ក្នុងអំឡុងពេលនៃការផ្ទុះឡើងដំបូងនៃមេរោគកូរ៉ូណា មានរបាយការណ៍ជាច្រើនដែលបង្ហាញពីការខ្វែងគំនិតលើប្រសិទ្ធភាពនៃការប្រើប្រាស់ម៉ាស់ បានធ្វើឱ្យមានភាពលំបាកដល់មនុស្សនៅជុំវិញពិភពលោកក្នុងការសម្រេចចិត្ត ថាតើគួរតែពាក់ម៉ាស់ដែរឬទេ។
អាថ៌កំបាំង
ការពាក់ម៉ាស់អាចជួយការពារអ្នកពីការឆ្លងមេរោគកូរ៉ូណាដែលបង្កឱ្យទៅជាជំងឺកូវីដ១៩។
ការពិតឬការប្រឌិត?
ការពិត
អ្វីដែលអ្នកត្រូវដឹង៖
ចាប់តាំងពីពេលដំបូងនៃការផ្ទុះឡើងជំងឺកូវីដ១៩ មានប្រភពព័ត៌មានសុខភាពផ្សេងៗគ្នាជាច្រើនបានផ្តល់នូវការណែនាំខុសៗគ្នាលើប្រធានបទផ្សេងៗគ្នាមួយចំនួន។ ទោះបីជាយ៉ាងណាក៏ដោយ ពុំមានប្រភពព័ត៌មានណាមួយបានពិភាក្សាយ៉ាងទូលំទូលាយពីការប្រើប្រាស់របាំងការពារ ឬម៉ាស់ ដើម្បីជាមធ្យោបាយក្នុងការជួយទប់ស្កាត់ការរីករាលដាលនៃជំងឺនេះប្រកបដោយប្រសិទ្ធភាពនោះទេ។
ទោះបីជាមានរបាយការណ៍ជាច្រើនពីជំងឺផ្លូវដង្ហើមថ្មីនេះដែលអាចឆ្លងបានយ៉ាងឆាប់រហ័សក៏ដោយនៅក្នុងប្រទេសចិន បណ្តាប្រទេសលោកខាងលិចក៏មិនមានអារម្មណ៍ភ័យខ្លាច ឬខ្វាយខ្វល់ពីបញ្ហានេះនោះទេ។ ស្រដៀងគ្នាទៅនឹងការផ្ទុះឡើងនៃជំងឺកូវីដ១៩ ជំងឺសារ (SARS) និងជំងឺម៊ឺស (MERS) កើតមានឡើងច្រើននៅតែតំបន់ប៉ែកអាស៊ី និងមជ្ឈិមបូព៌ាប៉ុណ្ណោះ ក៏ប៉ុន្តែនៅពេលដែលប្រទេសនៅភាគខាងលិចដូចជាប្រទេសអ៊ីតាលី បានឃើញមានការឆ្លង និងស្លាប់យ៉ាងច្រើនសន្ធឹកសន្ធាប់នេះ ក៏បានជំរុញឱ្យមានវិធានការការពារនៅទូទាំងពិភពលោកផងដែរ។
របាំងការពារមុខ ឬម៉ាស់គ្រប់ប្រភេទ ត្រូវបានគេសង្កេតឃើញថាមានការជាវយ៉ាងឆាប់រហ័សនៅតាមបណ្តាប្រទេសនានាលើពិភពលោក ដោយទន្ទឹមនឹងពេលនោះដែរក៏មានអ្នកលក់ជាច្រើនបានឆ្លៀតឱកាសកេងចំណេញ និងទាញយកប្រយោជន៍ផ្ទាល់ខ្លួនពីស្ថានភាពនេះ ដោយមានការកំណត់តម្លៃថ្លៃជាងមុនរាប់សិបដង។ នេះបណ្តាលឱ្យអ្នកផ្តល់សេវាថែទាំសុខភាពជាច្រើនខ្វះនូវការផ្គត់ផ្គង់ម៉ាស់ដើម្បីព្យាបាលអ្នកជំងឺកូវីដ១៩។
ការប្រញាប់ប្រញាល់ដណ្តើមគ្នាទិញម៉ាស់នេះ កើតឡើងទោះបីជាពុំទាន់មានគោលជំហរឯកភាពគ្នារវាងមជ្ឈមណ្ឌលត្រួតពិនិត្យជំងឺឆ្លង (CDC) និងអង្គការសុខភាពពិភពលោក (WHO) ពីប្រសិទ្ធភាពនៃការពាក់របាំងមុខ ឬម៉ាស់ក៏ដោយ។
យោងតាមគេហទំព័រមជ្ឈមណ្ឌលត្រួតពិនិត្យជំងឺឆ្លងរបស់សហរដ្ឋអាមេរិក ពួកគេបានណែនាំឱ្យពាក់ក្រណាត់គ្របមុខនៅកន្លែងសាធារណៈដែលពិបាកក្នុងការអនុវត្តការរក្សាគម្លាតសង្គម ហើយទីតាំងទាំងនោះរួមមាន ហាងលក់គ្រឿងទេស និងឱសថស្ថានជាដើម ហើយជាពិសេសនោះគឺត្រូវគ្របមុខនៅក្នុងតំបន់ដែលមានការចម្លងតាមសហគមន៍ ដើម្បីកាត់បន្ថយការរីករាលដាលនៃមេរោគពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតដោយមិនដឹងខ្លួន។
ក្រោយមក អង្គការសុខភាពពិភពលោកបានសម្ដែងការសន្និដ្ឋានមួយដែលផ្ទុយពីគោលការណ៍នេះ ដោយបានបញ្ជាក់នៅលើគេហទំព័ររបស់ពួកគេថា៖ «បច្ចុប្បន្ននេះមិនមានភស្តុតាងណាមួយដែលបង្ហាញថាការពាក់របាំងមុខ ឬម៉ាស់ (ម៉ាស់ពេទ្យឬម៉ាស់ប្រភេទផ្សេងទៀត) នៅក្នុងសហគមន៍ជារួមអាចបង្ការការឆ្លងនៃជំងឺកូវីដ១៩នោះទេ»។
ដូច្នេះហើយ តើយើងជាប្រជាពលរដ្ឋតើត្រូវធ្វើដូចម្តេច?
