កញ្ញា កែវ គូនីឡា៖ «វាមានភាពងាយស្រួលក្នុងការឃើញភាពជោគជ័យរបស់នរណាម្នាក់ ក៏ប៉ុន្តែយើងមិនបានដឹងថា មុននឹងបានជោគជ័យ មិនដឹងថាគេបរាជ័យប៉ុន្មានដងមកទេ»។
Focus បានធ្វើបទសម្ភាសន៍ជាមួយកញ្ញា កែវ គូនីឡា ម្ចាស់ក្រុមហ៊ុន មេខាឡា រេឌាន ខមម្ញូនីខេសិន (Mekhala Radiant Communications) អំពីដំណើរការអាជីវកម្មដោយខ្លួនឯង ប្រព័ន្ធឌីជីថល និងតួនាទីភេទក្នុងការធ្វើការ។
តើក្រុមហ៊ុន មេខាឡា រេឌាន ខមម្ញូនីខេសិន ធ្វើការទៅលើអ្វីខ្លះ?
“Mekhala Radiant Communications” ជាក្រុមហ៊ុនដែលធ្វើការទាក់ទងទៅនឹងទំនាក់ទំនងសាធារណៈ (PR) ការធ្វើទីផ្សារលើប្រព័ន្ធឌីជីថល Commercial Video Production។ ក្រៅពីនេះ ថ្មីៗនេះគឺយើងមានការផ្តល់សេវាកម្មបង្រៀនខាងផ្នែក Corporate (Corporate Learning)។ យើងបានធ្វើការបង្រៀនទៅដល់ថ្នាក់ដឹកនាំក្រុមហ៊ុនមួយចំនួនដើម្បីឲ្យគាត់យល់ពីស្ថានភាពប្រព័ន្ធផ្សព្វផ្សាយក្នុងប្រទេសកម្ពុជា (Media Landscape) និងវប្បធម៌ផ្សេងៗផងដែរ។
មុនពេលបង្កើតក្រុមហ៊ុននេះ ខ្ញុំបានចូលធ្វើការក្នុងស្ថាប័នផ្សេងៗដូចជាខាងកាសែត ខាងក្រុមហ៊ុនផ្សាយពាណិជ្ជកម្មក៏ដូចជាធ្លាប់ធ្វើអ្នកប្រឹក្សាឱ្យក្រុមហ៊ុនមួយចំនួនផងដែរ។
តើកញ្ញាផ្លាស់ប្ដូរខ្លួនឯងពីអ្នកកាសែតមកជាសហគ្រិនយ៉ាងដូចម្តេច?
តាមពិតទៅ ក្តីស្រមៃកាលពីក្មេងគឺចង់ក្លាយជាគ្រូបង្រៀន។ ឥឡូវនេះបានធ្វើដូចបំណងហើយ។ ខ្ញុំធ្លាប់បង្រៀនទាំងក្នុងប្រទេស និងក្រៅប្រទេស។ ខ្ញុំធ្លាប់បង្រៀននៅប្រទេសសិង្ហបុរី មីយ៉ាន់ម៉ា (ភូមា) និងប្រទេសនៅក្នុងតំបន់អាស៊ីផ្សេងៗ។ បន្ទាប់មក នៅពេលខ្ញុំមានអាយុ ១៧ ទៅ ១៨ឆ្នាំ ខ្ញុំបានធ្វើការជាអ្នកកាសែត។ ធ្វើការជាអ្នកកាសែតបានរយៈពេលចន្លោះពី ៥ ទៅ ៦ឆ្នាំ។ កាលនោះខ្ញុំមិនដែលមានចិត្តចង់ធ្វើអាជីវកម្មអ្វីនោះទេ។ ខ្ញុំគ្រាន់តែស្រឡាញ់ការងាររៀនសូត្រ ហើយស្រឡាញ់ការសរសេរក្នុងគោលបំណងចែករំលែកព័ត៌មាន។
ក្រោយពីបញ្ចប់ការសិក្សាពីប្រទេសសិង្ហបុរី នៅឆ្នាំ២០១៧ ខ្ញុំមានគម្រោងស្វែងរកការងារ ឬធ្វើជាអ្នកប្រឹក្សាយោបល់ឯករាជ្យ ប៉ុន្តែខ្ញុំក៏ទទួលបានឱកាសបង្កើត និងគ្រប់គ្រងអាជីវកម្មតូចមួយ។
តើកញ្ញាចាប់ផ្តើមមានការគិតបែបសហគ្រិនភាពនៅពេលណា? ហេតុអ្វី?
ខ្ញុំគិតដំបូងឡើយមនុស្សគ្រប់គ្នាគួរតែសួរខ្លួនឯងថា ខ្លួនឯងចូលចិត្តអ្វី។ ចំពោះខ្ញុំផ្ទាល់ អ្វីដែលខ្ញុំចូលចិត្តនោះគឺការចែករំលែកព័ត៌មាន ការសរសេរ និងការបង្រៀន។ ចំណុចចាប់ផ្តើមមានគំនិតជាសហគ្រិនភាពនេះ គឺពេលដែលខ្ញុំរស់នៅប្រទេសសិង្ហបុរី។ ពេលនោះដែលខ្ញុំឃើញក្មេងៗនៅទីនោះភាគច្រើនគ្រប់ពេលវេលាគេតែងតែគិតដល់គំនិតធ្វើអាជីវកម្ម (Business Mindset)។ អ៊ីចឹងខ្ញុំក៏រៀនពីគេ។ ខ្ញុំមិនបានមានគំនិតធ្វើអាជីវកម្មនេះពីកំណើតមកនោះទេ។ វាជាដំណើរការស្វ័យស្វែងយល់មួយ (Long term process of realization)។ ហេតុផលនេះហើយដែលធ្វើឱ្យខ្ញុំសម្រេចចិត្តគួរតែធ្វើវា ព្រោះយើងមានឱកាសនៅនឹងមុខ។ កាលនោះគ្រាន់តែគិតថាគួរតែចាប់យកឱកាសនោះសិន បើមានរឿងអ្វីចាំគិតតាមក្រោយទៀត។ កាលនោះកត្តាជំរុញធំបំផុតនោះគឺដើម្បីស្វែងរកបទពិសោធន៍ថ្មីមកអភិវឌ្ឍខ្លួនឯង។
តើអ្វីទៅជាកត្តាជំរុញធំបំផុតដែលធ្វើឱ្យកញ្ញានៅតែបន្តធ្វើអ្វីដែលខ្លួនកំពុងធ្វើសព្វថ្ងៃនេះ?
