ក្នុងអំឡុងពេលរាតត្បាតដំបូងនៃជំងឺកូវីដ១៩ មនុស្សជាច្រើនបានបង្ខំចិត្តធ្វើការពីផ្ទះ អនុវត្តគម្លាតសង្គមដើម្បីចូលរួមកាត់បន្ថយការរីករាលដាលនៃជំងឺនេះ។ ប៉ុន្តែវាមិនមែនជាជម្រើសរបស់មនុស្សជាច្រើនទៀតនោះទេ ជាពិសេសអ្នកធ្វើការនៅក្នុង ឬទាក់ទងនឹងវិស័យទេសចរណ៍ទាំងផ្ទាល់និងមិនផ្ទាល់ ព្រោះពួកគេត្រូវបានបាត់បង់ការងាររបស់ខ្លួន។
ការរឹតបន្តឹងជើងហោះហើរក្នុងគោលបំណងទេសចរណ៍ បានធ្វើឱ្យអាជីវកម្មក្នុងវិស័យបដិសណ្ឋារកិច្ច ដូចជាភោជនីយដ្ឋាននិងសណ្ឋាគារជាច្រើនមានការលំបាកក្នុងការបន្តដំណើរការ។ នៅកម្ពុជា ការថយចុះយ៉ាងខ្លាំងនៃចំនួនភ្ញៀវទេសចរបរទេស បានដាក់ម្ចាស់ភោជនីយដ្ឋាន និងសណ្ឋាគារក្នុងស្ថានភាពដ៏ពិបាកមួយ។
ក្នុងរយៈពេល ៦ខែដើមឆ្នាំ២០២០ ភ្ញៀវទេសចរអន្តរជាតិដែលចូលមកប្រទេសកម្ពុជា ធ្លាក់មកត្រឹមតែជាង ១លាន ៤សែននាក់ប៉ុណ្ណោះ ធៀបនឹងរយៈពេលដដែលក្នុងឆ្នាំ២០១៩ ជនបរទេសដែលចូលមកក្នុងស្រុកខ្មែរមានចំនួនប្រមាណជាង ៣លាន ៣សែននាក់។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍។
ម្ចាស់អាជីវកម្មត្រូវតែសម្រេចចិត្តក្នុងចំណោមជម្រើសដ៏លំបាក ដើម្បីបន្តអាជីវកម្មទៅមុខ ក្នុងនោះមានការកាត់ប្រាក់ខែបុគ្គលិកក្នុងរយៈពេលកំណត់មួយ ការកាត់បន្ថយចំនួនបុគ្គលិកក្នុងប្រតិបត្តិការ ឬផ្អាកអាជីវកម្មជាបណ្ដោះអាសន្ន។ ក្នុងករណីអាក្រក់បំផុត គឺការបិទការរកស៊ីទាំងស្រុង។
អ្នកស្រី មាស សារឿន វ័យ ៣១ឆ្នាំ គឺជាអតីតមេចុងភៅម្ហូបបរទេសនៅក្នុងភោជនីយដ្ឋានមិត្តសំឡាញ់ បានបាត់បង់ការងារជាង ១០ឆ្នាំរបស់ខ្លួននៅពេលដែលជំងឺកូវីដបានវាយលុកខ្លាំង។ នៅក្នុងខែដែលអ្នកស្រី សារឿន បានបាត់បង់ការងារ ចំនួនភ្ញៀវទេសចរបរទេសដែលចូលមកកម្ពុជាមានត្រឹមតែ ៤.៨៤១នាក់ប៉ុណ្ណោះកាលពីខែមេសា កន្លងទៅនេះ។
