កាលពីព្រេងនាយ មានយុវជនបីនាក់បានចំណាយពេលស្ទើរមួយជីវិតរបស់ពួកគេរស់នៅក្នុងទីក្រុងទំនើបដ៏តូចចង្អៀតមួយ។ ថ្ងៃមួយពួកគេទាំងបីបានឮពាក្យចចាមអារ៉ាមអំពីកំណប់ធម្មជាតិដែលបានកប់នៅក្នុងព្រៃជ្រៅដោយចៃដន្យ។
ដោយធុញទ្រាន់នឹងការរស់នៅក្នុងជីវិតបែបទីក្រុងដ៏មមាញឹក និងមានចិត្តចង់ដឹងចង់ឮពីអ្វីៗដែលកើតមានឡើងនៅក្រៅទីក្រុងរបស់ខ្លួនផងនោះ ពួកគេក៏សម្រេចចិត្តធ្វើដំណើរត្រាច់ចរទៅកាន់តំបន់ដែលប្រជុំដោយភ្នំ ដើម្បីរុករកកំណប់ដូចដែលគេនិយាយតៗគ្នានោះ។
តើមាណពម្នាក់ និងមាណវីទាំងពីរនោះអាចស្វែងរកកំណប់នោះបានដែរឬទេ? ខាងក្រោមនេះគឺជាសំណេរដែលរៀបរាប់ពីដំណើរផ្សងព្រេងរបស់ពួកគេទាំងបីដែលបានរកឃើញក្នុងព្រៃជ្រៅដោយ Focus។
មាណពសម្ដីត្រង់
ភ្ញាក់ពីគេងនៅព្រឹកថ្ងៃសុក្រ ខ្ញុំមានអារម្មណ៍ខុសពីធម្មតា ពីព្រោះជាថ្ងៃដែលខ្ញុំបានទន្ទឹងរង់ចាំទីបំផុតបានមកដល់។ ការធ្វើដំណើរទៅកាន់ខេត្តមណ្ឌលគិរីតាមឡានត្រូវការរយៈពេលជាង ៦ម៉ោង ហើយពួកយើងបានទៅដល់គោលដៅនៅពេលយប់ ពីព្រោះពួកយើងបានចេញដំណើរនៅម៉ោង ២រសៀល។ បទពិសោធន៍ដ៏រន្ធត់នោះគឺពេលជិះរ៉ឺម៉កកង់៣ (តុកតុក) ទៅកន្លែងសម្រាកនៅលើភ្នំតាមផ្លូវដីក្រហមបន្ទាប់ពីមេឃភ្លៀងដែលរអិលខ្លាំង។ តាំងពីឡើងភ្នំ ចុះភ្នំ តុកតុកគ្រវីហើយរអិលខ្លាំងដែលធ្វើឱ្យដំណើរកម្សាន្តកាន់តែពិសេស ក៏ប៉ុន្តែការធ្វើដំណើរកម្សាន្តអំឡុងពេលរដូវភ្លៀងអាចផ្តល់នូវបទពិសោធន៍ និងការគយគន់ទេសភាពដ៏ខៀវស្រងាត់។
ពួកយើងក៏បានកក់កញ្ចប់ទេសចរណ៍ដើរព្រៃចំនួនពីរថ្ងៃពី Mondulkiri Project ដែលជាអង្គការជួយសង្គ្រោះសត្វដំរីគ្រប់គ្រងដោយជនជាតិខ្មែរ។
នៅថ្ងៃទីមួយ ពួកយើងបានដើរព្រៃបន្តិចដើម្បីផ្តល់ចំណី (ចេក) ឱ្យសត្វដំរី ហើយងូតទឹកឱ្យដំរីនៅទឹកជ្រោះ។ អ្វីដែលពួកយើងពេញចិត្តខ្លាំងបំផុតនោះ គឺនៅពេលដែលម្ចាស់អង្គការបាននិយាយថា៖ «ខ្ញុំមិនអាចធានាបានថាភ្ញៀវទេសចរអាចផ្តល់ចំណី និងងូតទឹកឱ្យដំរីបាននោះទេ គឺវាអាស្រ័យទៅលើដំរី។ ដូច្នេះវាអាស្រ័យទៅនឹងសំណាងរបស់អ្នកទាំងអស់គ្នា»។ ជាសំណាងដែលពួកយើងមានឱកាសភ្ជាប់ទំនាក់ទំនងជាមួយដំរី និងមានបទពិសោធន៍ល្អជាមួយគ្នា។ នៅពេលឃើញដំរីដោយផ្ទាល់ ដំរីធំខ្លាំងហើយគួរឱ្យអស់សំណើចដែរ ពួកយើងរាងខ្លាចដំរី ហើយបន្ទាប់ពីនេះពួកយើងក៏មានពេលវេលាគ្រប់គ្រាន់ដើម្បីសម្រាកលំហែ និងទទួលបានអត្ថប្រយោជន៍ផ្នែកអារម្មណ៍ពីភាពស្ងប់ស្ងាត់របស់ព្រៃ។
