ព័ត៌មានដែលថាកម្រិតកម្តៅ និងកម្រិតសំណើមខ្ពស់អាចសម្លាប់មេរោគកូរ៉ូណា និងបន្ថយការរីករាលដាលនៃជំងឺកូវីដ១៩ ត្រូវបានគេចែករំលែកចាប់តាំងពីការលេចចេញឡើងនៃជំងឺនេះតាំងពីដំបូងមកម្ល៉េះ។
អាថ៌កំបាំង
កម្រិតកម្ដៅ និងកម្រិតសំណើមខ្ពស់នៅក្នុងបរិស្ថានអាកាសធាតុដូចនៅប្រទេសកម្ពុជា អាចសម្លាប់មេរោគកូរ៉ូណាបានលឿន និងអាចកាត់បន្ថយអត្រាឆ្លងមេរោគនេះបាន។
ការពិត ឬការប្រឌិត?
មិនប្រាកដច្បាស់លាស់
អ្វីដែលអ្នកត្រូវដឹង៖
មានប្រភពព័ត៌មាន និងពាក្យចចាមអារ៉ាមជាច្រើនតាមប្រព័ន្ធអ៊ីនធឺណិតបានអះអាងថា កម្រិតកម្តៅ និងកម្រិតសំណើមខ្ពស់ គឺជាលក្ខខណ្ឌមួយដ៏ប្រសើរ និងមានប្រសិទ្ធភាពក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ១៩។ សូម្បីតែមេដឹកនាំពិភពលោកមួយចំនួនដូចជាប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ (Donald Trump) ក៏បានបង្ហាញចេញនូវព័ត៌មានដូចគ្នាផងដែរ ដែលសំអាងថាជាការពិត។
ទោះជាយ៉ាងណាក៏ដោយ ការពិតនោះគឺថាពុំទាន់មានភស្តុតាងជាក់លាក់ណាមួយយកមកបញ្ជាក់ ឬបដិសេធលើការអះអាងទាំងនោះទេ។
ការស្រាវជ្រាវមួយបានចេញផ្សាយនៅទីក្រុងប៉េកាំង បានបង្ហាញអំពីទំនាក់ទំនងរវាងកម្រិតកម្ដៅ និងកម្រិតសំណើមខ្ពស់ទៅនឹងអត្រាឆ្លងទាបនៃមេរោគកូរ៉ូណានេះ។ ក៏ប៉ុន្តែការសិក្សានេះមិនត្រូវបានគេត្រួតពិនិត្យឡើងវិញនោះទេដោយក្រុមអ្នកវិទ្យាសាស្ត្រ។ ការសិក្សានេះផ្ដោតលើឥទ្ធិពលដែលសីតុណ្ហភាព និងសំណើមអាចជះទៅលើតម្លៃ R0 (R-naught) ដែលសំដៅទៅលើអត្រាដែលបុគ្គលម្នាក់អាចចម្លងទៅកាន់បុគ្គលម្នាក់។ ប្រសិនបើ R0 ស្មើ ១ នេះអាចបញ្ជាក់ថាជាមធ្យមអ្នកដែលឆ្លងនឹងអាចចម្លងទៅកាន់មនុស្សម្នាក់ទៀតស្ថិតនៅក្រោមតម្លៃ១ ដែលមានន័យថា អត្រាឆ្លងជំងឺនេះកំពុងមានការធ្លាក់ចុះ។
យោងទៅតាមរបាយការណ៍របស់អង្គការសុខភាពពិភពលោក (WHO) បានបង្ហាញថា R0 សម្រាប់ជំងឺកូវីដ១៩ មានតម្លៃប្រហែលពី ២ ទៅ ២,៥ ដោយអាស្រ័យលើកត្តាមួយចំនួន។ បើប្រៀបធៀបទៅនឹងជំងឺផ្ដាសាយ តម្លៃ R0 របស់វាគឺ ១,៣។
