យោងតាមក្រសួងទេសចរណ៍ បានឱ្យដឹងថា មានទេសចរជាង ១លាន ៤សែននាក់បានធ្វើដំណើរកម្សាន្តទៅកាន់តំបន់នានាទូទាំងប្រទេសកម្ពុជា នៅក្នុងអំឡុងពេលសម្រាកសងបុណ្យចូលឆ្នាំខ្មែរដែលត្រូវបានខកខានដោយសារតែការរាតត្បាតនៃជំងឺកូវីដ១៩។
ក្រុមការងារ Focusក៏បានចំណាយពេលវេលាសម្រាកនេះធ្វើដំណើរទៅកាន់ទិសដៅទេសចរណ៍ផ្សេងៗគ្នានៅទូទាំងប្រទេស។ បន្ទាប់ពីចូលធ្វើការវិញ ពួកយើងបានចែករំលែក និងពិភាក្សាគ្នាអំពីទំនោរនៃទេសចរណ៍ក្នុងស្រុក និងឥរិយាបថរបស់ភ្ញៀវទេសចរ។ ខាងក្រោមនេះ គឺជាចំណុចល្អ និងចំណុចដែលពួកយើងមើលឃើញថាគួរតែមានការកែលំអ…
១- ចំណុចល្អ៖ ទិសដៅទេសចរណ៍ដ៏ស្រស់ស្អាតជាច្រើនដែលពីមុនមានតែប្រជាជនក្នុងតំបន់បានទៅដល់
នៅពេលមានការធ្វើដំណើរកម្សាន្តក្នុងប្រទេសកាន់តែច្រើន យើងក៏អាចស្គាល់កន្លែងថ្មីៗកាន់តែច្រើនផងដែរ ដែលកន្លែងនោះភាគច្រើនមានតែអ្នកស្រុកប៉ុណ្ណោះដែលបានស្គាល់។ ធ្វើយ៉ាងដូចម្តេចទើបអាចរកកន្លែងទាំងនេះឃើញទៅហ្ន៎? ដូច្នេះ មុនពេលចេញដំណើរទៅកាន់ទិសដៅទេសចរណ៍ណាមួយ យើងគួរតែធ្វើការស្រាវជ្រាវ ឬសួរគេឱ្យបានច្រើនអំពីទីតាំងនោះ ព្រោះមានកន្លែងដ៏ស្រស់ស្អាត និងអស្ចារ្យជាច្រើននៅសម្ងំលាក់ខ្លួន លាក់សម្រស់នៅក្នុងប្រទេសកម្ពុជា។
២- ចំណុចគួរកែលំអ៖ សំរាម សំរាម សំរាម!!!
មានមនុស្សជាច្រើននាក់ណាស់ចូលចិត្តខ្ចប់អាហារតាមខ្លួននៅពេលដើរលេង ព្រោះថាយើងអាចយកអាហារទៅញ៉ាំនៅកន្លែងណាក៏បានតាមចំណង់ ណាមួយក៏អាចបង្ការពីការអស់ម្ហូប ឬអាហារឡើងថ្លៃ ក៏ដូចជាអាចទៅអង្គុយនៅកន្លែងដែលយើងចូលចិត្ត។ ប៉ុន្តែ តើយើងត្រូវដោះស្រាយយ៉ាងដូចម្តេចចំពោះសំណល់អាហារ ជាពិសេសប្រអប់ស្នោ និងស្លាបព្រាជ័រទាំងនោះ? អ្នកគួរយកថង់ធំៗតាមខ្លួនសម្រាប់ដាក់សំរាមរួម ក៏ដូចជាទទួលខុសត្រូវចំពោះសំរាមដែលយើងបានបង្កើត ដោយព្យាយាមចោលនៅកន្លែងមានធុងសំរាម ចំពោះកន្លែងដែលគ្មានសេវាប្រមូលសំរាមទៅដល់វិញ ម្យ៉ាងវិញទៀតយើងគួរប្រមូលសំរាមទាំងនោះត្រឡប់មកវិញរហូតកន្លែងណាមួយដែលសមស្របសម្រាប់ការបោះចោល។
៣- ចំណុចគួរកែលំអ៖ ការរំខានដោយការបំពងសំឡេង
យើងខំចំណាយពេលធ្វើដំណើរជិះរាប់ម៉ោងដើម្បីទៅដល់កន្លែងធម្មជាតិ រំពឹងថានឹងស្តាប់ឮសំឡេងរលកសមុទ្របោកច្រាំង ឬសំឡេងទឹកហូរប៉ប្រះថ្ម ប៉ុន្តែផ្ទុយទៅវិញ អ្វីដែលពួកយើងឮភាគច្រើនគឺមានតែសំឡេងធុងបាស ឬការច្រៀងខារ៉ាអូខេតាមឧបករណ៍បំពងសំឡេងយកតាមខ្លួនបានទៅវិញ។ គួរតែគិតពីមជ្ឈដ្ឋានរបស់មនុស្សជុំវិញ និងអ្នកនៅជិតខាង មិនមែនមនុស្សគ្រប់គ្នាដែលមកដើរកម្សាន្តចង់នៅលេងហួសអាធ្រាត្រនោះទេ…