នៅពេលដែលទទួលបានបទពិសោធន៍ដ៏កម្រនៃព្រះអាទិត្យលិចនៅក្នុងព្រៃ ពួកយើងមានអង្រឹងមុងម្នាក់មួយសម្រាប់គេងនៅក្នុងខ្ទមឈើមួយ។ ពួកយើងពិបាកគេងលក់ដែរ ព្រោះមានសំឡេងសត្វយំ និងសំឡេងដើមឈើបក់ចុះបក់ឡើងពេញមួយយប់ ដូច្នេះហើយខ្ញុំមានអារម្មណ៍ថានឹកពូកខ្លួនឯងនៅផ្ទះដែរ ប៉ុន្តែខ្ញុំប្រាប់ខ្លួនឯងថាគេងតែមួយយប់ទេ ហើយនឹងអាចទទួលបានបទពិសោធន៍ដ៏កម្រមួយនៅពេលក្រោកពីគេង។ ក្រោកពីគេងពេលព្រឹកព្រលឹម យើងឃើញទេសភាពដ៏ស្រស់ស្អាត។ យើងបានញ៉ាំអាហារពេលព្រឹក Pancake ជាមួយចេកដែលបានមកពីព្រៃ ឬពីភូមិអ្នកស្រុក។
ពួកយើងបានផឹកកាហ្វេដោះគោក្តៅៗ និងគយគន់ទេសភាពព្រៃដែលពេញទៅដោយដើមឈើធំៗនៅតំបន់ត្រូពិច និងទឹកជ្រោះពណ៌ក្រហមនារដូវវស្សា ហើយនេះជាបទពិសោធន៍ដ៏អស្ចារ្យមួយសម្រាប់ខ្ញុំផ្ទាល់។
នៅថ្ងៃទី២ ពួកយើងបានជួបមគ្គុទ្ទេសក៍ទេសចរណ៍ជនជាតិព្នងម្នាក់ដែលមានអត្តចរិតល្អ និងពោរពេញដោយការគោរព ដែលធ្វើឱ្យពួកយើងមានអារម្មណ៍ធូរស្បើយមុនពេលដើរព្រៃ ព្រោះយើងខ្លាចសត្វទាក ហើយមគ្គុទ្ទេសក៍ជនជាតិព្នងរូបនេះក៏ជាអ្នកដែលមានទេពកោសល្យខ្ពស់ក្នុងការថតរូប និងវីដេអូសម្រាប់ពួកយើង។
ពួកយើងបានសួរសំណួរគ្នាជាច្រើនពីការរស់នៅ និងសហគមន៍របស់យើង ហើយជាពិសេសនោះពួកយើងមានអារម្មណ៍ភ្ជាប់ទំនាក់ទំនងជាមួយក្រុមជនជាតិភាគតិចរបស់គាត់។ ក្រោយពីដើរព្រៃ និងឡើងភ្នំចម្ងាយប្រហែល ១៣គីឡូម៉ែត្រ ពួកយើងក៏សម្រេចចិត្តទៅលេងផ្ទះបង ណរ ដែលជាមគ្គុទ្ទេសក៍ជនជាតិព្នង ហើយនៅពេលទៅដល់ គ្រួសារគាត់ទទួលស្វាគមន៍ពួកយើងយ៉ាងរាក់ទាក់។ នៅពេលល្ងាចថ្ងៃដដែលក្រោយពីបានងូតទឹកសម្អាតខ្លួន បង ណរ ក៏បានមកនាំពួកយើងទៅញ៉ាំស៊ុបជុំគ្នា និងជជែកគ្នាពីនេះពីនោះ ហើយស៊ុបនៅស្រុកមណ្ឌលគិរីនេះមានសាច់ច្រើនដែលពួកយើងញ៉ាំចង់បែកពោះ។