អ្វីដែលជាកត្តាជំរុញឱ្យខ្ញុំមកដល់សព្វថ្ងៃ គឺការសង្កេតឃើញម្តាយរបស់ខ្ញុំចាត់ចែងរឿងក្នុងផ្ទះផង ហើយមានជំនួញតូចមួយផង ហើយចិញ្ចឹមកូនប្រាំនាក់ទៀត។ ខ្ញុំគិតថាវាអាចធ្វើទៅបានដោយសារគាត់ចេះទុកចេះដាក់។ គាត់ចេះបម្លែងលុយដែលមានទៅជាលុយបន្ថែមទៀត។ ឃើញដូចនេះ វាធ្វើឱ្យខ្ញុំគិតថាខ្លួនឯងក៏អាចធ្វើបានដូចគ្នាដែរ។ រាល់ថ្ងៃនេះខ្ញុំគ្រប់គ្រងក្រុមហ៊ុនតែមួយទេ ហើយមិនមានកូន ៥នាក់ដូចគាត់ផង ហេតុអ្វីបានយើងធ្វើមិនបាន។ គាត់ជាកត្តាជំរុញធំជាងគេចំពោះខ្ញុំសព្វថ្ងៃនេះ។ គាត់ជំរុញឱ្យខ្ញុំប្រឹងប្រែងមកដល់សព្វថ្ងៃនេះ ទោះបីវាពិបាកខ្លាំងក៏ខ្ញុំនៅតែជំរុញខ្លួនឯងទៅមុខ។
ពេលដែលហត់ខ្លាំង យើងអាចឈប់សិន ហើយគិតមុននឹងធ្វើដំណើរទៅមុខទៀត។
យើងសង្កេតឃើញថាការក្លាយខ្លួនទៅជាមេខ្លួនឯង (Be your own boss) គឺជានិន្នាការដ៏ក្តៅគគុកមួយនៅក្នុងសង្គម។ យើងឃើញថាយុវជនជាច្រើនបានប្រឡូកក្នុង Startup ផ្សេងៗ។ ចំពោះកញ្ញាផ្ទាល់ តើកញ្ញាលើកទឹកចិត្តឱ្យយុវជនជំនាន់ក្រោយចាប់ផ្តើមអាជីវកម្មខ្លួនឯងដែរឬទេ?
ខ្ញុំសប្បាយចិត្តពេលឃើញក្មេងៗជំនាន់ក្រោយមានមហិច្ឆតា និងគំនិតក្នុងការធ្វើអ្វីមួយដោយខ្លួនឯង។ ជាក់ស្តែងការធ្វើជាមេខ្លួនឯង (Be your own boss) នេះ។ ប៉ុន្តែទន្ទឹមនឹងនេះ ខ្ញុំសង្កេតឃើញថាមានភាពបរាជ័យជាច្រើន។ អ៊ីចឹងហើយយើងគួរតែសួរខ្លួនឯងថាហេតុអ្វីបានជាយើងបរាជ័យ?
មួយទៀត ត្រូវដឹងថាតើការធ្វើជាមេខ្លួនឯងនេះត្រូវធ្វើអ្វីខ្លះ? ចំពោះខ្ញុំផ្ទាល់ ខ្ញុំមិនតំណាងឱ្យនរណាម្នាក់ទេនៅចំណុចនេះ។ កន្លងមកនេះ គឺខ្ញុំចំណាយពេលលើការដើរធ្វើការឱ្យអ្នកដទៃ ដើម្បីឱ្យដឹងថាការងារលំបាកយ៉ាងដូចម្តេចខ្លះ ពីព្រោះការដែលយើងចាប់ឡើងធ្វើជាមេខ្លួនឯងនេះ មិនមែនជារឿងងាយស្រួលនោះទេ។ វាពិបាកជាងការធ្វើការឱ្យគេទៀត។ អ៊ីចឹងបើជាទស្សនៈរបស់ខ្ញុំវិញ គឺខ្ញុំលើកទឹកចិត្តឱ្យទៅរៀនពីគេឱ្យបានច្រើនសិន។ ចង់ធ្វើការលើផ្នែកអ្វី គឺយើងគួរតែទៅរៀនពីគេទាក់ទងនឹងផ្នែកនោះឱ្យបានច្រើនសិន។ រៀនដើម្បីឱ្យដឹងពីដំណើរការតាំងពី «ក» ដល់ «អ»។ បើមិនរៀនពីគេទេ យើងមិនអាចបើកក្រុមហ៊ុនមួយឱ្យដើរ ហើយផ្តល់ជូនសេវាកម្មអ្វីមួយបាននោះទេ។
កន្លងមកខ្ញុំឃើញថា ក្មេងៗជាច្រើនគាត់ឃើញសហគ្រិនវ័យក្មេងគាត់ទទួលបានជោគជ័យ ប៉ុន្តែគាត់មិនដឹងថាការលំបាករបស់គេនៅក្រោយខ្នងមានអ្វីខ្លះនោះទេ។ ពេលមើល ឬស្តាប់ចឹងយើងមើលមកឃើញគេចាប់ផ្តើមមកតែងតែជោគជ័យរហូត។ យើងប្រៀបវាបានទៅនឹង (Iceberg) យើងមើលពីលើឃើញថាវាតូចទេ ប៉ុន្តែពេលចុះមកជ្រៅបានដឹងថានៅក្រោមហ្នឹងវាមានអ្វីខ្លះ។
