«អរគុណដែលជួយគាំទ្រផលិតផលរបស់យើងខ្ញុំ ហាងយើងខ្ញុំនឹងធ្វើការទំនាក់ទំនងទៅនៅពេលដែលទំនិញមកដល់»។ នេះគឺជាសារដែលក្រុមហ៊ុនតែងផ្ញើទៅកាន់អតិថិជនក្រោយការបញ្ជាទិញទំនិញតាមប្រព័ន្ធអនឡាញ។
ប្រសិនបើអ្នកមានអារម្មណ៍ថា អ្នកបានឃើញសារខាងលើនេះច្រើនលើកច្រើនសានៅក្នុងរយៈពេលនៃជំងឺកូវីដ១៩នេះ វាបង្ហាញថាអ្នកពិតជាបានធ្វើការទិញទំនិញតាមប្រព័ន្ធអនឡាញជាច្រើនលើកជាមិនខាន។
ការវាយលុករបស់ជំងឺកូវីដ១៩ បានធ្វើឱ្យប៉ះពាល់ដល់មុខរបររកស៊ី និងការធ្វើអាជីវកម្មផ្សេងៗជាច្រើននៅប្រទេសកម្ពុជា ប៉ុន្តែបើយើងក្រឡេកទៅមើលការរីកលូតលាស់នៃការលក់ដូរទំនិញតាមប្រព័ន្ធអនឡាញឯណោះវិញ ឃើញថាមានសន្ទុះកើនឡើងគួរឱ្យកត់សម្គាល់។ ការមិនអាចចេញទៅក្រៅផ្តេសផ្តាសបាន ការដែលមានអារម្មណ៍ធុញថប់ មិនសប្បាយចិត្ត ការសម្រាកទំនេរនៅផ្ទះច្រើនបូកផ្សំនឹងភាពសម្បូរបែបនៃការដាក់លក់ផលិតផលគ្រប់ប្រភេទនៅតាមប្រព័ន្ធអនឡាញ រាប់បញ្ចូលទាំងការបញ្ជាទិញកាន់តែមានភាពងាយស្រួលជាងពេលមុន និងប្រើរយៈពេលខ្លីផងដែរនោះ បានធ្វើឱ្យការទប់ស្កាត់ខ្លួនអ្នកពីការបញ្ជាទិញទំនិញតាមអេក្រង់ទូរស័ព្ទដោយប្រើពេលមួយប៉ប្រិចភ្នែកនេះកាន់តែមានការលំបាក។
ប្រសិនបើអ្នកចង់កាត់បន្ថយទម្លាប់មិនល្អនៃការចំណាយលើសលប់ ឬការទិញទំនិញច្រើនឥតប្រយោជន៍នៅក្នុងអំឡុងពេលនៃជំងឺកូវីដ១៩នេះ អ្នកអាចសាកល្បងអនុវត្តចំណុចសំខាន់ៗខាងក្រោមនេះបាន៖
- កម្ចាត់ចោលនូវប្រភពព័ត៌មានដែលទាក់ទាញចំណាប់អារម្មណ៍របស់អ្នកក្នុងការទិញទំនិញ
ជាការពិតណាស់ ដើម្បីដោះស្រាយបញ្ហា យើងត្រូវស្វែងរកប្រភពនៃបញ្ហាជាមុនសិន។ ការរក្សាទុកនូវប្រភពដូចជា វេបសាយ (Website) ទំព័រហ្វេសប៊ុក (Facebook Page) និងកម្មវិធីផ្សេងៗដែលមានការផ្សព្វផ្សាយពីហាងលក់ទំនិញច្រើន ជាកត្តាមួយដែលធ្វើឱ្យចំណង់ទិញទំនិញរបស់អ្នកកាន់តែមានការកើនឡើង។ ហេតុនេះបើសិនជាអាច អ្នកគួរតែលុបចោលនូវប្រភពព័ត៌មានណាដែលអ្នកគិតថាអ្នកបានកុម្ម៉ង់ទិញពីទីនោះច្រើនរួចហើយ តែវានៅតែទាក់ទាញចិត្តរបស់អ្នកទិញទំនិញឥតឈប់ឈរទៀត។ អ្នកអាចនឹងមានអារម្មណ៍ថាសោកស្តាយនៅពេលដែលអ្នកលុបវា ប៉ុន្តែអ្នកនឹងទទួលបានមកវិញនូវលទ្ធផលជាទីគាប់ចិត្ត ព្រោះនៅទីបំផុតអ្នកអាចសង្គ្រោះខ្លួនឯងពីការចំណាយប្រាក់ឥតប្រយោជន៍។ - កាត់បន្ថយការប្រើប្រាស់ទូរស័ព្ទ ឬប្រព័ន្ធអេឡិចត្រូនិកផ្សេងៗ
