប់យ៉ាងដែលខ្ញុំបានធ្វើ នោះគឺជាជ័យជម្នះដ៏ធំបំផុតរបស់ខ្ញុំ»។
លឹម លីដា សហស្ថាបនិកនៃកម្មវិធី SHE Investments
អ្នកស្រី លឹម លីដា គឺជាអ្នកនៅក្នុងវិស័យអភិវឌ្ឍន៍អាជីវកម្មរបស់សហគ្រិនស្ត្រី។ ក្នុងនាមជាសហស្ថាបនិកនៃ ស៊ី អ៊ិនវេសមិន (SHE) ដែលជាកម្មវិធីអភិវឌ្ឍន៍អាជីវកម្ម និងកម្មវិធីពន្លឿនអាជីវកម្ម គោលដៅរបស់អ្នកស្រី លីដា គឺជំរុញការរីកចម្រើនផ្នែកសេដ្ឋកិច្ចនៅក្នុងប្រទេសកម្ពុជា ដោយផ្តល់ការបំពាក់បំប៉នដល់ស្ត្រីជាថ្នាក់ដឹកនាំអាជីវកម្មនូវជំនាញនានាដែលពួកគេត្រូវការ ដើម្បីសម្រេចបានជោគជ័យ។
ខណៈអាជីវកម្មភាគច្រើននៅក្នុងប្រទេសកម្ពុជាគ្រប់គ្រងដោយស្ត្រី ប៉ុន្តែអាជីវកម្មទាំងនេះបានរួមចំណែកតែ ២% ប៉ុណ្ណោះនៅក្នុងសេដ្ឋកិច្ចផ្លូវការរបស់ប្រទេស ការណ៍នេះហើយដែលធ្វើឲ្យ ស៊ី អ៊ិនវេសមិន (SHE) ដាក់គោលដៅដើម្បីផ្លាស់ប្ដូរតួលេខនេះ។
ចាប់តាំងពីការបង្កើតនៅក្នុងឆ្នាំ២០១៥ កម្មវិធីនេះបានផ្តល់ការគាំទ្រដល់ស្ត្រីជាង ២៥០នាក់ ហើយអ្នកដែលចូលរួមកម្មវិធីទាំងនោះមានកំណើនប្រាក់ចំណូលក្នុងអាជីវកម្មរបស់ពួកគេជាមធ្យមដល់ទៅ ១៥៥%។ ជាមួយនឹងគម្រោងពង្រីកនៅក្នុងដៃ អ្នកស្រី លីដា បានឲ្យដឹងថា ស៊ី អ៊ិនវេសមិន (SHE) បានពង្រីកប្រតិបត្តិការទៅដល់ខេត្តសៀមរាប ហើយក៏កំពុងតែធ្វើការពង្រីកទៅកាន់ខេត្តបីផ្សេងទៀតឲ្យបានមុនដំណាច់ឆ្នាំ២០២០។
អ្នកស្រី លីដា បាននិយាយថា៖ «គោលបំណង គឺដើម្បីលើកកម្ពស់កំណើនអាជីវកម្មប្រកបដោយចីរភាព… តាមរយៈការបង្កើនប្រាក់ចំណូល ការបង្កើតការងារ និងបង្កើនទំនុកចិត្តស្ត្រី អំណាចក្នុងការសម្រេចចិត្ត ព្រមទាំងតួនាទីក្នុងការដឹកនាំ។ ចាប់ពីឆ្នាំ២០១៩ នេះទៅ ស៊ី អ៊ិនវេសមិន (SHE) នឹងឆ្ពោះទៅរកការពង្រីកប្រតិបត្តិការ… ដើម្បីធ្វើឲ្យកម្មវិធីគាំទ្រអាជីវកម្មរបស់ស្ត្រីអាចទៅដល់ស្ត្រីជាច្រើនរាប់រយនាក់ទៀតជារៀងរាល់ឆ្នាំ»។
ឯម ចាន់រឹទ្ធីកុល ស្ថាបនិកនៃ DoyDoy
នៅក្នុងអំឡុងពេលធ្វើការងារស្ម័គ្រចិត្តជាគ្រូបង្រៀននៅតាមខេត្តក្នុងឆ្នាំ២០១៥ យុវជនវ័យក្មេង ចាន់រឹទ្ធីកុល បានសម្គាល់ឃើញថាមានកង្វះខាតផ្នែកសម្ភារលេងសម្រាប់ការអប់រំនៅសាលាដែលខ្លួនបានធ្វើការ។ ជានិស្សិតនៅឯសាកលវិទ្យាល័យភូមិន្ទភ្នំពេញ លោកបានចាប់ផ្តើមអភិវឌ្ឍគំនិតបង្កើតឧបករណ៍លេងសម្រាប់ការសិក្សាក្នុងតម្លៃសមស្របមួយ ហើយក្រោយមកដាក់ឈ្មោះថា DoyDoy។
