ការផ្ទុះឡើងនៃជំងឺកូវីដ១៩ អាចបង្កភាពតានតឹងផ្លូវចិត្តដល់មនុស្សយើងគ្រប់គ្នា។ ភាពភ័យខ្លាច និងការព្រួយបារម្ភឥតឈប់ឈរពីជំងឺកូវីដ១៩ អាចបណ្តាលឱ្យមានការប៉ះពាល់ផ្លូវអារម្មណ៍ដល់មនុស្សពេញវ័យនិងកុមារ។ ការស្វែងរកដំណោះស្រាយលើបញ្ហាតានតឹងផ្លូវចិត្តនឹងធ្វើឱ្យខ្លួនយើង និងសហគមន៍កាន់តែរឹងមាំ។
ការផ្ទុះនៃជំងឺកូវីដ១៩ អាចបង្កភាពតានតឹងផ្លូវចិត្ត
ការផ្ទុះឡើងនៃជំងឺកូវីដ១៩ អាចបង្កភាពតានតឹងផ្លូវចិត្តដល់មនុស្សយើងគ្រប់គ្នា។ ភាពភ័យខ្លាច និងការព្រួយបារម្ភឥតឈប់ឈរពីជំងឺកូវីដ១៩ អាចបណ្តាលឱ្យមានការប៉ះពាល់ផ្លូវអារម្មណ៍ដល់មនុស្សពេញវ័យនិងកុមារ។ ការស្វែងរកដំណោះស្រាយលើបញ្ហាតានតឹងផ្លូវចិត្តនឹងធ្វើឱ្យខ្លួនយើង និងសហគមន៍កាន់តែរឹងមាំ។
ភាពតានតឹងផ្លូវចិត្ត (ស្ត្រេស) ដែលអាចកើតមានក្នុងអំឡុងពេលនៃជំងឺកូវីដ១៩ រួមមាន៖
- ភាពភ័យខ្លាច និងការព្រួយបារម្ភអំពីសុខភាពផ្ទាល់ខ្លួន និងសុខភាពរបស់គ្រួសារ
- ការប្រែប្រួលទម្លាប់គេង ឬការបរិភោគអាហារ
- ពិបាកគេង ឬពិបាកផ្តោតអារម្មណ៍
- បញ្ហាសុខភាពកាន់តែមានភាពធ្ងន់ធ្ងរ
- ស្ថានភាពសុខភាពផ្លូវចិត្តកាន់តែធ្ងន់ធ្ងរ
- ការកើនឡើងនៃការប្រើប្រាស់ គ្រឿងស្រវឹង ថ្នាំជក់ ឬ ថ្នាំផ្សេងទៀត
បុគ្គលម្នាក់ៗឆ្លើយតបខុសគ្នាទៅលើស្ថានភាពតានតឹងផ្លូវចិត្ត (ស្ត្រេស)
ការឆ្លើយតបនិងការដោះស្រាយខុសៗគ្នារបស់បុគ្គលនីមួយៗទៅលើការផ្ទុះឡើងនៃជំងឺកូវីដ១៩ គឺអាស្រ័យទៅនឹងពង្សសាវតា ជីវប្រវត្តិ និងបទពិសោធន៍ជីវិតរបស់ខ្លួន។
អ្នកដែលអាចទទួលរងការប៉ះពាល់ខ្លាំងដោយបញ្ហាស្ត្រេសគឺ៖
