អ្នកជំនាញសុខភាពលើកទឹកចិត្តឱ្យសហគមន៍នីមួយៗរៀបចំផែនការដើម្បីរក្សាសុខភាពឲ្យបានរឹងមាំល្អ ជួយកាត់បន្ថយការប្រឈមនៃជំងឺក៏ដូចជាទប់ស្កាត់ការរីករាលដាលនៃជំងឺនេះ។ ការបង្កើតផែនការការពារនៅតាមគេហដ្ឋាននីមួយៗមានសារសំខាន់ណាស់ក្នុងការការពារខ្លួនអ្នក និងអ្នកនៅជុំវិញខ្លួនពីការផ្ទុះឡើងនៃជំងឺផ្លូវដង្ហើមដ៏សាហាវនេះ។
ការត្រៀមលក្ខណ:មុនពេលកូវីដ១៩ កើតមានឡើងក្នុងសហគមន៍
ការផ្ទុះឡើងនៃជំងឺកូវីដ១៩ នៅក្នុងសហគមន៍អាចនឹងមានរយៈពេលវែងអាស្រ័យទៅលើស្ថានភាពនៃការផ្ទុះ។ ហេតុនេះ អ្នកជំនាញសុខភាពលើកទឹកចិត្តឱ្យសហគមន៍នីមួយៗរៀបចំផែនការដើម្បីរក្សាសុខភាពឲ្យបានរឹងមាំល្អ ជួយកាត់បន្ថយការប្រឈមនៃជំងឺក៏ដូចជាទប់ស្កាត់ការរីករាលដាលនៃជំងឺនេះ។ ការបង្កើតផែនការការពារនៅតាមគេហដ្ឋាននីមួយៗមានសារសំខាន់ណាស់ក្នុងការការពារខ្លួនអ្នក និងអ្នកនៅជុំវិញខ្លួនពីការផ្ទុះឡើងនៃជំងឺផ្លូវដង្ហើមដ៏សាហាវនេះ។
១- បង្កើតផែនការសកម្មភាពនៅតាមផ្ទះ
- ពិភាក្សាជាមួយសមាជិកគ្រួសារ បងប្អូនសាច់ញាតិ និងមិត្តភក្ដិ ដើម្បីឈ្វេងយល់ពីអ្វីដែលគួរធ្វើ ប្រសិនបើជំងឺកូវីដនឹងកើតមានឡើង ក៏ដូចជាការលើកឡើងនូវតម្រូវការរបស់បុគ្គលម្នាក់ៗ
- រៀបចំវិធានការសម្រាប់ការពារបុគ្គលដែលមានហានិភ័យខ្ពស់ក្នុងការឆ្លង ដូចជាមនុស្សចាស់ និងអ្នកដែលមានសុខភាពទន់ខ្សោយ
- ប្រាស្រ័យទាក់ទងជាមួយអ្នកជិតខាងរបស់អ្នក ដើម្បីយល់ដឹងពីព័ត៌មានធនធានផ្សេងៗ ក៏ដូចជារក្សាទំនាក់ទំនងឱ្យនៅបានល្អ
- ឈ្វេងយល់ពីទីកន្លែងដែលមានផ្តល់ជំនួយនៅក្នុងតំបន់របស់អ្នក ដោយបង្កើតបញ្ជីឈ្មោះអង្គការ ឬស្ថាប័នពាក់ព័ន្ធដែលអាចជួយឱ្យអ្នកមានភាពងាយស្រួលក្នុងការទាក់ទងរកព័ត៌មានសេវាកម្មសុខភាព ជំនួយឧបត្ថម្ភ ក៏ដូចជាការប្រឹក្សាយោបល់ផ្នែកផ្លូវចិត្ត និងធនធានផ្សេងៗ
- បង្កើតបញ្ជីលេខទូរស័ព្ទសម្រាប់ទំនាក់ទំនងជាមួយអ្នកផ្សេងទៀតនៅពេលមានករណីបន្ទាន់ ដូចជាក្រុមគ្រួសារ មិត្តភក្ដិ អ្នកជិតខាង គ្រូបង្រៀន និយោជក មណ្ឌលសុខភាព មន្ទីរពេទ្យ អាជ្ញាធរមូលដ្ឋាន និងអ្នកផ្សេងទៀតនៅក្នុងសហគមន៍
២- អនុវត្តទម្លាប់អនាម័យស្អាត និងគ្រប់សកម្មភាពនៅក្នុងផ្ទះ
