ឈ្វេងយល់ពីរបៀបនៃការសិក្សា ឬទទួលព័ត៌មានរបស់អ្នក ដើម្បីសម្រេចបាននូវសក្ដានុពលរៀនសូត្រពេញលេញមួយ។
ទោះបីជាមនុស្សទទួលបានព័ត៌មានដូចគ្នាក៏ដោយ ប៉ុន្តែពេលខ្លះពួកគេមានការយល់ឃើញ ឬបកស្រាយព័ត៌មានទាំងនោះខុសៗគ្នា។ នៅចំណុចណាមួយក្នុងជីវិតរបស់អ្នក អ្នកប្រហែលជាឆ្ងល់ថា ហេតុអ្វីបានជាមិត្តរួមថ្នាក់របស់អ្នកអាចរៀនបានលឿន និងឆាប់ចាប់បានជាងអ្នកដទៃ។
ពេលខ្លះ នោះវាមិនមែនជាកំហុសរបស់អ្នកនោះទេ ប៉ុន្តែវាអាចមកពីវិធីនៃការបង្រៀនរបស់គ្រូនីមួយៗដែលមិនសមស្របទៅនឹងរបៀបនៃការសិក្សារបស់ខ្លួន។ របៀបនៃការសិក្សាពិតជាមានឥទ្ធិពលខ្លាំងទៅលើការយល់ និងការដោះស្រាយបញ្ហាផ្សេងៗដែលអ្នកជួបប្រទះ។
តាមទ្រឹស្ដី មានវិធីសាស្ត្រនៃការរៀនគោលចំនួន ៣ធំៗ ដែលក្នុងនោះមានចក្ខុ (ការសិក្សាតាមរយៈនៃការមើល) សោត (ការសិក្សាតាមរយៈនៃការស្តាប់) និងការសិក្សាតាមរយៈនៃការស្ទាបឬប៉ះដោយប្រើដៃ។
ក្នុងចំណោមវិធីទាំងបីនេះ ស្ថាប័នអប់រំជាច្រើននៅជុំវិញពិភពលោកមានទំនោរក្នុងការប្រើប្រាស់វិធីសាស្ត្រនៃការបង្រៀនដោយការស្តាប់ និងជារូបភាពក្នុងការផ្ទេរព័ត៌មាន ទោះបីជាសិស្សខ្លះមានរបៀបក្នុងការសិក្សា ឬទទួលព័ត៌មានតាមវិធីផ្សេងទៀតក៏ដោយ។ ទោះជាមនុស្សខ្លះប្រហែលជាប្រកាន់ខ្ជាប់នូវវិធីសាស្ត្រតែមួយក្នុងការរៀនសូត្រក៏ដោយ ពួកគេក៏គួរតែប្រើប្រាស់របៀបរៀនផ្សេងៗជាច្រើនទៀតដើម្បីពង្រឹងការទទួលព័ត៌មាន ដែលក្នុងករណីនេះគេហៅថា «អ្នកសិក្សាតាមពហុវិធី»។
ការឈ្វេងយល់ពីរបៀបនៃការរៀនសូត្ររបស់ខ្លួនឯងផ្ទាល់ ជួយឱ្យខ្លួនអ្នកអាចរៀនសូត្របានប្រសើរជាងនៅក្រៅសាលាដោយខ្លួនឯងបាន។ ផ្អែកទៅលើគំរូ VARK (VARK model) ដែលត្រូវបានបង្កើតឡើងដោយលោក Neil Fleming ជាអ្នកអប់រំដែលមានបទពិសោធន៍ច្រើនឆ្នាំនៅប្រទេសនូវែលសេឡង់ (New Zealand) វិធីសាស្ត្រក្នុងការរៀនសូត្រមានចំនួនបួនផ្នែកធំៗ ដូចជាការរៀនតាមចក្ខុវិស័យ (V: vision) សោតវិស័យ (A: auditory) ការអាននិងការសរសេរ (R: reading-writing) និងការអនុវត្តដោយដៃ (K: kinesthetic)។ បើយោងទៅតាមទ្រឹស្ដី Multiple Intelligence (ភាពវៃឆ្លាតច្រើន) របស់លោក Howard Gardner ដែលបានពង្រីកគំរូ VARK និងបែងចែករបៀបនៃការសិក្សាចំនួនប្រាំពីរដូចខាងក្រោម។
