កាលពីពាក់កណ្តាលខែកក្កដា កន្លងមកនេះ សកម្មជនផ្នែកយេនឌ័រ និងអង្គការសង្គមស៊ីវិលបានប្រើប្រាស់បណ្ដាញសង្គម និងប្រព័ន្ធផ្សព្វផ្សាយបញ្ចេញប្រតិកម្មទៅលើមាត្រាមួយក្នុងសេចក្តីព្រាងច្បាប់ថ្មីស្ដីពី សណ្ដាប់ធ្នាប់សាធារណៈ ដែលមានចែងទាក់ទងទៅនឹងការរឹតត្បិតក្នុងការស្លៀកពាក់។
ពួកគេបានលើកឡើងថាវាជាការរឹតត្បិតសេរីភាពក្នុងការស្លៀកពាក់ និងពង្រឹងវប្បធម៌និទ្ទណ្ឌភាពជុំវិញអំពើហិង្សាផ្លូវភេទ ក្នុងនោះរួមមានការដាក់បន្ទោសទៅលើជនរងគ្រោះ។
តើការដាក់បន្ទោសទៅលើជនរងគ្រោះផ្លូវភេទនេះគឺជាអ្វី?
ការស្ដីបន្ទោសជនរងគ្រោះ គឺជាទង្វើមួយនៃការវាយតម្លៃទៅលើជនរងគ្រោះពីឧក្រិដ្ឋកម្ម ឬគ្រោះថ្នាក់ណាមួយដោយធ្វើការរិះគន់ ឬសន្និដ្ឋានថាជនរងគ្រោះបានរួមចំណែកក្នុងការបង្កឱ្យមានរឿងហេតុកើតមានឡើងចំពោះពួកគេ។ ជាទូទៅ វាអាចត្រូវបានគេមើលឃើញនៅក្នុងរូបភាពដូចជា ការទទួលបានការឆ្លើយតបអវិជ្ជមានពីផ្នែកច្បាប់ វេជ្ជសាស្ត្រ ប្រព័ន្ធផ្សព្វផ្សាយ សមាជិកគ្រួសារជិតស្និទ្ធ និងសាធារណជនថែមទៀតផង។
នៅក្នុងសង្គមកម្ពុជា ការរំលោភបំពានផ្លូវភេទ គឺជាឧទាហរណ៍ជាក់ស្តែងមួយនៃការដាក់បន្ទោសទៅលើជនរងគ្រោះ។ ការវាយតម្លៃមួយធ្វើឡើងដោយក្រសួងកិច្ចការនារីក្នុងឆ្នាំ២០១៤ ស្ដីពីអំពើហិង្សាប្រឆាំងស្ត្រីនិងក្មេងស្រី បានរកឃើញថា ជាទូទៅការរំលោភត្រូវបានគេយល់ជាបទឧក្រិដ្ឋ ប៉ុន្តែជនរងគ្រោះដែលជាស្ត្រីនិងក្មេងស្រី បែរជាទទួលរងការស្ដីបន្ទោសចំពោះការយកខ្លួនឯងទៅដាក់ក្នុងស្ថានភាពដែលងាយរងគ្រោះទៅវិញ។ មិនត្រឹមតែប៉ុណ្ណោះ ពួកគេត្រូវប្រឈមមុខនឹងការមាក់ងាយនៅក្នុងសង្គម និងការរើសអើងទៅវិញ។
វប្បធម៌នៃការស្ដីបន្ទោសជនរងគ្រោះ ក៏ជាហេតុផលមួយក្នុងចំណោមហេតុផលចម្បងៗដែលបញ្ឈប់ស្ត្រីពីការរាយការណ៍អំពីការបៀតបៀន និងរំលោភផ្លូវភេទមកលើខ្លួននៅក្នុងកម្ពុជាផងដែរ។ នេះបើយោងតាមការលើកឡើងរបស់អ្នកស្រី សេង រាសី នាយិកាប្រតិបត្តិអង្គការសីលការ (SILAKA) ដែលជាអង្គការមិនមែនរដ្ឋាភិបាលធ្វើការដើម្បីពង្រឹងសិទ្ធិអំណាចស្ត្រី ពង្រឹងសមត្ថភាព និងអភិបាលកិច្ចល្អ។ ជនរងគ្រោះនៃការរំលោភបំពានផ្លូវភេទ ទទួលរងការឈឺចាប់ទាំងផ្លូវចិត្ត និងរាងកាយ ជាពិសេសទៅលើស្ត្រី ដោយភាគច្រើនប្រជាជនកម្ពុជាបានគិតថាការបាត់បង់ព្រហ្មចារី គឺជាការណ៍គួរឱ្យអាម៉ាស់។ នៅពេលដែលបញ្ហានេះបានកើតមានឡើង ជារឿយៗសំណួរដែលទាក់ទងនឹងសម្លៀកបំពាក់ អាកប្បកិរិយា និងតួនាទីយេនឌ័រ នៅតែជាសំណួរដែលត្រូវបានគេចោទសួរទៅលើជនរងគ្រោះ។