- មនុស្សចាស់ និងមនុស្សដែលមានជំងឺរ៉ាំរ៉ៃដែលមានហានិភ័យខ្ពស់នូវការវិវឌ្ឍទៅជាជំងឺធ្ងន់ធ្ងរពីជំងឺកូវីដ១៩
- កុមារ និងមនុស្សវ័យជំទង់
- វេជ្ជបណ្ឌិត អ្នកផ្តល់សេវាថែទាំសុខភាព និងអ្នកឆ្លើយតបដំបូងទៅនឹងជំងឺកូវីដ១៩
- អ្នកដែលមានស្ថានភាពសុខភាពផ្លូវចិត្ត និងអ្នកប្រើប្រាស់សារធាតុថ្នាំផ្សេងៗ
ការថែទាំសុខភាពខ្លួន និងសហគមន៍
ការយកចិត្តទុកដាក់លើការថែទាំសុខភាពរបស់ខ្លួនឯង មិត្តភក្តិ និងក្រុមគ្រួសាររបស់អ្នកអាចជួយដោះស្រាយស្ថានភាពតានតឹងផ្លូវចិត្តរបស់អ្នកបាន។ ការចេះជួយយកអាសារអ្នកដទៃក្នុងការដោះស្រាយបញ្ហាជំងឺស្រ្តេសរបស់ពួកគេ ក៏អាចធ្វើឱ្យសហគមន៍របស់អ្នកកាន់តែមានភាពរឹងមាំផងដែរ។
វិធីដោះស្រាយនឹងស្ថានភាពតានតឹងផ្លូវចិត្ត
- កាត់បន្ថយការមើល អាន ឬការស្តាប់ព័ត៌មានពីជំងឺកូវីដ១៩ ក្នុងប្រព័ន្ធផ្សព្វផ្សាយសង្គម ពីព្រោះការទទួលព័ត៌មានជាបន្តបន្ទាប់អាចធ្វើឱ្យយើងតានតឹងផ្លូវអារម្មណ៍។
- ថែរក្សារាងកាយ និងសុខភាពរបស់អ្នកដោយ៖
- ដកដង្ហើមវែងៗ ពត់ដៃពត់ជើង ឬ ធ្វើសមាធិ
- ព្យាយាមបរិភោគអាហារដែលមានសុខភាពល្អ
- ធ្វើលំហាត់ប្រាណជាទៀងទាត់ គេងឲ្យបានគ្រប់គ្រាន់
- ជៀសវាងការសេពគ្រឿងស្រវឹង និង ថ្នាំញៀន
- គួរមានពេលវេលាគ្រប់គ្រាន់សម្រាប់ខ្លួនឯងសម្រាកខ្លះ និងព្យាយាមធ្វើសកម្មភាពផ្សេងៗដើម្បីកម្សាន្តអារម្មណ៍
- ភ្ជាប់ទំនាក់ទំនងជាមួយមនុស្សផ្សេងទៀតតាមអុីនធឺណិត ឬតាមទូរស័ព្ទ ហើយពិភាក្សាពីកង្វល់ និងអារម្មណ៍របស់អ្នកជាមួយមនុស្សដែលខ្លួនអាចទុកចិត្តបាន។
តើអ្នកត្រូវការជំនួយទេ? តើអ្នកស្គាល់អ្នកដែលត្រូវការជំនួយទេ?