នៅចុងឆ្នាំ២០១៦ ចាន់រឹទ្ធីកុល បានចូលរួមវគ្គសិក្សាចំនួន ៦សប្តាហ៍នៅឯ ArcHub ជាក្រុមជំនាញផ្នែក 3D-printing ហើយក្នុងអំឡុងពេលនោះ ខ្លួនបានបង្កើតគំរូសាកល្បងមួយសម្រាប់ផលិតផលរបស់ខ្លួន នោះគឺបណ្ដុំនៃទុយោដែលមានពណ៌ឆើតឆាយ និងតំណសម្រាប់ភ្ជាប់ ផលិតដោយបច្ចេកវិទ្យា 3D-printing ដែលវាស្រដៀងនឹងដុំផ្គុំជាប្រដាប់លេងដែរ មានមុខងារសម្រាប់ផ្គុំរូប និងទម្រង់មួយចំនួន។
ល្បែងលេងសម្រាប់ការអប់រំ DoyDoy បានបង្កើនប្រជាប្រិយភាពរបស់ខ្លួនក្នុងចំណោមសិស្សនៅតាមតំបន់ និងសាលាជាច្រើន ជាពិសេសសម្រាប់ការបង្រៀនទៅលើជំនាញវិស្វកម្មពាក់ព័ន្ធនឹងវិទ្យាសាស្ត្រ ដែល ចាន់រឹទ្ធីកុល ជឿជាក់ថានឹងមានសារសំខាន់សម្រាប់អនាគតកម្ពុជាជំនាន់ក្រោយ។
លោក ចាន់រឹទ្ធីកុល និយាយថា៖ «គម្រោងអនាគតរបស់យើង គឺបង្កើតសកម្មភាពសិក្សាលើជំនាញ STEM កាន់តែប្រសើរ ដោយធ្វើបច្ចុប្បន្នភាពទៅលើល្បែងលេងទាំងនេះ។ ស្របពេលជាមួយគ្នាដែរ យើងនៅតែធ្វើឲ្យវាមានភាពកម្សាន្តសប្បាយ»។
ចាន់ ពេញល័ក្ខ អ្នកគ្រប់គ្រងសហគមន៍របស់ Raintree Cambodia
សម្រាប់កញ្ញា ចាន់ ពេញល័ក្ខ ការផ្ដួចផ្ដើមកម្មវិធីផ្លាស់ប្ដូរសង្គមតាមរយៈឥទ្ធិពលនៃបច្ចេកវិទ្យា គឺមិនមែនត្រឹមតែជាផ្នែកមួយនៃការងាររបស់កញ្ញានោះទេ ប៉ុន្តែវាក៏បានដើរតួនាទីជាគោលការណ៍ណែនាំក្នុងគម្រោងនានាដែលកញ្ញាអនុវត្តផងដែរ។
បទពិសោធន៍ដ៏ច្រើននៃកិច្ចខំប្រឹងប្រែងរបស់កញ្ញានាពេលកន្លងមក រួមមានការសម្របសម្រួលទៅលើការស្រាវជ្រាវជាច្រើនស្ដីពីការអភិវឌ្ឍរបស់កម្ពុជា តាមរយៈគម្រោង Open Development Initiative ហើយកញ្ញាក៏ជាថ្នាក់ដឹកនាំនៃកម្មវិធីបណ្តុះបណ្តាលស្ដីពីសារព័ត៌មានផ្នែកទិន្នន័យប្រកបដោយប្រសិទ្ធភាព និងលើការប្រើប្រាស់បច្ចេកវិទ្យាទិន្នន័យសម្រាប់អភិបាលកិច្ចធនធានទឹក ហើយកញ្ញាក៏បានរៀបចំគម្រោងអប់រំ និងបច្ចេកវិទ្យាជាច្រើន រួមមានកម្មវិធី TechCamps កម្មវិធី Technovation កម្មវិធី Smartstart និងកម្មវិធី TRYBE Hackerthon។