អ្នករៀនដោយការមើល (Visual Learner)
អ្នកសិក្សាប្រភេទនេះពឹងផ្អែកជាចម្បងទៅលើការមើលឃើញ ដូចជារូបភាព វីដេអូ ផែនទី តារាង គំនូសតាង ឬនិមិត្តសញ្ញាជាដើម ដើម្បីយល់ពីអ្វីមួយ។ ជាធម្មតា អ្នកសិក្សាតាមការមើលឃើញអាចបកប្រែឬបកស្រាយតារាងឬដ្យាក្រាម (Diagrams) បានយ៉ាងឆាប់រហ័ស ហើយពួកគេវែកញែក និងពិចារណាព័ត៌មានដោយផ្អែកលើការសង្កេតរបស់ពួកគេ។ ចំណែកតាមទ្រឹស្តីបទវិញ មនុស្សប្រភេទនេះត្រូវការចក្ខុវិស័យរឹងមាំក្នុងការឈ្វេងយល់ ឬទទួលព័ត៌មាន ហើយជាធម្មតាពួកគេមានចំណុចសម្គាល់ដោយការនិយាយលឿន។
អ្នករៀនដោយការស្តាប់ (Aural Learner)
អ្នកសិក្សាប្រភេទនេះរៀនតាមរយៈសំឡេង តន្ត្រី ឬ Podcast (Podcast ជាប្រភេទឯកសារជាសំឡេងដែលមានជាភាគៗដែលគេអាចទាញយកបានតាមបណ្ដាញអ៊ីនធឺណិតនៅលើកុំព្យូទ័រ ឬទូរស័ព្ទដៃ)។ ពួកគេអាចចងចាំរឿងរ៉ាវបានដោយការស្តាប់ជាជាងការមើលឃើញ។ អ្នកដែលចាត់ចូលក្នុងប្រភេទនៃការរៀនសូត្របែបនេះ អាចនឹងចងចាំព័ត៌មានបានច្បាស់លាស់ ប្រសិនបើពួកគេអាចនិយាយជាមួយនរណាម្នាក់បាន ព្រោះតាមរយៈការនិយាយនេះ ពួកគេនឹងអាចរំឭកការសន្ទនាបាននៅពេលដែលចាំបាច់។ ទោះជាយ៉ាងណា ក៏ពួកគេមើលទៅមានទំនោរនិយាយ និងអានយឺតៗ។
អ្នករៀនដោយការសរសេរ (Verbal Learner)
អ្នករៀនតាមរយៈការសរសេរទទួលយកព័ត៌មានដោយការកត់ត្រាសម្គាល់ ឬការគូសបញ្ជាក់ព័ត៌មានសំខាន់ៗដោយប្រើពាក្យពេចន៍ផ្ទាល់របស់ខ្លួន។ ពួកគេអាចរៀនបានយ៉ាងរហ័សបំផុតតាមរយៈការពន្យល់ទៅកាន់មនុស្សដទៃ និងទទួលការពន្យល់ ហើយជាមួយគ្នានេះដែរ ពួកគេចូលចិត្តទាំងប្រើប្រាស់ពាក្យ ទាំងការនិយាយ និងការសរសេរ។ ក្រុមអ្នកសិក្សាប្រភេទនេះមានចំណង់ចំណូលខ្លាំងទៅលើពាក្យ ការសរសេរ និងការនិយាយដែលអាជីពល្អសម្រាប់ពួកគេនោះគឺផ្នែករដ្ឋបាល សារព័ត៌មាន ការនិយាយជាសាធារណៈ និងនយោបាយ។
អ្នករៀនដោយការប្រើដៃ (Physical Learner)