ប្រសិនបើអ្នក ឬបុគ្គលណាម្នាក់ដែលអ្នកស្គាល់មានអារម្មណ៍រំជួលចិត្ត ក្រៀមក្រំ បាក់ទឹកចិត្ត ឬ ថប់បារម្ភ ឬមានអារម្មណ៍ ថាអ្នកចង់ធ្វើបាបខ្លួនឯងឬអ្នកដទៃ៖
- សូមទំនាក់ទំនងទៅកាន់ប៉ូលិស ដោយទូរស័ព្ទមកលេខ ១១៧
- សម្រាប់អំពើហិង្សាក្នុងគ្រួសារ សូមទំនាក់ទំនងទៅកាន់ អង្គការលីកាដូ 023 727 102 ឬ 023 216 602 សម្រាប់ព័ត៌មានបន្ថែមសូមចុចទីនេះ https://www.licadho-cambodia.org/contact.php
សម្រាប់សុខភាពផ្លូវចិត្ត សូមទំនាក់ទំនងទៅកាន់ TPOកម្ពុជា 023 63 66 992 ឬ 095 666 826 សម្រាប់ព័ត៌មានបន្ថែមសូមចុចទីនេះ https://tpocambodia.org/contact-us ឬតាមរយ:ហ្វេសប៊ុក (Facebook) www.facebook.com/tpocambodia
វីធីសាស្រ្តដើម្បីជួយកាត់បន្ថយភាពតានតឹងឬការគិតច្រើនពេកពីជំងឺកូវីដ១៩
ការចេះបែងចែកព័ត៌មានពិតឬក្លែងក្លាយពីជំងឺកូវីដ១៩ និងការយល់ដឹងអំពីហានិភ័យខ្លួនអ្នកនិងគ្រួសារអ្នកពីការឆ្លងជំងឺនេះអាចជួយធ្វើឲ្យអ្នកធូរស្រាលអារម្មណ៍។
ថែរក្សាសុខភាពផ្លូវចិត្តរបស់អ្នក
សូមទំនាក់ទំនងទៅកាន់សេវាថែទាំសុខភាពរបស់អ្នកផ្ទាល់ប្រសិនបើមាន ឬសូមទំនាក់ទំនងទៅកាន់ TPOកម្ពុជា តាមរយ:ទូរស័ព្ទលេខ 023 63 66 992 ឬ 095 666 826 ប្រសិនបើអ្នកមានអារម្មណ៍ថាតានតឹងក្នុងចិត្តកើតមានក្នុងរយៈពេលជាច្រើនថ្ងៃជាប់ៗគ្នាមកហើយ។
សម្រាប់បុគ្គលដែលមានបញ្ហាសុខភាពផ្លូវចិត្ត គួរតែបន្តទទួលការព្យាបាល ហើយត្រូវមានភាពប្រុងប្រយ័ត្នខ្ពស់លើព័ត៌មានស្តីអំពីជំងឺកូវីដ១៩ ព្រោះវាអាចឱ្យធ្វើប៉ះពាល់ផ្លូវអារម្មណ៍កាន់តែខ្លាំង។
សម្រាប់ឪពុកម្តាយ
កុមារ និងក្មេងវ័យជំទង់ទទួលឥទិ្ធពល ឬការយល់ឃើញពីមនុស្សពេញវ័យដែលនៅជុំវិញខ្លួនពួកគេ។ ដូច្នេះវាពិតជាសំខាន់ណាស់នៅពេលដែលឪពុកម្តាយ និងគ្រួសារដោះស្រាយជាមួយស្ថានភាពជំងឺកូវីដ១៩ ដោយស្ងប់ស្ងាត់ ត្រឹមត្រូវ ច្បាស់លាស់ និងប្រកបដោយទំនុកចិត្តតាមដែលអាចធ្វើទៅបាន។ ការធ្វើបែបនេះ នឹងអាចជួយផ្តល់ការគាំទ្រគ្រប់គ្រាន់សម្រាប់កូនៗរបស់ពួកគេ។