ក្នុងតួនាទីជាអ្នកគ្រប់គ្រងសហគមន៍សម្រាប់ Raintree កញ្ញា ពេញល័ក្ខ បានបង្កើតការស្រាវជ្រាវជាច្រើននៅក្នុងវិស័យបច្ចេកវិទ្យា និងវិស័យធុរកិច្ចបង្កើតថ្មី ហើយថ្មីៗនេះ កញ្ញាបានចូលរួមសរសេររបាយការណ៍ស្ដីពីប្រព័ន្ធអេកូឡូស៊ីនៃធុរកិច្ចបង្កើតថ្មីនៅក្នុងវិស័យបច្ចេកវិទ្យា ដែលរបាយការណ៍នេះត្រូវបានប្រើប្រាស់ដោយអ្នកវិនិយោគទុនប្រកបដោយសក្តានុពល និងសហគ្រិនជាច្រើន។
ដោយសារតែសមិទ្ធផលសម្រេចបានទាំងនេះហើយ ទើបកញ្ញាបានទទួលពានរង្វាន់ស្ត្រីឆ្នើមក្នុងវិស័យបច្ចេកវិទ្យាឆ្នាំ២០១៨។ នៅក្នុងការប្ដេជ្ញាចិត្តជាបន្តរបស់កញ្ញាចំពោះកម្មវិធីសង្គមប្រកបដោយប្រសិទ្ធភាព កញ្ញា ពេញល័ក្ខ មានភាពរីករាយនឹងដឹកនាំកម្មវិធីសរសេរកូដ «Coding Cats» ជាកម្មវិធីសិក្សារយៈពេលប្រាំសប្តាហ៍ ដែលជាកិច្ចផ្ដួចផ្ដើមថ្មីចុងក្រោយរបស់ Raintree។
កញ្ញា ពេញល័ក្ខ និយាយថា៖ «ក្មេងៗនឹងបង្កើតអនាគត ប៉ុន្តែហេតុអ្វីយើងមិនចាប់ផ្តើមពេលឥឡូវនេះ? ពួកយើងមិនអាចបង្រៀនក្មេងៗសព្វគ្រប់បែបយ៉ាងដែលពួកគេត្រូវដឹងអំពីពិភពលោកនោះទេ ប៉ុន្តែប្រសិនបើយើងអាចបង្រៀនពួកគេឲ្យចេះងើយឆ្ងល់ និងធ្វើជាអ្នកសិក្សាដែលជំរុញទឹកចិត្តខ្លួនឯងបាន នោះមានន័យថាពួកយើងបានធ្វើនូវអ្វីដែលយើងត្រូវធ្វើហើយ»។
RICHARD YIM សហស្ថាបនិក និងជានាយកប្រតិបត្តិនៃក្រុមហ៊ុន Demine Robotics
ប្រទេសកម្ពុជានៅតែជាប្រទេសមួយក្នុងចំណោមប្រទេសដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរបំផុតដោយសារគ្រាប់មីននៅក្នុងពិភពលោក។ គេបានប៉ាន់ប្រមាណថា នៅមានគ្រាប់មីនជាង ១០លានគ្រាប់កប់ក្រោមដីនៅក្នុងប្រទេស ហើយមានប្រជាជនក្នុងមូលដ្ឋានជាច្រើនបានរងរបួស ឬបាត់បង់ជីវិតជារៀងរាល់ឆ្នាំ ជាផលវិបាកពីគ្រឿងផ្ទុះដែលកប់ក្រោមដីអស់រយៈពេលជាយូរ។
សម្រាប់លោក Richard Yim ជាវិស្វករវ័យ ២៥ឆ្នាំ លោកគិតថាដំណោះស្រាយលើបញ្ហាចំពោះមុខរបស់ប្រទេសនេះ គឺស្ថិតនៅលើបង្កើតរ៉ូបូតដែលអាចដោះមីនបានរហ័ស និងប្រកបដោយប្រសិទ្ធភាព ដោយពុំចាំបាច់ព្រួយបារម្ភពីការប្រឈមទៅនឹងការបាត់បង់ជីវិត។
លោក Richard បានចាប់ផ្តើមអភិវឌ្ឍបង្កើតរ៉ូបូតដែលមានសមត្ថភាពដោះមីនក្នុងឆ្នាំ២០១៥ ដោយបានសហការជាមួយវិស្វករមួយចំនួនទៀតដើម្បីបង្កើតក្រុមហ៊ុនថ្មីមួយហៅថា «Landmine Boys» ដែលក្រោយមកក្លាយជាក្រុមហ៊ុន Demine Robotics។
