ការទទួលទានភេសជ្ជៈប៉ូវកម្លាំងដោយពុំបានពិចារណាគ្រប់ជ្រុងជ្រោយ អាចផ្តល់ផលអវិជ្ជមានជាច្រើនដល់សុខភាពរបស់អ្នក។
ភេសជ្ជៈប៉ូវកម្លាំងជាច្រើនប្រភេទកំពុងតែទទួលបានប្រជាប្រិយភាព និងការគាំទ្រជាច្រើននៅក្នុងប្រទេសកម្ពុជា ចំពោះមនុស្សគ្រប់វ័យ ជាពិសេសអ្នកដែលធ្វើការនឿយហត់ និងអស់កម្លាំងច្រើន តែងតែងាកទៅរកភេសជ្ជៈទាំងអស់នេះ ដើម្បីកាត់បន្ថយការនឿយហត់ និងធ្វើឱ្យអារម្មណ៍ស្រស់ស្រាយ។ ប៉ុន្តែតើអ្នកដឹងទេថា ភេសជ្ជៈប៉ូវកម្លាំងជាអ្វី ហើយការទទួលទានភេសជ្ជៈប្រភេទនេះក្នុងបរិមាណមិនត្រឹមត្រូវ អាចបង្កគ្រោះថ្នាក់ដល់សុខភាពរបស់អ្នកយ៉ាងដូចម្តេចខ្លះ?
តើភេសជ្ជៈប៉ូវកម្លាំងជាអ្វី?
អង្គការសុខភាពពិភពលោក (WHO) ពន្យល់ថា ភេសជ្ជៈប៉ូវកម្លាំងសំដៅលើភេសជ្ជៈដែលមានផ្ទុកសារធាតុកាហ្វេអ៊ីន ជាតិស្ករ វីតាមីន និងសារធាតុផ្សេងៗទៀតដូចជា តូរីន យ៉ិនសិន និងសារធាតុហ្ការ៉ាណា (guarana) ជាដើម ហើយភាគច្រើនវាត្រូវបានគេផ្សព្វផ្សាយតាមទីផ្សារថាជាផលិតផលដើម្បីប៉ូវកម្លាំង និងបង្កើនថាមពលក្នុងរាងកាយ និងជំនួយផ្នែកស្មារតី។
ភេសជ្ជៈប៉ូវកម្លាំង ត្រូវបានគេបង្កើតឡើងដំបូងបង្អស់នៅអំឡុងឆ្នាំ១៩៦២ មានឈ្មោះថា Lipovitan D ដោយក្រុមហ៊ុនឈ្មោះ តៃសុ (Taisho) នៅក្នុងប្រទេសជប៉ុន។ បន្ទាប់មកទៀតទើបមានក្រុមហ៊ុនជាច្រើនទៀតបានចាប់ផ្តើមបង្កើតផលិតផលបែបប៉ូវកម្លាំងរៀងៗខ្លួន ហើយបានចែកចាយលក់ស្ទើរទូទាំងពិភពលោក។ នេះបើតាមការសិក្សារបស់សាស្ត្រាចារ្យពីររូបមកពីសាកលវិទ្យាល័យ វីត (VIT University) នៃប្រទេសឥណ្ឌា កាលពីឆ្នាំ២០១៩ កន្លងទៅនេះ។ ចំណែកឯវត្តមានរបស់ភេសជ្ជៈប៉ូវកម្លាំងនៅក្នុងប្រទេសកម្ពុជាវិញមិនមានប្រភពច្បាស់លាស់នោះទេ តែគេឃើញចាប់ផ្តើមមានការនាំចូលមកនូវប្រភេទភេសជ្ជៈដែលមានសារធាតុផ្អែមច្រើន គឺប្រហែលអំឡុងឆ្នាំ១៩៩៣ មកម្ល៉េះ។
ហេតុអ្វីបានជាមនុស្សមួយចំនួនចូលចិត្តទទួលទានភេសជ្ជៈប៉ូវកម្លាំង?