- ក្រើនរំលឹកសមាជិកទាំងអស់នៅក្នុងគ្រួសារអំពីសារសំខាន់នៃការរក្សាអនាម័យជាប្រចាំ ដែលអាចជួយការពារខ្លួនពីជំងឺផ្លូវដង្ហើមដ៏អាក្រក់នេះ ដូចជាជៀសវាងការប៉ះផ្ទាល់អ្នកដែលឈឺសម្រាកនៅផ្ទះ ប្រសិនបើឈឺប្រើក្រដាសអនាម័យនៅពេលដែលក្អក ឬកណ្ដាស់ សម្អាតនិងសម្លាប់មេរោគវត្ថុដែលអ្នកប៉ះពាល់ញឹកញាប់ និងផ្ទៃខាងក្រៅរបស់វាដូចជា តុ ទូ កុងតាក់ភ្លើង ដៃទ្វារ
- លាងសម្អាតដៃជាមួយសាប៊ូ និងទឹកយ៉ាងតិច ២០វិនាទី ជាពិសេសបន្ទាប់ពីប្រើប្រាស់បន្ទប់ទឹក មុនពេលទទួលទានអាហារ និងបន្ទាប់ពីការប៉ះច្រមុះ ក្អក ឬកណ្ដាស់។ ប្រសិនបើគ្មានសាប៊ូ និងទឹក អាចប្រើប្រាស់អាល់កុលសម្រាប់លាងដៃដែលមានកម្រិតអាល់កុលយ៉ាងហោចណាស់ ៦០ភាគរយ
- ដាក់បុគ្គលណាដែលឈឺឲ្យនៅក្នុងបន្ទប់ដាច់ដោយឡែកពីគេ
៣- ត្រៀមខ្លួនសម្រាប់ការផ្អាកបណ្ដោះអាសន្ននៅសាលារៀន និងកន្លែងថែទាំកូនរបស់អ្នក
ដើម្បីចូលរួមកាត់បន្ថយការរីករាលដាលនៃជំងឺនេះ រដ្ឋាភិបាលតាមរយៈក្រសួងអប់រំ យុវជន និងកីឡា បានណែនាំឱ្យគ្រប់គ្រឹះស្ថានសិក្សាទាំងរដ្ឋ និងឯកជននៅទូទាំងប្រទេសផ្អាកការសិក្សាជាបណ្ដោះអាសន្ន។ ដូចនេះការតាមដាន ការលើកទឹកចិត្តកូនអ្នកឲ្យសិក្សាតាមអនឡាញ និងស្វ័យសិក្សាពិតជាមានសារសំខាន់ណាស់។
៤- រៀបចំផែនការសម្រាប់ភាពផ្លាស់ប្ដូរនៅកន្លែងការងាររបស់អ្នក
- ពិភាក្សាពីគោលនយោបាយឈប់សម្រាកនៅពេលឈឺ និងប្រើប្រាស់ទំនាក់ទំនងតាមប្រព័ន្ធបច្ចេកវិទ្យាសម្រាប់អ្នកដែលឈឺ ឬមានសមាជិកគ្រួសារដែលឈឺនៅផ្ទះ
សកម្មភាពដែលត្រូវអនុវត្តពេលកូវីដ១៩ ផ្ទុះឡើងនៅក្នុងសហគមន៍
- សម្រាកនៅផ្ទះនៅពេលដែលអ្នកមានរោគសញ្ញាដូចទៅនឹងជំងឺកូវីដ១៩ ដូចជា ក្តៅខ្លួន ក្អក និងពិបាកក្នុងការដកដង្ហើម
- នៅឲ្យឆ្ងាយពីអ្នកដែលឈឺ
- រក្សាគម្លាតជាមួយអ្នកដទៃតាមដែលអាចធ្វើទៅបាន (ប្រហែល ២ម៉ែត្រ)
- ស្វែងរកព័ត៌មានថ្មីៗអំពីស្ថានភាពជំងឺនៅក្នុងតំបន់ដែលអ្នករស់នៅពីអ្នកជំនាញ
- សម្រាកនៅផ្ទះប្រសិនបើអ្នកឈឺ ឬប្រសិនបើសមាជិកនៅផ្ទះឈឺ គួរតែសម្រាកនៅផ្ទះដូចគ្នា ជៀសវាងការចម្លងជំងឺទៅអ្នកដទៃ
- បន្តអនុវត្តទម្លាប់អនាម័យស្អាត និងគ្រប់សកម្មភាពផ្សេងៗដូចជា សម្អាត និងសម្លាប់មេរោគវត្ថុដែលអ្នកប៉ះពាល់ញឹកញាប់ និងប្រើក្រដាសអនាម័យនៅពេលដែលក្អក ឬកណ្ដាស់ លាងសម្អាតដៃជាមួយសាប៊ូ និងទឹកយ៉ាងតិច ២០វិនាទី និងប្រើប្រាស់អាល់កុលសម្រាប់លាងដៃដែលមានកម្រិតអាល់កុល ៦០ភាគរយ។