សរុបមកវិញ វាមានភាពងាយស្រួលក្នុងការឃើញភាពជោគជ័យរបស់នរណាម្នាក់ ក៏ប៉ុន្តែយើងមិនបានដឹងថាមុននឹងបានជោគជ័យ មិនដឹងថាគេបរាជ័យប៉ុន្មានដងមកទេ។ ខ្ញុំគាំទ្រ ហើយចង់ឱ្យពួកគាត់រក្សាក្តីស្រមៃ និងកត្តាជំរុញទឹកចិត្តរបស់ខ្លួន។ ប៉ុន្តែទន្ទឹមនឹងនេះ ត្រូវយកពេលវេលាដុសខាត់នូវចំណេះដឹងផ្ទាល់ខ្លួនដែរ។ ម្យ៉ាងទៀតត្រូវទាញយកជំនាញដែលគាត់ចាំបាច់ត្រូវមានក្នុងការក្លាយទៅជាសហគ្រិនមួយរូប។ ចំពោះខ្ញុំផ្ទាល់តែម្តង ខ្ញុំគិតថាសូម្បីតែអ្នកធ្វើការឱ្យគេ ឬក៏ក្រុមហ៊ុនណាមួយក៏គាត់ជា (Business Person) ដែរ ព្រោះមិនមែនថាយើងធ្វើការឱ្យគេយើងមិនចាំបាច់ខ្វល់អ្វីនោះទេ។ ការធ្វើការឱ្យគេក៏ត្រូវមានភាពជាម្ចាស់ការដែរ។
តើអ្វីទៅជាចំណុចដែលកញ្ញាចូលចិត្ត និងមិនចូលចិត្តក្នុងការប្រកបអាជីវកម្មផ្ទាល់ខ្លួន?
អ្វីដែលខ្ញុំចូលចិត្តបំផុត គឺការផ្តល់សេវាកម្មជូនអតិថិជន ហើយឃើញថាពួកគាត់រីករាយនឹងអ្វីដែលយើងបានផ្តល់ជូន និងពេលដែលគាត់ជឿជាក់នឹងអ្វីដែលយើងបានផ្តល់ជូន។ ម្យ៉ាងវិញទៀតនោះគឺការបង្កើតតម្លៃ (Create Value)។ មួយទៀតគឺការដែលបានធ្វើការជាមួយក្រុមការងារ ព្រោះខ្ញុំបានចែករំលែកជំនាញទៅឱ្យបុគ្គលិកទាំងបុគ្គលិកពេញម៉ោង និងអ្នកហាត់ការ។ វាធ្វើឱ្យខ្ញុំបានបង្រៀនពួកគាត់ ប៉ុន្តែវាជាការបង្រៀននៅក្នុងការធ្វើការតែម្តង។ អ្វីដែលខ្ញុំឃើញថាជាការលំបាកនោះគឺពេលដែលមានគម្រោងច្រើន ហើយវាទាមទារឱ្យក្រុមការងារមានភាពរហ័សរហួនក្នុងការធ្វើជាម្ចាស់ការ ពីព្រោះយើងជាក្រុមតូចដែលមានសមាជិក ៥-៦នាក់។
ដូចនេះយើងចង់បង្រៀនឱ្យមនុស្សមានភាពជាម្ចាស់ការទៅលើការងារដែលគាត់ទទួលខុសត្រូវ។ ខ្ញុំមិនឃើញកត្តានេះជាអ្វីដែលខ្ញុំមិនចូលចិត្តនោះទេ ប៉ុន្តែខ្ញុំគិតថាចំណុចនេះជាផលលំបាកក៏ដូចជាឧបសគ្គមួយដែលយើងកំពុងតែដោះស្រាយសព្វថ្ងៃ។ តែខ្ញុំដឹងថាការងារប្រសិនបើមិនមានឧបសគ្គនោះទេ វាមិនសប្បាយទេ វាមិនមានតម្លៃទេ។ ដូចនេះ ខ្ញុំឱ្យតម្លៃដល់ឧបសគ្គទាំងនោះ ក្នុងនាមខ្ញុំជាអ្នកគ្រប់គ្រងក្រុមហ៊ុនតូចមួយក្នុងប្រទេសកម្ពុជា។
សម្រាប់អ្នកជំនាន់ក្រោយ តើកញ្ញាគិតថាពួកគេគួរតែចាត់ទុកតួនាទីភេទជារនាំងក្នុងការធ្វើតាមក្តីស្រមៃដែរឬទេ?