៤- ចំណុចល្អ៖ ចំណាយពេលជាមួយមនុស្សដែលយើងស្រឡាញ់ ជាជាងទូរស័ព្ទ
៥- ចំណុចល្អ៖ គាំទ្រអាជីវកម្មទេសចរណ៍ក្នុងស្រុក ដូចជាសណ្ឋាគារ ភោជនីយដ្ឋាន ហាងទំនិញនានា
នៅពេលដែលជំងឺកូវីដ១៩ ចាប់ផ្តើមរាតត្បាត អាជីវកម្មដែលទាក់ទងនឹងទេសចរណ៍ប្រទេសកម្ពុជាជាច្រើនបានរងការវាយប្រហារយ៉ាងខ្លាំង។ តាមរយៈការធ្វើដំណើរកម្សាន្តនៅក្នុងស្រុក និងការប្រើប្រាស់ធនធានទាំងនោះ មានន័យថាអ្នកកំពុងគាំទ្រអាជីវកម្មក្នុងស្រុក និងជួយឱ្យអាជីវកម្មពួកគេរីកចម្រើន។ ក្នុងអំឡុងពេលវិស្សមកាលនេះ យើងឃើញថាប្រជាជនកម្ពុជាបានងាកទៅរកកន្លែងកម្សាន្តក្នុងស្រុកជាច្រើន។
៦- ចំណុចល្អ៖ ធ្វើឱ្យបទពិសោធន៍ទេសចរណ៍មានភាពចម្រុះជាងមុន
ក្រុមការងារ Focus បានកត់សម្គាល់ឃើញថា អ្នកទេសចរសព្វថ្ងៃនេះបានព្យាយាមស្វែងរក ឬធ្វើឱ្យសកម្មភាពកម្សាន្តរបស់ពួកគេឲ្យកាន់តែមានភាពចម្រុះជាងមុន ដូចជាជិះកង់ដើរលេង ស្គាល់អ្នកស្រុក ស្វែងយល់ពីប្រវត្តិនៃទីកន្លែង ការប្រមាញ់រកមុខម្ហូបពិសេសៗប្រចាំស្រុកនីមួយៗដែលមានរសជាតិដើម។ បទពិសោធន៍ដែលមានភាពខុសគ្នាបន្តិចបន្តួចក្តីឬច្រើនក្តី អាចនាំឱ្យអ្នកទទួលបានបទពិសោធន៍ថ្មីៗ និងអស្ចារ្យ។
៧- ចំណុចគួរកែលំអ៖ សុវត្ថិភាពចរាចរណ៍
ខណៈដែលការធ្វើដំណើរនៅលើផ្លូវថ្នល់មិនសូវមានសុវត្ថិភាព យើងត្រូវតែប្រកាន់ខ្ជាប់ការប្រយ័ត្នប្រយែងជាងមុន ជាពិសេសចំពោះការធ្វើដំណើរក្នុងថ្ងៃឈប់សម្រាក ព្រោះថាល្គឹកណាមួយដែលអ្នកមានការធ្វេសប្រហែសនោះ គ្រោះថ្នាក់អាចកើតឡើងគ្រប់ពេលវេលា។ វាជាការសំខាន់ណាស់ដែលអ្នកបើកបរត្រូវមានការគោរពដល់អ្នកដំណើរឯទៀតដែលធ្វើដំណើរនៅតាមផ្លូវតែមួយ ហើយគួរចងចាំថា មិនថាកន្លែងណាដែលអ្នកកំពុងធ្វើដំណើរនោះទេ អ្នកមិនគួរបើកបរលឿនលើសល្បឿនកំណត់ឡើយ។ គោលដៅរបស់អ្នកនៅមួយកន្លែងដដែលមិនថាអ្នកប្រើពេលវេលាអស់ប៉ុន្មាននោះទេ។ អ្នកបើកបរគួរមានសុជីវធម៌ បើកបរប្រកាន់ខ្ជាប់នូវសុវត្ថិភាព និងមិនត្រូវផឹកគ្រឿងស្រវឹងមុនពេលបើកបរ។
៨- ចំណុចគួរកែលំអ៖ ស្ទះចរាចរណ៍
នៅក្នុងអំឡុងថ្ងៃឈប់សម្រាករយៈពេលយូរបែបនេះ គេអាចយល់បានថា វាអាចនឹងមានការស្ទះចរាចរណ៍នៅតាមគោលដៅទេសចរណ៍របស់អ្នក។ ថ្ងៃឈប់សម្រាករបស់អ្នក នឹងមានតែការចងចាំដ៏រីករាយ ហើយត្រចៀករបស់អ្នក នឹងមិនស្រគាលដោយសារតែសំឡេងស៊ីផ្លេរបស់យានយន្តនោះទេ ប្រសិនបើយើងគ្រប់គ្នាអាចមានការអត់ធ្មត់ និងយល់ច្បាស់អំពីសិទ្ធិអាទិភាពនៃច្បាប់ចរាចរណ៍នៅលើផ្លូវគោកនោះ៕