នៅក្នុងទម្រង់រូបរាងបច្ចុប្បន្ន រ៉ូបូតឈ្មោះ «Jevit (ជីវិត)» របស់ក្រុមហ៊ុននេះមានទំហំប្រហាក់ប្រហែលនឹងម៉ាស៊ីនកាត់ស្មៅ ហើយអាចជីកយកមីនដែលកប់ក្រោមដីក្នុងជម្រៅប្រហែលពី ៣ ទៅ ៥ម៉ែត្រ ដោយអាចឲ្យមីននោះទទួលបានការដោះចេញបានដោយសុវត្ថិភាព ឬបំផ្ទុះក្រោយពីជីកយកបានសម្រេច។
លោក Richard Yim ដែលទើបតែបានជាប់ឈ្មោះក្នុងបញ្ជីសហគ្រិនឆ្នើមនៅក្នុងអាស៊ី អាយុក្រោម ៣០ឆ្នាំរបស់ទស្សនាវដ្ដី Forbes មានគោលបំណងពង្រីកក្រុមហ៊ុនរបស់ខ្លួនដោយបញ្ជូនរ៉ូបូត Jevit ទៅជីកដោះមីននៅទូទាំងពិភពលោក។
លោក Yim បានឲ្យដឹងថា៖ «ការងារនេះ គឺសម្រាប់ប្រទេស គឺសម្រាប់ពិភពលោក។ ការងារនេះ គឺសម្រាប់ប្រទេសដែលនៅតែមានគ្រាប់មីននៅឡើយ ហើយសម្រាប់ប្រជាជនជាច្រើនពាន់នាក់ដែលរងគ្រោះដោយសារតែគ្រាប់មីន និងមនុស្សរាប់លាននាក់ទៀតដែល… ត្រូវបានបដិសេធសមត្ថភាពក្នុងការចូលរួមសកម្មភាពកសិកម្មដោយសារតែគ្រាប់មីន»។
ប៉ុង លីមសាន ស្ថាបនិកនៃក្រុមហ៊ុន Womentech Asia និងជាអ្នកនៅពីក្រោយការបង្កើតកម្មវិធីប្រើប្រាស់ក្នុងមន្ទីរពេទ្យ «ពេទ្យយើង»
អ្នកស្រី ប៉ុង លីមសាន មិនមែនជាអ្នកចំណូលថ្មីក្នុងវិស័យបច្ចេកវិទ្យាឡើយ។ អ្នកស្រីបានចាប់ផ្តើមបំផុសគំនិតសម្រាប់អ្នកដឹកនាំបច្ចេកវិទ្យាជាស្ត្រីតាមរយៈការបង្កើតក្រុមហ៊ុនអភិវឌ្ឍកម្មវិធីកុំព្យូទ័រ (អភិវឌ្ឍសូហ្វែរ) ដោយដាក់ឈ្មោះថា First Womentech Asia នៅក្នុងខែឧសភា ឆ្នាំ២០១៣។
ជាមួយនឹងក្រុមស្ត្រីជាអ្នកអភិវឌ្ឍកម្មវិធីកុំព្យូទ័រ និងសរសេរកូដ ក្រុមហ៊ុន FWTA បានចាប់ផ្តើមដំបូងជាក្រុមហ៊ុនបច្ចេកវិទ្យាផ្តល់ការអភិវឌ្ឍកម្មវិធីកុំព្យូទ័រសម្រាប់វិស័យមន្ទីរពេទ្យ ហើយស្ថិតនៅក្រោមការដឹកនាំរបស់អ្នកស្រី លីមសាន ជានាយកប្រតិបត្តិ ក្រុមហ៊ុននេះបានបង្កើតកម្មវិធីពិសេសប្លែកពីគេមួយនៅក្នុងឆ្នាំ២០១៥។ ដោយបង្កើតឡើងដោយខ្លួនឯងទាំងអស់ កម្មវិធីឈ្មោះ «Peth Yoeung (ពេទ្យយើង)» ត្រូវបានបង្កើតឡើងសម្រាប់គ្រប់គ្រងកំណត់ត្រាព្យាបាលអ្នកជំងឺតាមប្រព័ន្ធអ៊ីនធឺណិត និងប្រព័ន្ធគ្រប់គ្រងប្រតិបត្តិការសម្រាប់មន្ទីរពេទ្យ និងគ្លីនិកនានា។
