អ្វីទៅជាការយាយី ឬអំពើគំរាមកំហែងតាមប្រព័ន្ធអនឡាញ? ហេតុអ្វីគេត្រូវយកចិត្តទុកដាក់ដោះស្រាយបញ្ហានេះ?
ទំនោរនៃការប្រើប្រាស់បច្ចេកវិទ្យានេះមានការកើនឡើងខ្ពស់នៅក្នុងទំនាក់ទំនងប្រចាំថ្ងៃ និងការប្រើប្រាស់របបគំហើញថ្មីនេះពុំបានត្រឹមត្រូវនិងសមស្រប វាប្រៀបដូចជាអាវុធមុខពីរដែលបានផ្តល់ផលវិជ្ជមាន និងអវិជ្ជមានជាច្រើនដល់សង្គមមនុស្សទាំងមូល។ នៅពេលខ្លះទៀត វាស្ទើរតែអាចឆក់យកអាយុជីវិតមនុស្សទៀតផង។
នៅក្នុងឆ្នាំ២០១៩ ប្រទេសកម្ពុជាមានកំណើនយ៉ាងរហ័សទៅលើចំនួនអ្នកប្រើប្រាស់ហ្វេសប៊ុក (Facebook) ដែលមានប្រមាណ ៨លាន ៨សែននាក់ បើធៀបទៅនឹងឆ្នាំ២០១៧ ដែលមានត្រឹមតែ ៥លាននាក់ប៉ុណ្ណោះ។ ចំណែកឯប្រជាប្រិយរបស់ YouTube វិញមានប្រមាណជិត ២លាននាក់ ស្របពេលដែលអ្នកប្រើប្រាស់ Instagram មានជាង ៧សែននាក់ និងតាមពីក្រោយដោយ Tik Tok ប្រហែល ៥សែននាក់។ នេះបើយោងទៅតាមការបង្ហាញរបស់វេបសាយ Geeks in Cambodia។
ការសិក្សារបស់អង្គការ UNICEF ប្រចាំនៅកម្ពុជា បានបញ្ជាក់ថា ក្នុងចំណោមអត្រាអ្នកប្រើប្រាស់ប្រព័ន្ធទំនាក់ទំនងសង្គមប្រមាណជា ១លាននាក់ ដែលមានអាយុចន្លោះពី ១៥ឆ្នាំដល់ ២៥ឆ្នាំ ប្រមាណ ៨៥,៧ភាគរយកំពុងប្រឈមគ្រោះថ្នាក់នឹងអំពើហិង្សាតាមប្រព័ន្ធអនឡាញ ការបៀតបៀនតាមប្រព័ន្ធអនឡាញ និងការរុកកួនតាមប្រព័ន្ធឌីជីថល។ រីឯនៅសហរដ្ឋអាមេរិកឯណោះវិញ មជ្ឈមណ្ឌលជាតិសម្រាប់ស្ថិតិសុខភាព (The National Center for Health Statistics) បានរកឃើញថានៅក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះ ការបៀតបៀនតាមប្រព័ន្ធអនឡាញគឺជាដើមហេតុសំខាន់ទីពីរនៃការធ្វើអត្តឃាតខ្លួនឯងរបស់យុវវ័យដែលមានអាយុចន្លោះចាប់ពី ១០ឆ្នាំដល់ ២៤ឆ្នាំនៅក្នុងប្រទេសរបស់ខ្លួន។
តើអ្វីទៅជាអំពើគំរាមកំហែង ឬយាយីប្រើប្រាស់មធ្យោបាយអ៊ីនធឺណិត?
អំពើគំរាមកំហែង ឬយាយីប្រើប្រាស់មធ្យោបាយអ៊ីនធឺណិត (Cyberbully / Cyberharassment) គឺជាអំពើគំរាមកំហែង ឬយាយីទាំងឡាយដែលប្រើប្រាស់អ៊ីនធឺណិតជាមធ្យោបាយ តួយ៉ាងដូចជាបណ្ដាញទំនាក់ទំនងសង្គម (Facebook, Twitter, Instagram) វេទិកាអេឡិចត្រូនិក (Online Forum) សារអេឡិចត្រូនិក (Email, Messenger) ឬគេហទំព័រផ្សេងៗ (Website, Blog)។
តើអំពើគំរាមកំហែង ឬយាយីនេះត្រូវបានគេចែកចេញជាប៉ុន្មានបែប?