ជាទូទៅ មនុស្សទទួលទានភេសជ្ជៈប្រភេទនេះក្នុងបំណងធ្វើឱ្យអារម្មណ៍របស់ខ្លួនភ្លឺស្វាង បង្កើនថាមពល និងដើម្បីបន្សាបជាតិស្រវឹងជាដើម។ ប៉ុន្តែបើយោងទៅតាមការសិក្សាជាច្រើនបានបញ្ជាក់ថា អ្នកដែលទទួលទានភេសជ្ជៈប៉ូវកម្លាំងនៅពេលមានជាតិអាល់កុល ឬស្រាច្រើននៅក្នុងខ្លួន វាអាចបង្កគ្រោះថ្នាក់ដល់សុខភាពអ្នកដូចជា ការពុល ក្អួត រាករូស និងអាកប្បកិរិយាមិនសមរម្យ និងការប្រើអំពើហិង្សាជាដើម ហើយកម្រិតនៃការងងុយគេងនៅពេលថ្ងៃក៏នៅតែមានកម្រិតខ្ពស់ខ្លាំង។
ផ្អែកតាមការស្រាវជ្រាវរបស់មជ្ឈមណ្ឌលជាតិសិក្សាពីព័ត៌មានផ្នែកជីវសាស្ត្រ (National Center for Biotechnology Information) សហរដ្ឋអាមេរិកបង្ហាញថា វានៅមិនទាន់ប្រាកដនៅឡើយទេថាការប្រើប្រាស់ភេសជ្ជៈប៉ូវកម្លាំងធ្វើឱ្យអ្នកផឹកមានថាមពលខ្លាំងឬស្រស់ស្រាយនោះ។
តើការទទួលទានភេសជ្ជៈប៉ូវកម្លាំងច្រើនអាចផ្តល់ផលប៉ះពាល់អ្វីខ្លះ?
ការប៉ះពាល់ដែលបណ្តាលមកពីការទទួលទានភេសជ្ជៈប៉ូវកម្លាំងច្រើន ដែលបានបង្ហាញដោយ ACMT (American College of Medical Toxicology) ដែលជាដេប៉ាតឺម៉ង់សិក្សាផ្នែកជាតិពុលនៃសហរដ្ឋអាមេរិកមានដូចជា៖
- ការប៉ះពាល់ដល់សុខភាពមាត់ធ្មេញ៖ កម្រិតគ្លុយកូស (ជាតិស្ករ) នៅក្នុងប្រភេទភេសជ្ជៈប៉ូវកម្លាំងមានខ្ពស់ ដែលធ្វើឱ្យពុកសារធាតុកំបោររបស់ធ្មេញជាងភេសជ្ជៈដទៃទៀត និងធ្វើឱ្យធ្មេញរបស់អ្នកឆាប់ពុកខូច
- ការបាត់បង់ថាមពលក្នុងរាងកាយ៖ អ្នកដែលទទួលទានភេសជ្ជៈប៉ូវកម្លាំងច្រើន ជាពិសេសយុវវ័យ គឺអាចប៉ះពាល់ដល់ការគេង និងការបាត់បង់នូវការផ្ដោតអារម្មណ៍ច្រើន
- ឈឺក្បាល និងចង្វាក់បេះដូងលោតញាប់ ជំងឺទាក់ទងនឹងបេះដូងផ្សេងៗ
- សម្ពាធឈាមឡើងខ្ពស់
- ហានិភ័យខ្ពស់ក្នុងការប្រឈមនឹងគ្រោះថ្នាក់ និងរបួស៖ អ្នកស្រាវជ្រាវបានរកឃើញថា បុគ្គលដែលទទួលទានភេសជ្ជៈប៉ូវកម្លាំងចាប់ពី ៦កំប៉ុងឡើងទៅក្នុងរយៈពេលមួយខែ មានការប្រឈមមុខខ្ពស់ទៅនឹងការជក់បារី សេពគ្រឿងញៀន និងការប្រើប្រាស់អំពើហិង្សាច្រើនជាងអ្នកដែលមិនបានទទួលទានរហូតដល់ទៅ ៣ដង
- ការទទួលទានប្រភេទភេសជ្ជៈប៉ូវកម្លាំងច្រើនក្នុងពេលលេងកីឡាដែលប្រើកម្លាំងខ្លាំង អាចធ្វើឱ្យប៉ះពាល់ដល់កម្រិតជាតិទឹកនៅក្នុងខ្លួនរបស់អ្នក ហើយវាធ្វើឱ្យរាងកាយចុះខ្សោយ និងអាចសន្លប់បានទៀតផង
តើការទទួលទានភេសជ្ជៈប៉ូវកម្លាំងបែបណាដែលចាត់ទុកថាត្រឹមត្រូវ?
