អ្នកអាចអនុវត្តនូវលំហាត់ប្រាណងាយៗដោយខ្លួនឯង និងមិនអស់ប្រាក់

ការរាតត្បាតនៃជំងឺកូវីដ១៩នៅតែបន្តមាន ដែលនេះបាននាំមកនូវការផ្លាស់ប្ដូរជាច្រើនដល់ជីវភាព និងការរស់នៅរបស់មនុស្សគ្រប់ៗគ្នា។ វិធានការបិទច្រកចេញចូល និងការរឹតត្បិតផ្សេងៗទៀតបានបង្ខំឱ្យមនុស្សភាគច្រើនត្រូវនៅផ្ទះ។ ក្នុងអំឡុងពេលដំបូង មនុស្សជាច្រើនត្រូវបានគេសង្កេតឃើញថាបានរៀនចម្អិនអាហារនៅផ្ទះបានញឹកញាប់ជាងមុន។
មហាវិទ្យាល័យ King’s College London និងក្រុមហ៊ុន Ipsos MORI ដែលជាក្រុមហ៊ុនស្រាវជ្រាវទីផ្សារមួយនៅទីក្រុងឡុងដ៍ (London) បានស្ទង់មតិអ្នករស់នៅទីក្រុងឡុងដ៍ចំនួនជាង ២.២០០នាក់ (២.២៥៤) ដើម្បីមើលថាតើពួកគេបានឡើងទម្ងន់ដែរឬទេនៅអំឡុងពេលជំងឺកូវីដនេះ។ ក្នុងនោះជាង ៤៨% នៃអ្នកឆ្លើយសំណួរបានជ្រើសរើសយកចម្លើយឡើងទម្ងន់។ ទោះបីជាយ៉ាងណាក៏ដោយ ក៏គេមិនមានទិន្នន័យផ្លូវការណាមួយដើម្បីគាំទ្រការនិយាយថាមនុស្សភាគច្រើនឡើងទម្ងន់នៅពេលបិទច្រកចេញចូល ប៉ុន្តែមនុស្សជាច្រើនបានធ្វើការត្អូញត្អែរអំពីបញ្ហានេះនៅលើបណ្ដាញផ្សព្វផ្សាយសង្គមថា ពីព្រោះតែរបៀបរស់នៅថ្មីនេះ។ មនុស្សមួយចំនួនប្រហែលនិយាយលេងសើចជុំវិញបញ្ហានេះ ប៉ុន្តែយើងជឿជាក់ថាមនុស្សភាគច្រើនពិតជាបានឡើងទម្ងន់មែន។
ការរក្សាឱ្យមានរាងស្អាត និងសុខភាពល្អអំឡុងពេលកូវីដ មិនមែនជាការងាយស្រួលនោះទេ ពីព្រោះពេលនៅផ្ទះ អ្នកអាចមានអារម្មណ៍ថាមានផាសុកភាព និងមានកិច្ចការរំខានជាច្រើន ហើយជាពិសេសទៅទៀតនោះសម្រាប់អ្នកដែលមានកូនក្នុងបន្ទុក វារឹតតែមានការពិបាកបន្ថែមទៀត ពីព្រោះត្រូវធ្វើការថែទាំកូនៗរបស់ខ្លួន។
ទោះបីជាយ៉ាងណាក៏ដោយក៏មានលំហាត់ប្រាណមួយចំនួនពុំតម្រូវឱ្យមានកន្លែងហាត់ប្រាណនោះទេ ដែលអ្នកអាចអនុវត្តរួមគ្នាជាមួយសមាជិកគ្រួសាររបស់អ្នកនៅផ្ទះ។ លើសពីនេះទៀត លំហាត់ប្រាណទាំងនេះត្រូវការឧបករណ៍តិចតួចបំផុត ដូច្នេះអ្នកមិនចាំបាច់ចំណាយលុយច្រើននោះទេ។
ការហាត់ប្រាណបែបលោត (Jumping Jacks)
ការហាត់ប្រាណបែបលោត គឺជាសកម្មភាពនៃការធ្វើលំហាត់ប្រាណរាងកាយដែលតម្រូវឱ្យយើងលោតចុះលោតឡើងដោយប្រើចលនាដៃ និងជើងច្រើន។ ការហាត់ប្រាណបែបលោតក្នុងរយៈពេល ១០នាទីអាចជួយកាត់បន្ថយថាមពល ១០០កាឡូរី ហើយប្រសិនបើអ្នកធ្វើការហាត់ប្រាណបែបលោតនេះរួមបញ្ចូលជាមួយនឹងសកម្មភាពហាត់ប្រាណផ្សេងៗទៀតក្នុងរយៈពេលពី ៣០ ទៅ ៦០វិនាទី គឺគ្រប់គ្រាន់ហើយ។ ការហាត់ប្រាណបែបលោតនេះមើលទៅហាក់ដូចជាមានភាពងាយស្រួលនៅពេលអនុវត្ត ប៉ុន្តែអ្នកគួរចាំបាច់យកចិត្តទុកដាក់លើរាងកាយរបស់អ្នកផងដែរ។ ប្រសិនបើអ្នកមានអារម្មណ៍ថាឈឺចាប់នៅត្រង់កន្លែងណាមួយ អ្នកគួរសម្រាក ឬបញ្ឈប់ភ្លាមៗ ហើយសម្រាប់កុមារវិញពួកគេមិនគួរហាត់ប្រាណបែបលោតនេះខ្លាំងពេកនោះទេ។ ឪពុកម្តាយគួរតែណែនាំកូនៗរបស់ពួកគេឱ្យលោតដើម្បីភាពសប្បាយរីករាយ។

