តើពេលណាដែលស្ថានភាពជំងឺកូវីដ១៩នឹងបញ្ចប់? តើបច្ចុប្បន្នពួកយើងមានវ៉ាក់សាំងប្រើប្រាស់បានឬនៅ?
តើអ្វីទៅជាវ៉ាក់សាំង?
Oxford Vaccine Group ដែលជាក្រុមអ្នកស្រាវជ្រាវវ៉ាក់សាំងខាងផ្នែកពេទ្យកុមារនៅសាកលវិទ្យាល័យ Oxford នៅប្រទេសអង់គ្លេស បានកំណត់វ៉ាក់សាំងថាជាប្រភេទនៃថ្នាំដែលបង្វឹកប្រព័ន្ធភាពស៊ាំរបស់មនុស្សឱ្យចងចាំនូវមេរោគណាមួយ ហើយពង្រឹងការឆ្លើយតបរបស់ភាពស៊ាំ (ការវាយប្រហារ) នៅពេលដែលមេរោគចូលមកក្នុងខ្លួន។ វ៉ាក់សាំងត្រូវបានគេបង្កើតឡើងដើម្បីការពារការឆ្លងជំងឺជាជាងព្យាបាលជំងឺនៅពេលដែលឆ្លង។
តើអ្នកវិទ្យាសាស្ត្របង្កើតវ៉ាក់សាំងដោយរបៀបណា?
យោងទៅតាមក្រសួងសុខាភិបាលសហរដ្ឋអាមេរិក បានឱ្យដឹងថា វ៉ាក់សាំងត្រូវបានគេបែងចែកជាប្រភេទផ្សេងៗគ្នាដូចជា៖
- វ៉ាក់សាំងដែលប្រើប្រាស់មេរោគនៅរស់៖ វ៉ាក់សាំងប្រភេទនេះត្រូវបានគេបង្កើតឡើងដោយប្រើប្រាស់មេរោគដែលបង្កជំងឺ ប៉ុន្តែវាមានលក្ខណៈខ្សោយហើយវ៉ាក់សាំងបែបនេះអាចបង្កើតនូវការឆ្លើយតបខាងប្រព័ន្ធភាពស៊ាំបានខ្លាំង និងរយៈពេលយូរ។ សម្រាប់ប្រភេទវ៉ាក់សាំងដែលប្រើប្រាស់មេរោគនេះអាចប្រើប្រាស់តែពី ១ ឬ ២ម្ជុលទៅលើខ្លួនមនុស្ស ហើយអាចការពារមេរោគនោះបានមួយជីវិត។
- វ៉ាក់សាំងដែលប្រើប្រាស់មេរោគងាប់៖ វ៉ាក់សាំងប្រភេទនេះត្រូវបានគេបង្កើតឡើងដោយប្រើប្រាស់មេរោគដែលងាប់ ដូច្នេះហើយវ៉ាក់សាំងនេះពុំសូវមានឥទ្ធិពលខ្លាំងដូចវ៉ាក់សាំងដែលប្រើប្រាស់មេរោគនៅរស់នោះទេ។ សម្រាប់វ៉ាក់សាំងប្រភេទនេះគេត្រូវការ ២ ឬ ៣ម្ជុលក្នុងរយៈពេលជាបន្តបន្ទាប់ដែលគេហៅថា «ការចាក់ពង្រឹង (booster shot)» ដើម្បីបង្កើននូវលទ្ធភាពនៃវ៉ាក់សាំងជាមួយប្រព័ន្ធភាពស៊ាំ។
- វ៉ាក់សាំងដែលប្រើប្រាស់លក្ខណៈសំខាន់របស់មេរោគ៖ ដើម្បីបង្កើតវ៉ាក់សាំងប្រភេទនេះ អ្នកវិទ្យាសាស្ត្រប្រើប្រាស់ផ្នែកផ្សេងរបស់មេរោគដូចជាប្រូតេអ៊ីន ជាតិស្ករ ឬសំបកប្រូតេអ៊ីនដែលព័ទ្ធជុំវិញមេរោគ។ វ៉ាក់សាំងបែបនេះអាចដាក់ឱ្យប្រើប្រាស់ទៅកាន់មនុស្សទាំងអស់ ទាំងអ្នកដែលមានប្រព័ន្ធភាពស៊ាំខ្សោយ និងអ្នកដែលមានបញ្ហាសុខភាពផ្សេងៗ។ គេតម្រូវឱ្យទទួលវ៉ាក់សាំងច្រើនម្ជុលដើម្បីទទួលបានការការពារជាបន្តបន្ទាប់។
- វ៉ាក់សាំងដែលប្រើប្រាស់មេរោគ៖ វ៉ាក់សាំងប្រភេទនេះ អ្នកវិទ្យាសាស្ត្រប្រើប្រាស់ផ្នែកដែលមេរោគបង្កជំងឺដូចជាផ្នែកពុលនៃមេរោគជំនួសការប្រើប្រាស់មេរោគទាំងមូល ដែលនេះមានន័យថាប្រព័ន្ធភាពស៊ាំរបស់មនុស្សនឹងកម្ចាត់ផ្នែកពុលរបស់មេរោគ។ វ៉ាក់សាំងបែបនេះក៏មានភាពស្រដៀងទៅនឹងប្រភេទវ៉ាក់សាំងផ្សេងទៀតដែរ មនុស្សត្រូវការ «ការចាក់ច្រើនម្ជុលដើម្បីពង្រឹងការឆ្លើយតបរបស់ប្រព័ន្ធភាពស៊ាំ (booster shot)»។
តើចំណុចអ្វីខ្លះទើបអាចដឹងថាវ៉ាក់សាំងដែលបានបង្កើត ទទួលបានជោគជ័យ?