វេជ្ជបណ្ឌិត ម៉ាតស្កូ (Matsko) ដែលជាគ្រូពេទ្យជំនាញផ្នែកថ្នាំពេទ្យរបស់អាមេរិកម្នាក់បានណែនាំថា៖
- គួរទទួលទានជាតិកាហ្វេអ៊ីនត្រឹម ឬក្រោម ៤០០មិល្លីក្រាមក្នុងមួយថ្ងៃ (មិនលើសពី ១កំប៉ុងសម្រាប់ភេសជ្ជៈប៉ូវកម្លាំងឬ ២៥០មីលីលីត្រ)
- មិនគួរទទួលទានភេសជ្ជៈប៉ូវកម្លាំងពេលលេងកីឡា និងពេលដែលបញ្ចេញកម្លាំងខ្លាំង
- កុំលាយភេសជ្ជៈប៉ូវកម្លាំងជាមួយជាតិអាល់កុល ឬជាមួយស្រា
- គួរទិញភេសជ្ជៈណាដែលមានព័ត៌មាននៃធាតុផ្សំ និងសារធាតុផ្សំត្រឹមត្រូវ
- កុំជឿជាក់ទាំងស្រុងដោយខ្វះការពិចារណាទៅលើការឃោសនាផ្សព្វផ្សាយរបស់ក្រុមហ៊ុនផលិតផល
- កុំព្យាយាមផឹកភេសជ្ជៈប៉ូវកម្លាំងដើម្បីជំនួសការគេងមិនគ្រប់គ្រាន់ ឬកង្វះវីតាមីន
- ចំពោះស្ត្រីមានផ្ទៃពោះមិនគួរទទួលទានភេសជ្ជៈប៉ូវកម្លាំង ឬភេសជ្ជៈដែលមានជាតិកាហ្វេអ៊ីនលើសពី ២០០មិល្លីក្រាមក្នុងមួយថ្ងៃ និងចំពោះកុមារមិនលើសពី ១០០មិល្លីក្រាមក្នុងមួយថ្ងៃឡើយ
តើសញ្ញាអ្វីខ្លះដែលបង្ហាញថាអ្នកបានញៀននឹងការទទួលទានភេសជ្ជៈប៉ូវកម្លាំង?
យោងទៅតាម Addiction Helper ដែលជាវេបសាយ (Website) ផ្នែកសុខភាពល្បីមួយរបស់ចក្រភពអង់គ្លេស ពន្យល់ថាសញ្ញាដែលបង្ហាញថាអ្នកណាម្នាក់បានញៀននឹងការទទួលទានភេសជ្ជៈប៉ូវកម្លាំងមានដូចជា៖
- អ្នកបរិភោគភេសជ្ជៈប៉ូវកម្លាំងច្រើនជាងទឹក
- អ្នកនៅតែមានអារម្មណ៍ថាងងុយគេងបន្ទាប់ពីទទួលទានភេសជ្ជៈប៉ូវកម្លាំងរួច
- គេងមិនលក់ និងពិបាកក្នុងការគេង
- អ្នកមានអារម្មណ៍មិនល្អពេលមិនបានទទួលទានវា
- ពេលខ្លះអ្នកអាចមានអារម្មណ៍ថាអស់កម្លាំង បាត់បង់ការផ្ចង់អារម្មណ៍ ឈឺក្បាល ឈឺសាច់ដុំ និងចង់ក្អួត
- អ្នកនៅតែទទួលទានភេសជ្ជៈប្រភេទនេះ ទោះបីជាដឹងថាវាមិនល្អសម្រាប់សុខភាពអ្នក
ប្រសិនបើអ្នកជួបប្រទះនូវបញ្ហាទាំងនេះ អ្នកគួរតែកាត់បន្ថយការទទួលទានភេសជ្ជៈប៉ូវកម្លាំង ហើយអ្នកគួរតែស្វែងរកជំនួយពីក្រុមគ្រូពេទ្យនិងអ្នកជំនាញ។
តើមានវិធីសាស្ត្រអ្វីខ្លះដើម្បីការពារខ្លួនពីការបរិភោគភេសជ្ជៈប៉ូវកម្លាំងច្រើនហួសកំណត់?