បង ណរ និយាយដដែលៗថា ពួកយើងរួសរាយដាក់គាត់ និងគ្រួសារគាត់ ដែលនេះជាបទពិសោធន៍ដែលមិនអាចបំភ្លេចបានមួយនៅពេលដើរលេង។ អ្វីដែលធ្វើឱ្យការដើរកម្សាន្តមួយនេះនៅដក់ជាប់ក្នុងការចងចាំរបស់យើងជានិច្ចនោះ គឺទេសភាពព្រៃភ្នំ ដំរី ការដើរព្រៃ មគ្គុទ្ទេសក៍ជនជាតិព្នងបង ណរ និងពេលជិះតុកតុកនៅលើផ្លូវរអិល។ ដំណើរកម្សាន្តមួយនេះបានបង្រៀនពួកយើងឱ្យចេះរុករកបទពិសោធន៍ថ្មីៗខុសពីការដើរលេងជាមួយគ្រួសារ ហើយសម្រាប់ខ្ញុំផ្ទាល់ការឈ្វេងយល់ពីការរស់នៅរបស់ប្រជាជនក្នុងតំបន់នោះ និងវប្បធម៌ផ្សេងៗគ្នា និងការជ្រមុជខ្លួនឯងទៅនឹងធម្មជាតិ ហើយបំភ្លេចពីបច្ចេកវិទ្យា គឺជាបទពិសោធន៍ដែលខ្ញុំគិតថាអ្នកទេសចរអាចទទួលបានពីការធ្វើដំណើរកម្សាន្តបែបនេះ។
មាណវីឡិកឡក់
យុវតីរូបនេះតែងតែបង្កបញ្ហាជារឿយៗដល់ខ្លួនឯង និងអ្នកជុំវិញខ្លួនដោយមិនមានការព្រាងទុក។ នៅក្នុងដំណើរផ្សងព្រេងលើកនេះ នាងបានជួបប្រទះនឹងរឿងសំខាន់ពីរយ៉ាងដែលចាត់ទុកជាមេរៀនដ៏ល្អសម្រាប់នាង។ ទីមួយនោះ គឺឱសថទេព។ ក្នុងសំណេរនោះបានតំណាលថា បន្ទាប់ពីបានធ្វើដំណើរទៅតំបន់ទេសចរណ៍នៅតំបន់ភ្នំដ៏ខៀវស្រងាត់រួចមក វាបានផ្លាស់ប្ដូរការគិតរបស់ខ្ញុំទាំងស្រុងទៅលើការមើលឃើញពីសម្រស់ និងតម្លៃរបស់ទេសភាពធម្មជាតិ។ សំឡេងខ្យល់ដែលបក់ផាត់ប៉ះនឹងស្លឹកឈើនៅគ្រប់ទីកន្លែង បានប្រគំជាតន្ត្រីបែបធម្មជាតិអមជាមួយនឹងអនុស្សាវរីយ៍នៃការដើរកាត់ព្រៃក្រោមភ្លៀងរលឹមតិចៗ ដែលហ៊ុមព័ទ្ធដោយទេសភាពភ្នំដ៏ខៀវស្រងាត់ បានជួយឱ្យខ្ញុំមានអារម្មណ៍ស្រស់ស្រាយដោយមិនដឹងខ្លួន។
ទៀតសោតនោះ វាពិតជាអារម្មណ៍មួយដែលពិបាកក្នុងការពិពណ៌នាថាតើវាអាចជួយខ្ញុំផ្ទាល់ទទួលបានអារម្មណ៍បែបនេះដោយរបៀបណានោះទេ ប៉ុន្តែក្នុងដំណើរត្រាច់ចរលើកនេះ ខ្ញុំបានសាកបើកចិត្តឱ្យទូលាយ និងពុំមានក្តីរំពឹងខ្លាំងពេកពីការធ្វើដំណើរនេះ ជាហេតុធ្វើឱ្យខ្ញុំបានមើលឃើញ និងឈ្វេងយល់ពីសម្រស់នៃធម្មជាតិនៅតំបន់នោះដោយឥតព្រាងទុក។ ជាពិសេសនៅពេលដែលអ្នកមានអារម្មណ៍ថាមិនសប្បាយចិត្តពីរឿងអ្វីមួយ ឬភាពនឿយហត់ពីការងារ ការផ្តល់ឱកាសដល់ខ្លួនឯងក្នុងការព្យាបាលខ្លួនឯងដោយផ្សារភ្ជាប់ខ្លួនទៅនឹងធម្មជាតិ ពិតជាអាចធ្វើឱ្យអ្នករួចផុតពីជំងឺនៃក្តីទុក្ខមួហ្មងបានពិតប្រាកដមែន ពីព្រោះជីវិតរបស់មនុស្សពិតជាត្រូវការទីកន្លែងធម្មជាតិដែលល្អបរិសុទ្ធដែរ។
រឿងសំខាន់ទីពីរគឺត្រូវប្រឈមនឹងសត្វទាក ឬត្រូវទៅមុខ?