អង្កេតមើលការផ្លាស់ប្តូរអាកប្បកិរិយារបស់កូនអ្នក
កុមារតូចៗ និងក្មេងជំទង់មិនសុទ្ធតែឆ្លើយតបទៅនឹងអារម្មណ៍តានតឹង (ស្រ្តេស) របស់ខ្លួនតាមរបៀបដូចគ្នានោះទេ។ ដូច្នេះឪពុកម្តាយត្រូវអង្កេតលើការផ្លាស់ប្តូរអាកប្បកិរិយាមួយចំនួនដូចជា៖
- កុមារតូចៗយំខ្លាំង ឬឆាប់ខឹង
- លេចចេញនូវឥរិយាបថកាលពីនៅតូចដូចជាលេចនោមលើគ្រែពេលគេង
- ការព្រួយបារម្ភខ្លាំងពេក
- ញុាំអាហារគ្មានសុខភាពឬគេងមិនលក់
- ឆាប់ខឹងនិងមានអាកប្បកិរិយា “ប្រឆាំង” នឹងឪពុកម្តាយរបស់ក្មេងជំទង់
- មិនសូវចង់រៀន ឬមិនចូលសាលារៀន
- ពិបាកផ្តោតអារម្មណ៍និងយកចិត្តទុកដាក់
- ជៀសវាងសកម្មភាពដែលខ្លួនចូលចិត្តធ្វើកាលពីមុន
- ឈឺក្បាលឬឈឺខ្លួនភ្លាមៗ
- ការប្រើប្រាស់គ្រឿងស្រវឹង ថ្នាំជក់ ឬថ្នាំផ្សេងៗទៀត
វិធីសាស្រ្តគាំទ្រកូនរបស់អ្នក
- ពិភាក្សាជាមួយកូនរបស់អ្នក អំពីការផ្ទុះឡើងនូវជំងឺកូវីដ១៩
- ចែករំលែកនិងពន្យល់ពីជំងឺកូវីដ១៩ ឱ្យបានត្រឹមត្រូវ និងតាមរបៀបដែលកូនៗរបស់អ្នកអាចយល់បាន
- ធានាដល់កូនៗរបស់អ្នកថាពួកគេមានសុវត្ថិភាព និងសុខភាពល្អ។ ឪពុកម្តាយត្រូវឱ្យពួកគេដឹងថាវាជារឿងធម្មតាទេ ប្រសិនបើពួកគេមានអារម្មណ៍ព្រួយបារម្ភ និងពិបាកចិត្តហើយចែករំលែកជាមួយពួកគេពីរបៀបក្នុងការដោះស្រាយភាពតានតឹង (ស្រ្តេស) របស់ខ្លួន។ ដូច្នេះពួកគេអាចរៀនពីរបៀបទាំងនេះបាន។
- ដាក់កំរិតលើការទទួលយកព័ត៌មានអំពីព្រឹត្តិការណ៍ជំងឺកូវីដ១៩នេះតាមរយ:ការផ្សព្វផ្សាយផ្សេងៗរួមទាំងតាមប្រព័ន្ធផ្សព្វផ្សាយសង្គមផងដែរ ពីព្រោះកុមារម្នាក់ៗអាចមានការបកស្រាយខុសៗគ្នាពីស្ថានភាពនិងព័ត៌មានដែលពួកគេមិនយល់ច្បាស់ ហើយអាចបង្កឱ្យមានភាពភ័យខ្លាច និងស្ត្រេស។
- ព្យាយាមរក្សាទម្លាប់ធម្មតារបស់ពួកគេដូចជាការសិក្សា ការទទួលទានអាហារ និងការកម្សាន្តនៅផ្ទះ។ ប្រសិនបើសាលារៀនត្រូវបានបិទ សូមបង្កើតកាលវិភាគសម្រាប់សកម្មភាពសិក្សា និងសកម្មភាពបន្ធូរអារម្មណ៍ ឬសកម្មភាពសប្បាយរីករាយផ្សេងៗ។