យោងទៅតាមការសិក្សាជាលក្ខណៈសកលបានបង្ហាញថាអំពើគំរាមកំហែង ឬយាយីនេះវាត្រូវបានចែកចេញជាច្រើនប្រភេទខុសៗគ្នា។ ប៉ុន្តែពេលនេះ Focus សុំលើកមកតែ ៦ប្រភេទសំខាន់ៗដែលតែងតែកើតមានឡើងនៅក្នុងសង្គមកម្ពុជា យកមកបង្ហាញ។
១- ការយាយី (Harassment)
ការយាយីនៅក្នុងប្រព័ន្ធអនឡាញនេះសំដៅទៅលើការផ្ញើសារទៅកាន់បុគ្គល ឬក្រុមណាមួយដោយប្រើពាក្យពេចន៍មិនសមរម្យ ឬសម្ដីមាក់ងាយជាច្រើនលើកច្រើនសាតាមរយៈប្រព័ន្ធអ៊ីនធឺណិតក្នុងគោលបំណងមិនល្អ និងចង់ព្យាបាទដល់ជនឬក្រុមនោះ ជាពិសេសវាបានញ៉ាំងឱ្យជនរងគ្រោះមានអារម្មណ៍ឈឺចាប់ និងការប៉ះទង្គិចផ្នែកផ្លូវចិត្តជាខ្លាំង។
២- ការធ្វើត្រាប់តាម (Impersonation)
ការធ្វើត្រាប់តាម គឺជាការសម្ដែងតាម ឬការបន្លំខ្លួនធ្វើជាបុគ្គលណាម្នាក់ដោយពុំមានការអនុញ្ញាតពីម្ចាស់សាមី ក្នុងគោលបំណងទទួលបានផលប្រយោជន៍អ្វីមួយដែលខ្លួនចង់បាន។ នៅពេលខ្លះទៀត ជនបង្កបានចែករំលែកនូវព័ត៌មានផ្ទាល់ខ្លួនរបស់ជនរងគ្រោះទៅកាន់អ្នកដទៃ ដោយប្រើពាក្យសម្ដីផ្ទាល់ ឬប្រើប្រាស់មធ្យោបាយអេឡិចត្រូនិកក្នុងគោលបំណងយាយី រំខាន និងដើម្បីបង្កបញ្ហាដល់នរណាម្នាក់។ ឧទាហរណ៍ដូចជាការបង្កើតគណនីហ្វេសប៊ុកក្លែងក្លាយដោយប្រើអត្តសញ្ញាណអ្នកដទៃ ដើម្បីទាញផលប្រយោជន៍អ្វីមួយ និងការបង្កើតអ៊ីមែលឱ្យដូចគណនីអ្នកដទៃដើម្បីបន្លំខ្លួន ជាដើម។
៣- ការនិន្ទា (Denigration)
ការនិន្ទាត្រូវបានគេចាត់ចូលជាទម្រង់ក្នុងការផ្ញើសារ ឬបង្ហោះនូវព័ត៌មានដែលមិនពិត ឬការនិយាយអាក្រក់ៗអំពីបុគ្គលណាម្នាក់ដើម្បីមួលបង្កាច់ ឬបង្ខូចកេរ្តិ៍ឈ្មោះក៏ដូចជាបំផ្លាញមិត្តភាព និងទំនាក់ទំនងបុគ្គលនោះជាមួយនឹងអ្នកដទៃ។ បញ្ហានេះច្រើនកើតចេញពីបុគ្គលដែលស្គាល់គ្នា និងមិត្តភក្ដិដែលធ្លាប់មានទំនាក់ទំនងល្អនឹងគ្នាក៏មាន។