ដោយសារវិបត្តិកូវីដ១៩ ភោជនីយដ្ឋានមិត្តសំឡាញ់បានសម្រេចចិត្តបិទការដំណើរការបណ្ដោះអាសន្ន ព្រោះដោយសារចំនួនភ្ញៀវធ្លាក់ចុះខ្លាំង និងថវិកាជំនួយត្រូវបានប្រើប្រាស់អស់។
ភោជនីយដ្ឋានមិត្តសំឡាញ់ គឺជាភោជនីយដ្ឋានសប្បុរសធម៌មួយបង្កើតឡើងដោយអង្គការមិត្តសំឡាញ់ ដើម្បីបណ្តុះបណ្តាលជំនាញចម្អិនអាហារទាំងម្ហូបខ្មែរ និងលោកខាងលិចសម្រាប់សិស្សដែលរៀននៅអង្គការនេះ។ ភោជនីយដ្ឋានមិត្តសំឡាញ់ពឹងផ្អែកខ្លាំងលើភ្ញៀវទេសចរអន្តរជាតិក្នុងការដំណើរការ និងផ្គត់ផ្គង់ថវិកាបុគ្គលិក។ បេសកកម្មចម្បងរបស់អង្គការមិត្តសំឡាញ់ គឺដើម្បីផ្តល់ជំនួយដល់កុមារទីទ័លក្រដែលអាយុពី ២៤ឆ្នាំចុះក្រោម ដើម្បីឱ្យពួកគេមានអាជីពសមរម្យមួយនៅក្នុងសង្គម។
ក្នុងរយៈពេលមួយពព្រិចភ្នែក បុគ្គលិករបស់គម្រោងភោជនីយដ្ឋាននេះសរុប ៧០នាក់ត្រូវបានបាត់បង់ការងារ។
អ្នកស្រី សារឿន បានរៀបរាប់ពីសកម្មភាពភោជនីយដ្ឋានមុននឹងពេលរាតត្បាតនៃជំងឺកូវីដ១៩ថា៖ «សកម្មភាពនៅហាងគឺខុសគ្នាទាំងស្រុងតែម្តង ពីហាងមួយដែលធ្លាប់តែល្បីដែលមានចរន្តភ្ញៀវចេញចូលយ៉ាងច្រើន ប្តូរមកជាស្ងាត់។ មួយថ្ងៃយើងធ្លាប់តែមានភ្ញៀវពី ២៥០នាក់ទៅ ៣៥០នាក់។ នៅពេលកូវីដ១៩ផ្ទុះខ្លាំងមែនទែន ថ្ងៃខ្លះយើងមានភ្ញៀវតែ ៦ ទៅ ៧នាក់ប៉ុណ្ណោះនៅក្នុងហាង»។
អ្នកស្រី សារឿន គឺជាកុមារកំព្រាម្នាក់ដែលបានចូលរៀននៅអង្គការមិត្តសំឡាញ់កាលពីអាយុ ១៦ឆ្នាំ។ អ្នកស្រីបានចាប់យកជំនាញធ្វើម្ហូបលោកខាងលិច។ បន្ទាប់ពីរៀនចប់ សារឿន បានចូលបម្រើការជាអ្នកជួយមេចុងភៅក្នុងឆ្នាំ២០០៨ ក្រោយមកទើបក្លាយជាមេចុងភៅ និងគ្រូបង្រៀនធ្វើបែបម្ហូបលោកខាងលិចប្រចាំហាង។ ការចម្អិនម្ហូប គឺជាជីវិតរបស់គាត់អស់រយៈពេល ១២ឆ្នាំហើយ។
អ្នកស្រី សារឿន ប្រាប់ទាំងទឹកមុខស្រងូតស្រងាត់ថា៖ «ជាធម្មតានៅម៉ោង ១១ ហាងចាប់ផ្តើមមានចរន្តភ្ញៀវចូល។ ខ្ញុំតែងតែចាប់ផ្តើមចម្អិនអាហារទាំងសប្បាយចិត្ត។ ក៏ប៉ុន្តែនៅម៉ោង ១១ ដូចគ្នានៅថ្ងៃដំបូងក្រោយពេលបាត់បង់ការងារ ខ្ញុំអង្គុយគិតនៅផ្ទះមិនដឹងថាត្រូវធ្វើអ្វីបន្ត។ ពេលនោះខ្ញុំមានភាពតានតឹងជាខ្លាំង»។
