អ្នកធ្វើការក្នុងវិស័យអប់រំ បានបង្ហាញកង្វល់ចំពោះការអប់រំនៅក្នុងប្រទេសកម្ពុជា នៅខណៈដែលក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសបិទគ្រឹះស្ថានអប់រំគ្រប់កម្រិតទូទាំងប្រទេសដើម្បីប្រយុទ្ធប្រឆាំងនឹងការរាលដាលនៃជំងឺកូវីដ១៩។
អ្នកខ្លះបារម្ភខ្លាចគុណភាពសិក្សារបស់សិស្សធ្លាក់ចុះដោយសារការផ្អាកការសិក្សាតាមសាលាមិនមានកំណត់នេះ បើទោះបីក្រសួងអប់រំ យុវជន និងកីឡា បានលើកទឹកចិត្តឱ្យមានកម្មវិធីសិក្សាតាមប្រព័ន្ធឌីជីថល (Digital) ឬអនឡាញក៏ដោយ។ ពួកគេថាការរៀនបែបនេះមិនសូវមានលទ្ធផលល្អដូចការរៀនក្នុងថ្នាក់នោះទេ។
អ្នកស្រី ពត សុខជា គ្រូបង្រៀនថ្នាក់បឋមសិក្សាម្នាក់នៅក្នុងរាជធានីភ្នំពេញ សម្ដែងកង្វល់ថា អ្នកស្រីខ្លាចសិស្សរៀនមិនចប់កម្មវិធីសិក្សារបស់ក្រសួង និងរៀនមិនចេះ។ អ្នកស្រីថ្លែងបន្តថា ចំពោះសិស្សថ្នាក់បឋមសិក្សា គឺពិបាកក្នុងការរៀនតាមប្រព័ន្ធឌីជីថល ឬរៀនពីផ្ទះ ដោយសារកុមារខ្មែរមិនមានទម្លាប់ជាមួយការរៀនសូត្របែបនេះនោះទេ។ លើសពីនេះទៀត សិស្សក៏មានការពិបាកក្នុងការសួរគ្រូ ហើយគ្រូក៏ពិបាកក្នុងការពន្យល់សិស្ស។
អ្នកស្រី សុខជា កត់សម្គាល់ទៀតថា៖ «ឪពុកម្តាយរបស់សិស្សរបស់អ្នកគ្រូភាគច្រើនបានទទួលព័ត៌មានពីក្រសួង ហើយក៏បានជួយពន្យល់កូនរបស់ខ្លួននៅតាមផ្ទះ។ ប៉ុន្តែអ្វីដែលជាបញ្ហាប្រឈមមួយទៀតនោះ គឺភាពខុសគ្នារវាងកម្មវិធីសិក្សារបស់ជំនាន់អាណាព្យាបាល និងកុមារផ្ទាល់»។
អ្នកស្រី ខៀវ កញ្ញា ដែលជាអាណាព្យាបាលរបស់កុមាររៀនថ្នាក់ទី៣ម្នាក់បានប្រាប់ឲ្យដឹងថា អ្នកស្រីបានជួយពន្យល់កូន ហើយតែងតែដាស់តឿនកូនឱ្យរៀនសូត្រ។ ប៉ុន្តែកូនប្រុសរបស់គាត់មិនសូវយកចិត្តទុកដាក់ដូចពេលរៀននៅក្នុងសាលាមានគ្រូ និងមានម៉ោងរៀនសូត្រច្បាស់លាស់នោះទេ។ អ្នកស្រីថា កត្តាផ្សេងទៀតដែលធ្វើឱ្យការជួយបង្រៀននៅផ្ទះរបស់អ្នកស្រីមិនសូវមានប្រសិទ្ធភាពនោះ គឺពេលដែលប្រព័ន្ធអ៊ីនធឺណិត (Internet) មានភាពរអាក់រអួល និងពេលខ្លះអ្នកជិតខាងបង្កឱ្យមានសំឡេងរំខានដោយការច្រៀងធុងបាសជាដើម។
អ្នកស្រី ខៀវ កញ្ញា លើកឡើងថា៖ «សម្រាប់ក្មេងផ្ទាល់មើលឃើញថាវារាងខ្ជិល។ ចូលចិត្តព្រលែងមេរៀនចោល និយាយមិនស្តាប់មិនដូចពេលទៅរៀននៅក្នុងសាលា មានអ្នកគ្រូនៅជិត។ ទាល់តែចំណាយពេលតាមខ្លាំង ហើយពេលខ្លះវាធ្វើឱ្យខាតពេលធ្វើការងារ»។