៤- ការតាមដានតាមប្រព័ន្ធអនឡាញ (Cyber-stalking)
ការតាមដានតាមប្រព័ន្ធអនឡាញ គឺជាសកម្មភាពទាំងឡាយណាដែលជនបង្កបានប្រើប្រាស់វិធីសាស្ត្រផ្សេងៗក្នុងប្រព័ន្ធអនឡាញ ដូចជាការអង្កេតពីទម្លាប់ប្រចាំថ្ងៃ និងឯកជនភាពរបស់ជនណាម្នាក់ក្នុងគោលបំណងមិនល្អ។ លើសពីនេះ គេក៏រាប់បញ្ចូលទាំងការផ្ញើសារ ឬរូបភាពដែលមានលក្ខណៈជាការគំរាមកំហែង ឬបំភិតបំភ័យ ដែលវាអាចធ្វើឱ្យបុគ្គលដែលទទួលបានព័ត៌មាននោះមានអារម្មណ៍ថាភ័យខ្លាច និងព្រួយបារម្ភពីសុវត្ថិភាព និងឯកជនភាពរបស់ខ្លួន។
៥- ការបញ្ចេញមុខជាសាធារណៈ (Outing)
ការបៀតបៀនប្រភេទនេះ គឺជាទង្វើក្នុងការបើកកកាយពីចំណុចរសើប ឬព័ត៌មានផ្ទាល់ខ្លួនរបស់បុគ្គលណាម្នាក់ដោយគ្មានការអនុញ្ញាតពីសំណាក់ម្ចាស់សាមី ក្នុងគោលបំណងសំខាន់ដើម្បីបង្កភាពអាម៉ាស់ និងការសើចចំអកដល់ជនរងគ្រោះ។ ជាក់ស្តែងដូចជាការចែកចាយរូបភាពឯកជន ឬឯកសារសំខាន់ៗរបស់បុគ្គលណាម្នាក់ដោយបង្ហោះជាលក្ខណៈសាធារណៈ ឬផ្ញើទៅកាន់បុគ្គលផ្សេងៗជាដើម។
៦- ការឌឺដង ឬសើចចំអក (Trolling)
ការយាយីប្រភេទនេះ គឺជាការបង្កើតពាក្យពេចន៍ ឬរូបភាពដោយមានចេតនាឌឺដង និងសើចចំអកដល់អ្នកដទៃ ទាំងដែលអ្នកប្រព្រឹត្តិនោះពុំមានទំនាក់ទំនង ឬស្គាល់ជននោះដោយផ្ទាល់ក៏ដោយ។ ទង្វើប្រភេទនេះ ឃើញថាមានការពេញនិយមនៅកម្ពុជា ដោយពេលខ្លះវាត្រូវបានបង្កើតជាលក្ខណៈក្នុងការលេងសើចបែបកំប្លុកកំប្លែង ប៉ុន្តែវាពិតជាអាចផ្តល់ផលអវិជ្ជមានជាច្រើនដល់ម្ចាស់បុគ្គលដែលត្រូវបានគេយកមកលេងសើច ជាពិសេសនៅពេលដែលគេមានអារម្មណ៍ថាឈឺចាប់ ឬអាម៉ាស់។
តើអំពើគំរាមកំហែង ឬយាយីនេះបានផ្តល់ផលប៉ះពាល់អ្វីខ្លះ?