ចំពោះអ្នកជំនាន់ក្រោយ យើងកុំសួរថាខ្លួនឯងជាស្រីឬក៏ប្រុស យើងត្រូវសួរថាយើងចូលចិត្តអ្វី ហើយយើងចង់ធ្វើអ្វីឱ្យប្រាកដ។ តួនាទីភេទវាជាគំនិតចាស់គំរឹលមែនទែន។ យើងអាចនិយាយបានថា វាជាការគិតរបស់អ្នកជំនាន់មុនៗយូរមកហើយ។ សព្វថ្ងៃបើយើងងាកមកមើលទំនោរលើពិភពលោក មិនថាមនុស្សស្រីឬមនុស្សប្រុសនោះទេ ឱ្យតែគាត់ស្រឡាញ់ហើយចូលចិត្តអ្វីមួយ គឺគាត់ធ្វើបានហើយ។ ពីមុនយើងមើលឃើញថាការងារខាងកាសែតមានសុទ្ធតែប្រុសៗ ប៉ុន្តែឥឡូវយើងឃើញមានមនុស្សស្រីប្រជ្រៀតចូលបានហើយ។
មួយវិញទៀតនោះ គឺវាសំខាន់មែនទែនក្នុងនាមយើងជាមនុស្សមួយ មិនថាស្រីមិនថាប្រុសទេ ប្រសិនបើយើងស្រឡាញ់អ្វីមួយហើយ យើងគួរតែធ្វើវា។ ខ្ញុំទទួលស្គាល់ថាវាតែងតែមានហើយក្នុងគ្រប់សង្គមទាំងសង្គមខ្មែរយើងដែលនៅតែប្រកាន់ខ្ជាប់តួនាទីភេទនៅក្នុងខ្លួន ប៉ុន្តែយើងមិនត្រូវចាត់ទុកវាជារនាំងនោះទេ។
បច្ចុប្បន្នយើងឃើញសន្ទុះសហគ្រិនជាស្ត្រីខ្ពស់មែនទែន។ តើកញ្ញាយល់ឃើញយ៉ាងណាចំពោះការកើនឡើងនេះ?
ខ្ញុំសប្បាយចិត្តមែនទែននៅពេលដែលខ្ញុំងាកមើលជុំវិញខ្លួន ហើយឃើញសហគ្រិនភេទស្រីកើនឡើង។ ខ្ញុំបានអានរបាយការណ៍មួយដែលគេនិយាយអំពីអាជីវកម្មខ្នាតតូច ហើយនិងកណ្តាល (SMEs) នេះផ្ទាល់ គេបាននិយាយថាម្ចាស់អាជីវកម្មប្រភេទនេះភាគច្រើនសុទ្ធតែជាស្ត្រី។ វាធ្វើឲ្យខ្ញុំមានមោទនភាពយ៉ាងខ្លាំង។ ទី២ យើងឃើញថាពួកគាត់បានបំបែករនាំងសង្គមជាច្រើន (Break Social Barrier) ដើម្បីមានថ្ងៃនេះ ហើយគាត់នៅតែបន្តធ្វើវាទៀត។
នេះចំពោះខ្ញុំជាគំរូដ៏ល្អមួយ ព្រោះវាបង្ហាញពីភាពជាអ្នកដឹកនាំមិនថាស្រីឬប្រុសទេ ឱ្យតែយើងប្រឹងប្រែងគឺយើងអាចជួយសង្គមបានដូចគ្នា។
ជារួម តើកញ្ញាគិតថាតួនាទីភេទនេះមានលក្ខណៈប្រសើរជាងមុនដែរឬទេនៅក្នុងប្រទេសកម្ពុជា?
នេះតាមការសង្កេតឃើញរបស់ខ្ញុំផ្ទាល់ ខ្ញុំមើលឃើញថាឥឡូវនេះយុវជនខ្មែរក៏ដូចជាឪពុកម្តាយជំនាន់នេះ គឺគាត់មិនសូវប្រកាន់នូវតួនាទីភេទដូចពីមុនទេ។ កាលមុនមានអ្នកគិតថាមនុស្សស្រីជាអ្នកធ្វើការនៅផ្ទះ នៅតែចង្ក្រាន ហើយមនុស្សប្រុសជាអ្នកទៅធ្វើការដើម្បីរកលុយចិញ្ចឹមគ្រួសារ។ ក៏ប៉ុន្តែខ្ញុំមិនសូវឃើញការអនុវត្តបែបនេះនោះទេ ខ្ញុំឃើញថាប្តីប្រពន្ធគាត់ទៅធ្វើការចិញ្ចឹមគ្រួសារបានដូចគ្នា។ លើសពីនេះមានគ្រួសារខ្លះគាត់ជួយគ្នាទៅលើការងារផ្ទះទៀត ហើយពេលខ្លះសម្រេចទៅលើអ្វីមួយទាំងអស់គ្នាទៀត។ បើនិយាយពីការសិក្សា និងធ្វើការវិញ យើងឃើញថាសន្ទុះនៃអ្នកប្រឹងប្រែងមិនថាស្រីមិនថាប្រុសទេ វាមានភាពស្មើគ្នាៗ។
តើអ្វីទៅគឺជាភាពជោគជ័យសម្រាប់កញ្ញា?