យោងតាមទិន្នន័យរបស់អង្គការយូណេស្កូ (UNESCO) សិស្សជាង ១,៣ពាន់លាននាក់នៅទូទាំងពិភពលោកបានផ្អាកការរៀនសូត្រតាមសាលា ឬសកលវិទ្យាល័យនានា ដែលស្មើជាង ៩០% នៃសិស្សសរុបទូទាំងពិភពលោក ដើម្បីចូលរួមកាត់បន្ថយករណីឆ្លង និងការរីករាលដាលកាន់តែខ្លាំងរបស់ជំងឺកូវីដ១៩។
ចំណែកប្រទេសកម្ពុជា ក៏បានអនុវត្តចំណាត់ការនេះដែរចាប់ពីខែមីនា មក។ ប៉ុន្តែក្នុងពេលជាមួយគ្នា ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសឱ្យគ្រឹះស្ថានអប់រំអនុវត្តការសិក្សាតាមប្រព័ន្ធឌីជីថល។ ប៉ុន្តែបញ្ហាមិនចប់ត្រឹមការផ្លាស់ប្ដូរការរៀនតាមប្រព័ន្ធឌីជីថលនោះទេ នៅពេលដែលសង្គមកម្ពុជា ជាសង្គមមួយពឹងផ្អែកខ្លាំងលើការអប់រំក្នុងសាលារៀន។
លោក វីរៈ ដែលជាគ្រូបង្រៀនក្នុងសាលាឯកជនមួយនារាជធានីភ្នំពេញបានលើកឡើងថា ស្ថានភាពជំងឺកូវីដ១៩នេះបានធ្វើឱ្យប៉ះពាល់ដល់ហិរញ្ញវត្ថុរបស់សាលាយ៉ាងខ្លាំង ហើយក៏បានធ្វើឲ្យកម្មវិធីសិក្សាដើរយឺតផងដែរ។ ម្យ៉ាងទៀត លោកថាសាលាស្ទើរតែមិនមានពេលវេលាគ្រប់គ្រាន់ក្នុងការរៀបចំកម្មវិធីសិក្សាតាមប្រព័ន្ធឌីជីថលនោះឡើយ។
លោកបានសង្កត់ធ្ងន់ថា៖ «អ្វីដែលពិបាកជាងគេនោះគឺការជូនដំណឹង និងពន្យល់អាណាព្យាបាលអំពីរបៀបប្រើប្រាស់កម្មវិធីរបស់សាលា»។
លោក ឌី ខាំបូលី អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា បច្ចុប្បន្ននេះក្រសួងអប់រំ យុវជន និងកីឡា កំពុងសហការជាមួយក្រសួងព័ត៌មាន ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ អង្គការជាតិ អន្តរជាតិ និងវិស័យឯកជនមួយចំនួនទៀត ធ្វើការងារដើម្បីពន្លឿនវេទិកាសិក្សាអនឡាញ (E-learning Platform) និងមាតិកា (Content) គ្រប់កម្រិត ហើយគ្រប់មុខវិជ្ជាទាំងអស់។
លោក ឌី ខាំបូលី និយាយបន្តថា ក្រសួងកំពុងរៀបចំវាទិកាសិក្សាអនឡាញ និងមាតិកាច្រើនទម្រង់ ក្នុងនោះមានពហុភាសាសម្រាប់ជនជាតិដើមភាគតិចនៅតាមតំបន់ភ្នំ ក៏ដូចជាសិស្សពិការភាពផងដែរ។
លោកថា ការផ្សព្វផ្សាយនឹងមានតាម៖
- វិទ្យុ
- ទូរទស្សន៍
- គេហទំព័រ (Website)
- បណ្ដាញសង្គមហ្វេសប៊ុក (Facebook)
- និងយូធូប (YouTube) ផ្លូវការរបស់ក្រសួង
- ព្រមទាំងគេហទំព័ររបស់ដៃគូសហការផ្សេងៗផងដែរ។