- ឪពុកម្តាយគួរធ្វើជាគំរូដល់បុត្រធីតារបស់ខ្លួនដោយសម្រាកឱ្យបានគ្រប់គ្រាន់ ធ្វើលំហាត់ប្រាណឱ្យបានច្រើន និងបរិភោគអាហារឱ្យបានទៀងទាត់ ហើយឧស្សាហ៍ភ្ជាប់ទំនាក់ទំនងជាមួយមិត្តភក្តិ និងសមាជិកគ្រួសាររបស់អ្នក។
សម្រាប់បុគ្គលដែលមានហានិភ័យខ្ពស់ក្នុងការវិវឌ្ឍទៅជំងឺធ្ងន់ធ្ងរ
អ្នកដែលមានហានិភ័យខ្ពស់ក្នុងការវិវឌ្ឍទៅជាជំងឺធ្ងន់ធ្ងរបន្ទាប់ពីការឆ្លងមេរោគកូរ៉ូណាមានដូចជាមនុស្សវ័យចំណាស់ និងអ្នកដែលកំពុងមានបញ្ហាសុខភាពក៏ប្រឈមខ្ពស់នឹងការកើតជំងឺស្ត្រេសផងដែរដោយសារជំងឺកូវីដ១៩។
- មនុស្សវ័យចំណាស់ និងជនពិការ ពីព្រោះពួកគេប្រឈមខ្ពស់នឹងបញ្ហាសុខភាពផ្លូវចិត្តដូចជាភាពតប់ប្រមល់ធុញថប់
- បញ្ហាសុខភាពផ្លូវចិត្តអាចមានរោគសញ្ញាខាងរាងកាយដូចជាឈឺក្បាលឬឈឺពោះហើយខាងស្មារតីដូចជាមានបញ្ហាក្នុងការផ្តោតអារម្មណ៍
- វេជ្ជបណ្ឌិតក៏នឹងអាចខកខានកំនត់អំពីសុខភាពផ្លូវចិត្តទៅលើ៖
- ជនពិការ ដោយសារតែការយកចិត្តទុកដាក់ទាំងស្រុងត្រូវបានផ្តោតលើការព្យាបាលស្ថានភាព សុខភាពរបស់ពួកគេ បើប្រៀបធៀបទៅនឹងបុគ្គលធម្មតា។
- មនុស្សវ័យចំណាស់ ដោយសារតែ ភាពមួរម៉ៅតប់ប្រមល់ត្រូវបានគេយល់ច្រឡំជាផ្នែកធម្មតារបស់មនុស្សចាស់។
ប្រតិកម្មទូទៅទៅលើជំងឺកូវីដ១៩
- ការព្រួយបារម្ភអំពីអ្នកមានហានិភ័យខ្ពស់នៃការវិវឌ្ឍទៅជាជំងឺធ្ងន់ធ្ងរក្រោយឆ្លងជំងឺកូវីដ១៩។
- ការព្រួយបារម្ភពីការរំខាននូវការទទួលសេវាកម្មថែទាំសុខភាពឬសេវាកម្មប្រចាំថ្ងៃផ្សេងៗ ដោយសារការផ្អាក និងការបិទទីតាំងទាំងនោះ។
- មានអារម្មណ៍កណ្តោចកណ្តែង និងដាច់ដោយឡែកពីគេជាពិសេសបុគ្គលដែលរស់នៅតែម្នាក់ឯងឬនៅតែក្នុងសហគមន៍ដែលមិនអនុញ្ញាតឱ្យមានការចេញចូលដោយសារតែការផ្ទុះឡើងនៃជំងឺកូវីដ១៩។
- មានអារម្មរណ៍ថាខ្លាចអ្នកដែលជួយជាមួយសកម្មភាពនៃការរស់នៅប្រចាំថ្ងៃទើសចិត្ត។
- ការកើនឡើងនៃភាពតប់ប្រមល់ធុញថប់ ប្រសិនបើពួកគេ៖
- មានបញ្ហាសុខភាពផ្លូវចិត្តស្រាប់មុនពេលការផ្ទះឡើងនៃជំងឺកូវីដ១៩