ប្រសិនបើជាអ្នកត្រូវដើរឡើងភ្នំប្រហែល ១៣គីឡូម៉ែត្រដែលសម្បូរទៅដោយវត្តមានសត្វទាកនៅតាមផ្លូវដ៏វែងឆ្ងាយ ដែលនៅរង់ចាំខាំបឺតឈាមរបស់អ្នកនោះ តើអ្នកនឹងសម្រេចចិត្តក្នុងការបន្តដំណើរទៅមុខឬទេ? សត្វទាកជាឧបសគ្គមួយក្នុងការធ្វើដំណើរកម្សាន្តនៅតំបន់ព្រៃភ្នំនារដូវភ្លៀង ដែលជារដូវសម្បូរទៅដោយសត្វទាកនៅក្នុងព្រៃ។ ហេតុនេះ ប្រសិនបើអ្នកមានការធ្វេសប្រហែស វាប្រាកដជាអាចទំជាប់នៅផ្នែកណាមួយនៃរាងកាយរបស់អ្នកដោយមិនដឹងខ្លួន។ នៅក្នុងដំណើរកម្សាន្តនេះ រូបខ្ញុំផ្ទាល់ប្រៀបបីដូចជាសត្វទាកនៅលើទឹកដែលមើលពីខាងក្រៅដូចជាធម្មតា និងរីករាយ តែតាមពិតទៅ គឺខ្លាចរអានឹងសត្វល្អិតដ៏តូចនេះ។ ទោះបីជាយ៉ាងណាក៏ដោយ ខ្ញុំនិងក្រុមរបស់ខ្ញុំនៅតែសម្រេចចិត្តបន្តដំណើរទៅមុខ និងបាញ់ថ្នាំសម្លាប់សត្វល្អិតជុំវិញរាងកាយរបស់យើង ដើម្បីជៀសឱ្យផុតពីបិសាចជញ្ជក់ឈាមដ៏តូចល្អិតនេះ។ ជាសំណាងល្អ យើងបានទៅដល់គោលដៅដោយសុវត្ថិភាព ហើយវាជាបទពិសោធន៍ដ៏ល្អមួយដែលខ្ញុំបានសម្រេចចិត្តធ្វើជាមួយក្រុមរបស់ខ្ញុំ ព្រោះខ្ញុំបានយកឈ្នះភាពភ័យខ្លាចរបស់ខ្លួនឯង និងបានមើលឃើញពីសម្រស់នៃព្រៃឈើ និងទឹកធ្លាក់នៅកណ្តាលព្រៃដ៏ស្រស់បំព្រង។
មាណវីផ្តាច់ខ្លួនពីអ៊ីនធឺណិត
តាំងពីក្មេង ខ្ញុំតែងតែឮគ្រួសារនិយាយថាការធ្វើដំណើរទេសចរណ៍នៅក្នុងខែភ្លៀងជារឿងមិនល្អ។ សម្រាប់កន្លែងទេសចរណ៍ដែលជាដែនសមុទ្រ ពួកគាត់ខ្លាចមានរឿងអកុសលកើតឡើងនៅពេលហែលទឹកសមុទ្រ ឬជិះទូក។ សម្រាប់កន្លែងទេសចរណ៍នៅជាប់ភ្នំ គាត់គិតគូរលើសុវត្ថិភាពពេលជិះតាមផ្លូវ។ ភាគច្រើនពួកគាត់ខ្លាចរឿងផ្លូវរអិលដែលអាចបង្កឱ្យមានការលំបាកក្នុងការធ្វើដំណើរ។ ខ្ញុំធ្លាប់ទៅខេត្តមណ្ឌលគិរី ពីរដងរួចហើយ ខ្ញុំមិនសូវមានការរំពឹងទុកអ្វីច្រើននោះទេ។ ជាពិសេសនោះ គឺរឿងទេសភាព ព្រោះខ្ញុំមានការខកចិត្តយ៉ាងខ្លាំងលើទេសភាពពីដំណើរទស្សនកិច្ចលើកមុនរបស់ខ្ញុំនៅខែវិច្ឆិកា ឆ្នាំ២០១៩។ ពេលនោះអ្វីៗមើលទៅស្ងួតៗ ហើយមិនមានជីវិត។ ខ្ញុំចាំបានថា ក្រោយពេលត្រឡប់មកពីខេត្តមណ្ឌលគិរី ជាលើកទី២របស់ខ្ញុំនេះ ខ្ញុំបាននិយាយប្រាប់ប្អូនស្រីរបស់ខ្ញុំថា «មណ្ឌលគិរីលែងស្អាតហើយ»។