មជ្ឈមណ្ឌល Mexico Bariatric Center បានណែនាំពីវិធីសាស្ត្រមួយចំនួនដែលអ្នកអាចកាត់បន្ថយការទទួលទានភេសជ្ជៈប៉ូវកម្លាំងដូចជា៖
- កម្ចាត់ចោលនូវប្រភេទភេសជ្ជៈនេះនៅក្នុងផ្ទះរបស់អ្នក
- ជំនួសដោយការទទួលទានភេសជ្ជៈផ្សេងៗដូចជា យ៉ិនសិនក្រហម ទឹកផ្លែឈើស្រស់ តែបៃតង និងជាពិសេសទឹកធម្មតាឱ្យច្រើនជាងមុន
- បរិភោគអាហារទាំងបីពេលឱ្យបានទៀងទាត់ និងមានជីវជាតិគ្រប់គ្រាន់
- បរិភោគចំណីអាហារដែលមិនប៉ះពាល់ដល់សុខភាពពេលដែលអ្នកឃ្លាន
- អ្នកត្រូវទទួលស្គាល់ពីបញ្ហានេះ និងដាក់កំហិតខ្លួនឯងដើម្បីសម្រេចបានជោគជ័យ
ចុះនៅកម្ពុជាវិញ អ្នកជំនាញវេជ្ជសាស្ត្រណែនាំពលរដ្ឋខ្មែរយ៉ាងដូចម្តេច?
ការសិក្សាពីជំងឺទឹកនោមផ្អែមនៅក្នុងប្រទេសកម្ពុជារបស់អង្គការសុខភាពពិភពលោក (WHO) បានបង្ហាញថានៅក្នុងឆ្នាំ២០១៦ ប្រជាជនកម្ពុជាប្រមាណ ១០% (៩,៧) នៃចំនួនប្រជាជនសរុបទូទាំងប្រទេស គឺមានរាងកាយអសកម្មដោយពុំសូវមានការធ្វើចលនារាងកាយ ឬលំហាត់ប្រាណច្រើន។ លើសពីនេះទៅទៀត អង្គការសុខភាពពិភពលោកនេះក៏បានព្យាករថា នៅឆ្នាំ២០៣០ ខាងមុខនេះ ជំងឺទឹកនោមផ្អែមដែលជាជំងឺបណ្តាលមកពីទទួលទានកម្រិតជាតិស្ករលើសកម្រិត នឹងក្លាយទៅជាមូលហេតុនៃការស្លាប់លេខរៀងទី៧ នៅក្នុងពិភពលោក។
សាស្ត្រាចារ្យវេជ្ជបណ្ឌិត ចាន់ សុវណ្ណឌី គ្រូពេទ្យនៃមន្ទីរពេទ្យព្រះកុសុមៈ ផ្នែកសង្គ្រោះបន្ទាន់កម្រិតធ្ងន់ និងតម្រងនោម បានកត់សម្គាល់ថាអ្នកជំងឺដែលមានបញ្ហាផ្នែកក្រលៀនដែលលោកធ្លាប់ព្យាបាលនៅកម្ពុជា ភាគច្រើនគឺបណ្តាលមកពីជំងឺទឹកនោមផ្អែម និងជំងឺលើសឈាម។
វេជ្ជបណ្ឌិតរូបនេះបានសង្កត់ធ្ងន់ថា ភាពសម្បូរបែបនៃហាងលក់ភេសជ្ជៈគ្រប់ប្រភេទ និងការនិយមទទួលទានភេសជ្ជៈប៉ូវកម្លាំងនាពេលសព្វថ្ងៃនេះ ក៏ជាមូលហេតុចម្បងមួយនៃជំងឺទឹកនោមផ្អែមនៅកម្ពុជាដែរ។
លោកមានប្រសាសន៍ថា៖ «ខ្ញុំធ្លាប់សួរអ្នកបើកឡានម្នាក់ពីភ្នំពេញទៅក្រុងព្រះសីហនុ គាត់ផឹកភេសជ្ជៈប៉ូវកម្លាំងមួយជើងបួនកំប៉ុង ដើម្បីកុំឱ្យងងុយគេង។ ប៉ុន្តែការធ្វើបែបនេះមានគ្រោះថ្នាក់ណាស់ ពីព្រោះក្រលៀនរបស់គាត់មិនអាចទប់ទល់នឹងកម្រិតជាតិស្ករខ្លាំងយ៉ាងនេះបាននោះទេ ហើយក្នុងពេលពីពីរទៅបីខែ គាត់នឹងមានជំងឺទឹកនោមផ្អែម»។
អ្នកជំនាញវេជ្ជសាស្ត្ររូបនេះបានជំរុញ និងលើកទឹកចិត្តឱ្យប្រជាជនកម្ពុជាឈ្វេងយល់ពីបញ្ហាសុខភាព និងយកចិត្តទុកដាក់ចំពោះរបបអាហារ និងការទទួលទានផលិតផលដែលមានជាតិស្ករឱ្យបានត្រឹមត្រូវ ពីព្រោះវាអាចធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់សុខភាពរបស់អ្នក៕