- ឱ្យបុគ្គលណាដែលឈឺស្នាក់នៅក្នុងបន្ទប់ និងប្រើបន្ទប់ទឹកដាច់ដោយឡែកពីគេ
- យកចិត្តទុកដាក់ចំពោះសុខភាពផ្លូវអារម្មណ៍សមាជិកគ្រួសារអ្នក ជាពិសេសកុមារ និងយុវវ័យ ដោយព្យាយាមពន្យល់និងណែនាំពួកគេពីជំងឺនេះ
១- ជូនដំណឹងទៅកន្លែងការងាររបស់អ្នក ប្រសិនបើអ្នកត្រូវការផ្លាស់ប្ដូរពេលវេលាការងារ
- ផ្តល់ដំណឹងទៅកន្លែងធ្វើការរបស់អ្នកភ្លាមៗ បើអ្នកចង់ផ្លាស់ប្ដូរការងារក្នុងករណីអ្នកមិនស្រួលខ្លួន ឬមានសមាជិកគ្រួសារដែលមានរោគសញ្ញាដូចកូវីដ១៩ ក៏ដូចជាករណីសាលារៀនកូនរបស់អ្នកត្រូវបានផ្អាកជាបណ្ដោះអាសន្ន
២- វិធីសាស្ត្រការពារកុមារពីការរីករាលដាលនៃជំងឺ
- ផ្តល់ដំណឹងដល់សាលារៀន ប្រសិនបើកូនអ្នកកើតជំងឺនេះ ក៏ដូចជាធ្វើការទាក់ទងជាមួយគ្រូអំពីការសិក្សាពីផ្ទះ និងជួយតាមឱ្យទាន់កម្មវិធីសិក្សារបស់សាលាដើម្បីជាព័ត៌មានដល់កូនអ្នក
- តាមដានការផ្អាកសាលារៀននៅក្នុងសហគមន៍របស់អ្នក
- កាត់បន្ថយការជួបជុំរបស់កុមារ និងយុវវ័យនៅទីសាធារណៈដើម្បីកាត់បន្ថយការរីករាលដាលនៃជំងឺនៅក្នុងសហគមន៍
សកម្មភាពដែលគួរអនុវត្តនៅពេលដែលកូវីដ១៩ បានបញ្ចប់
យើងត្រូវចងចាំថា ការផ្ទុះឡើងនៃជំងឺកូវីដ១៩ អាចមានរយៈពេលវែង ហើយការចូលរួមពីបុគ្គលម្នាក់ៗនៅក្នុងសហគមន៍វាពិតជាមានសារសំខាន់ណាស់ក្នុងការចូលរួមទប់ស្កាត់ជំងឺនេះ។ ដូច្នេះនៅពេលជំងឺនេះបានរលត់ទៅវិញ វាពិតជាសំខាន់ណាស់ដែលបុគ្គលគ្រប់រូបត្រូវចូលរួមរៀបចំសម្អាតផ្ទះរៀងៗខ្លួនក៏ដូចជាសហការជាមួយក្រុមអ្នកជំនាញសុខភាព ដើម្បីរៀបចំផែនការ និងគោលនយោបាយផ្សេងៗសម្រាប់ប្រយុទ្ធប្រឆាំងជំងឺផ្សេងៗនាពេលអនាគត។
- ពិភាក្សា និងកត់ចំណាំនូវមេរៀនដែលអ្នកទទួលបានពីជំងឺនេះ
- ចែករំលែកពីចំណុចល្អនូវការការពារខ្លួនដែលអ្នកបានអនុវត្ត ក៏ដូចជាលើកឡើងពីតម្រូវការដែលអ្នកបានជួបប្រទះទៅកាន់សហគមន៍
- បន្តការអនុវត្តការការពារជារៀងរាល់ថ្ងៃ
- យកចិត្តទុកដាក់ពីបញ្ហាផ្លូវចិត្តរបស់សមាជិកគ្រួសារអ្នក ដោយធ្វើការចែករំលែកពីអារម្មណ៍ទៅវិញទៅមក និងចំណាយពេលវេលាល្អជាមួយគ្រួសារ និងមិត្តភក្ដិឲ្យបានច្រើន
- លើកទឹកចិត្តកូនរបស់អ្នកចែករំលែកពីការយល់ឃើញ និងក្តីបារម្ភដែលបានជួបប្រទះកន្លងមក ដើម្បីជួយពួកគេក្នុងការសម្របខ្លួនទៅនឹងការផ្ទុះឡើងនៃជំងឺ៕