តែលើកនេះ ពេលទៅដល់ភ្លាម ទេសភាពជុំវិញកន្លែងដែលខ្ញុំស្នាក់នៅមើលទៅខៀវស្រងាត់លាយឡំជាមួយនឹងអ័ព្ទបន្តិចបន្តួច។ មើលទៅជ្រុងណាក៏ឃើញព្រៃឈើពណ៌បៃតងដែរ។ ទស្សនីយភាពនេះធ្វើឱ្យខ្ញុំមានអារម្មណ៍ធូរស្បើយ។ ខ្ញុំមានអារម្មណ៍ថាខ្ញុំស្រស់ស្រាយ ហើយមានកម្លាំងក្នុងការចាប់ផ្តើមថ្ងៃថ្មី។ នៅពេលនោះ ខ្ញុំពិតជាអរគុណខ្លួនឯងណាស់ដែលសម្រេចចិត្តមកខេត្តមណ្ឌលគិរី ម្តងទៀត។
បន្ទាប់ពីឡើងភ្នំហើយ ពេលជិះឡាននៅកៅអីក្រោយ ពីស្រុកអូរាំង មកសែនមនោរម្យ វិញ ខ្ញុំបានងាកក្រោយដើម្បីគយគន់ទេសភាពព្រៃឈើស៊ុបទ្រុបតាមដងផ្លូវចូលក្រុង។ ពេលនោះវាធ្វើឱ្យខ្ញុំគិតក្នុងចិត្តថា «នេះគឺជាមណ្ឌលគិរីដែលខ្ញុំមិនដែលឃើញពីមុន»។ ខណៈនោះដែរ វាធ្វើឱ្យខ្ញុំគិតថា «ខ្ញុំនឹងមកខេត្តមណ្ឌលគិរី នៅក្នុងខែភ្លៀងតែប៉ុណ្ណោះ»។
វាជាការពិតណាស់ដែលការទេសចរណ៍ក្នុងខែភ្លៀងអាចជារឿងគ្រោះថ្នាក់។ ប៉ុន្តែជាមួយការប្រុងប្រយ័ត្ននៅក្នុងខ្លួន មិនថាពេលដើរ ជិះឡាន ឬហែលទឹកជ្រោះនោះទេ មណ្ឌលគិរីនៅក្នុងរដូវភ្លៀងគឺជាមណ្ឌលគិរីដ៏ស្រស់ស្អាតបំផុត។ ដើម្បីការពារខ្លួនអ្នកមួយកម្រិតទៀត ការមានស្បែកជើងល្អមួយគូ អាវភ្លៀង ថង់ប្លាស្ទិកទុកសម្រាប់ច្រកកាបូប និងថ្នាំការពារសត្វល្អិតជាប់ខ្លួន គឺជារឿងដ៏ប្រពៃមួយ។ ចំណុចដែលខ្ញុំគិតថាមិនល្អជាងគេក្នុងការដើរលេងនៅក្នុងរដូវភ្លៀង គឺការប្រឈមមុខនឹងសត្វទាក។ ក្នុងករណីនេះ ថ្នាំសម្លាប់ឬការពារសត្វប្រភេទនេះ គឺជាអាវុធសំខាន់សម្រាប់អ្នក។
តាមពិតទៅ ខ្ញុំបានត្រៀមចិត្តសម្រាប់ការរស់នៅដោយគ្មានប្រព័ន្ធអ៊ីនធឺណិត និងសេវាទូរស័ព្ទរួចជាស្រេចហើយសម្រាប់ពេលចូលក្នុងព្រៃ ប៉ុន្តែខ្ញុំមិនបានត្រៀមចិត្តសម្រាប់ការមិនមានប្រព័ន្ធអ៊ីនធឺណិត និងសេវាទូរស័ព្ទក្នុងថ្ងៃទៅដល់ដំបូងនៅកន្លែងគេងមិនឆ្ងាយប៉ុន្មានពីទីរួមខេត្តនោះទេ។ ខ្ញុំគិតថាកន្លែងដែលខ្ញុំស្នាក់នៅយប់នោះមានអ៊ីនធឺណិត ឬយ៉ាងហោចណាស់មាន WiFi។ ហេតុនេះខ្ញុំគិតថាខ្ញុំតាមដានពីកម្មវិធី ឬហេតុការណ៍ផ្សេងៗបាន។ រឿងដំបូងដែលខ្ញុំធ្វើមុនគេនៅពេលទៅដល់បន្ទប់ភ្លាម គឺការបើក 4G ដើម្បីទទួលបានព័ត៌មានអំពីការសម្ពោធកម្មវិធី។ ក៏ប៉ុន្តែអ្វីដែលខ្ញុំទទួលបាននោះ គឺអក្សរ «គ្មានសេវា»។ ពេលនោះ ខ្ញុំគ្មានជម្រើសផ្សេងក្រៅពីការទ្រាំរស់នៅដោយគ្មានសេវាទូរស័ព្ទនោះទេ។
ព្រឹកឡើង ពេលទៅដល់ក្រុងវិញដើម្បីជិះឡានទៅដើរព្រៃ ខ្ញុំមានឱកាសប្រើប្រាស់អ៊ីនធឺណិត ប៉ុន្តែនៅពេលទៅដល់ក្រុង ជាជាងការបើកអ៊ីនធឺណិត ខ្ញុំបានដើរថតរូបសកម្មភាពរបស់អ្នកសែនមនោរម្យនៅពេលព្រឹកទៅវិញ។ សកម្មភាពនេះធ្វើឱ្យខ្ញុំមើលឃើញក្រុងសែនមនោរម្យ ដោយជ្រុងថ្មីមួយទៀត ព្រោះនេះគឺជាលើកទីមួយរបស់ខ្ញុំក្នុងការដើរផ្សារសែនមនោរម្យ។
ពេលជិះឡានទៅព្រៃ ខ្ញុំលួចស្តាយក្រោយដែលមិនមានអ៊ីនធឺណិតប្រើប្រាស់នៅពេលមានឱកាស។ ខ្ញុំមិនដឹងថាខ្ញុំរស់នៅដោយគ្មានអ៊ីនធឺណិតក្នុងរយៈពេលពីរថ្ងៃនោះបានយ៉ាងដូចម្តេចនោះទេ។ ប៉ុន្តែនៅចុងបញ្ចប់ ខ្ញុំអាចធ្វើវាបាន។ នៅពេលដែលគ្មានអ៊ីនធឺណិតនេះផ្ទាល់ វាធ្វើឱ្យខ្ញុំរៀនសង្កេតលើអ្នកជុំវិញខ្លួនច្រើនជាងមុន។
ខ្ញុំហៅការរស់នៅក្នុងព្រៃដែលគ្មានអ៊ីនធឺណិតនេះថា «ការធ្វើអ៊ីនធឺណិត Detox ក្រៅម៉ោង»។ អ្វីដែលខ្ញុំទទួលបានពីបទពិសោធន៍នេះ គឺតាមពិតទៅយើងអាចតាមដានរឿងរ៉ាវផ្សេងៗបានតាមក្រោយ ព្រោះថាព័ត៌មានអំពីរឿងរ៉ាវទាំងនោះនឹងនៅលើប្រព័ន្ធអ៊ីនធឺណិត។ យើងមិនចាំបាច់ដឹងភ្លាមៗរហូតក៏បានដែរ។ តាមពិតទៅ ខ្ញុំមានគំនិតចង់ធ្វើអ៊ីនធឺណិត Detox ពីមុនមកដែរ។ ប៉ុន្តែដោយខ្លាចថាខ្លួនឯងនឹងមិនទទួលព័ត៌មានគ្រប់គ្រាន់ ខ្ញុំមានភាពខ្លាចក្នុងការអនុវត្តវា។ ក៏ប៉ុន្តែជាមួយនឹងបទពិសោធន៍លើកនេះ ខ្ញុំគិតថាខ្លួនឯងអាចអនុវត្តអ៊ីនធឺណិត Detox ពេលណាក៏បានដែរ ប៉ុន្តែប្រាកដណាស់នៅក្នុងអំឡុងពេលជាក់លាក់ណាមួយប៉ុណ្ណោះ ព្រោះការងាររបស់ខ្ញុំសព្វថ្ងៃពឹងផ្អែកច្រើនលើអ៊ីនធឺណិត៕