- រស់នៅក្នុងគ្រួសារដែលមានប្រាក់ចំណូលទាបឬពុំមានវិធីធ្វើការស្វែងយល់ច្រើនពីជំងឺកូវីដ១៩
- រងការមាក់ងាយឬរើសអើង ដោយសារតែអាយុ ពូជសាសន៍ឬជាតិសាសន៍ ភាពពិការ ឬលទ្ធភាពនៃការចម្លងជំងឺកូវីដ១៩
ការគាំទ្រមនុស្សជាទីស្រឡាញ់របស់អ្នក
យើងត្រូវប្រាស្រ័យទាក់ទងនិងសួរសុខទុក្ខមនុស្សជាទីស្រឡាញ់របស់ខ្លួនឱ្យបានញឹកញាប់តាមរយ:ប្រព័ន្ធអុីនធឺណិតដើម្បីកុំឱ្យពួកគេមានអារម្មណ៍ឯកោ។ ការភ្ជាប់ទំនាក់ទំនងជាមួយមនុស្សជាទីស្រឡាញ់អាចតាម៖
- ទូរស័ព្ទ
- អ៊ីមែល
- ការផ្ញើសំបុត្រ
- ការផ្ញើសារទូរស័ព្ទ
- វីដេអូ
- ប្រព័ន្ធផ្សព្វផ្សាយសង្គមផ្សេងៗ
ការជួយមើលថែរក្សាមនុស្សជាទីស្រឡាញ់
- ប្រាកដថាអ្នកជាទីស្រឡាញ់មានថ្នាំដែលពួកគេកំពុងប្រើប្រាស់គ្រប់គ្រាន់ក្នុងរយៈពេល ៤សប្តាហ៍ ហើយមើលថា តើពួកគេមានត្រូវការជំនួយបន្ថែមអ្វីខ្លះដូចជា ម្ហូបអាហារ និងរបស់របរប្រើប្រាស់ផ្សេងៗ
- តាមដានការផ្គត់ផ្គង់ខាងផ្នែកវេជ្ជសាស្រ្តផ្សេងទៀតដូចជាបំពង់អុកស៊ីសែន ការលាងឈាម។ល។
- ស្តុកទុកនូវអាហារដែលមិនងាយខូចឬរលួយដូចជា អាហារកំប៉ុង សាច់ងៀត ស៊ុត ដើម្បីកាត់បន្ថយការធ្វើដំណើរទៅផ្សារឬហាងលក់គឿងទេស។
- ប្រសិនបើមានមនុស្សជាទីស្រឡាញ់រស់នៅក្នុងមណ្ឌលថែទាំឬមណ្ឌលចាស់ជរា អ្នកគួរតាមដានស្ថានភាព និងឧស្សាហ៍ទាក់ទងទៅកាន់អ្នកគ្រប់គ្រងឬបុគ្គលិកនៅទីនោះតាមទូរស័ព្ទព្រមទាំងតាមដានអំពីសុខភាពរបស់អ្នកនៅទីនោះផ្សេងៗទៀត ឱ្យបានញឹកញាប់និងដឹងពីពិធីបង្ការប្រសិនបើមានការផ្ទុះឡើងនៃជំងឺកូវីដ១៩។
- ការថែទាំមនុស្សជាទីស្រឡាញ់ឬមនុស្សចាស់អាចធ្វើឱ្យប៉ះពាល់ដល់អារម្មណ៍ជាពិសេសនៅពេលមានការផ្ទុះជំងឺកូវីដ១៩ ដូច្នេះត្រូវមានវិធានការដើម្បីការថែរក្សាសុខភាពផ្លូវចិត្តរបស់ខ្លួនឯង។
- នៅផ្ទះប្រសិនបើអ្នកឈឺជៀសវាងការទៅលេងក្រុមគ្រួសារ ឬមិត្តភក្តិហើយគួរប្រើប្រព័ន្ធអុិនធើណេតដើម្បីធ្វើការទំនាក់ទំនងទៅកាន់មនុស្សជាទីស្រឡាញ់របស់អ្នកដើម្បីសុវត្ថិភាពពួកគេ។
