អាហារគឺពិតជាមានសារសំខាន់ណាស់សម្រាប់សុខភាព និងសារពាង្គកាយ។ តើអាហារខ្លះអាចការពារការឆ្លងមេរោគកូរ៉ូណាមែនដែរឬទេ?
អាថ៌កំបាំង
ការទទួលទានអាហារមួយចំនួនឱ្យបានទៀងទាត់ជារៀងរាល់ថ្ងៃ នឹងអាចជួយការពារការឆ្លងជំងឺកូវីដ១៩។
ការពិតឬការប្រឌិត?
ការប្រឌិត
អ្វីដែលអ្នកត្រូវដឹង៖
ចាប់តាំងពីការរីករាលដាលនៃជំងឺកូវីដ១៩ មានកន្លែងលក់អាហារផ្សេងៗជាច្រើនបានអះអាងថាមានការព្យាបាលតាមបែបរបបអាហារ។
ទោះបីជាអាហារប្រភេទជាច្រើនត្រូវបានគេអះអាងថាអាចពង្រឹងប្រព័ន្ធភាពស៊ាំឱ្យកាន់តែប្រសើរឡើង ដោយបង្កើននូវសមត្ថភាពខ្ពស់ក្នុងការប្រឆាំងទៅនឹងមេរោគកូរ៉ូណាក៏ដោយ នៅពេលបច្ចុប្បន្ននេះគឺមិនមានភស្តុតាងបង្ហាញថាអាហារប្រភេទណាមួយមានប្រសិទ្ធភាពក្នុងការការពារការឆ្លងមេរោគកូរ៉ូណាបាននោះទេ។
ការអះអាងអំពីអាហារដ៏អច្ឆរិយមួយបានផ្សព្វផ្សាយតាមបណ្ដាញផ្សេងៗនៅក្នុងខែមីនា កន្លងទៅនេះ ថាទទួលទានស៊ុបម្រេចនឹងអាចព្យាបាលអ្នកដែលកើតជំងឺកូវីដ១៩។ ការបោះពុម្ពផ្សាយជាលើកទី១ នៅក្នុងលិខិតមួយពី “សកម្មជនខាងវិញ្ញាណ” ជនជាតិនីហ្សេរីយ៉ា (Nigerian) ម្នាក់ថាវិធីនៃការព្យាបាលជំងឺនេះ គឺ «គ្រាន់តែឱ្យអ្នកជំងឺបរិភោគអាហារក្តៅៗដែលមានម្រេចច្រើន ហើយក្នុងរយៈពេលតិចជាងតែ ២៤ម៉ោងប៉ុណ្ណោះ ពួកគេនឹងបានជាសះស្បើយហើយ»។
ព័ត៌មាននេះត្រូវបានផ្សព្វផ្សាយពាសពេញបណ្ដាញទំនាក់ទំនងសង្គម ហើយមនុស្សជាច្រើនជឿជាក់លើព័ត៌មានទាំងនេះ និងត្រូវបានចែករំលែកជាបន្តបន្ទាប់តាមរយៈបណ្ដាញទំនាក់ទំនងសង្គមធ្វីតធើ (Twitter)។
វេជ្ជបណ្ឌិត បាបាក់ អាសរ៉ាហ្វី (Babak Ashrafi) បានផ្តល់បទសម្ភាសន៍ជាមួយសារព័ត៌មាន Mirror Online នៅប្រទេសអង់គ្លេស ហើយបានច្រានចោលភ្លាមៗនូវព័ត៌មានអំពីការទទួលទានស៊ុបម្រេចក្តៅដោយបញ្ជាក់ថា៖ «មិនមានភស្តុតាងណាមួយដែលថាការផ្លាស់ប្ដូររបបអាហារអាចព្យាបាលការឆ្លងជំងឺនេះ ក៏ប៉ុន្តែម្ទេសប្លោកស្រស់វិញពិតជាល្អសម្រាប់សុខភាព ព្រោះវាសម្បូរទៅដោយវីតាមីន C និង A ដែលអាចជួយរក្សាប្រព័ន្ធភាពស៊ាំបានល្អ»។
ពាក្យចចាមអារ៉ាមមួយទៀត គឺថាទទួលទានខ្ទឹមសក៏អាចជួយប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ១៩ផងដែរ។
យោងតាមអង្គការសុខភាពពិភពលោក (WHO) បានឱ្យដឹងថា ខ្ទឹមសគឺជាអាហារដែលមានសុខភាពល្អ និងមានសមត្ថភាពក្នុងការប្រឆាំងនឹងមេរោគមួយចំនួនបាន។
ទោះបីជាយ៉ាងណាក៏ដោយគឺពុំទាន់មានភស្តុតាងណាមួយដែលបានបញ្ជាក់ថាការបរិភោគខ្ទឹមសពិតជាអាចការពារមនុស្សពីការឆ្លងមេរោគកូរ៉ូណាថ្មីនេះបានទេ។