ខុសគ្នាពីវិធីនៃការសិក្សាទាំងបីដែលបានលើកឡើងខាងដើម អ្នករៀនដោយការប្រើដៃទទួលបានព័ត៌មានថ្មីៗតាមរយៈការប៉ះ និងសកម្មភាពផ្សេងៗដែលពាក់ព័ន្ធនឹងរាងកាយ។ ជារួម ពួកគេរៀនតាមរយៈការធ្វើ (អនុវត្ត) ហើយអាចចងចាំបានល្អបំផុតដោយវិធីនេះដែរ។ សម្រាប់បុគ្គលិកលក្ខណៈបុគ្គលវិញ ពួកគេមានការពិបាកក្នុងការនៅមួយកន្លែងដោយមិនមានការចូលរួមក្នុងការអនុវត្តជាក់ស្តែង។
អ្នករៀនដោយប្រើតក្កវិទ្យា (Logical Learner)
ប្រសិនបើអ្នកតែងតែចង់ដឹងចង់ចេះពីអ្វីៗដែលនៅជុំវិញខ្លួនអ្នក អ្នកប្រហែលជាអ្នករៀនដោយប្រើភាពពិតត្រឹមត្រូវជាក់ស្តែង (Logics)។ អ្នកសិក្សាតាមបែបនេះ គឺពោរពេញទៅដោយការចង់ចេះចង់ដឹងពីបញ្ហាផ្សេងៗ ដូច្នេះហើយពួកគេភាគច្រើនតែងតែសួរសំណួរជាច្រើន។ ពួកគេរំពឹងទទួលចម្លើយប្រកបដោយភាពត្រឹមត្រូវច្បាស់លាស់ និងសមហេតុសមផលដែលមានលក្ខណៈជាប្រព័ន្ធពិតប្រាកដមួយ ហើយមនុស្សក្នុងក្រុមនេះចង់ឈ្វេងយល់ពីអ្វីមួយក្នុងរូបភាព ឬទ្រង់ទ្រាយធំដែលធ្វើឱ្យពួកគេបែងចែក និងចាត់ថ្នាក់ក្រុមព័ត៌មានដែលពួកគេប្រមូលបាន។ មូលហេតុនេះហើយដែលបណ្តាលឱ្យពួកគេឆាប់បានឃើញ ឬចាប់បានគំរូក្នុងការដោះស្រាយបញ្ហា។
អ្នករៀនដោយទំនាក់ទំនង (Social Learner)
អ្នកសិក្សាតាមរយៈទំនាក់ទំនងចាប់យកព័ត៌មានដោយនៅជុំវិញ ឬជាមួយមនុស្សដទៃៗទៀត ហើយពួកគេមិនចូលចិត្តរៀនដោយខ្លួនឯងនោះទេ។ អ្នកសិក្សាស្ថិតក្នុងប្រភេទនេះ ជឿជាក់ថាចំណេះដឹងគឺជាការចែករំលែក ដូច្នេះហើយទើបពួកគេគិតថាពួកគេអាចរៀនបានច្រើនដោយការសួរសំណួរ ឬសុំដំបូន្មានពីមនុស្សផ្សេងៗដែលមានបទពិសោធន៍ច្រើន។ សម្រាប់អាជីពក្នុងពេលអនាគតរបស់មនុស្សក្រុមនេះ ភាគច្រើនជាគ្រូបង្រៀន អ្នកប្រឹក្សាយោបល់ ឬខាងផ្នែកគ្រប់គ្រងធនធានមនុស្ស។
អ្នករៀនដោយខ្លួនឯង (Solitary Learner)
មនុស្សដែលឱ្យតម្លៃលើឯកជនភាព និងឯករាជភាព គឺស្ថិតនៅក្នុងក្រុមសិក្សាបែបឯកជនដែលពួកគេផ្ដោតការយកចិត្តទុកដាក់លើការរៀនសូត្រដោយពុំចាំបាច់មានអ្នកដទៃ។ ចំពោះពួកគេ មនុស្សដទៃទៀតគឺជាភាពរំខានទៅវិញ ហើយដើម្បីទទួលបានព័ត៌មានឬអត្ថប្រយោជន៍ច្រើនពីមេរៀននោះ គឺតាមរយៈការចំណាយពេលវិភាគលើអ្វីមួយតែម្នាក់ឯង។ ភាគច្រើនអ្នកនិពន្ធ ឬអ្នកស្រាវជ្រាវ គេឃើញមានវិធីសាស្ត្រនៃការរៀនសូត្របែបនេះ៕