រហូតមកដល់បច្ចុប្បន្ន ប្រព័ន្ធនេះត្រូវបានដំឡើងនៅតាមមន្ទីរពេទ្យឯកជន គ្លីនិក គ្លីនិកទន្តសាស្ត្រ ឱសថស្ថាន និងមន្ទីរពិសោធន៍នៅតាមខេត្តចំនួន៩ ក្នុងប្រទេសកម្ពុជា ហើយពាណិជ្ជកម្មនេះកំពុងតែមានសន្ទុះ ដោយសារតែអ្នកផ្តល់សេវាថែទាំសុខភាពកាន់តែច្រើនឡើងបានងាកទៅរកដំណោះស្រាយបែបឌីជីថលសម្រាប់ប្រតិបត្តិការប្រចាំថ្ងៃ។
លោកស្រី លីមសាន និយាយថា៖ «ការងាកប្តូរទៅឌីជីថល គឺជានិន្នាការសកល។ ប៉ុន្តែប្រសិនបើអាជីវកម្មណាមួយមិនប្រើដំណោះស្រាយឌីជីថល ពួកគេនឹងបាត់បង់ឱកាសប្រកួតប្រជែងនៅក្នុងទីផ្សារពិភពលោក»។
ម៉ូវ គន្ធា សហស្ថាបនិក និងជានាយកគ្រប់គ្រងនៃ Dorsu
អ្នកស្រី ម៉ូវ គន្ធា បានចាប់ផ្តើមការងារដំបូងនៅក្នុងរោងចក្រមួយក្នុងចំណោមរោងចក្រកាត់ដេរជាច្រើនក្នុងប្រទេសកម្ពុជា ដោយទទួលបានប្រាក់ឈ្នួលអប្បបរមាសម្រាប់ការងារនឿយហត់សម្រាប់ពេលដ៏យូរ។ ការងាររបស់អ្នកស្រីបានធ្វើឲ្យគាត់ដឹងថា ខ្លួនមានចំណង់ចំណូលចិត្តទៅលើវិស័យម៉ូតសម្លៀកបំពាក់ ប៉ុន្តែការផលិតក្នុងបរិមាណដ៏ច្រើនដើម្បីលក់ក្នុងតម្លៃទាប ជាញឹកញាប់ធ្វើឲ្យធ្លាក់ទឹកចិត្តច្រើនជាងការពេញចិត្តសប្បាយនឹងការងារ។
ជាមួយនឹងម៉ាស៊ីនកាត់ដេរមួយ និងប្រាក់សន្សំប្រហែល ២០០ដុល្លារ អ្នកស្រី គន្ធា បានលាឈប់ពីការងារ ហើយបានចាប់ដៃរកស៊ីជាមួយសហគ្រិនម្នាក់ទៀតឈ្មោះ Hanna Guy។ ពួកគេបានបង្កើតអាជីវកម្មផលិតសម្លៀកបំពាក់ប្រកបដោយសីលធម៌នៅក្នុងខេត្តកំពត ក្នុងឆ្នាំ២០០៦។ ក្រុមហ៊ុនដែលត្រូវបានដាក់ឈ្មោះថា Dorsu (តស៊ូ) បានពង្រីកបានទីតាំងពីរ និងបង្កើនប្រជាប្រិយភាពទាំងនៅក្នុងប្រទេសកម្ពុជា និងអូស្ត្រាលី ហើយក្រោយមកនាំចេញទៅកាន់ហាងជាច្រើននៅក្នុងពិភពលោក។
ប៉ុន្តែជាការគួរឲ្យស្តាយ ហាងទាំងពីររបស់ Dorsu ទាំងនៅទីក្រុងភ្នំពេញ និងខេត្តកំពត ត្រូវបានបិទបញ្ឈប់ប្រតិបត្តិការទាំងស្រុងដោយសារតែការរីករាលដាលនៃជំងឺ Covid-19 ហើយពេលនេះ Dorsu ទទួលតែការបញ្ជាទិញជាលក្ខណៈអន្តរជាតិពីវេបសាយប៉ុណ្ណោះ ដោយសារតែទំនិញរបស់ពួកគេបច្ចុប្បន្នស្ថិតនៅមជ្ឈមណ្ឌលសម្រាប់ការចែកចាយក្នុងប្រទេសអូស្ត្រាលី។ នេះបើតាមការផ្សាយរបស់គេហទំព័ររបស់ក្រុមហ៊ុន។