ការលោតត្រែមប៉ូលីន (Trampoline)
ជាសកម្មភាពដែលក្មេងៗ និងមនុស្សពេញវ័យមួយចំនួនរីករាយ និងចូលចិត្តខ្លាំង។ ការលោតត្រែមប៉ូលីន (Trampoline) មើលទៅហាក់ដូចជាគ្រាន់តែជាការលេងសប្បាយតែប៉ុណ្ណោះ ប៉ុន្តែវិធីលំហាត់ប្រាណនេះអាចជួយអ្នកឱ្យមានរាងស្អាត និងផ្តល់អត្ថប្រយោជន៍សុខភាពជាច្រើន ហើយអ្វីដែលអ្នកចាំបាច់ត្រូវការនោះ គឺឧបករណ៍ត្រែមប៉ូលីន (Trampoline) ធុនកណ្តាលមួយដាក់នៅផ្ទះក្នុងការដោះដូរយកសុខភាពល្អ និងការចំណាយពេលរីករាយជាមួយកូនៗរបស់អ្នក។ ការលោតត្រែមប៉ូលីនអាចជួយបង្កើនលំហូរចលនាឈាម (lymphatic flow) បន្សាបជាតិពុល ពង្រឹងមុខងារប្រព័ន្ធភាពស៊ាំ ពង្រឹងប្រព័ន្ធគ្រោងឆ្អឹង ធ្វើឱ្យប្រព័ន្ធសរសៃឈាមបេះដូងដំណើរការល្អ និងអាចបង្កើនលំហូរអុកស៊ីសែននៅក្នុងខ្លួនថែមទៀតផង។

លំហាត់ប្រាណបែបធាក់ខ្យល់ (Air Kickboxing)
លំហាត់ប្រាណបែបនេះពុំចាំបាច់តម្រូវឱ្យអ្នកទិញឧបករណ៍កីឡានោះទេ គ្រាន់តែត្រូវការស្បែកជើងល្អមួយគូ និងសម្លៀកបំពាក់កីឡាតែប៉ុណ្ណោះ។ លំហាត់ប្រាណបែបនេះអាចកាត់បន្ថយថាមពលរបស់អ្នកបានចំនួន ១០០កាឡូរីក្នុងរយៈពេល ១០នាទីដំបូងប្រសិនបើអ្នកទាត់ខ្លាំង។ ជាមួយការហាត់ប្រាណបែបធាក់ខ្យល់ គួររួមបញ្ចូលគ្នានៃការទាត់និងការក្តាប់ដៃវាយ ព្រោះការទាត់តែមួយមុខអាចបង្កសម្ពាធខ្លាំងពេកលើសន្លាក់នៃរាងកាយ។ គេហទំព័រសុខភាព និងសម្បទាជាច្រើនបានណែនាំឱ្យអនុវត្តតាមវីដេអូដែលមានលើអ៊ីនធឺណិត។ អត្ថប្រយោជន៍មួយចំនួននៃលំហាត់ប្រាណបែបធាក់ខ្យល់ (Air Kickboxing) អាចជួយកាត់បន្ថយភាពតានតឹង បង្កើនទំនុកចិត្ត ពង្រឹងលំនឹង បង្កើនថាមពល និងធ្វើឱ្យឥរិយាបថរាងកាយកាន់តែប្រសើរឡើង។ សម្រាប់កុមារវិញ ពួកគេគ្រាន់តែអាចទាត់លេងដើម្បីភាពសប្បាយរីករាយ ហើយសម្រាប់មនុស្សពេញវ័យដែលចង់បង្កើននូវកម្លាំងហាត់ប្រាណបន្ថែម ពួកគេប្រើការបូមខ្សាច់វាយបាន។

