ក្នុងសន្និសីទកាសែតមួយកាលពីថ្ងៃទី២៣ ខែមេសា នេះ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) បានលើកឡើងនូវគំនិតមួយពីការប្រើប្រាស់កាំរស្មីពន្លឺយូវី (UV) ដើម្បីបង្ការការឆ្លង និងព្យាបាលជំងឺកូវីដ១៩។
ការនិទាន
វត្តមានច្រើននៃកាំរស្មីពន្លឺយូវី (UV) ជាមធ្យោបាយមានប្រសិទ្ធភាពមួយក្នុងការទប់ទល់ជំងឺកូវីដ១៩ នៅក្នុងរាងកាយ។
ពិត ឬមិនពិត?
មិនពិត
អ្វីដែលអ្នកត្រូវឈ្វេងយល់
ក្នុងសន្និសីទកាសែតមួយកាលពីថ្ងៃទី២៣ ខែមេសា នេះ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) បានលើកឡើងនូវគំនិតមួយពីការប្រើប្រាស់កាំរស្មីពន្លឺយូវី (UV) ដើម្បីបង្ការការឆ្លង និងព្យាបាលជំងឺកូវីដ១៩។ លោកបានមានប្រសាសន៍ថា៖ “បើសិនជាបាញ់កាំរស្មីពន្លឺយូវីចូលទៅខាងក្នុងខ្លួនមនុស្សតាមរយៈស្បែក ឬតាមវិធីផ្សេងៗទៀតដែលពន្លឺនេះអាចជ្រាបចូលបានដើម្បីសម្លាប់មេរោគបានឆាប់រហ័សនោះ គំនិតទាំងមូលគឺពិតជាមានឥទ្ធិពល និងសក្ដានុពលខ្លាំងណាស់”។
តើការប្រើពន្លឺកាំរស្មីយូវីក្នុងការប្រយុទ្ធប្រឆាំងនឹងមេរោគកូរ៉ូណាដែលមាននៅខាងក្នុងខ្លួនមនុស្ស ពិតជាមធ្យោបាយដ៏មានប្រសិទ្ធភាពមែនឬ?
ចម្លើយសម្រាប់សំណួរនេះ គឺពិតជាសាមញ្ញណាស់ “មិនអាចទេ”។ ទោះបីជាមានការស្រាវជ្រាវបង្ហាញថា កាំរស្មីពន្លឺយូវីអាចប្រើប្រាស់ដើម្បីសម្លាប់ពពួកមេរោគ និងបាក់តេរីជាច្រើនប្រភេទក៏ដោយ ក៏គេពុំទាន់ដឹងច្បាស់នៅឡើយទេថា តើរយៈពេលប៉ុន្មានដែលគេត្រូវការដោយប្រើកាំរស្មីពន្លឺយូវី ដើម្បីសម្លាប់មេរោគកូរ៉ូណា។ ភាពមិនប្រាកដច្បាស់លាស់នេះមានន័យថា អ្នកជំងឺត្រូវទទួលរងកាំរស្មីយូវីក្នុងអំឡុងពេលយូរ ដែលអាចបង្កើនហានិភ័យក្នុងការបង្កឱ្យមានកោសិកាមហារីក និងមានការប៉ះពាល់ដល់ប្រព័ន្ធភ្នែក។ ការព្យាបាលដោយកាំរស្មីយូវីក៏មិនមានប្រសិទ្ធភាពដែរ ពីព្រោះពន្លឺនេះគ្រាន់តែអាចសម្លាប់មេរោគដែលនៅខាងលើស្បែកប៉ុណ្ណោះ ហើយមិនអាចជ្រាបចូលជ្រៅទៅក្នុងខ្លួនមនុស្សដើម្បីបង្ក្រាបមេរោគនៅខាងក្នុងបានទេ។
ដើម្បីព្យាបាលជំងឺកូវីដ១៩ប្រកបដោយប្រសិទ្ធភាព គេចាំបាច់ត្រូវប្រើប្រាស់បច្ចេកវិទ្យាថ្មីនៃកាំរស្មីពន្លឺយូវីក្នុងកម្រិតរលកពន្លឺខ្លីមួយ ដែលគេហៅថា “ពន្លឺកាំរស្មីយូវីស៊ី (UVC)”។ រលកពន្លឺខ្លីនេះ គឺមិនបណ្តាលឱ្យមានគ្រោះថ្នាក់ដល់កោសិការបស់មនុស្សទេ ហើយនៅតែមានប្រសិទ្ធភាពក្នុងការសម្លាប់មេរោគ និងបាក់តេរី។ ការប្រើប្រាស់នូវបច្ចេកវិទ្យាថ្មីនេះដើម្បីសម្លាប់មេរោគដែលមាននៅផ្ទៃស្បែកខាងលើនៅក្នុងតំបន់ដែលមានចរាចរណ៍ច្រើន អាចជួយកាត់បន្ថយការរីករាលដាល និងការគំរាមកំហែងនាពេលអនាគតនៃជំងឺកូវីដ១៩៕