អ្នកផ្តល់សេវាថែទាំសុខភាពអាច៖
- ជួយសម្រួលដល់ការប្រើប្រាស់ប្រព័ន្ធអុិនធើណេតដល់មនុស្សចាស់ជាមួយគ្រួសាររបស់ពួកគាត់ ដើម្បីជួយកាត់បន្ថយអារម្មណ៍តានតឹងតប់ប្រមល់និងអារម្មណ៍ឯកោ។
- ឱ្យមនុស្សវ័យចាស់និងជនពិការដឹងថាវាជារឿងធម្មតាទេដែលពួកគេមានអារម្មណ៍តានតឹងក្នុងចិត្តពេលមានវិបត្តិជំងឺកូវីដ១៩នេះកើតឡើង ហើយរំលឹកពួកគាត់ឱ្យសុំនិងទទួលយកជំនួយនៅពេលមានបញ្ហា។
- មាននីតិវិធីនិងការត្រៀមខ្លួនក្នុងករណីមាននរណាម្នាក់បង្ហាញពីការព្រួយបារម្ភខ្លាំងឬបង្ហាញពីបំណងចង់ធ្វើបាបខ្លួនឯងឬអ្នកដទៃ។
សហគមន៍អាច៖
ការរៀបចំផែនការបស់សហគមន៍ប្រឆាំងនឹងជំងឺកូវីដ១៩ គួររួមបញ្ចូលនូវតម្រូវការរបស់មនុស្សវ័យចំណាស់ និងជនពិការ និងអង្គការពាក់ព័ន្ធផ្សេងៗ។
- មនុស្សភាគច្រើនដែលរស់នៅក្នុងសហគមន៍ពឹងផ្អែកលើសេវាកម្ម និងការគាំទ្រដែលបានផ្តល់ជូនទៅគ្រួសារឬទៅសហគមន៍របស់ពួកគេលើការថែរក្សាសុខភាព និងឯករាជ្យភាព។
- មណ្ឌលសុខភាពឬចាស់ជរាក្នុងសហគមន៍គួរទទួលការអប់រំលើវិធីបង្ការ និងការណែនាំស្តីពីការរីករាលដាលនៃជំងឺកូវីដ១៩។
សម្រាប់អ្នកដែលចេញពីការដាក់នៅដោយឡែក
វាពិតជាមានភាពតានតឹងផ្លូវចិត្តត្រូវបានអ្នកផ្តល់សេវាថែទាំសុខភាពដាក់ឱ្យនៅដោយឡែកពីអ្នកដទៃ ពីព្រោះពួកគេគិតថាអ្នកអាចនឹងត្រូវបានឆ្លងជំងឺកូវីដ១៩ ទោះបីអ្នកមិនបង្ហាញនូវអាការ:ណាមួយក៏ដោយ។ បុគ្គលមា្នក់ៗនឹងអាចមានអារម្មណ៍ខុសគ្នាបន្ទាប់ពីចេញពីការដាក់ឱ្យនៅដោយឡែក ហើយអារម្មណ៍ទាំងនោះអាចរួមមាន៖
- ភាពច្របូកច្របល់រួមទាំងអារម្មណ៍ធូរស្បើយបន្ទាប់ពីការដាក់ឱ្យនៅដោយឡែក
- ភាពភ័យខ្លាចនិងព្រួយបារម្ភអំពីសុខភាពផ្ទាល់ខ្លួននិងសុខភាពរបស់មនុស្សជាទីស្រឡាញ់
- ស្ត្រេសពីការឃ្លាំមើលខ្លួនអ្នកឬត្រូវបានគេតាមដានលើសញ្ញានិងរោគសញ្ញារបស់ជំងឺកូវីដ១៩
- ភាពក្រៀមក្រំ ខឹង ឬមួម៉ៅព្រោះត្រូវបានគេមានការភ័យខ្លាចឆ្លងមកពីខ្លួនអ្នក ទោះបីជាអ្នកបានប្រាប់ថាមិនមានបញ្ហាអ្វីក៏ដោយ