លំហាត់ប្រាណជណ្តើរ (staircase exercise)
យើងទាំងអស់គ្នាសុទ្ធតែមានជណ្តើរនៅផ្ទះ ដូច្នេះយើងអាចទាញយកអត្ថប្រយោជន៍ពីវាបាន។ អ្នកអាចធ្វើលំហាត់ប្រាណច្រើនជាមួយកាំជណ្តើរ ដូចជាការអាវ៉ង់លើជណ្តើរ (push up) វារឡើងជណ្តើរ ការឡើងជណ្តើររួចបន្ទន់ខ្លួន (stair lunge) ឡើងកាំជណ្តើរចុះឡើង ( step up, side up) និងការលោតលើជណ្តើរ (stair hops)។ អ្នកចាំបាច់គួរយកចិត្តទុកដាក់ជាពិសេសនៅពេលធ្វើលំហាត់ប្រាណជណ្តើរ ព្រោះវាអាចបង្កឱ្យមានគ្រោះថ្នាក់បាន។ អត្ថប្រយោជន៍នៃការធ្វើលំហាត់ប្រាណជណ្តើរ អាចជួយពង្រឹងសាច់ដុំជើងក៏ដូចជាជួយឱ្យឈាមរត់បានល្អ។ ជម្រើសដ៏ល្អមួយនៃការប្រើប្រាស់ជណ្តើរ គឺឡើងចុះឱ្យបានញឹកញាប់ដែលនេះកុមារៗក៏អាចចូលរួមបានផងដែរ។

ការរត់នៅមួយកន្លែង (Jogging in place)
ការរត់នៅមួយកន្លែង គឺជាសកម្មភាពហាត់ប្រាណមួយដែលប្រើចលនាជើងរត់ ប៉ុន្តែនៅមួយកន្លែង។ អ្នកអាចធ្វើបែបនេះតាមកម្រិតពេលវេលាដែលអ្នកអាចធ្វើទៅបាន ប៉ុន្តែប្រសិនបើមានអារម្មណ៍ថាឈឺកែងជើងឬជើង អ្នកគួរសម្រាកឬបញ្ឈប់វាសិន។ ការធ្វើលំហាត់ប្រាណបែបនេះអាចឱ្យអ្នកនិយាយលេងជាមួយកូនៗរបស់អ្នកបាន និងទទួលបាននូវសុខភាពល្អថែមទៀតផង ហើយអ្វីដែលអ្នកត្រូវការសម្រាប់លំហាត់ប្រាណបែបនេះ គឺសម្លៀកបំពាក់ និងស្បែកជើងកីឡា។ ជាមួយគ្នានេះ អ្នកក៏ធ្វើលំហាត់ប្រាណបែបនេះដើម្បីកម្តៅសាច់ដុំផងដែរ។ ចំណុចល្អនៃកីឡានេះ គឺអាចជួយឱ្យរាងកាយកាន់តែមាំមួន ធ្វើឱ្យមានតុល្យភាពល្អ និងកាត់បន្ថយកម្រិតជាតិស្ករក្នុងឈាមឱ្យកាន់តែប្រសើរជាងមុនទៅទៀត៕
