តើជំងឺរាតត្បាតថ្មីដែលកំពុងបំផ្លិចបំផ្លាញប្រជាជនទូទាំងពិភពលោក គឺបណ្តាលមកពីការកើនឡើងនៃចំនួនមនុស្ស និងការអភិវឌ្ឍដែរឬទេ? តើបរិស្ថានកំពុងរុញច្រានមកលើពិភពលោកវិញដែរឬយ៉ាងណា?
អាថ៌កំបាំង
ការបន្តពង្រីក និងបំផ្លិចបំផ្លាញតំបន់ថ្មី តំបន់ព្រៃភ្នំ និងបរិស្ថាន ព្រមទាំងអន្តរកម្មរបស់មនុស្សជាមួយសត្វគឺជាប្រភពនៃការកើតឡើងជំងឺកូវីដ១៩ និងការផ្ទុះឡើងនៃមេរោគថ្មីៗផ្សេងទៀត។
ការពិត ឬការប្រឌិត?
ការពិត
អ្វីដែលអ្នកត្រូវដឹង៖
«យើងគួរដឹងថាវិធីដែលយើងផលិត និងទទួលទានអាហារនៅពេលបច្ចុប្បន្ន និងការមិនយកចិត្តទុកដាក់ខ្វាយខ្វល់ទៅលើបរិស្ថានជុំវិញពិភពលោក បានធ្វើឱ្យធនធានធម្មជាតិកាន់តែមានកម្រិតទៅៗ។ ព្រៃឈើ និងធម្មជាតិកំពុងមានការធ្លាក់ចុះក្នុងអត្រាដែលគួរឱ្យកត់សម្គាល់នៅទូទាំងពិភពលោកមិនធ្លាប់មានពីមុនក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ»។
ទាំងនេះជាសម្ដីរបស់បុគ្គលសំខាន់ៗរបស់អង្គការមូលនិធិសកលសម្រាប់អភិរក្សធម្មជាតិ (WWF) លោក ម៉ាកូ ឡាំបឺធីនី (Marco Lambertini) អង្គការសហប្រជាជាតិ (UN) អ្នកស្រី អេលីសាប៊េត ម៉ារូម៉ា មឺម៉ា (Elizabeth Maruma Mrema) និងអង្គការសុខភាពពិភពលោក (WHO) អ្នកស្រី ម៉ារៀ នៀរ៉ា (Maria Neira)។ សម្ដីទាំងនេះត្រូវបានបោះពុម្ពនៅក្នុងទស្សនាវដ្ដី The Guardian និយាយអំពីសក្ដានុពលនៃការគំរាមកំហែងដល់បរិស្ថាននៅពេលដែលមនុស្សបន្តឈូសឆាយដី និងរំលោភយកជម្រករបស់សត្វព្រៃជាដើម។
អ្នកជំនាញផ្នែកបរិស្ថានដ៏ល្បីល្បាញ អ្នកស្រី ចេន ហ្គូដាល់ (Jane Goodall) បានរៀបរាប់នៅក្នុងបទសម្ភាសន៍ជាមួយប៉ុស្តិ៍លេខ៤ (Channel 4) របស់ចក្រភពអង់គ្លេសថា៖ «យើងធ្វើរឿងនេះដាក់ខ្លួនឯង ពីព្រោះជំងឺរាតត្បាត ឬបញ្ហាស្រដៀងគ្នានេះត្រូវបានគេព្យាកររាប់ឆ្នាំមុនមកម្ល៉េះ… យើងបានបំផ្លាញជម្រករបស់សត្វដែលធ្វើឱ្យសត្វទាំងនោះត្រូវប្រមូលផ្តុំរស់នៅក្បែរៗគ្នា ហើយក៏បានបង្ខំឱ្យសត្វមួយចំនួនផ្លាស់ប្ដូរជម្រក និងមានទំនាក់ទំនងជាមួយមនុស្ស។ នោះហើយជារបៀបដែលជំងឺរាតត្បាតចាប់ផ្តើម»។
បុគ្គលសំខាន់ៗក្នុងវិស័យបរិស្ថាន និងសុខភាពទាំងនេះបានលើកឡើងអំពីបញ្ហាជំងឺរាតត្បាត ព្រោះថាជំងឺកូវីដ១៩មិនមែនជាជំងឺដំបូងដែលបង្កមកពីសត្វនោះទេ ហើយដែលបានឆ្លងទៅកាន់មនុស្សក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ។