ចាប់តាំងពីការប្រកាសឱ្យបិទគ្រឹះស្ថានអប់រំគ្រប់កម្រិតមក ក្រសួងអប់រំបានបង្ហោះវីដេអូបង្រៀនមុខវិជ្ជាផ្សេងៗគ្នាជាបន្តបន្ទាប់ចាប់ពីថ្នាក់បឋមសិក្សាដល់ថ្នាក់មធ្យមសិក្សានៅលើបណ្ដាញសង្គមហ្វេសប៊ុក (Facebook) ក្នុងគណនី “Krou Cambodia”។
ទោះជាយ៉ាងណា មានមតិជាច្រើនបានលើកឡើងថា ការសិក្សាតាមប្រព័ន្ធអនឡាញនេះ អាចនឹងមានប្រសិទ្ធភាពចំពោះសិស្សដែលស្ថិតក្នុងកម្រិតវិទ្យាល័យ និងឧត្តមសិក្សាជាងសិស្សថ្នាក់បឋមសិក្សា និងមត្តេយ្យសិក្សា។ កន្លងទៅក៏មានមតិលើកឡើងផងដែរអំពីការសិក្សាតាមប្រព័ន្ធអនឡាញរវាងសិស្សរៀននៅសាលាឯកជន និងសាលារដ្ឋ ដែលអាចបង្កឱ្យមានគម្លាតនៃការទទួលចំណេះដឹងរវាងសិស្សសាលាឯកជន និងសាលារដ្ឋនៅទីក្រុង និងសាលារដ្ឋនៅតាមទីជនបទដាច់ស្រយាលដែលសិស្សគ្មានលទ្ធភាព និងសមត្ថភាពប្រើប្រាស់ប្រព័ន្ធឌីជីថល។
ឆ្លើយតបចំពោះបញ្ហាទាំងអស់នេះ លោក ឌី ខាំបូលី មានប្រសាសន៍ថា មិនទាន់មានការសិក្សាបែបវិទ្យាសាស្ត្រណាមួយមកវាស់អំពីប្រសិទ្ធភាពឱ្យជាក់ស្តែងនោះទេ។ លោកបញ្ជាក់ថា៖ «ខ្ញុំមិនអាចធ្វើការវាយតម្លៃជារួមបានទេ វាគ្រាន់តែជាការសង្កេតមួយដែលអាចមានលក្ខណៈត្រឹមត្រូវ។ ប៉ុន្តែមិនទាន់មានអ្វីយកទៅវាស់បាននោះទេ»។
លោកសម្ដែងមតិបន្ថែមថា៖ «ជៀសជាងការការបាក់ស្បាត ស្លន់ស្លោ និងភ័យខ្លាចខ្លាំងចំពោះបញ្ហានេះ។ យើងគួរតែចូលរួមគ្នាប្រែក្លាយបញ្ហាឲ្យក្លាយទៅជាឱកាស ដើម្បីបន្តនិរន្តរភាពក្នុងការសិក្សារបស់សិស្សលើគ្រប់កម្រិតវិញ»។
អ្នកស្រី ពត សុខជា បានប្រាប់ថាគាត់គាំទ្រនូវអ្វីដែលក្រសួងកំពុងអនុវត្តនេះ។ ប៉ុន្តែគាត់សំណូមពរឱ្យក្រសួងជួយឆ្លើយតបនឹងសំណួររបស់សិស្សដែលសួរក្នុងខ្ទង់ខមមិន (Comment) វីដេអូមេរៀនឲ្យបានទាន់ពេល។
ចំណែកលោក វីរៈ បានសំណូមពរក្រសួងឱ្យមានការយកចិត្តទុកដាក់ខ្ពស់ចំពោះសិស្សដែលត្រូវប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ និងមធ្យមសិក្សាទុតិយភូមិនៅក្នុងឆ្នាំនេះ ដោយលោកលើកឡើងថា ពួកគេមានការលំបាកយ៉ាងខ្លាំងក្នុងការរៀនដោយខ្លួនឯង។
អ្នកនាំពាក្យក្រសួងអប់រំ លោក ឌី ខាំបូលី មានប្រសាសន៍ថា ក្រសួងនឹងធ្វើការពិចារណាលើរាល់ចំណាត់ការទាំងឡាយណាដែលក្រសួងយល់ថាជាប្រយោជន៍សម្រាប់វិស័យអប់រំ៕