បច្ចុប្បន្នជាអ្នកច្នៃម៉ូតសម្លៀកបំពាក់ដ៏ប៉ិនប្រសប់ម្នាក់ ជាអ្នកដឹកនាំក្នុងវិស័យផលិតកម្មសម្លៀកបំពាក់ និងជាអ្នកតំណាងស្លាកយីហោមួយរូប អ្នកស្រី គន្ធា ថ្មីៗបានទទួលពានរង្វាន់ «សហគ្រិនសង្គមឆ្នើម» នៅឯព្រឹត្តិការណ៍ប្រចាំឆ្នាំ Women of the Future Awards Southeast Asia ជាលើកទី២ ក្នុងប្រទេសសិង្ហបុរី។
អ្នកស្រី គន្ធា និយាយថា៖ «ខ្ញុំមានមោទនភាពក្លាយជាសំឡេងនៅក្នុងប្រទេសកម្ពុជា អំពីរបៀបប្រកបអាជីវកម្មដែលអាចដឹកនាំប្រកបដោយសុចរិតភាព និងសេចក្តីសប្បុរស។ ខ្ញុំគិតថា ប្រសិនបើមនុស្សធ្វើចេញពីចិត្តដែលខ្លួនស្រឡាញ់ និងជឿជាក់ អ្នកអាចយកឈ្នះអ្វីទាំងអស់។ វាគ្រាន់តែតែអ្នកត្រូវជឿជាក់លើខ្លួនឯង និងព្យាយាមធ្វើជាមួយអ្វីគ្រប់យ៉ាងដែលខ្លួនឯងមាន»។
ណេង សុខនាង សហស្ថាបនិក និងជាអគ្គនាយិកា Kokopon
ចាប់តាំងពីមុនពេលបង្កើតក្រុមហ៊ុនមកម៉្លេះ អ្នកស្រី ណេង សុខនាង បានគិតខ្លួនឯងថាជាសហគ្រិនម្នាក់។ ដោយខ្លួនមានជំនាញផ្នែកវិទ្យាសាស្ត្រកុំព្យូទ័រ អ្នកស្រីបានធ្វើការជាច្រើនកន្លែងក្នុងជំនាញបង្កើតកម្មវិធីកុំព្យូទ័រ ស្របពេលជាមួយគ្នាសន្សំគំនិតសម្រាប់ប្រកបអាជីវកម្មផ្ទាល់ខ្លួន។
នៅពាក់កណ្តាលឆ្នាំ២០១៧ អ្នកស្រីបានសម្រេចចាប់ផ្តើមធ្វើឲ្យគំនិតរបស់ខ្លួនលេចចេញជារូបរាងឡើង ដោយចាប់ផ្តើមបង្កើតកម្មវិធី Kokopon ជាគេហទំព័រសម្រាប់ការបញ្ចុះតម្លៃក្នុងការទិញទំនិញជាផលិតផលក្នុងស្រុក។ អស់រយៈពេលជាច្រើននៃការអភិវឌ្ឍគេហទំព័រ រៀបចំផែនការទីផ្សារ ព្រមទាំងបានចូលរួមក្នុងវគ្គបណ្តុះបណ្តាលស្ដីពីការអភិវឌ្ឍអាជីវកម្មស្ត្រីរៀបចំដោយ ស៊ី អ៊ិនវេសមិន (SHE) រួចហើយមក អ្នកស្រី សុខនាង បានដំណើរការគេហទំព័ររបស់ខ្លួននៅដើមឆ្នាំ២០១៩។ នៅក្នុងរយៈពេលបួនខែដំបូងនៃប្រតិបត្តិការរបស់ខ្លួន នោះគឺជាពេលវេលាដ៏មមាញឹកមួយ៖ គេហទំព័រ Kokopon ទទួលបានសំណើអំពីការដាក់លក់ផលិតផលជាង ១០០មុខពីអាជីវកម្មចំនួន១៥ ក៏ដូចជាចុះឈ្មោះជាមួយក្រុមហ៊ុនផ្តល់សេវាទូទាត់ប្រាក់ Pi Pay ដើម្បីអាចទទួលការទូទាត់តាមប្រព័ន្ធឌីជីថល ហើយបានចាប់ផ្តើមផ្តល់ការលក់បញ្ចុះតម្លៃតាមរយៈប្រព័ន្ធផ្ញើសារ Facebook messenger។