ខ្ញុំចង់ប្រាប់ថា សព្វថ្ងៃនេះខ្ញុំមិនទាន់ជោគជ័យនោះទេ គ្រាន់តែខ្ញុំសប្បាយចិត្ត និងបន្តធ្វើការងារនេះដូចជាការផ្តល់សេវាកម្មជូនអតិថិជន និងការផ្ទេរចំណេះដល់ក្រុមការងារ។ ចំពោះខ្ញុំផ្ទាល់ ខ្ញុំគិតថាជោគជ័យគឺជាដំណើរការធ្វើអ្វីមួយ។ ជោគជ័យគឺការដែលយើងពេញចិត្ត និងសប្បាយចិត្តនៅពេលដែលយើងបានផ្តល់ជូនអ្វីមួយ។ ជាពិសេសនោះគឺការផ្តល់ជូនជាតម្លៃទៅឱ្យអតិថិជនរបស់ខ្ញុំ គឺជានិយមន័យភាពជោគជ័យរបស់ខ្ញុំ។ វាមិនមែនជាគោលដៅនោះទេ វាគឺជាការធ្វើដំណើរ (It’s not a destination, it’s a journey)។ ទោះជាមានភាពបរាជ័យ ក៏យើងនៅតែបន្តធ្វើវាដែរ។ ភាពបរាជ័យ និងជោគជ័យវាដើរទន្ទឹមគ្នា។ ជាទូទៅគេតែងតែនិយាយប្រាប់ខ្ញុំថា ខ្ញុំជោគជ័យបែបនេះបែបនោះ ប៉ុន្តែខ្ញុំមិនបានឃើញខ្លួនឯងថាជោគជ័យនោះទេ ខ្ញុំឃើញខ្លួនឯងរីករាយ និងពេញចិត្តក្នុងការងាររបស់ខ្ញុំ។
តើកញ្ញាមើលឃើញជំងឺកូវីដ១៩ ជាកត្តាគំរាមកំហែងលើអាជីវកម្មរបស់កញ្ញាដែរឬទេ? ហើយអ្វីខ្លះជាមេរៀនដែលទទួលបានពីកូវីដ១៩ក្នុងនាមជាសហគ្រិនមួយរូប?
និយាយដល់ឥទ្ធិពលរបស់ជំងឺកូវីដ១៩ គឺជាអ្វីដែលយើងមើលមិនឃើញ ទោះជាយើងធ្លាប់មានជំងឺរាតត្បាតជាសកលកើតឡើងលើពិភពលោកកន្លងមកក៏ដោយ។ លើកនេះវាប៉ះពាល់ទូទាំងពិភពលោកមែនទែនតែម្តង។ វាជះឥទ្ធិពលមកលើក្រុមហ៊ុនរបស់ខ្ញុំក៏ដូចជាអ្នកដទៃទៀតដែរ។ ជាក់ស្តែងណាស់នៅពេលដែលមនុស្សខ្លាចរអា គឺគាត់លែងហ៊ានទទួលយកអ្វីទាំងអស់។ ខ្ញុំគិតថាវាជារឿងធម្មតាទេ។ អ៊ីចឹងហើយយើងត្រូវតែធ្វើសកម្មភាពឆ្លើយតបភ្លាមៗ។ ឧទាហរណ៍ជារួម យើងឃើញថាក្រុមហ៊ុនជាច្រើនផ្ដោតសំខាន់ដដែល គឺលើការរកប្រាក់ចំណូល ប៉ុន្តែនៅពេលមានជំងឺនេះ វាធ្វើឱ្យពួកយើងគិតសាជាថ្មីថា ការរកប្រាក់ចំណូលជាការពិតណាស់វាសំខាន់ ប៉ុន្តែសុវត្ថិភាពរបស់ក្រុមការងារយើងសំខាន់ជាងនេះទៀត។
ហើយម្យ៉ាងទៀត វាផ្តល់ឱកាសឱ្យយើងគិតអំពីគំរូអាជីវកម្មបែបថ្មី (New Business Model)។ ពេលហ្នឹងវាបង្ខំឱ្យយើងគិតថាតើយើងត្រូវតែធ្វើអ្វីដើម្បីទាញយកឱកាសពីស្ថានភាពហ្នឹងបាន។ ពេលនោះដែលក្រុមហ៊ុនរបស់ខ្ញុំចាប់ផ្តើមធ្វើការដោយពឹងផ្អែកលើប្រព័ន្ធឌីជីថលមួយកម្រិតថែមទៀត (Go Digital)។ ពេលមានជំងឺនេះ ក្រុមហ៊ុនយើងបានបង្កើតឱ្យមានការបង្រៀនតាមអនឡាញ (Cooperate Teaching) ដែលយើងធ្វើទៅបានដោយការទាញប្រយោជន៍ពីកម្មវិធីមួយចំនួន។ ពេលហ្នឹងវាធ្វើឱ្យខ្ញុំគិតថាយើងមិនត្រូវប្រញាប់ក្នុងការឆ្លើយតបទៅនឹងឥទ្ធិពលអវិជ្ជមានរបស់ជំងឺនេះបានទេ។
ចំពោះអ្វីដែលជាមេរៀនទទួលបានពីកូវីដ១៩នេះ គឺ៖
- ចំណុចទី១៖ យើងចាំបាច់ត្រូវតែផ្លាស់ប្ដូរគំរូអាជីវកម្មរបស់យើង គឺយើងត្រូវតែបត់បែន។