ចំណែកឯការចាក់ឫសគល់នៃផ្នត់គំនិតបិតាធិបតេយ្យដែលជះឥទ្ធិពលទៅលើជីវិតរស់នៅប្រចាំថ្ងៃ ដូចជាការប្រៀបប្រដូចបុរសទៅនឹងមាសទឹកដប់ ដែលគ្រាន់តែលាងទឹកក៏ស្អាត រីឯស្ត្រីត្រូវបានប្រៀបបានទៅនឹងក្រណាត់ស ដែលងាយប្រឡាក់ជាដើម។ មិនត្រឹមតែប៉ុណ្ណោះ ការណ៍នេះបានធ្វើឱ្យមានអតុល្យភាពនៃអំណាចរវាងបុរសនិងស្ត្រីឱ្យកាន់តែខ្លាំងទៅៗ និងបង្កឱ្យបញ្ហានៃការរំលោភបំពានលើរាងកាយ និងផ្លូវភេទនៅតែបន្តកើតមានឡើង។
បើក្រឡេកមើលពីជ្រុងចិត្តវិទ្យាវិញ ការទម្លាក់កំហុសទៅលើជនរងគ្រោះនេះ អាចមានប្រភពមកពីការព្រងើយកន្តើយ ការមិនយល់ពីអារម្មណ៍អ្នកដទៃ និងការបង្ហាញពីខ្ពង់ខ្ពស់របស់ខ្លួនលើសគេឯងជាដើម។ លោក Ronnie Janoff-Bulman អ្នកចិត្តវិទ្យា និងអ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ Massachusetts បានឲ្យដឹងថា ទំនោរនៃការស្ដីបន្ទោសទៅលើជនរងគ្រោះ គឺជាធម្មជាតិរបស់មនុស្សដែលវាបានកប់យ៉ាងជ្រៅនៅក្នុងខួរក្បាលរបស់យើង ហើយវាត្រូវបានគេហៅថា «ទស្សនៈពិភពលោកសន្មតវិជ្ជមាន»។ ការសិក្សានេះបានបង្ហាញថា មនុស្សកើតមកមានជំនឿថា ពិភពលោកជាទីកន្លែងល្អបរិសុទ្ធ និងយុត្តិធម៌។
ដូច្នេះ នៅពេលដែលអ្នកបានមើលឃើញពីហេតុការណ៍អាក្រក់អ្វីមួយ អ្នកបានគិតថាវាជារឿងអកុសល ឬវាមិនអាចកើតមានឡើងទៅលើអ្នកនោះទេ ហើយវាក៏ជាមូលហេតុមួយដែលយើងតែងតែឮគេនិយាយថា អ្នកធ្វើល្អបានល្អ អ្នកធ្វើអាក្រក់បានអាក្រក់។
ម៉្យាងទៀត វាបានធ្វើឱ្យអ្នកបានគិតថាជនរងគ្រោះនៃទង្វើអ្វីមួយ ឬជនរងគ្រោះដែលត្រូវបានគេបៀតបៀននេះ ពិតជាធ្លាប់បានធ្វើអ្វីខុស ឬចូលរួមចំណែកក្នុងការបង្កឱ្យបញ្ហានោះបានកើតឡើងទៅវិញ។
ដូច្នេះ តើវប្បធម៌នៃការស្ដីបន្ទោសជនរងគ្រោះ អាចទទួលយកបានដែរឬទេ?
វប្បធម៌នៃការស្ដីបន្ទោសជនរងគ្រោះត្រូវតែបញ្ឈប់ជាបន្ទាន់ ពីព្រោះថាវាគឺជាជំងឺរ៉ាំរ៉ៃដែលធ្វើឱ្យប៉ះពាល់ដល់ផ្លូវចិត្ត និងរាងកាយរបស់ជនរងគ្រោះ ការប៉ះពាល់តម្លៃនៃភាពជាមនុស្ស ការបំបិទមាត់ជនរងគ្រោះកុំឱ្យនិយាយរកជំនួយ និងការសម្រាលទោសឧក្រិដ្ឋរបស់ជនល្មើស។
ត្រឡប់មកវិញ ទោះបីជាការស្ដីបន្ទោសទៅលើជនរងគ្រោះនេះនៅមានក្នុងការគិតរបស់មនុស្សក៏ពិតមែន ប៉ុន្តែអ្នកក៏អាចគ្រប់គ្រងការគិតនេះបានដែរ។ ដើម្បីលុបបំបាត់នូវគំនិតការពារខ្លួន និងវប្បធម៌ស្ដីបន្ទោសជនរងគ្រោះ អ្នកជំនាញចិត្តសាស្ត្របានធ្វើការណែនាំអំពីវិធីសាស្ត្រនៃការយល់ចិត្តតាមរយៈការសាកដាក់ចិត្តអ្នកស្រមៃថា តើអ្នកនឹងមានអារម្មណ៍យ៉ាងណា ប្រសិនបើអ្នកបានជួបប្រទះនូវស្ថានភាពអាក្រក់ដូចគ្នានោះ។
ប្រសិនបើដាក់បន្ទោសទៅលើជនរងគ្រោះដែលត្រូវបានគេរំលោភដោយសារតែសម្លៀកបំពាក់របស់នាងជាដើមចមមូលហេតុ ហើយជនល្មើសមិនអាចគ្រប់គ្រងចំណង់របស់ខ្លួនឯងបាននោះ តើនរណាជាជនបង្កពិតប្រាកដ?៕