ក្រុមហ៊ុន Kokopon ត្រូវបានបង្កើតឡើងតាមរយៈការផ្ដួចផ្ដើមនៃគំនិតជំរុញស្ត្រីនៅក្នុងបច្ចេកវិទ្យា។ នេះបើតាមការបញ្ជាក់ពីអ្នកស្រី សុខនាង។ គេហទំព័រនេះបានផ្សព្វផ្សាយផលិតផលរបស់អាជីវកម្មដែលមានស្ត្រីជាម្ចាស់អាជីវកម្ម ក៏ដូចជាផ្តល់ការងារហាត់ការដល់ស្ត្រីជាច្រើនក្នុងការងារជាអ្នកផ្តល់ជំនួយដល់ដំណើរកម្មវិធីគ្រប់គ្រងរបស់គេហទំព័រ ហើយក្រុមហ៊ុនក៏កំពុងស្ថិតនៅក្នុងដំណាក់កាលរៀបចំបង្កើតឲ្យមានមូលនិធិអាហារូបករណ៍សម្រាប់ស្ត្រីដែលសិក្សាជំនាញវិស្វកម្ម។
អ្នកស្រី សុខនាង និយាយថា៖ «ខ្ញុំចង់ឲ្យក្រុមហ៊ុន Kokopon ផ្តល់សុភមង្គលដល់ប្រជាជនកម្ពុជា ព្រមទាំងអាជីវកម្មក្នុងស្រុកតាមរយៈការផ្តល់ឲ្យអ្នកទាំងអស់គ្នាអាចស្វែងរក ទទួលបានបទពិសោធន៍ និងការកម្សាន្ត។ ពួកយើងចង់ក្លាយជាវេទិកាទីផ្សារដំបូង និងធំបង្អស់ ជាទីដែលមនុស្សរាល់គ្នាអាចស្វែងរកការបញ្ចុះតម្លៃថ្មីៗ កូប៉ុង ក៏ដូចជាឱកាសពិសេសៗនៅទូទាំងទីក្រុង»។
PHATRY DEREK PAN ស្ថាបនិកនៃគេហទំព័រ Khmerican
នៅពេលលោកមានអាយុ ៤ឆ្នាំ លោក Phatry Derek Pan ជាមួយនឹងក្រុមគ្រួសារបានរត់ភៀសខ្លួនចេញពីប្រទេសកម្ពុជា ដើម្បីស្វែងរកការជ្រកកោននៅសហរដ្ឋអាមេរិក ក្នុងអំឡុងពេលដែលប្រទេសកំណើតរបស់ខ្លួនស្ថិតក្នុងអស្ថិរភាព។ ដោយធំដឹងក្តីក្នុងនាមជាពលរដ្ឋខ្មែរ-អាមេរិកាំង ឬហៅម៉្យាងទៀតថា «Khmerican» លោកបានដឹងថាមានកង្វះព័ត៌មានអំពីបងប្អូនខ្មែរនៅក្នុងប្រទេសមួយនេះ។
នៅក្នុងឆ្នាំ២០១១ លោកបានបង្កើតការផ្សព្វផ្សាយមួយដែលចុះផ្សាយអំពីភាពជោគជ័យរបស់ពលរដ្ឋខ្មែរ-អាមេរិកាំងនៅទូទាំងសហរដ្ឋអាមេរិក ដែលក្នុងនោះ ពួកគេគឺជាសហគ្រិន ជាអ្នកសិល្បៈកម្សាន្ត និងជាអ្នកដឹកនាំក្នុងសហគមន៍ ព្រមទាំងជួយផ្សព្វផ្សាយអំពីកិច្ចប្រឹងប្រែងថែរក្សាវប្បធម៌ខ្មែរ។ គេហទំព័រនោះដែលមានឈ្មោះថា Khmerican បានបង្កើនចំនួនអ្នកអានយ៉ាងឆាប់រហ័សក្នុងរយៈពេល ៧ឆ្នាំកន្លងមកនេះ ដោយមានអ្នកចូលអានកើនឡើងដល់ជាង ៣លាននាក់ជារៀងរាល់ខែ។
លោក Derek កំពុងពង្រីកប្រតិបត្តិការក្រុមហ៊ុនរបស់ខ្លួនទៅដល់សហគមន៍ខ្មែរនៅប្រទេសអូស្ត្រាលី ដោយមានមូលដ្ឋាននៅក្នុងទីក្រុងមែលប៊ន ហើយដាក់ឈ្មោះថា «Khmeroo» ហើយលោកក៏មានគម្រោងនឹងពង្រីកទៅទីក្រុងប៉ារីស ដោយនឹងដាក់ឈ្មោះថា «Khmeropean» ឲ្យបាននៅចុងឆ្នាំ២០២០ នេះ។