ការសិក្សានៅទីក្រុងប៉េកាំង បានបញ្ជាក់ថាសីតុណ្ហភាពកើនឡើងមួយអង្សាសេអាចបន្ថយកម្រិតតម្លៃ R0 របស់កូវីដ១៩ ត្រឹម ០,០២២៥ និងមួយភាគរយសំណើមបន្ថយត្រឹម ០,០១៥៨។ នេះមានន័យថា ប្រសិនបើយកតម្លៃទាបនៃ R0 ស្មើ ២ គេត្រូវការកើនឡើងសីតុណ្ហភាពទៅដល់ ៣១អង្សាសេ ឬការកើនឡើងសំណើម ៤៤% ឬការរួមបញ្ចូលគ្នារវាងកត្តាទាំងពីរដែលបណ្តាលឱ្យមានការធ្លាក់ចុះនូវអត្រាឆ្លងមេរោគកូរ៉ូណានេះ ដែលស្របទៅនឹងជួរជាមួយនឹងអត្រាឆ្លងនៃជំងឺផ្ដាសាយ។
ទោះបីជាអត្រាឆ្លងនៃជំងឺកូវីដ១៩ អាចមានការថយចុះដល់កម្រិតអត្រាឆ្លងនៃជំងឺផ្ដាសាយក៏ដោយ អត្រាប៉ះពាល់ដល់អាយុជីវិតនៃមេរោគនេះគឺខ្ពស់ជាង។ ចំនួនមរណភាពដំបូងនៃជំងឺកូវីដ១៩ បានធ្វើឱ្យអត្រាស្លាប់ដោយសារជំងឺនេះមានរហូតទៅដល់ ៣-៤% ចំណែកឯជំងឺផ្ដាសាយមានអត្រាស្លាប់ទាបជាងឆ្ងាយរហូតដល់ ០,១%។ នេះអាចបញ្ជាក់ថា ជំងឺកូវីដ១៩ អាចប៉ះពាល់ដល់អាយុជីវិតមនុស្សយ៉ាងហោចណាស់ខ្ពស់ជាង ៣០ដង ដែលគេអាចប៉ាន់ស្មានថាសម្លាប់មនុស្សយ៉ាងតិចណាស់ពី ២៩០.០០០នាក់ និងរហូតដល់ ៦៥០.០០០នាក់ជារៀងរាល់ឆ្នាំនៅទូទាំងពិភពលោក។
កត្តាចម្បងមួយទៀតនោះ គឺថាប្រទេសនីមួយៗក្នុងពិភពលោកមិនមានរដូវកាល ឬអាកាសធាតុដូចគ្នាក្នុងពេលតែមួយនោះទេ ខណៈដែលសីតុណ្ហភាពនឹងចាប់ផ្តើមមានការកើនឡើងនៅអឌ្ឍគោលខាងជើងដែលជារដូវកាលក្តៅ អឌ្ឍគោលខាងត្បូងនឹងខិតចូលរដូវកាលត្រជាក់ គឺរដូវស្លឹកឈើជ្រុះ និងរដូវរងា។
យើងពុំអាចនិយាយដោយប្រាកដជាក់លាក់បាននោះទថា ការសន្មតទាំងនេះពិតត្រឹមត្រូវ។ ការសិក្សានៅទីក្រុងប៉េកាំង មិនទាន់ទទួលបានការត្រួតពិនិត្យឡើងវិញដោយក្រុមអ្នកវិទ្យាសាស្ត្រដើម្បីបញ្ជាក់ពីសុពលភាពនៃលទ្ធផលនៃការស្រាវជ្រាវនេះនៅឡើយទេ ហើយក៏ពុំទាន់មានការស្រាវជ្រាវសិក្សាផ្សេងៗទៀតពីបញ្ហានេះមកគាំទ្របញ្ជាក់ពីលទ្ធផលទាំងនោះផងដែរ។
អ្នកវិទ្យាសាស្ត្រខ្លះនៅក្នុងប្រទេសចិន ថែមទាំងបានបដិសេធទៅលើទំនាក់ទំនងរវាងកម្តៅ និងការឆ្លងមេរោគកូរ៉ូណានៅក្រៅកន្លែងពិសោធន៍ផងដែរ។
លោក វ៉ាង គីឆៀង (Wang Guiqiang) ដែលជាប្រធានផ្នែកជំងឺឆ្លងនៃមន្ទីរពេទ្យដំបូងរបស់សាកលវិទ្យាល័យប៉េកាំង បានមានប្រសាសន៍ថា៖ «មេរោគនេះគឺមិនអាចធន់នឹងកម្តៅខ្លាំងបាននោះទេដែលមានសីតុណ្ហភាពរហូតទៅដល់ ៥៦អង្សាសេក្នុងរយៈពេល ៣០នាទី ហើយអាកាសធាតុរបស់ពិភពលោកយើងគឺមិនអាចក្តៅខ្លាំងរហូតដល់កម្រិតហ្នឹងបាននោះទេ។ ដូច្នេះ ទោះបីជាក្នុងរដូវក្តៅក៏ដោយ កម្រិតនៃការឆ្លងធ្លាក់ចុះ គឺមានតិចតួចប៉ុណ្ណោះ»៕