ការរីកចម្រើននៃបច្ចេកវិទ្យាជាផ្នែកមួយធ្វើឱ្យការដាក់លក់ផលិតផលនៅតាមទីផ្សារអនឡាញមានភាពសម្បូរបែប កាន់តែឆាប់រហ័ស និងងាយស្រួលជាងមុន។ ជាមួយគ្នានោះដែរ វាក៏បានធ្វើឱ្យហានិភ័យក្នុងការចំណាយប្រាក់កាសក្នុងការទិញទំនិញកាន់តែមានអត្រាខ្ពស់។ លើសពីនេះ ការចំណាយពេលវេលាច្រើនក្នុងការប្រើប្រាស់អ៊ីនធឺណិតដូចជាតាមដានប្រព័ន្ធទំនាក់ទំនងសង្គមផ្សេងៗ វាកាន់តែធ្វើឱ្យអ្នកមើលឃើញពីការបង្ហាញផលិតផល ឬការផ្សព្វផ្សាយពាណិជ្ជកម្មពីក្រុមហ៊ុន និងបុគ្គលល្បីៗដែលធ្វើឱ្យទំនោរក្នុងការចំណាយលុយអាចនឹងកើនឡើង។ ដូច្នេះ ការផ្តាច់ខ្លួនពីការប្រើប្រាស់អ៊ីនធឺណិត និងការតាមដានប្រព័ន្ធទំនាក់ទំនងសង្គមផ្សេងៗនេះវាមិនត្រឹមតែមានអត្ថប្រយោជន៍សម្រាប់ការកាត់បន្ថយការចំណាយប៉ុណ្ណោះទេ តែវាក៏អាចជួយដល់សុខភាពផ្លូវចិត្ត និងកាយអ្នកផងដែរ។ - បង្កើតទម្លាប់ក្នុងការគិតគូរការចំណាយរបស់អ្នកជាប្រចាំមុនពេលទិញទំនិញ
កំហុសដែលមនុស្សភាគច្រើនតែងតែបង្ក និងធ្លាក់ខ្លួនជាជនរងគ្រោះក្នុងការទិញទំនិញតាមអនឡាញដោយមិនដឹងខ្លួន គឺទម្លាប់ដែលមិនសូវគិតគូរពីចំណូលចំណាយជាប្រចាំរបស់ខ្លួន។ ការឆ្លៀតពេលបន្តិចបន្តួចក្នុងការគន់គូរ និងប៉ាន់ប្រមាណពីតុល្យភាពនៃតម្លៃ និងចំណូលចំណាយមុននឹងសម្រេចចិត្តទិញរបស់អ្វីមួយទោះបីជាមានតម្លៃថោកឬថ្លៃ តិចឬច្រើនក្តី វាជាទម្លាប់ល្អក្នុងការចំណាយឥតប្រយោជន៍ និងការគ្រប់គ្រងផ្នែកហិរញ្ញវត្ថុរបស់អ្នកបានល្អ។ ការចំណាយពេលពីរទៅបីនាទីក្នុងការគណនានេះ វាល្អជាងការចំណាយខ្ជះខ្ជាយ ហើយមកអង្គុយស្តាយក្រោយរហូត។ - ដាក់បញ្ចូលកម្មវិធីគ្រប់គ្រងការចំណាយរបស់អ្នក
វិធីសាស្ត្រមួយទៀតដែលល្អ និងមានប្រសិទ្ធភាព គឺការដំឡើងកម្មវិធីដែលអាចជួយគ្រប់គ្រងការចំណាយរបស់អ្នកដូចជា Spendee, Pocket Expense, Expensify, Budget Calculator និងកម្មវិធីផ្សេងៗជាច្រើនទៀតដែលអ្នកអាចរកបានដោយឥតគិតថ្លៃនៅក្នុងប្រព័ន្ធអ៊ីនធឺណិត។ កម្មវិធីទាំងអស់នេះវាអាចជួយឱ្យអ្នកបានដឹងនូវចំណូលចំណាយក៏ដូចជារំលឹកអ្នកពីការកំណត់ចំណូលចំណាយរបស់អ្នកជាប្រចាំ ព្រមទាំងជៀសវាងការចំណាយលើសលប់ដោយមិនបានដឹងខ្លួន។ - ចំណាយពេលទៅលើសកម្មភាពផ្សេងៗដែលជួយអភិវឌ្ឍខ្លួនអ្នក
