រាងកាយរបស់មនុស្សផលិតសារធាតុនៃប្រព័ន្ធភាពស៊ាំ ដើម្បីប្រយុទ្ធប្រឆាំងនឹងការឆ្លងមេរោគ។ តើពិភពលោកអាចប្រើប្រាស់អត្ថប្រយោជន៍របស់សារធាតុនៃប្រព័ន្ធភាពស៊ាំ ដើម្បីការពារជំងឺកូវីដ១៩បានដែរឬទេ?
អាថ៌កំបាំង
ការអនុញ្ញាតឱ្យប្រជាជនជាច្រើនឆ្លងមេរោគកូរ៉ូណា នាំឱ្យពួកគេមានការសុំាទៅនឹងជំងឺកូវីដ១៩ជាទ្រង់ទ្រាយធំ ហើយបណ្តាលឱ្យមនុស្សមួយចំនួនតូចប៉ុណ្ណោះឈឺនៅពេលជំងឺនេះកើតឡើងក្នុងពេលបន្ទាប់។
ការពិត ឬការប្រឌិត?
មិនពិត
អ្វីដែលអ្នកត្រូវដឹង៖
ពាក្យថាភាពស៊ាំនឹងជំងឺជាទ្រង់ទ្រាយធំសំដៅលើការការពារប្រជាជនទាំងអស់ប្រឆាំងនឹងជំងឺឆ្លង បន្ទាប់ពីចំនួនប្រជាជនច្រើនបានបង្កើតភាពស៊ាំទៅនឹងមេរោគតាមរយៈការឆ្លងពីមុន ឬការប្រើប្រាស់វ៉ាក់សាំង។
បើនិយាយតាមទ្រឹស្ដីវិញ អ្នកដែលមានភាពស៊ាំទៅនឹងជំងឺខុសពីករណីអ្នកដែលឆ្លងជំងឺ និងអ្នកដែលមិនមានភាពស៊ាំ។ ដូច្នេះវាជារនាំងដែលអាចកាត់បន្ថយនូវការរីករាលដាលនៃជំងឺ ហើយនៅដំណាក់កាលណាមួយ ជំងឺនេះនឹងអាចបាត់ទៅទាំងស្រុងតែម្តង ព្រោះមនុស្សភាគច្រើនមានភាពស៊ាំ និងអ្នកដែលឆ្លងជំងឺទទួលបានការព្យាបាលនិងជាសះស្បើយឡើងវិញ។
ទ្រឹស្ដីនេះត្រូវបានយល់ស្របដោយមនុស្សជាច្រើន និងរួមទាំងមេដឹកនាំពិភពលោកជាច្រើនរូបផងដែរ បន្ទាប់ពីឈ្វេងយល់ពីទ្រឹស្ដីភាពស៊ាំនឹងជំងឺជាទ្រង់ទ្រាយធំ ថានេះនឹងអាចការពារប្រជាជនពីការឆ្លងជំងឺរាតត្បាតដែលកំពុងកើតឡើងដូចពេលបច្ចុប្បន្ននេះ។ ខណៈដែលភាពស៊ាំនឹងជំងឺជាទ្រង់ទ្រាយធំបានជួយការពារប្រឆាំងនឹងជំងឺកាចសាហាវមួយចំនួនក្នុងប្រវត្តិសាស្ត្រ ដូចជាជំងឺកញ្ជ្រិល និងជំងឺអុតស្វាយ ភាពជោគជ័យពិតប្រាកដនោះគឺដោយសារការបង្កើតវ៉ាក់សាំងប្រឆាំងនឹងជំងឺទាំងនេះ។ នៅពេលដែលប្រព័ន្ធភាពស៊ាំរបស់ធម្មជាតិបានផ្តល់ការការពារខ្លះលើការរីករាលដាល កម្រិតគាំពារនេះគឺទាបពេកដែលពុំអាចសន្មតបានថាជាវិធីប្រកបដោយប្រសិទ្ធភាពនោះទេ។ វ៉ាក់សាំងការពារជំងឺអាចបង្កើនចំនួននៃភាពស៊ាំបានយ៉ាងឆាប់រហ័ស និងអាចបញ្ឈប់ការរាលដាលបាន។
ក្នុងពេលបច្ចុប្បន្ននេះមានការសាកល្បងវ៉ាក់សាំងកូវីដ១៩លើមនុស្សនៅបណ្តាប្រទេសជាច្រើនជុំវិញពិភពលោក។ ទោះជាយ៉ាងណាក៏ដោយ ការកំណត់ពេលវេលានៃការអភិវឌ្ឍបានជោគជ័យលើវ៉ាក់សាំង និងការដាក់ឱ្យប្រើប្រាស់វ៉ាក់សាំងប្រកបដោយសុវត្ថិភាព គឺមិនប្រាកដនៅឡើយទេ ពីព្រោះមានអ្នកជំនាញជាច្រើនបាននិយាយថាការដាក់វ៉ាក់សាំងឱ្យប្រើប្រាស់ទំនងជាត្រូវការរយៈពេលយូរ។
ការសិក្សាថ្មីមួយលើប្រជាជនជាង ៦ម៉ឺននាក់នៅក្នុងប្រទេសអេស្ប៉ាញ ដែលជាប្រទេសមួយក្នុងចំណោមបណ្តាប្រទេសជាច្រើនក្នុងតំបន់អឺរ៉ុបបានរងគ្រោះយ៉ាងធ្ងន់ធ្ងរដោយមេរោគកូរ៉ូណា បានរកឃើញថាមានប្រជាជនជាង ៥% ប៉ុណ្ណោះដែលបានបង្កើតសារធាតុនៃប្រព័ន្ធភាពស៊ាំចាំបាច់ដើម្បីប្រឆាំងនឹងការឆ្លងជំងឺកូវីដ១៩។ ទោះបីជាមានការរីករាលដាលខ្លាំងនៅតាមតំបន់ទីក្រុងធំៗជាច្រើនក៏ដោយ ដូចជាទីក្រុងម៉ាឌ្រីដ (Madrid) ការចងចាំរបស់រាងកាយទៅលើជំងឺនេះហាក់ដូចជាមានរយៈពេលខ្លី ហើយការឆ្លើយតបនៃប្រព័ន្ធភាពស៊ាំមានការថយចុះយ៉ាងឆាប់រហ័សបន្ទាប់ពីឆ្លងមេរោគ និងជាសះស្បើយឡើងវិញ។
ជំងឺកូវីដ១៩មានអត្រាមរណភាពខ្ពស់ ហើយអ្នកជាសះស្បើយពីជំងឺកូវីដ១៩ក៏អាចឆ្លងមេរោគម្តងទៀតបាន។ នេះជាភស្តុតាងដែលបានច្រានចោលនូវក្តីសង្ឃឹមដែលថាអ្នកជាសះស្បើយអាចនឹងស៊ាំទៅនឹងជំងឺនេះ ហើយអាចនាំឱ្យមានការអភិវឌ្ឍភាពស៊ាំតាមលក្ខណៈធម្មជាតិ៕