ការធ្វើដំណើរកម្សាន្តប្រកបដោយភាពវ័យឆ្លាត និងប្រុងប្រយ័ត្នខ្ពស់ក្នុងរដូវកាលកូវីដ១៩ អាចធ្វើឱ្យអ្នករួចផុតពីមេរោគដ៏សាហាវនេះបាន។
ក្នុងឱកាសថ្ងៃឈប់សម្រាករយៈពេលវែងខាងមុខនេះ មនុស្សម្នាភាគច្រើនសុទ្ធតែមានគម្រោងរៀងៗខ្លួនសម្រាប់សម្រាកលំហែ ជាពិសេសគឺការធ្វើដំណើរកម្សាន្តទៅទីជិតឆ្ងាយជាមួយក្រុមគ្រួសារ និងមិត្តភក្ដិ។ ទោះបីវាជាឱកាសល្អសម្រាប់ការឈប់សម្រាកពីការងារ និងជាពេលវេលាជួបជុំគ្នាល្អក៏ដោយ សម្រាប់ការធ្វើដំណើរកម្សាន្តក្នុងកាលៈទេសៈនៃជំងឺកូវីដ១៩នេះ អ្នកគួរតែមានការប្រុងប្រយ័ត្នឱ្យបានខ្ពស់ដើម្បីការពារខ្លួនឱ្យរួចផុតពីជំងឺឆ្លងដ៏អាក្រក់នេះ។
ឈ្វេងយល់ពីចំណុចសំខាន់ៗខាងក្រោមនេះ ដែលអាចជួយធ្វើឱ្យដំណើរកម្សាន្តរបស់អ្នកប្រកបដោយភាពសប្បាយរីករាយ និងសុវត្ថិភាព៖
គោលដៅទេសចរណ៍
- ជ្រើសយកទីកន្លែងកម្សាន្តដែលមានផាសុកភាព និងបរិវេណធំទូលាយប្រកបដោយខ្យល់ចេញចូល និងពន្លឺព្រះអាទិត្យគ្រប់គ្រាន់។
- អ្នកគួរជៀសវាងទីកន្លែងកម្សាន្តដែលមានបរិវេណតូចចង្អៀត គ្មានពន្លឺ និងខ្យល់ចេញចូលគ្រប់គ្រាន់ និងមានមនុស្សម្នាទៅកម្សាន្តច្រើន ព្រោះវាអាចធ្វើឱ្យហានិភ័យនៃការឆ្លងកាន់តែខ្ពស់។ អ្នកគួរតែរក្សាគម្លាតពីអ្នកដទៃយ៉ាងតិចពី ២ម៉ែត្រ ដើម្បីសុវត្ថិភាពរបស់អ្នក។
- សិក្សាជាមុនពីកន្លែងដែលអ្នកចង់ទៅ ដូចជាសេវាកម្ម ការអនុវត្ត និងព័ត៌មានផ្សេងៗដែលទាក់ទងពីកន្លែងនោះនៅតាមប្រព័ន្ធអ៊ីនធឺណិត ឬទាក់ទងទៅកាន់បុគ្គលិកផ្តល់ព័ត៌មានអំពីទីកន្លែងនោះផ្ទាល់ ដើម្បីបញ្ជាក់ឱ្យច្បាស់ថាវាជាទីកន្លែងដែលបានអនុវត្តវិធីសាស្ត្រត្រឹមត្រូវក្នុងការរក្សាអនាម័យ និងគោលការណ៍សំខាន់ៗក្នុងការការពារជំងឺកូវីដ១៩នេះ។
- កុំធ្វើដំណើរទៅតំបន់ណាដែលដាច់ស្រយាលខ្លាំង ដែលគ្មានសេវាសម្រាប់ការទាក់ទង និងប្រព័ន្ធអ៊ីនធឺណិត ព្រោះអ្នកគួរតែតាមដានព័ត៌មានផ្សេងៗពីកូវីដ១៩នេះជានិច្ច។
ការធ្វើដំណើរ
- សម្រាប់វិធីសាស្ត្រក្នុងការធ្វើដំណើរ ប្រសិនបើអាច អ្នកគួរតែប្រើប្រាស់មធ្យោបាយធ្វើដំណើរខ្លួនឯង ព្រោះវាអាចមានភាពងាយស្រួលក្នុងការសម្អាត ឬកម្ចាត់មេរោគ និងរក្សាអនាម័យនៅពេលធ្វើដំណើរតាមផ្លូវ។
- ប៉ុន្តែបើអ្នកធ្វើដំណើរតាមរថយន្តក្រុង ឬធ្វើដំណើររួមជាមួយអ្នកដទៃ អ្នកគួរតែពាក់ម៉ាស និងធ្វើការសម្អាតជាប្រចាំទៅលើផ្ទៃសម្ភារដែលអ្នកប៉ះពាល់ផ្ទាល់ដោយទឹកអាល់កុល ឬទឹកសម្លាប់មេរោគ។ ជាពិសេស អ្នកគួរតែជ្រើសរើសមធ្យោបាយធ្វើដំណើរណាដែលបានអនុវត្តការរក្សាគម្លាតបានត្រឹមត្រូវ និងការរក្សាអនាម័យជានិច្ច។
- គួរតែបើកកញ្ចក់រថយន្តពេលធ្វើដំណើរនៅកន្លែងដែលសមស្រប ដើម្បីឱ្យមានខ្យល់ធម្មជាតិ និងពន្លឺព្រះអាទិត្យចេញចូលខ្លះ។