ដើម្បីកាត់បន្ថយអារម្មណ៍ធុញទ្រាន់ស្មុគស្មាញក្នុងអំឡុងពេលកូវីដ១៩នេះ មានជម្រើសជាច្រើនដែលអ្នកអាចធ្វើបានប្រសើរជាងការចំណាយពេលទំនេរទៅលើអ៊ីនធឺណិត និងបណ្ដាញទំនាក់ទំនងសង្គមទាំងដែលពេលខ្លះវាធ្វើឱ្យអ្នកកាន់តែមានអារម្មណ៍អាក្រក់ និងកាន់តែធុញទ្រាន់ថែមទៀត។ គួរចំណាយពេលទៅលើសកម្មភាពទាំងឡាយណាដែលអាចជួយដល់ការអភិវឌ្ឍខ្លួនអ្នក និងអ្នកនៅជុំវិញខ្លួន ដូចជាការអានសៀវភៅ ការធ្វើលំហាត់ប្រាណ លេងកីឡា ការចាប់យកជំនាញថ្មីៗ និងការចំណាយពេលវេលាល្អៗជាមួយក្រុមគ្រួសារ និងមិត្តភក្ដិអ្នក ដើម្បីកាត់បន្ថយការចំណាយពេលមកគិត និងមើលឃើញពីការផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលផ្សេងៗដែលជាសេចក្ដីសុខបណ្ដោះអាសន្នប៉ុណ្ណោះ។ - រៀនគ្រប់គ្រងផ្លូវចិត្តរបស់អ្នកមុនពេលទិញទំនិញ
យោងទៅតាមការសិក្សាបានបង្ហាញថា ការបង្កើតទម្លាប់ក្នុងការរង់ចាំយ៉ាងហោចណាស់ ២០នាទីមុននឹងសម្រេចចិត្តក្នុងការទិញទំនិញអ្វីមួយនៅតាមប្រព័ន្ធអនឡាញ វាអាចជួយកាត់បន្ថយហានិភ័យក្នុងការសម្រេចចិត្តទៅតាមអារម្មណ៍។ ប្រសិនបើអ្នកអាចរង់ចាំយូរជាងនេះកាន់តែល្អ ព្រោះមានន័យថាវាពិតជាមិនមែនជាតម្រូវការចាំបាច់នោះទេ វាគ្រាន់តែជាចំណង់រយៈពេលខ្លីរបស់អ្នកប៉ុណ្ណោះ។ ម្យ៉ាងវិញទៀត វាស្ទើរតែអាចធ្វើឱ្យអ្នកភ្លេចពីវត្ថុ ឬទំនិញដែលអ្នកចង់ទិញនោះទៀតផងក៏អាចថាបាន។ - កែច្នៃបញ្ហាឱ្យទៅជាការកម្សាន្ត
ពិតប្រាកដណាស់ វាច្បាស់ជាមានការលំបាកក្នុងការកាត់បន្ថយទម្លាប់ក្នុងការទិញទំនិញ ព្រោះវាជាផ្នែកមួយនៃជីវិតប្រចាំថ្ងៃរបស់យើងដែលធ្វើឱ្យយើងមានសេចក្តីរីករាយ និងពេញចិត្ត។ ប៉ុន្តែអ្នកក៏អាចកែប្រែទម្លាប់នេះឱ្យទៅជាការកម្សាន្តដោយការបង្កើតឱ្យមានកាលវិភាគ ឬច្នៃប្រឌិតឱ្យទៅជាវិន័យផ្ទាល់ខ្លួនដើម្បីយកឈ្នះទម្លាប់អាក្រក់នេះនិងខ្លួនឯងបានដូចគ្នា។ ឧទាហរណ៍ដូចជាការដាក់កំហិតខ្លួនឯងមិនទិញទំនិញរយៈពេលមួយខែ មិនប្រើប្រាស់ទូរស័ព្ទពីរម៉ោងក្នុងមួយថ្ងៃ កំណត់ចំនួនជាក់លាក់ក្នុងការចំណាយជាប្រចាំ និងវិធីសាស្ត្រផ្សេងទៀតដែលអាចជួយឱ្យខ្លួនអ្នកដឹងច្បាស់ពីខ្លួនឯង និងការគ្រប់គ្រងខ្លួនឯងបានល្អជាងមុន៕