គន្លឹះ ៧យ៉ាងពីអ្នកស្រី លឹម លីដា សហស្ថាបនិក និងជាអ្នកគ្រប់គ្រងគម្រោងរបស់ ស៊ី អ៊ិនវេសមិន (SHE Investments) សម្រាប់ស្ត្រីនិងសហគ្រិនស្ត្រី ដើម្បីចាប់ផ្តើមអាជីវកម្ម និងពង្រីកអាជីវកម្មបែបគ្រួសារ ឬអាជីវកម្មមិនផ្លូវការ។
ទី១ ការកសាងក្រុម៖ ការកសាងក្រុមដែលមានទស្សនវិស័យដូចគ្នា មានភាពអត់ធ្មត់ ហើយតស៊ូជាមួយគ្នា គឺជាកត្តាចាំបាច់មួយដើម្បីធ្វើឱ្យអាជីវកម្មជោគជ័យ ពីព្រោះជានិច្ចកាលពួកគាត់នឹងរួមគ្នាដោះស្រាយបញ្ហា និងរិះរកវិធីសាស្ត្រយ៉ាងណា ដើម្បីឱ្យអាជីវកម្មរបស់ពួកគាត់នៅតែបន្តទៅមុខ។ ម្យ៉ាងទៀត ការដែលមានក្រុមល្អ គឺជាការជួយលើកទឹកចិត្តគ្នាទៅវិញទៅមក។
លើសពីនេះ ក្រុមឬដៃគូល្អអាចធ្វើឱ្យសហគ្រិនពង្រីកនូវសេវាកម្មរបស់គាត់ ឬផ្តល់ជាសេវាកម្ម និងផលិតផលរបស់ពួកគាត់ប្រកបដោយភាពជឿជាក់តាមអ្វីដែលគាត់បានសន្យាជាមួយអតិថិជនគោលដៅរបស់គាត់។
ទី២ ការហ៊ានសាកល្បង៖ ពួកគាត់ត្រូវធ្វើឱ្យប្រាកដថា គំនិតដែលគាត់មានឆ្លើយតបជាមួយតម្រូវការរបស់ទីផ្សារ។ ដើម្បីអនុវត្តចំណុចនេះបាន វាទាមទារឱ្យសហគ្រិនហ៊ានធ្វើការសាកល្បងដើម្បីរកឱ្យឃើញថា តើអ្វីពិតប្រាកដដែលសហគ្រាសរបស់គាត់គួរតែផ្ដោតសំខាន់លើ។ គាត់អាចសាកល្បងលើរឿងជាច្រើន ប៉ុន្តែចុងក្រោយ គាត់គួរចាប់យករឿងចម្បងតែមួយប៉ុណ្ណោះ។
ទី៣ ការគ្រប់គ្រងហិរញ្ញវត្ថុ៖ បើមានគំនិតល្អ និងក្រុមល្អហើយ យើងមិនចេះគ្រប់គ្រងហិរញ្ញវត្ថុ វាធ្វើឱ្យអាជីវកម្មនោះមិនមានភាពជោគជ័យទេ។ សហគ្រិនត្រូវចេះអំពីវិធីចាយវាយ និងគ្រប់គ្រងថវិការបស់ខ្លួន។ ដើម្បីធ្វើដូចនេះបាន ពួកគាត់ចាំបាច់ត្រូវចេះកត់ត្រារាល់ទិន្នន័យចំណូលចំណាយឱ្យបានត្រឹមត្រូវ។ ពួកគាត់ត្រូវមានប្រព័ន្ធគ្រប់គ្រងកន្លែងនេះឱ្យច្បាស់លាស់ ពីព្រោះប្រសិនបើគាត់មិនអាចគ្រប់គ្រងផ្នែកនេះបានទេ គឺគាត់នៅតែបន្តអាជីវកម្មរបស់គាត់ជាលក្ខណៈគ្រួសារដដែល គឺគាត់មិនអាចឈានទៅដល់លក្ខណៈផ្លូវការកើតនោះទេ។
ទី៤ ការបង្កើតបណ្ដាញ៖ ដើម្បីទទួលបានបណ្ដាញ ខ្ញុំលើកទឹកចិត្តឱ្យពួកគាត់ចូលរួមក្នុងកម្មវិធីផ្សេងៗនៅក្នុងស្រុក។ ការធ្វើបែបនេះ នឹងផ្តល់ឱកាសឱ្យគាត់បានសិក្សាពីអាជីវកម្មផ្សេងទៀត។ ចំណុចសំខាន់បំផុតនោះ គឺពេលខ្លះគាត់អាចរកឃើញដៃគូអាជីវកម្មតាមរយៈវិធីនេះផងដែរ។
ទី៥ ចំណេះដឹងផ្នែកពន្ធដារ៖ ក្នុងន័យនេះ យើងមិនទាមទារឱ្យគាត់ក្លាយជាអ្នកជំនាញនោះទេ ប៉ុន្តែគាត់គួរតែដឹងខ្លះៗទាក់ទងនឹងរឿងពន្ធដារ។ អ្វីដែលត្រូវដឹងចាំបាច់នោះ ថាគាត់ត្រូវទទួលខុសត្រូវលើអ្វីខ្លះ។
ទី៦ ពង្រឹងគុណភាព៖ ពួកគាត់ត្រូវតែបន្តពង្រឹងគុណភាពជារឿយៗ។ មានន័យថា គាត់ត្រូវតែអភិវឌ្ឍផលិតផល និងសេវាកម្មរបស់គាត់ជាប្រចាំតាមសម័យកាល។ យើងត្រូវដើរឱ្យទាន់សម័យកាល និងតម្រូវការរបស់អតិថិជនផ្ទាល់។
ទី៧ សម្របខ្លួន៖ ពួកគាត់ត្រូវរៀនសម្របខ្លួនទៅតាមការផ្លាស់ប្ដូរ។ ជាក់ស្តែងនៅក្នុងពេលដែលមានជំងឺឆ្លងកូវីដនេះជាដើម ប្រសិនបើគាត់មិនមានផ្នត់គំនិតបែបនេះទេ គឺគាត់មិនដឹងថាត្រូវដើរទៅមុខយ៉ាងដូចម្តេចនោះទេ។ ពេលមានជំងឺនេះកើតឡើង វាធ្វើឱ្យខ្ញុំមើលឃើញថា ក្នុងនាមជាម្ចាស់អាជីវកម្មយើងត្រូវមានផែនការ និងយុទ្ធសាស្ត្រភ្លាមៗ ជាពិសេសលើការផ្លាស់ប្ដូរ និងបត់បែនគំរូអាជីវកម្មរបស់គាត់ផ្ទាល់តែម្តង។
ដើម្បីអានបទសម្ភាសន៍ទាំងស្រុងរវាង Focus ជាមួយអ្នកស្រី លឹម លីដា អំពីសារសំខាន់ និងឧបសគ្គរារាំងការពង្រីកអាជីវកម្មសម្រាប់សហគ្រិនស្ត្រី សូមចុចត្រង់នេះ៕