ភោជនីយដ្ឋាន
- ការទទួលទានអាហារក៏ជាផ្នែកមួយដែលធ្វើឱ្យដំណើរកម្សាន្តរបស់អ្នកកាន់តែមានភាពរីករាយ ប៉ុន្តែមុននឹងឈានជើងចូលភោជនីយដ្ឋាននីមួយៗក្នុងអំឡុងពេលកូវីដ១៩នេះ អ្នកគួរតែមានការប្រុងប្រយ័ត្នជាងមុន ព្រោះអាចមានមេរោគជាច្រើនដែលអ្នកមិនអាចមើលឃើញដោយភ្នែកទទេដែលបានទំជាប់នៅលើម៉ឺនុយម្ហូប (Menu) ដៃទ្វារជាដើម ដែលអាចមានមនុស្សច្រើននាក់បានប៉ះពាល់រួចមកហើយ។ ដូចនេះ អ្នកត្រូវការសម្អាតដៃរបស់អ្នកភ្លាមៗបន្ទាប់ពីប៉ះពាល់របស់ទាំងនោះរួច។
- ការជ្រើសរើសភោជនីយដ្ឋានដែលអ្នកអាចបម្រើសេវាកម្មខ្លួនឯង និងមានការប៉ះពាល់តិចតួចជាមួយអ្នកដទៃ អាចជាទីកន្លែងដែលមានសុវត្ថិភាពនៅពេលនេះ។
- អ្នកក៏អាចប្រើប្រាស់វិធីសាស្ត្របែបសន្សំសំចៃ និងសុវត្ថិភាពបំផុត គឺការចម្អិនម្ហូបដោយខ្លួនឯងផ្ទាល់តែម្តង។
សណ្ឋាគារ និងកន្លែងស្នាក់នៅ
- សណ្ឋាគារ និងកន្លែងស្នាក់នៅក៏អាចជាកន្លែងមួយដែលងាយឆ្លងមេរោគដូចគ្នា ពីព្រោះវាជាទីដែលមនុស្សមកពីគ្រប់មជ្ឈដ្ឋានសម្រាកលំហែ និងទទួលយកសេវាកម្មផ្សេងៗ។ វិធីការពារដំបូងដែលអ្នកធ្វើបាន គឺឈ្វេងយល់ពីកន្លែងនោះពីការអនុវត្តអនាម័យ និងការពារមេរោគកូវីដ១៩នេះជាមុន។
- ជ្រើសរើសបន្ទប់ណាដែលមិនមានគេប្រើប្រាស់ពីរបីថ្ងៃមុនកន្លងមក និងមានបង្អួចសម្រាប់ពន្លឺព្រះអាទិត្យ ខ្យល់ចេញចូលគ្រប់គ្រាន់។
- កក់បន្ទប់ទុកជាមុន ព្រោះវាមានភាពងាយស្រួលសម្រាប់ការសម្អាត និងអ្នកអាចបញ្ជាក់ពីតម្រូវការរបស់អ្នកទុកជាមុនបាន។
- កាត់បន្ថយការទទួលសេវាកម្ម និងប្រើប្រាស់របស់រួមនៅក្នុងសណ្ឋាគារ និងធ្វើការសម្អាតដោយខ្លួនឯង។
- គួរជ្រើសរើសសណ្ឋាគារ និងផ្ទះសំណាក់ណាដែលផ្តល់សេវាកម្មសុខភាព ឬនៅមិនឆ្ងាយពីមន្ទីរពេទ្យជាដើម។
ការរៀបចំសម្រាប់ការធ្វើដំណើរ
- ខ្ចប់របស់ប្រើប្រាស់ផ្ទាល់ខ្លួនដែលអ្នកអាចយកមកពីផ្ទះដោយខ្លួនឯងបាន ដើម្បីកាត់បន្ថយការទិញទំនិញតាមផ្លូវ។
- កុំវេចអីវ៉ាន់ដែលមិនចាំបាច់មកជាមួយច្រើនពេក ព្រោះវាអាចចំណាយពេលច្រើនក្នុងការសម្អាត និងសម្លាប់មេរោគ។
- កុំភ្លេចឱ្យសោះនូវទឹកអាល់កុល ឬជែលលាងដៃ ថ្នាំសង្កូវ និងម៉ាស់សម្រាប់ពាក់ពេលដើរចេញទៅក្រៅ។
- យកមកជាមួយនូវឧបករណ៍កម្សាន្តផ្សេងៗ ដូចជារូបផ្គុំ ដូមីណូ ហ្គេមកាត ដើម្បីកាត់បន្ថយការចេញទៅខាងក្រៅច្រើន។
ការធ្វើដំណើរក្នុងរដូវកាលកូវីដ១៩នេះ អាចមានភាពស្មុគស្មាញជាងពេលធម្មតា ប៉ុន្តែដើម្បីសុខភាពរបស់អ្នក និងអ្នកនៅជុំវិញខ្លួន ក៏ដូចជាទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩នេះ អ្នកគួរតែសាកល្បងវិធីសាស្ត្រទាំងអស់នេះបាន ជាពិសេសធ្វើតាមការណែនាំទូទៅរបស់ក្រសួងសុខាភិបាល ក្នុងការរក្សាអនាម័យ និងសម្លាប់មេរោគជាដើម៕