- មានអារម្មណ៍ថាមានកំហុសដោយមិនអាចអនុវត្តការងារធម្មតាឬភារកិច្ចក្នុងនាមជាឪពុកម្តាយក្នុងអំឡុងពេលគេដាក់ឱ្យនៅដោយឡែក
- សុខភាពផ្លូវចិត្តឬផ្លូវអារម្មណ៍ផ្សេងៗ
កុមារតូចៗក៏អាចមានអារម្មណ៍មិនសប្បាយចិត្តឬបង្ហាញអារម្មណ៍ផ្សេងៗទៀតប្រសិនបើពួកគេឬនរណាម្នាក់ដែលពួកគេស្គាល់ត្រូវបានគេឱ្យចេញពីការដាក់នៅដោយឡែក។
សម្រាប់អ្នកឆ្លើយតបផ្ទាល់ទៅនឹងជំងឺកូវីដ១៩
ការឆ្លើយតបទៅនឹងជំងឺកូវីដ១៩អាចជះឥទ្ធិពលដល់អារម្មណ៍ផ្លូវចិត្តរបស់អ្នក ហើយការប៉ះទង្គិចផ្លូវចិត្តនេះ (ស្រ្តេស) ដែលបង្កឡើងដោយជំងឺកូវីដ១៩ នឹងអាចកើតឡើងវិញលើកក្រោយម្តងទៀតតាមរយ:បទពិសោធន៍អតីតកាលពីការប៉ះទង្គិចផ្លូវចិត្តរបស់ខ្លួន។
ប្រភេទស្ត្រេសនេះគេហៅថា “ស្ត្រេសកើតឡើងលើកទី២” ដែលបណ្តាលមកពីបទពិសោធន៍ស្រ្តេសអតីតរបស់ខ្លួនជាជាងការប៉ះទង្គិចផ្លូវចិត្តនឹងព្រឹត្តិការណ៍ណាមួយក្នុងពេលបច្ចុប្បន្ន។
វិធីមួយចំនួនដែលអ្នកអាចអនុវត្តដើម្បីកាត់បន្ថយស្ត្រេសកើតឡើងលើកទី២៖
- ត្រូវទទួលស្គាល់ថាស្ត្រេសកើតឡើងលើកទី២នេះអាចជះឥទ្ធិពលដល់មនុស្សគ្រប់គ្នា បន្ទាប់ពីមានបទពិសោធន៍រន្ធត់ទៅនឹងព្រឹត្តិការណ៍ដ៏តក់ស្លុតណាមួយ
- យល់ដឹងពីរោគសញ្ញាផ្នែករាងកាយដូចជាការអស់កម្លាំងល្ហិតល្ហៃ និងរោគសញ្ញាផ្នែកផ្លូវចិត្តដូចជាការភ័យខ្លាចស្លន់ស្លោ ទន់ដៃទន់ជើង
- ទុកពេលវេលាគ្រប់គ្រាន់ឱ្យខ្លួនអ្នក និងគ្រួសាររបស់អ្នកធូរស្បើយពីព្រឹត្តិការណ៍នៃរោគរាតត្បាតមួយនេះ
- បង្កើតបញ្ជីស្តីពីរបៀបនៃការថែទាំសុខភាពខ្លួនឯងដូចជាចំណាយពេលជាមួយមិត្តភក្ដិ និងក្រុមគ្រួសារ ការធ្វើលំហាត់ប្រាណ ការអានសៀវភៅ ឬការធ្វើអ្វីមួយដែលអ្នកពេញចិត្ត
- សម្រាកពីការស្តាប់ ឬទទួលព័ត៌មានសី្តពីជំងឺកូវីដ១៩
- ស្នើសុំជំនួយប្រសិនបើអ្នកមានការព្រួយបារម្ភថាជំងឺកូវីដ១៩កំពុងប៉ះពាល់ដល់សមត្ថភាពរបស់អ្នកក្នុងការថែរក្សាសុខភាពខ្លួនអ្នក និងគ្រួសារអ្នក ឬអ្នកជំងឺរបស់អ្នកដែលអ្នកអាចធ្វើបាន មុនពេលនៃការផ្ទុះជំងឺរាតត្បាតមួយនេះ៕