លោក Derek បាននិយាយថា៖ «ខ្ញុំពិបាកនឹងចែករំលែកពីឥទ្ធិពលនៃអារម្មណ៍។ នោះជាអារម្មណ៍មួយនៅពេលដែលក្រុមឪពុកម្តាយជាច្រើនបានប្រាប់យើងថា ពីព្រោះតែព័ត៌មានពីគេហទំព័រ Khmerican នេះហើយទើបកូនៗរបស់ពួកគេមានបុគ្គលគំរូជាខ្មែរអាមេរិកាំង ដែលពួកគេអាចគោរពបាន»។
ឡុង លក្ខិណា សហស្ថាបនិកនៃក្រុមហ៊ុន Joonaak Delivery
នៅក្នុងឆ្នាំ២០១៥ អ្នកស្រី ឡុង លក្ខិណា ចាប់ផ្តើមមានគំនិតចង់បង្កើតអាជីវកម្ម ប៉ុន្តែអ្នកស្រីមិនទាន់រកឃើញនៅឡើយទេថាខ្លួនចង់រកស៊ីអ្វី។ តាមរយៈការសិក្សាវិភាគអំពីទីផ្សារនៅកម្ពុជា អ្នកស្រីចាប់អារម្មណ៍ឃើញថាមាននិន្នាការមួយកំពុងកើនឡើងក្នុងវិស័យពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (e-commerce) នោះគឺការរាំងស្ទះដោយសារកង្វះសេវាដឹកជញ្ជូន។ ដូច្នេះ «Joonaak (ជូនអ្នក)» ដែលជាក្រុមហ៊ុនផ្តល់សេវាដឹកជញ្ជូនដ៏គួរឲ្យទុកចិត្ត និងសេវាស្តុកទំនិញមិនងាយខូច ក៏បានចាប់កំណើតឡើងមក។
ក្នុងអំឡុងពីរឆ្នាំដំបូងនៃប្រតិបត្តិការ Joonaak បានក្លាយជាក្រុមហ៊ុនបង្កើតថ្មី (start-up) មួយក្នុងចំណោមក្រុមហ៊ុនបីដែលទទួលបានការវិនិយោគពីក្រុមហ៊ុន Smart តាមរយៈមូលនិធិដែលមានទុនវិនិយោគ ៥លានដុល្លារ (Smart Axiata Digital Fund)។ ហើយកាលពីខែមេសា ឆ្នាំ២០១៩ ក្រុមហ៊ុននេះបានក្លាយជាក្រុមហ៊ុនមួយក្នុងចំណោមបេក្ខភាពជាប់ចុងក្រោយនៃការប្រកួតលំដាប់អន្តរជាតិ Seedstars Global Summit នៅក្នុងប្រទេសស្វ៊ីស។ អ្នកស្រី លក្ខិណា បានឲ្យដឹងថា ក្រុមហ៊ុនរបស់អ្នកស្រីនៅតែផ្ដោតការយកចិត្តទុកដាក់លើការកែលំអបច្ចេកវិទ្យា និងផ្នែកទំនាក់ទំនងលើកម្មវិធីទូរស័ព្ទដៃ Joonaak មុននឹងពង្រីកទៅកាន់ទីផ្សារនៅប្រទេសដទៃទៀត។
អ្នកស្រី លក្ខិណា និយាយថា៖ «យើងសង្ឃឹមថានឹងបន្តផ្តល់សេវាដឹកជញ្ជូនដែលគ្មានការរអាក់រអួល ខណៈបន្តការគាំទ្រអាជីវកម្មក្នុងស្រុក នៅរាល់ជំហាននីមួយៗនៃការប្រកបអាជីវកម្ម។ ការណ៍នេះរួមបញ្ចូលចាប់ពីដំណោះស្រាយលើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ជំនួយការអតិថិជនប្រកបដោយគុណភាព ព្រមទាំងការផ្គត់ផ្គង់សេវាទូទាំងប្រទេស»៕
កំណត់និពន្ធ៖ អត្ថបទនេះត្រូវបានបោះពុម្ពផ្សាយដំបូងនៅក្នុងទស្សនាវដ្ដី Focus Cambodia ឆ្នាំ២០១៩-២០២០ និងត្រូវបានធ្វើបច្ចុប្បន្នភាព។