នាយកដ្ឋានព័ត៌មាននៃក្រសួងមហាផ្ទៃ បានលើកឡើងថា បទល្មើសប្រភេទនេះកំពុងកើតឡើងគួរឱ្យកត់សម្គាល់ ជាពិសេសក្នុងចំណោមយុវវ័យ។ បទល្មើសនេះក៏អាចបង្កឱ្យជនរងគ្រោះកើតជំងឺផ្លូវចិត្ត ការចាកឆ្ងាយពីសង្គម និងក្រុមគ្រួសារ និងឈានដល់ធ្វើអត្តឃាតផងដែរ។ ការសិក្សាពីបណ្តាប្រទេសជាច្រើនក៏បានបញ្ជាក់ផងដែរថា ការគំរាមកំហែងក្នុងយុគសម័យព័ត៌មានវិទ្យានេះ វាថែមទាំងអាចបង្កឱ្យមានការប៉ះពាល់ដល់ការអប់រំ ការប្រើប្រាស់គ្រឿងញៀនឬគ្រឿងស្រវឹង អំពើហិង្សា និងអសន្តិសុខសង្គមទៀតផង។
កញ្ញា លី សុគន្ធធារី ដែលជាបុគ្គលិកនៅអង្គការសង្គមស៊ីវិលមួយកន្លែង និងជាជនរងគ្រោះមួយរូបដោយសារការយាយីតាមប្រព័ន្ធអនឡាញ មើលឃើញថា បញ្ហានេះបានកើតឡើងច្រើននៅក្នុងសង្គមខ្មែរបច្ចុប្បន្ន។
កញ្ញាបានលើកឡើងថា៖ «ទាក់ទងនឹងការបៀតបៀនតាមប្រព័ន្ធអនឡាញនៅខ្មែរឃើញថាមានច្រើន អាចថាមានច្រើនរហូតដល់ធ្វើឱ្យមនុស្សភាគច្រើនគិតថារឿងនេះជារឿងធម្មតាទៅវិញ»។ កញ្ញានិយាយបន្ថែមទៀតថា៖ «ពេលខ្លះខ្ញុំមានអារម្មណ៍ថាខ្លាចក្នុងការប្រើប្រព័ន្ធទំនាក់ទំនងសង្គមដែរ ខ្ញុំមិនសូវប្រើវាផ្តេសផ្តាសទេ»។
ស្រដៀងគ្នានេះដែរ កញ្ញា កាន់ វិច្ឆិកា អ្នកសារព័ត៌មានឯករាជ្យមួយរូបក៏បានចែករំលែកពីបញ្ហាដែលខ្លួនធ្លាប់បានជួបប្រទះដោយសារការយាយីតាមប្រព័ន្ធអនឡាញនេះ។ កញ្ញាបានប្រាប់ថា នៅពេលដែលមានមនុស្សមួយចំនួនបានវាយប្រហារដោយប្រើពាក្យសម្ដីមិនសមរម្យ និងការប្រមាថ វាបានធ្វើឱ្យប៉ះទង្គិចដល់ផ្លូវចិត្តរបស់កញ្ញា និងការងារជាខ្លាំង។
កញ្ញា វិច្ឆិកា និយាយថា៖ «កាលពីប៉ុន្មានឆ្នាំមុននៅពេលដែលខ្ញុំរងនូវការវាយប្រហារទាំងអស់ហ្នឹង គឺធ្វើឱ្យខ្ញុំបាត់បង់ការផ្ចង់អារម្មណ៍ក្នុងការធ្វើការងារ ពេលខ្លះខ្ញុំអត់អាចធ្វើការងារអ្វីបានទេ ហើយពេលខ្លះខ្ញុំមានអារម្មណ៍ថាចង់យំ ហើយពេលខ្លះខ្ញុំសួរពួកគាត់ថាហេតុអ្វីបានជាពួកគាត់ធ្វើចឹងមកលើខ្ញុំ? ខ្ញុំគ្រាន់តែធ្វើការងាររបស់ខ្ញុំសោះ […] ចឹងខ្ញុំគិតថាវាជារឿងអយុត្តិធម៌ និងអាក្រក់មែនទែនដែលវាបានកើតមកលើខ្ញុំ»។
តើអ្វីជាឫសគល់ដែលធ្វើឱ្យបញ្ហានេះកើតឡើង?
អាចមានមូលហេតុសំខាន់ៗមួយចំនួនដែលធ្វើឱ្យបញ្ហានេះកើតមានឡើងនៅក្នុងចំណោមអ្នកប្រើប្រាស់ប្រព័ន្ធអនឡាញ៖
- ការយល់ដឹងពីការប្រើប្រាស់ និងច្បាប់ទម្លាប់ក្នុងការប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណិត និងទំនាក់ទំនងសង្គមនៅមានកម្រិត
- កត្តាអត្តចរិត ឬការមិនអាចយល់ពីទឹកចិត្ត និងអារម្មណ៍អ្នកដទៃ
- ដើម្បីបង្ហាញថាខ្លួនឯងមានអំណាច និងឥទ្ធិពលជាងជនដទៃ
- ការស្វែងរកផលប្រយោជន៍ ឬដើម្បីទទួលបានប្រជាប្រិយភាព
- ការធ្វើតាមគ្នា និងបញ្ហាជម្លោះផ្ទាល់ខ្លួនជាដើម
តើយើងអាចធ្វើអ្វីបានខ្លះដើម្បីការពារខ្លួន និងអ្នកដទៃពីបញ្ហានេះ?