យោងទៅតាមអត្ថបទមួយដែលបានបោះពុម្ពផ្សាយនៅក្នុងទស្សនាវដ្ដីវេជ្ជសាស្ត្រ The Lancet បានឱ្យដឹងថា ពួកគេមានការសន្និដ្ឋានដ៏ល្អបំផុតមួយសម្រាប់ការប្រើប្រាស់របាំងមុខ ឬម៉ាស់ បន្ទាប់ពីបានវិភាគទិន្នន័យប្រមូលបានពីការសិក្សាចំនួន១៧២ នៅក្នុងប្រទេសចំនួន ៤៤ ផ្សេងៗគ្នា។ ក្រុមអ្នកវិទ្យាសាស្ត្របានរកឃើញថា ការប្រើប្រាស់របាំងមុខឬម៉ាស់ អាចការពារបានទាំងបុគ្គលិកថែទាំសុខភាព និងប្រជាជនក្នុងសហគមន៍ក្នុងការប្រឈមទៅនឹងការឆ្លងមេរោគនេះ។
បន្ថែមលើការស្រាវជ្រាវទាំងនេះ ក៏មានការសិក្សាមួយផ្សេងទៀតផងដែរធ្វើឡើងនៅសាកលវិទ្យាល័យហុងកុង ដោយពួកគេបានធ្វើតេស្តនៃប្រសិទ្ធភាព និងទំនាក់ទំនងរវាងរបាំងមុខឬម៉ាស់ និងការកាត់បន្ថយការចម្លងមេរោគពីកណ្តុរពិសោធន៍មួយទៅកណ្តុរពិសោធន៍មួយទៀត។ សត្វកណ្តុរត្រូវបានជ្រើសរើសមកពិសោធន៍ដោយសារប្រតិកម្មភាពស៊ាំ និងរោគសញ្ញារវាងវាស្រដៀងនឹងមនុស្សដែរ។
សត្វកណ្តុរដែលមានមេរោគ ត្រូវបានអ្នកវិទ្យាសាស្ត្រដាក់ក្នុងទ្រុងជាមួយនឹងសត្វកណ្តុរដែលមានសុខភាពល្អដោយគ្មានរបាំងមុខ ឬរបាំងដាក់នៅចន្លោះពួកវានោះទេ។
ការសិក្សានេះបានរកឃើញថា អត្រាឆ្លងនៃជំងឺនេះរវាងសត្វទាំងនេះដោយមិនមានរបាំងមុខការពារលើសត្វកណ្តុរទាំងពីរនោះមានរហូតដល់ទៅ ៦៦%។ តែផ្ទុយទៅវិញ នៅពេលគេដាក់របាំងមុខលើកណ្តុរដែលមានសុខភាពល្អ អត្រាឆ្លងបានធ្លាក់ចុះមកដល់ត្រឹម ៣៣% ហើយនៅពេលគេដាក់របាំងមុខលើសត្វកណ្តុរទាំងពីរ អត្រាឆ្លងធ្លាក់ចុះបន្ថែមទៀតរហូតមកត្រឹម ១៦,៧%។ ខណៈពេលដែលការសិក្សានេះនៅមិនទាន់ត្រូវបានពិនិត្យឡើងវិញក៏ដោយ វាពិតជាបង្ហាញពីលទ្ធផលល្អលើប្រសិទ្ធភាពនៃការពាក់ម៉ាស់ និងការឆ្លងជំងឺ។
ដោយមានការរួមបញ្ចូលជាមួយគ្នានឹងវិធានការការរក្សាគម្លាតសង្គម ព្រមទាំងការរក្សាអនាម័យឱ្យបានត្រឹមត្រូវ បង្ហាញថាការប្រើប្រាស់របាំងមុខឬម៉ាស់ ពិតជាផ្តល់ប្រសិទ្ធភាពក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩បានយ៉ាងពិតប្រាកដមែន៕