វ៉ាក់សាំងពុំអាចបង្កើត និងដាក់ឱ្យប្រើប្រាស់ទៅកាន់ប្រជាជនទូទាំងពិភពលោកក្នុងរយៈពេល ១ ឬ ២ខែនោះទេ ទោះបីជាមានការពន្លឿននូវការផលិតយ៉ាងណាក៏ដោយ ពីព្រោះវាត្រូវការពេលរាប់ខែដើម្បីធានានូវប្រសិទ្ធភាព និងសុវត្ថិភាពដែលមានច្រើនដំណាក់កាល។ ការសិក្សាមួយអំពី «ភាពឥតខ្ចោះនៃវ៉ាក់សាំង» ដែលបានចុះផ្សាយក្នុងទស្សនាវដ្ដីជីវវិទ្យាសាស្ត្រពិភពលោក បានឱ្យដឹងថា វ៉ាក់សាំងមួយដែលគេអាចកំណត់បានថាជោគជ័យកាលណា៖
- វ៉ាក់សាំងនោះមានសុវត្ថិភាពសូម្បីតែសម្រាប់អ្នកដែលមានប្រព័ន្ធភាពស៊ាំខ្សោយ។
- វ៉ាក់សាំងត្រូវមានប្រសិទ្ធភាពខ្ពស់ និងមិនមានការប៉ះពាល់នៃលទ្ធភាពរបស់ប្រព័ន្ធភាពស៊ាំ (ធ្វើឱ្យវាចុះខ្សោយ)។
ការសិក្សានេះក៏បានបង្ហាញទៀតដែរថា វ៉ាក់សាំងសម្រាប់ជំងឺរាតត្បាតគួរតែរាប់បញ្ចូលនូវចំណុចសំខាន់ៗមួយចំនួនបន្ថែមទៀត៖
- តម្លៃផលិតទាបដែលអង្គការសុខភាពពិភពលោក (WHO) បានកំណត់ក្នុងតម្លៃ ៥០សេនដុល្លារ (៥កាក់) ក្នុងមួយម្ជុល។
- អាចទ្រាំទ្របាននឹងកម្តៅខ្ពស់ ដើម្បីប្រើប្រាស់បាននូវតំបន់ត្រូពិក។
- វ៉ាក់សាំងមានមុខងារបន្ថែមប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងក្នុងតំបន់។
- មានអានុភាពឆ្លើយតបប្រព័ន្ធភាពស៊ាំរយៈពេលយូរ ដែលនេះជាមូលហេតុអ្នកវិទ្យាសាស្ត្រនិយមផលិតវ៉ាក់សាំងប្រភេទដែលប្រើប្រាស់មេរោគនៅរស់ ព្រោះតែការចាក់ពី ១ ឬ ២ម្ជុលអាចការពារបានយូរ។
តើការរុករកវ៉ាក់សាំងនៃជំងឺកូវីដ១៩ដល់ដំណាក់កាលណាហើយ?