ដើម្បីការពារ និងបញ្ឈប់បញ្ហានេះ យើងអាចធ្វើតាមវិធីសាស្ត្រដូចតទៅ៖
- ធ្វើការអប់រំពីការប្រើប្រាស់ និងច្បាប់ទម្លាប់ក្នុងការប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណិត និងទំនាក់ទំនងសង្គមឱ្យបានទូលំទូលាយ
- កុំចូលរួមចំណែក ឬប្រព្រឹត្តទង្វើយាយីនេះ
- យល់ដឹងពីកម្មវិធីសុវត្ថិភាព និងការរក្សាឯកជនភាពរបស់ខ្លួន
- ព្យាយាមកុំឆ្លើយតប និងវាយបកទៅជនបង្ក ព្រោះវាជាអ្វីដែលជនបង្កចង់បាន
- ប្រសិនបើអ្នកជួបប្រទះបញ្ហានេះ អ្នកគួរតែធ្វើការចែករំលែកទៅកាន់ក្រុមគ្រួសារ មិត្តភក្ដិ និងអ្នកជំនាញដែលពាក់ព័ន្ធ
- សូមរក្សាទុកនូវភស្តុតាង និងរាយការណ៍ទៅកាន់អាជ្ញាធរឬអ្នកជំនាញដែលពាក់ព័ន្ធ
កាលពីពេលថ្មីៗនេះ នាយកដ្ឋានព័ត៌មានវិទ្យានៃក្រសួងមហាផ្ទៃ បានលើកទឹកចិត្តឱ្យអ្នកប្រើប្រាស់ប្រព័ន្ធអនឡាញទាំងអស់ចូលរួមបង្ការ ទប់ស្កាត់បទល្មើស “បរិហារកេរ្តិ៍លើបណ្ដាញផ្សព្វផ្សាយសង្គម (Social Media Defamation) ដោយប្រកាន់ខ្ជាប់នូវការចុះផ្សាយ ការបង្ហោះអត្ថបទ រូបភាព វីដេអូដែលមានប្រភពច្បាស់លាស់ មានខ្លឹមសារស្ថាបនា និងប្រកបដោយសេចក្តីថ្លៃថ្នូរ។
ដើម្បីទប់ស្កាត់ការយាយី ឬគំរាមកំហែងលើប្រព័ន្ធអ៊ីនធឺណិតនេះដែរ កញ្ញា លី សុគន្ធធារី និយាយថា អ្នកប្រើប្រាស់ត្រូវមានមធ្យោបាយការពារភាពឯកជនរបស់ខ្លួន និងគួរទទួលយក ឬធ្វើទំនាក់ទំនងតែជាមួយអ្នកដែលខ្លួនស្គាល់ច្បាស់លាស់។ ក្រៅពីនោះ គួរប្រើប្រាស់កម្មវិធីការពារសុវត្ថិភាពអនឡាញផ្សេងៗដើម្បីការពារព័ត៌មានផ្ទាល់ខ្លួន។
ចំណែកឯកញ្ញា វិច្ឆិកា វិញបានលើកទឹកចិត្តឱ្យអ្នកដែលត្រូវគេវាយប្រហារឬយាយី ប្រើវិធីសាស្ត្រឆ្លើយតបវិជ្ជមានក្នុងការទប់ទល់បញ្ហានេះដោយមិនធ្វើការឆ្លើយឆ្លងជាមួយអ្នកបង្ក និងមិនខ្វល់ខ្វាយឬទៅអានសារមិនល្អដែលខ្លួនបានទទួល។ កញ្ញា វិច្ឆិកា យល់ថា ការប្រកាន់ឥរិយាបថឆ្លើយតបបែបនេះ អាចជួយកាត់បន្ថយការប៉ះពាល់ដល់ផ្លូវអារម្មណ៍បាន ដើម្បីលើកទឹកចិត្តខ្លួនឯងក្នុងការបន្តការងារវិជ្ជាជីវៈរបស់ខ្លួន៕