ស្រដៀងគ្នានឹងប្រជាជនមួយចំនួន អ្នកស្រី សារឿន មានការមើលស្រាលចំពោះឥទ្ធិពលនៃជំងឺនេះ ដោយគិតថាមិនយូរប៉ុន្មានអ្នកជំនាញនឹងរកវ៉ាក់សាំងការពារបាននៅពេលព័ត៌មាននៃជំងឺកូវីដ១៩បានលេចឮនៅក្នុងប្រទេសចិន នាពេលដំបូងៗ។
ការបាត់បង់ការងារ គឺជាអ្វីដែលខ្លួនមិនដែលគិតទាល់តែសោះ ព្រោះខ្លួនគិតថាការងាររបស់ខ្លួនដូចជាស្ថិតស្ថេរគួរសមដែរ។ នៅពេលទទួលដំណឹងថាខ្លួនត្រូវបានភោជនីយដ្ឋានបញ្ឈប់ភ្លាមៗ ដំបូងឡើយអ្នកស្រី សារឿន មិនហ៊ានប្រាប់គ្រួសារនោះទេ ព្រោះខ្លួននិងស្វាមីបានខ្ចីលុយធនាគារដើម្បីបង់រំលស់ផ្ទះ ដោយប្រើប្រាស់ចំណូលប្រចាំខែរបស់ខ្លួនរួមគ្នា។
«មុនពេលយើងហ៊ានខ្ចីលុយធនាគារ មកពីយើងដឹងថាយើងមានចំណូលប្រចាំខែស្ថិតស្ថេរ។ ប៉ុន្តែពេលខ្ញុំបាត់បង់ការងារភ្លាម ខ្ញុំមានកង្វល់លើរឿងនេះខ្លាំង។ ស្វាមីរបស់ខ្ញុំផ្តល់កម្លាំងចិត្តឱ្យខ្ញុំខ្លាំងនៅពេលនោះ»។
ជាមួយនឹងជំនាញដែលខ្លួនមាន គឺឯកទេសចម្អិនម្ហូបបែបលោកខាងលិច និងបទពិសោធន៍ជាង ១០ឆ្នាំនេះ អ្នកស្រី សារឿន បានដាក់ពាក្យចូលធ្វើការតាមបណ្តាភោជនីយដ្ឋាននានាសរុប ៤កន្លែង។ ប៉ុន្តែមកទល់បច្ចុប្បន្ននេះ គ្មានកន្លែងណាបានទាក់ទងមកអ្នកស្រីនោះទេ។
អ្នកស្រីគិតការមិនទាក់ទងនេះ អាចមកពីជំនាញរបស់ខ្លួនពឹងផ្អែកទៅលើភ្ញៀវទេសចរបរទេសទាំងស្រុង។ ដូចនេះ ប្រសិនបើគ្មានភ្ញៀវទេសចរបរទេស ភោជនីយដ្ឋានដែលនៅដំណើរការ ក៏មិនចាំបាច់ត្រូវការអ្នកជំនាញផ្នែកនេះដែរ។
«ពេលដែលភ្ញៀវទេសចរគាត់ចេញចូលមិនបាន វាមានការលំបាកក្នុងការយកជំនាញនេះទៅប្រើប្រាស់។ វាធ្វើខ្ញុំអង្គុយពិភាក្សាជាមួយគ្រួសារថាតើខ្ញុំត្រូវធ្វើអ្វីបន្ត»។