អ្នកវិទ្យាសាស្ត្រនៅជុំវិញពិភពលោកកំពុងធ្វើការប្រណាំងគ្នាបង្កើតវ៉ាក់សាំងសម្រាប់ជំងឺកូវីដ១៩ ដើម្បីបង្វែរស្ថានភាពនៃការរស់នៅរបស់មនុស្សមកកាន់សភាពដូចដើមវិញ។ នៅពេលបច្ចុប្បន្ននេះ ពិភពលោកមានវ៉ាក់សាំងកូវីដ១៩ប្រហែលជា ២០ប្រភេទកំពុងធ្វើតេស្តនៅក្នុងគ្លីនិក ហើយ ១៤០ប្រភេទទៀតនៅដំណាក់កាលដំបូងនៃការផលិត។
សារព័ត៌មាន BBC បានរាយការណ៍កាលពីថ្ងៃទី១៦ ខែកក្កដា នេះថា ការសិក្សានៅប្រទេសអង់គ្លេស និងសហរដ្ឋអាមេរិកបានបង្ហាញពីការឆ្លើយតបប្រព័ន្ធភាពស៊ាំវិជ្ជមាននៅក្នុងខ្លួនរបស់អ្នកស្ម័គ្រចិត្តធ្វើតេស្ដដោយពុំមានជះឥទ្ធិពលធ្ងន់ធ្ងរមកវិញនោះទេ។
ក្រុមហ៊ុនឱសថសាស្ត្រ ហា្វយហ្សឺ (Pfizer) និងក្រុមហ៊ុនបច្ចេកវិទ្យាជីវវិទ្យាម៉ូដើនណា (Moderna) បានបង្ហាញថាលទ្ធផលដែលពួកគេបានទទួលពីការសាកល្បងនៃវ៉ាក់សាំងជំងឺកូវីដ១៩ នៅសហរដ្ឋអាមេរិកលើអ្នកស្ម័គ្រចិត្តធ្វើតេស្តទទួលបានលទ្ធផលវិជ្ជមាន។
នាពេលថ្មីៗនេះមានការសិក្សាចុះផ្សាយដោយសាកលវិទ្យាល័យ Oxford កាលពីថ្ងៃទី២០ ខែកក្កដា លើសុវត្ថិភាព និងភាពស៊ាំនៃវ៉ាក់សាំងជំងឺកូវីដ១៩ បានបង្ហាញថា វ៉ាក់សាំងដែលពួកគេធ្វើតេស្ដលើអ្នកស្ម័គ្រចិត្តមានសុវត្ថិភាព និងមានការឆ្លើយតបរបស់ប្រព័ន្ធភាពស៊ាំរបស់ខ្លួនមនុស្សក្នុងការប្រយុទ្ធប្រឆាំងទៅនឹងជំងឺកូវីដ១៩ ទោះបីជាមានការលេចឡើងនូវអាការៈស្រាល និងធម្មតា (គ្រុនក្តៅ) ដែលអាចព្យាបាលបានតាមរយៈការប្រើប្រាស់ថ្នាំប៉ារ៉ាសេតាម៉ុល (Paracetamol)។ ទោះបីជាយ៉ាងណាក៏ដោយ អ្នកវិទ្យាសាស្ត្រនឹងធ្វើការសាកល្បងបន្ថែមទៀតទៅលើប្រជាជនតាមតំបន់ផ្សេងៗគ្នានៅលើពិភពលោក ដើម្បីធានាសុវត្ថិភាពនិងប្រសិទ្ធភាពបន្ថែមលើមនុស្សទាំងអស់។
សាស្ត្រាចារ្យ សារ៉ា ហ្គៀលប៊ឺក (Sarah Gilbert) ដែលស្ថិតនៅក្នុងក្រុមអ្នកស្រាវជ្រាវវ៉ាក់សាំងជំងឺកូវីដ១៩របស់សាកលវិទ្យាល័យ Oxford ក្នុងប្រទេសអង់គ្លេស បានមានប្រសាសន៍ថា ក្រុមអ្នកវិទ្យាសាស្ត្រនៅមានកិច្ចការជាច្រើនត្រូវបន្តធ្វើទៀតមុននឹងអាចបញ្ជាក់ថាវ៉ាក់សាំងពិតជាអាចដាក់ឱ្យប្រើប្រាស់បានមែន ប៉ុន្តែលទ្ធផលល្អរបស់យើងដែលទទួលបានពិតជាអាចសន្យាបាននូវការផលិតដ៏ជោគជ័យមួយ។
ទោះបីជាយ៉ាងណា ការដាក់វ៉ាក់សាំងឱ្យប្រើប្រាស់ជាសាធារណៈអាចនៅតែត្រូវការពេលវេលាបន្ថែមទៀត។ ប៉ុន្តែគេសង្ឃឹមថា វានឹងទទួលបានជោគជ័យឆាប់រហ័ស ហើយអ្នកដែលប្រឈមខ្ពស់នឹងមេរោគនឹងត្រូវផ្តល់អាទិភាពក្នុងការទទួលវ៉ាក់សាំង៕