- ចំណុចទី២៖ យើងត្រូវដឹងថាវិបត្តិកូវីដនេះជាក់ស្តែងណាស់វាធ្វើឱ្យការទទួលយកអ្វីមួយរបស់មនុស្សធ្លាក់ចុះ។ ប៉ុន្តែទន្ទឹមនឹងនេះ ក៏វាបានធ្វើឱ្យការប្រើប្រាស់សេវាកម្មខ្លះកើនឡើងដែរ។ ឧទាហរណ៍សេវាកម្មដឹកជញ្ជូន។ អ៊ីចឹងយើងត្រូវសួរខ្លួនឯងថាយើងគួរតែធ្វើដូចម្តេចដើម្បីឱ្យក្រុមហ៊ុននៅតែមានដំណើរទៅមុខ។
- ចំណុចទី៣៖ វាបង្កើតឱ្យមានទម្លាប់ធ្វើការរបស់យើងផ្លាស់ប្ដូរ។ យើងបានដាក់ឱ្យបុគ្គលិកធ្វើការពីផ្ទះ។ មនុស្សមួយចំនួនរួមទាំងរូបខ្ញុំផ្ទាល់ យើងមិនអាចទម្លាប់បានភ្លាមៗនោះទេ ពីព្រោះយើងធ្លាប់តែទៅក្រៅរហូត។ កាលមុនពីព្រលឹមទល់ព្រលប់នៅក្រៅផ្ទះ។ ប៉ុន្តែពេលមានកូវីដនេះ ពីព្រលឹមទល់ព្រលប់នៅផ្ទះរហូត។ អ៊ីចឹងវាធ្វើឱ្យយើងមានការផ្លាស់ប្ដូរទាក់ទងទៅនឹងវិធីក្នុងការធ្វើការ។ ខ្ញុំគិតថាវាអាចនឹងក្លាយទៅជាភាពធម្មតាបែបថ្មី (New Normal) មួយដែរ។ ពីមុនមនុស្សមិនជឿថាយើងអាចធ្វើការពីផ្ទះមកបានទេ។ គេគិតថាការធ្វើការពីផ្ទះនេះគឺគេង។ ប៉ុន្តែឥឡូវយើងអាចធ្វើបាន ហើយវាធ្វើឱ្យយើងមានវិន័យជាងមុនផងដែរ។
និយាយដល់ការធ្វើការងារពីផ្ទះ គឺវាតម្រូវឱ្យអ្នកធ្វើការចេះប្រើប្រាស់ប្រព័ន្ធឌីជីថលគួរសមដែរ តើអ្វីទៅជាចំណុចខ្លាំង ខ្សោយ ឱកាស និងការគំរាមកំហែងរបស់ប្រព័ន្ធឌីជីថល?
ជាការពិតណាស់ ប្រសិនបើយើងចង់សន្សំពេលវេលា ចង់ធ្វើការឱ្យរហ័សហើយមានប្រសិទ្ធភាព ចាំបាច់ទាមទារឱ្យយើងចេះប្រើប្រាស់កម្មវិធីឌីជីថល (Digital Tool) មួយចំនួន។ ខ្ញុំចាប់ផ្តើមមកដំបូងដោយការរៀនសរសេរកំណត់ហេតុក្នុងសៀវភៅ។ បន្ទាប់មកការផ្លាស់ប្ដូរមកប្រើប្រព័ន្ធឌីជីថលជាប្រភេទ Blog ដើម្បីសរសេរចែករំលែកព័ត៌មាន។ ម្យ៉ាងទៀត ការងារសព្វថ្ងៃនេះក៏ទាក់ទងទៅនឹងកុំព្យូទ័រ និងកម្មវិធីមួយចំនួនផងដែរ។ អ៊ីចឹងវាមានប្រយោជន៍ខ្លាំងមែនទែន។
បើនិយាយពីគុណសម្បត្តិ និងគុណវិបត្តិ ខ្ញុំគិតថាវាមានគុណសម្បត្តិច្រើនជាង។ ចំពោះគុណវិបត្តិ គឺការដែលយើងត្រូវការពេលដើម្បីរៀនពីវា និងរៀនពីសុវត្ថិភាពរបស់កម្មវិធីនានា។ មួយទៀត វាធ្វើឱ្យយើងងាយទទួលបានការរំខានពីរឿងផ្សេងៗដែលកើតឡើងលើប្រព័ន្ធឌីជីថល។ អ៊ីចឹងវាទាមទារឱ្យយើងចេះគ្រប់គ្រង និងរក្សាតុល្យភាព ថាតើយើងត្រូវតែប្រើប្រាស់កម្មវិធីឌីជីថលមួយចំនួនបែបដូចម្តេច។
កញ្ញាបានលើកឡើងថាប្រព័ន្ធឌីជីថលមានគុណសម្បត្តិច្រើនជាងគុណវិបត្តិ។ ដូចនេះ តើកញ្ញាគិតថាបច្ចុប្បន្ននេះប្រជាជនកម្ពុជាទាញប្រយោជន៍ពីប្រព័ន្ធឌីជីថលនេះគ្រប់គ្រាន់ឬនៅ? ទន្ទឹមនឹងនេះ តើកញ្ញាគិតថាប្រជាជនយើងប្រើប្រាស់វាដោយត្រឹមត្រូវដែរឬក៏អត់?