«ខ្ញុំគិតថាស្ថានភាពកូវីដ១៩ប៉ះពាល់មនុស្សជាច្រើន ជាពិសេសអ្នកដែលធ្វើការដើម្បីទ្រទ្រង់គ្រួសារតែម្នាក់ឯង។ ខ្ញុំគិតថាខ្លួនឯងសំណាងខ្លាំងដែលមានស្វាមីផ្ដួចផ្ដើមឱ្យងាកមកគ្រប់គ្រងអាជីវកម្ម»។
ការបាត់បង់ការងាររបស់អ្នកស្រី សារឿន ស្មើនឹងការបាត់បង់ចំណូលមួយផ្នែកធំក្នុងគ្រួសារ ហើយកាតព្វកិច្ចដែលត្រូវបង់ប្រាក់ជាង ៧០០ដុល្លារឱ្យធនាគារជារៀងរាល់ខែ ធ្វើឱ្យអ្នកស្រីមិនអាចបន្តនៅផ្ទះដោយមិនធ្វើអ្វីនោះទេ។
អ្នកស្រី សារឿន បានប្រើប្រាស់ប្រាក់អតីតភាពការងារដែលទទួលបានពីអង្គការ ដើម្បីទប់ទល់បំណុលធនាគារបានមួយរយៈ។ ស្ថានភាពរបស់គ្រួសារ បង្ខំឱ្យគាត់ចាំបាច់ត្រូវស្វែងរកអាជីវកម្មថ្មីមួយដើម្បីជួយសម្រាលអម្រែករបស់ស្វាមីក្នុងអំឡុងខែឧសភា។ សព្វថ្ងៃនេះ សារឿន បានគ្រប់គ្រងការលក់សម្លៀកបំពាក់បន្តពីស្វាមីរបស់គាត់ក្នុងតូបមួយនៅក្នុងផ្សារសំណង់១២។
ទន្ទឹមនឹងនេះ គាត់ក៏បើកទទួលទិញអនឡាញផងដែរ ព្រោះអ្នកស្រីជឿជាក់ថាលក់នៅក្នុងហាងតែមួយមុខ មិនអាចជួយទ្រទ្រង់ជីវភាពរបស់ខ្លួនបាននោះ។ ម្យ៉ាងទៀត អ្នកស្រីមើលឃើញថា សព្វថ្ងៃនេះមនុស្សភាគច្រើនមិនសូវចូលចិត្តទៅទិញសម្លៀកបំពាក់ដោយផ្ទាល់នោះទេ។
សម្រាប់ប្រាក់ចំណូលវិញ អ្នកស្រីបានឱ្យដឹងថា ខ្លួនអាចរកបានប្រហាក់ប្រហែលនឹងពេលធ្វើការដែរ ហើយម្យ៉ាងទៀត ខ្លួនមានសេរីភាពជាងមុន នៅពេលប្រកបអាជីវកម្មដោយខ្លួនឯង។ ប៉ុន្តែអាជីពជាចុងភៅ គឺជាអ្វីដែលអ្នកស្រី សារឿន ស្រឡាញ់ពិតប្រាកដ។
«ខ្ញុំនឹងមិនបោះបង់ជំនាញរបស់ខ្ញុំនោះទេ ពីព្រោះយើងបានខិតខំប្រឹងប្រែងរៀនជាច្រើនទាក់ទងនឹងការធ្វើម្ហូបនេះ។ នៅពេលដែលស្ថានភាពកូវីដ១៩ប្រសើរឡើងនៅថ្ងៃអនាគត ហើយមានភ្ញៀវទេសចរវិញ ខ្ញុំអាចនឹងមិនត្រឡប់ទៅធ្វើការឱ្យគេវិញនោះទេ។ ប៉ុន្តែខ្ញុំមានគំនិតចង់យកជំនាញរបស់ខ្លួនមកប្រើប្រាស់វិញតាមរយៈការបើកហាងលក់ម្ហូបអនឡាញសម្រាប់ជនបរទេស ហើយមានដឹកជញ្ជូនដល់កន្លែង»៕