ទោះបីជាមានការអះអាងពីអង្គការសុខភាពពិភពលោកយ៉ាងណាក៏ដោយ ក៏ពុំអាចបញ្ឈប់មនុស្សជាច្រើនមិនឱ្យជឿលើព័ត៌មានទាំងនេះផងដែរ។ ស្ត្រីម្នាក់នៅខេត្តជឺជ៊ែង (Zhejiang) ភាគខាងកើតនៃប្រទេសចិន បានបរិភោគខ្ទឹមសឆៅប្រហែលជាង ១គីឡូក្រាមកន្លះក្នុងរយៈពេលពីរសប្តាហ៍។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន South China Morning Post។ ស្ត្រីរូបនេះត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យបន្ទាប់ពីបំពង់ករបស់គាត់រលាកខ្លាំងរហូតដល់មិនអាចនិយាយបាន។
ប្រជាជននៅតំបន់ខ្លះវិញបានជ្រើសរើសរបបអាហារមួយបែបផ្សេងទៀត ដើម្បីទប់ទល់ប្រឆាំងនឹងជំងឺកូវីដ១៩។ ប្រព័ន្ធផ្សព្វផ្សាយមួយក្នុងប្រទេសស៊ែបប៊ី (Serbia) បានផ្សព្វផ្សាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រជាពលរដ្ឋរស់នៅតំបន់ស៊ូម៉ាឌីចា (Sumadija) បាននិយាយថា៖ «គ្រូពេទ្យប្រហែលជាមិនបានអះអាងទេថាការបរិភោគខ្ទឹមស ស្រាប្រេនឌីក្តៅ (hot brandy) និងសាច់ជ្រូកបីជាន់ ប៉ុន្តែប្រជាជននៅតំបន់នោះនាំគ្នាបរិភោគអាហារបែបនេះ»។
ការសេពគ្រឿងស្រវឹងត្រូវបានគេអង្កេតឃើញមានការកើនឡើងជាលំដាប់ជុំវិញពិភពលោកនាពេលថ្មីៗនេះ ដោយសារការដាក់បម្រាមឱ្យនៅក្នុងផ្ទះ និងព័ត៌មានមិនពិតដែលថាវានឹងអាចសម្លាប់មេរោគកូរ៉ូណាបាន។ មិនដូចខ្ទឹមសនោះទេ ការសេពសុរាមិនមានសមត្ថភាពប្រឆាំងនឹងមេរោគបាននោះទេ ពីព្រោះជាតិអាល់កុលក្នុងសុរានៅមានកម្រិតទាបពេកដែលមិនមានឥទ្ធិពលណាដែលគួរឱ្យកត់សម្គាល់នោះទេ។
ទោះបីជាយ៉ាងណាក៏ដោយ នេះមិនបានបញ្ឈប់មនុស្សមួយចំនួនពីការទទួលទានគ្រឿងស្រវឹង ដើម្បីការពារជំងឺនេះទេដែលផ្តល់ផលប៉ះពាល់អាក្រក់ដល់សារពាង្គកាយ។
នៅក្នុងអត្ថបទចុះផ្សាយនាចុងខែមេសា ដោយសារព័ត៌មាន Aljazeera បានរាយការណ៍ថា មនុស្សជាង ៧០០នាក់នៅក្នុងប្រទេសអ៊ីរ៉ង់ បានទទួលមរណភាពនៅចន្លោះខែកុម្ភៈ និងមេសា ដោយសារការផឹកមេតាណុល ដោយយល់ច្រឡំថាសារធាតុពុលនេះនឹងអាចការពារការឆ្លងមេរោគ។ មនុស្សជាង ៥.០០០នាក់បន្ថែមទៀតបានពុលសារធាតុមេតាណុលនេះ ដែលបណ្តាលឱ្យខូចភ្នែក ឬពិការភ្នែកប្រហែលជា ៩០នាក់ផងដែរ។
អ្នកជំនាញបន្តណែនាំទៅកាន់ប្រជាជនឱ្យរក្សារបបអាហារដែលមានសុខភាពល្អធម្មតា ដោយបរិភោគបន្លែផ្លែឈើជាច្រើនមុខដើម្បីពង្រឹងប្រព័ន្ធភាពស៊ាំ និងការពាររាងកាយប្រឆាំងនឹងការបង្ករោគផ្សេងៗតាមលក្ខណៈធម្មជាតិ៕