បើផ្ដោតសំខាន់ទៅលើការប្រើប្រាស់អ៊ីនធឺណិត ខ្ញុំសង្កេតឃើញថាយុវជនយើងបច្ចុប្បន្នចាប់ផ្តើមប្រើអ៊ីនធឺណិត ក៏ដូចជា Digital Tool នេះបានច្រើនមួយកម្រិត។ ស្ថិតិអ្នកប្រើប្រាស់អ៊ីនធឺណិតវិញក៏មានច្រើនជាងមុនដែរ។ ក៏ប៉ុន្តែយើងដឹងហើយថា អ្វីមួយវាតែងតែមានគុណសម្បត្តិ និងគុណវិបត្តិ។ គុណសម្បត្តិ គឺការដែលវាធ្វើឱ្យយើងទទួលបានព័ត៌មានទូលំទូលាយ ហើយវាអាចធ្វើឱ្យយើងយកព័ត៌មាននោះទៅធ្វើការសម្រេចចិត្តទៅលើអ្វីមួយបាន។ ចំពោះសំណួរដែលថាគាត់ប្រើប្រាស់ត្រូវឬខុស ខ្ញុំមើលឃើញថាពួកគាត់ចេះប្រើប្រាស់កម្មវិធីឌីជីថលដើម្បីអភិវឌ្ឍខ្លួន និងជំនាញរបស់ខ្លួន។
បើក្នុងវិស័យការងារ ខ្ញុំមើលឃើញថាពួកគាត់ចេះប្រើប្រាស់កម្មវិធីមួយចំនួនដើម្បីធ្វើឱ្យការងាររបស់ពួកគាត់មានប្រសិទ្ធភាពជាងមុន។ អ៊ីចឹងខ្ញុំគិតថាយើងនៅតែមានទីតាំងសម្រាប់អភិវឌ្ឍ (Room for improvement)។ យើងមិនទាន់ប្រើប្រាស់កម្មវិធីមួយចំនួនអស់នៅឡើយទេ។ ឧទាហរណ៍កុំព្យូទ័រដែលខ្ញុំប្រើប្រាស់សព្វថ្ងៃនេះ ខ្ញុំប្រើប្រាស់តែកម្មវិធីដដែលៗទេ។ ក៏ប៉ុន្តែប្រសិនបើយើងមានឱកាស យើងគួរតែបង្កើតជាទម្លាប់មួយដើម្បីស្វែងរកកម្មវិធីផ្សេងទៀតបន្ថែម។ ឧទាហរណ៍ការសរសេរ Blog កាលពីខ្ញុំនៅជានិស្សិត ខ្ញុំគិតថាវាមានសារសំខាន់ខ្លាំងមែនទែនដោយសារតែ Blogging នេះតែងធ្វើឱ្យខ្ញុំបានដើរទៅប្រទេសជាច្រើន។ ដោយសារការសរសេរចែករំលែករបស់ខ្ញុំហ្នឹងបានផ្សាយទៅកាន់មនុស្សជាច្រើន ដែលវាធ្វើឱ្យក្រុមហ៊ុន និងស្ថាប័នមួយចំនួនចង់ធ្វើការជាមួយយើង។ កាលនោះមានដូចជាក្រសួងទេសចរណ៍ប្រទេសឥណ្ឌា និងក្រសួងអប់រំប្រទេសរុស្ស៊ី។ ប្រទេសរុស្ស៊ីទាក់ទងមកតាមរយៈ Blog ផ្ទាល់ខ្លួនរបស់ខ្ញុំកន្លងមក។
Blog ឬក៏កម្មវិធីជាច្រើនផ្សេងៗទៀតគឺយើងសុទ្ធតែអាចទាញមកប្រយោជន៍ពីវាបាន។ មិនមែនអ៊ីនធឺណិត គឺហ្វេសប៊ុក (Facebook)។ ហ្វេសប៊ុកគឺជាអ៊ីនធឺណិតរហូតនោះទេ។ វាមានកម្មវិធីផ្សេងៗទៀតដែលគួរតែស្រាវជ្រាវដើម្បីប្រើប្រាស់។ បានន័យថាយើងប្រើប្រាស់មិនទាន់អស់នៅឡើយទេ។
ចំពោះកញ្ញា តើអ្វីទៅជាវិធីត្រឹមត្រូវសម្រាប់ការប្រើប្រាស់អ៊ីនធឺណិត?
ការប្រើប្រាស់អ៊ីនធឺណិតដែលត្រឹមត្រូវចំពោះខ្ញុំ គឺនៅពេលដែលយើងប្រើប្រាស់វាដើម្បីអភិវឌ្ឍជំនាញ និងចំណេះដឹងរបស់យើង។ ជាក់ស្តែង យើងឃើញអ្នកខ្លះគាត់ប្រើប្រាស់ YouTube ដើម្បីការកម្សាន្ត។ អ្នកខ្លះទៀតប្រើប្រាស់ Netflix។ នេះវាមិនខុសទេ។ ប៉ុន្តែអ្វីដែលសំខាន់ហ្នឹងគឺយើងត្រូវចេះរក្សាតុល្យភាពលើម៉ោងពេលរបស់យើង។ មនុស្សទាំងអស់គ្នាមានពេល ២៤ម៉ោងដូចគ្នាក្នុងមួយថ្ងៃ។ យើងគិតថាយើងគេង ៧-៨ម៉ោងចុះក្នុងមួយថ្ងៃ។ ពេលសល់យើងចំណាយលើការរៀន និងការធ្វើការ បូករួមនឹងការប្រើប្រាស់អ៊ីនធឺណិតបន្ថែមដើម្បីស្វែងរកឱកាស រកឯកសារសម្រាប់អាន និងទំនាក់ទំនងជាមួយមនុស្សថ្មីទាំងក្នុងនិងក្រៅប្រទេស។ ចំពោះខ្ញុំ នេះសុទ្ធតែជាអ្វីដែលយើងអាចធ្វើបាន ហើយវាវិជ្ជមានទៀត។
ងាកមកនិយាយពីអាជីវកម្មវិញ តើប្រាំឆ្នាំទៅមុខទៀត កញ្ញាមើលឃើញខ្លួនឯងយ៉ាងដូចម្តេច?