ជំងឺហ្ស៊ីកា (Zika) ជំងឺអេដស៍ (AIDS) ជំងឺសារ (SARS) និងជំងឺអេបូឡា (Ebola) សុទ្ធតែជាជំងឺធំៗដែលបានឆ្លង និងសម្លាប់មនុស្សជាច្រើនក្នុងរយៈពេលជាងមួយទសវត្សរ៍នេះ។
មេរោគដែលបង្កជំងឺហ្ស៊ីកាត្រូវបានរកឃើញជាលើកដំបូងនៅក្នុងសត្វស្វារីសូស (Rhesus monkey)។ ចំណែកឯជំងឺអេដស៍វិញគេជឿថាបណ្តាលមកពីទម្រង់ផ្លាស់ប្ដូរនៃមេរោគប្រព័ន្ធភាពស៊ាំរបស់សត្វស្វាជីមផេនហ្ស៊ី (chimpanzee)។ ទោះប្រភពដើមរបស់ជំងឺសារ (SARS) ពុំទាន់មានការបញ្ជាក់ជាផ្លូវការក៏ដោយ ប៉ុន្តែត្រូវបានគេគិតថាឆ្លងពីសត្វប្រចៀវដែលក៏ជាប្រភពសង្ស័យនៃមេរោគនៃជំងឺអេបូឡាផងដែរ។
ការឈ្លានពានចូលទៅក្នុងជម្រករបស់សត្វ និងអន្តរកម្មរបស់វាជាមួយមនុស្ស បានបង្កឱ្យមានការរីករាលដាលនៃការឆ្លងជំងឺផ្សេងៗបានគំរាមកំហែងដល់សុខុមាលភាព និងការរស់នៅរបស់ប្រជាជនពិភពលោក។
លោក ឡាំបឺធីនី អ្នកស្រី មឺម៉ា និងអ្នកស្រី នៀរ៉ា បាននិយាយបន្ថែមទៀតថា៖ «ការជួញដូរសត្វព្រៃ និងការដោះស្រាយជាមួយសត្វព្រៃដែលមានហានិភ័យក្នុងការផ្ទុកមេរោគផ្សេងៗដោយគ្មានភាពប្រុងប្រយ័ត្នត្រឹមត្រូវ គ្រាន់តែជាឧទាហរណ៍មួយនៃការបំបែកបំបាក់ទំនាក់ទំនងមនុស្សជាមួយធម្មជាតិដែលអាចជះផលប៉ះពាល់ដល់សុខភាពមនុស្ស»។
ពួកគាត់បានមានប្រសាសន៍ទៀតថា៖ «នៅក្នុងប្រទេសជាច្រើន សត្វព្រៃត្រូវបានគេចាប់យក និងនាំយកទៅលក់នៅទីផ្សារទាំងរស់។ ប្រសិនបើមិនមានការគ្រប់គ្រង និងបទប្បញ្ញត្តិត្រឹមត្រូវនៅលើទីផ្សារ វាអាចបង្កហានិភ័យខ្ពស់ដល់មនុស្ស និងសត្វចិញ្ចឹមផ្សេងទៀត ដោយនាំយកប្រភេទសត្វដែលមានហានិភ័យផ្ទុកមេរោគ ហើយភាគច្រើនជិតផុតពូជទៀតនោះទៅជិតសត្វដទៃទៀត និងមនុស្ស។ នេះដែលជាមូលហេតុដែលបណ្តាលឱ្យមានការលេចចេញជំងឺផ្សេងៗដែលបង្កគ្រោះថ្នាក់ដល់មនុស្សជាតិ»។
ជំងឺរាតត្បាតកូវីដ១៩ ទំនងជាត្រូវបានគេស្គាល់ថាមានប្រភពមកពីសត្វប្រចៀវ។ ដូច្នេះនេះជាពេលវេលាដែលមនុស្សគួរផ្ដោតលើតួនាទីរបស់ខ្លួនក្នុងការផ្ទុះឡើងនៃជំងឺរាតត្បាត និងចោទសួរខ្លួនឯង ថាតើសក្ដានុពលនៃហានិភ័យអាចទទួលបានផលចំណេញច្រើនជាងពីការកេងប្រវ័ញ្ច និងបំផ្លិចបំផ្លាញធម្មជាតិដែរឬយ៉ាងណា៕