៥ឆ្នាំទៅមុខទៀត ខ្ញុំគិតថាខ្លួនឯងនឹងនៅតែបន្តការងាររបស់ខ្ញុំសព្វថ្ងៃនេះ ហើយនឹងនៅតែបន្តចែករំលែកជំនាញចាំបាច់មួយចំនួនដែលខ្ញុំមានទៅកាន់អតិថិជនក៏ដូចជាយុវជនខ្មែរ ហើយខ្ញុំប្រហែលជាអាចគិតគូរទៅលើការធ្វើអាជីវកម្មផ្សេងៗទៀត។ ខ្ញុំនៅតែមានគំនិតថ្មីបន្តទៀតមិនទាន់ថាធ្វើទៅលើអ្វីដែលធ្វើបច្ចុប្បន្ននេះតែមួយនោះទេ។ ខ្ញុំនឹងបន្តធ្វើអ្វីផ្សេងៗទៀតដែលខ្ញុំគិតថាសង្គមត្រូវការ ហើយដែលយើងគិតថាយើងមានសមត្ថភាពគ្រប់គ្រាន់ក្នុងការធ្វើវា។
គន្លឹះសំខាន់ៗចំនួន ៥ ពីកញ្ញា កែវ គូនីឡា សម្រាប់ស្ត្រីភេទដែលគាត់ចង់ធ្វើអាជីវកម្មដោយខ្លួនឯង
ខ្ញុំចង់ចែករំលែកគន្លឹះផ្ទាល់ខ្លួនដែលអាចអនុវត្តបានទាំង៥ សម្រាប់ស្ត្រីដែលគាត់ចង់ធ្វើអាជីវកម្មក្នុងនោះរួមមាន៖
- ត្រូវដឹងអំពីភាពខ្លាំង និងភាពខ្សោយរបស់ខ្លួន៖ និយាយរួមគឺការធ្វើ SWOT Analysis ពីខ្លួនយើង និងអាជីវកម្មរបស់ខ្លួន។ ការធ្វើបែបនេះវាអាចជួយឱ្យយើងស្វែងយល់ពីខ្លួនឯង និងអាជីវកម្មរបស់យើងបានច្រើនជាងមុន។
- ការរក្សាតុល្យភាពរវាងការធ្វើការ និងជីវិតប្រចាំថ្ងៃ (Work Life Balance)៖ យើងត្រូវចេះរក្សាតុល្យភាពរវាងពេលវេលា ការងារ ជីវិតសង្គម (Social Life) និងគ្រួសាររបស់យើង។ ប៉ុន្តែខ្ញុំដឹងថាមិនគ្រប់គ្នាសុទ្ធតែអាចធ្វើបាននោះទេ។ ជួនកាលយើងឱ្យពេលវេលាទៅលើរឿងមួយលើសរឿងមួយ។ ដើម្បីបន្តទៅមុខបាន វាទាមទារឱ្យយើងចេះរក្សាតុល្យភាពរវាងកត្តា៣ហ្នឹង។
- រកវិធីកែអផ្សុក៖ ចំពោះរូបខ្ញុំ ខ្ញុំលេងកីឡាផ្សេងៗ ដូចជាការរត់ និងប្រដាល់គុនខ្មែរ។ យើងត្រូវតែបង្កើតឱ្យវិធីកែអផ្សុក ព្រោះយើងមិនអាចធ្វើការរហូតបាននោះទេ ពីព្រោះថាកាលណាដែលយើងមានភាពតានតឹង វានឹងធ្វើឱ្យលទ្ធភាពនៃការផលិតរបស់យើងធ្លាក់ចុះទៅតាមនោះដែរ។ យើងជាមនុស្ស ដូចនេះយើងត្រូវរកអ្វីមកសម្រាកអារម្មណ៍ ដើម្បីធ្វើអ្វីផ្សេងៗ។ យើងមិនអាចធ្វើឱ្យខ្លួនឯងមានភាពតានតឹងរហូតបាននោះទេ។ ម្យ៉ាងទៀត ការដែលយើងរកវិធីកែអផ្សុកនេះវាក៏អាចជួយឱ្យយើងស្វែងយល់បន្ថែមពីខ្លួនឯងដែរ។
- ត្រូវចេះលើកទឹកចិត្តខ្លួនឯង៖ កុំធ្វើឱ្យខ្លួនយើងអាក់អន់ស្រពន់ចិត្តទៅលើមតិរបស់អ្នកដទៃ ជាពិសេសមតិផ្សេងៗរបស់មនុស្សប្រុសនៅក្នុងអាជីវកម្មនេះផ្ទាល់ (Business Environment)។ កុំឱ្យបុរសបង្អាក់ដំណើររបស់អ្នក (Don’t let men let you down)។ ចំណុចមួយនេះសំខាន់មែនទែន ព្រោះវាតែងតែមានពាក្យសម្ដីមួយចំនួនដែលនិយាយមកកាន់អ្នក។ យើងត្រូវចាំនៅក្នុងចិត្តថា យើងឈរនៅទីនេះដើម្បីអ្វី។ យើងត្រូវផ្ដោតសំខាន់ទៅលើគោលដៅរបស់ខ្លួនឯង។
- ប្រកាន់ខ្ជាប់នូវអព្យាក្រឹតភាព៖ ចំណុចមួយនេះគឺសម្រាប់ទាំងបុរស និងស្ត្រី។ ពាក្យថាអព្យាក្រឹតភាពគឺសំខាន់មែនទែន ព្រោះវាជាគុណសម្បត្តិមួយដ៏ល្អមួយដែលមនុស្សគ្រប់រូបគួរតែមាន ជាពិសេសនោះគឺសម្រាប់សហគ្រិនទាំងបុរស និងនារី។ វាបង្ហាញឱ្យឃើញថា យើងជាមនុស្សដែលធ្វើការវិនិច្ឆ័យដែលផ្អែកទៅលើភស្តុតាង។ ពេលដែលយើងប្រកាន់នូវអព្យាក្រឹតភាព វាធ្វើឱ្យយើងធ្វើការសម្រេចចិត្តលើអ្វីមួយប្រកបដោយតុល្យភាព៕