នៅខេត្តកោះកុង មានគម្រោងមួយកំពុងប្រឹងស្វះស្វែងដោះស្រាយឫសគល់នៃបញ្ហាបាត់បង់ព្រៃឈើ និងផ្តល់ឱកាសឱ្យភ្ញៀវទេសចរបានស្គាល់នូវព្រៃព្រឹក្សាដ៏ស្រស់ត្រកាលរបស់កម្ពុជា ដែលមិនធ្លាប់មានពីមុនមក។
ប្រទេសកម្ពុជា ជាមាតុភូមិនៃធម្មជាតិដ៏ស្រស់បំព្រង និងសម្បូរទៅដោយសត្វព្រៃប្លែកៗជាច្រើនប្រភេទ។ ភាពអច្ឆរិយនៃអេកូឡូស៊ីរបស់ប្រទេសនេះបានទទួលរងការគំរាមកំហែងឥតឈប់ឈរពីការអភិវឌ្ឍ ការបរបាញ់ និងការទាញយកប្រយោជន៍ធនធានធម្មជាតិដោយគ្មានការថ្លឹងថ្លែងអំពីផលប៉ះពាល់។ យ៉ាងណាក្តី ការខិតខំប្រឹងប្រែងដើម្បីធានាការពារ និងអភិរក្សសម្បត្តិធម្មជាតិសម្រាប់មនុស្សជំនាន់ក្រោយបានផុសផុលឡើងពាសពេញប្រទេស។
ជួរភ្នំក្រវាញ គឺជាព្រៃមួយក្នុងចំណោមព្រៃដែលសេសសល់ចុងក្រោយគេក្នុងតំបន់អាស៊ីអាគ្នេយ៍។ ក្នុងនេះផងដែរមានគម្រោងមួយដែលជាដំណោះស្រាយដ៏ប្រសើរដែលឆ្លុះបញ្ចាំងពីបញ្ហាប្រឈមរបស់អេកូឡូស៊ីនៅប្រទេសកម្ពុជា និងការខិតខំប្រឹងប្រែងដើម្បីការពារព្រៃទាំងនេះ។ ចាប់តាំងពីឆ្នាំ ២០១៦ គម្រោងអេកូទេសចរណ៍សហគមន៍ស្ទឹងអារ៉ែង (STAR-CBET) កំពុងបន្តផ្តល់នូវចក្ខុវិស័យដ៏ថ្មីមួយជំនួសដល់កិច្ចការពារធនធានធម្មជាតិ ដែលជួយលើកកម្ពស់នូវជីវភាពរបស់អ្នកស្រុក និងការពារអេកូឡូស៊ីដ៏សំខាន់មួយនេះ។
យោងតាមអង្គការសម្ព័ន្ធមិត្តសត្វព្រៃ (Wildlife Alliance) ដែលជាដៃគូសំខាន់របស់សហគមន៍ស្ទឹងអារ៉ែង តំបន់នេះគឺជាជម្រករបស់សត្វជាង ៥០ប្រភេទ ដែលត្រូវបានគេដាក់បញ្ចូលក្នុងបញ្ជីក្រហមរបស់ អង្គការសហភាពអន្តរជាតិសម្រាប់ការអភិរក្សធម្មជាតិ (IUCN’s Redlist)។ ដោយសារតែតម្រូវការសត្វដ៏កម្រ និងសត្វមានតម្លៃទាំងនេះ ដើម្បីយកទៅធ្វើជាឱសថបុរាណ ក៏ដូចជាការបរិភោគសាច់ និងការជួញដូរប្រភេទសត្វដ៏កម្រទាំងនេះទៅក្រៅប្រទេស ការដាក់អន្ទាក់នៅតែបន្តគំរាមកំហែងដល់សត្វអស់ទាំងនោះ។ ជាមួយគ្នានេះ ឈើប្រណិតក៏ជាគោលដៅរបស់ក្រុមអ្នកកាប់ឈើខុសច្បាប់ ដែលពួកគាត់ទទួលបានកម្រៃពីសកម្មភាពខុសច្បាប់ទាំងនោះផងដែរ។
កត្តាជំរុញឱ្យមានការកាប់បំផ្លាញព្រៃឈើ និងជួញដូរសត្វព្រៃទាំងពីរខាងលើនេះ ភាគច្រើនបណ្តាលមកពីជីវភាពរបស់ប្រជាជនក្នុងតំបន់ ដែលពួកគាត់គ្មានជម្រើសអ្វីផ្សេងក្នុងការចិញ្ចឹមជីវិត ដែលញ៉ាំងពួកគាត់ឱ្យងាកទៅប្រព្រឹត្តអំពីខុសច្បាប់។ ការពិតនេះហើយដែលស្ថិតនៅក្នុងយុទ្ធសាស្រ្តស្នូលរបស់គម្រោគ STAR-CBET ដើម្បីការពារធនធានធម្មជាតិ។ គម្រោងនេះ បានជ្រើសរើសអ្នកស្រុកជាច្រើននាក់ដែលពីមុនធ្លាប់បានចូលរួមក្នុងអំពើខុសច្បាប់ឱ្យធ្វើជាមគ្គទេសក៍ទេសចរណ៍ និងអ្នកថែបរិស្ថានវិញ។ វត្ថុបំណងរបស់ពួកយើងគឺ ជួយសម្រួលដល់ជីវភាពរបស់ពួកគាត់ ដើម្បីលើកទឹកចិត្តឱ្យពួកគាត់ [ដែលជាអ្នកកាប់ឈើខុសច្បាប់] ចូលរួមថែរក្សាព្រៃឈើវិញ។
សព្វថ្ងៃ មានឃុំចំនួនបី ដែលមានភូមិសរុបទាំងអស់ចំនួន ៨ គឺជាផ្នែកនៃគម្រោងនេះដែលជួយអ្នកទេសចរឱ្យបានស្វែងយល់នូវរបៀបរស់នៅតាមបែបប្រពៃណីក្នុងភូមិទាំងនេះ និងបានស្គាល់សហគមន៍អេកូទេសចរណ៍ស្ទឹងអារ៉ែង ហើយថែមទាំងជួយការពារធនធានធម្មជាតិនៅតំបន់នេះផងដែរ។ ភ្ញៀវទេសចរអាចចូលរួមក្នុងសកម្មភាពផ្សេងៗ រាប់ចាប់ពីការដើរលេងកម្សាន្តតាមដងផ្លូវក្នុងព្រៃមួយថ្ងៃពេញ រហូតដល់ការជិះម៉ូតូកម្សាន្តរយៈពេលជាច្រើនថ្ងៃ ទៅកាន់ព្រៃដាច់ស្រយាល។
ការស្នាក់នៅផ្ទះជាមួយប្រជាសហគមន៍ក្នុងតំបន់ផ្តល់ឱ្យភ្ញៀវទេសចរនូវទិដ្ឋភាពនៃជីវិតប្រចាំថ្ងៃ ដែលគ្មានសណ្ឋាគារ និងគ្មានផ្ទះសំណាក់ណាអាចជំនួសបានឡើយ។ ភ្ញៀវដែលធ្វើដំណើរទៅសហគមន៍ស្ទឹងអារ៉ែងក៏អាចធ្វើការបោះតង់ក្នុងព្រៃធម្មជាតិដ៏ស្អាតនេះដែរ។ មិនថាទៅដល់ក្នុងព្រៃ ឡើងលើកំពូលភ្នំ ឬមើលទឹកធ្លាក់ ទេសភាពបៃតងក្នុងតំបន់ គឺជាកន្លែងដ៏ល្អឥតខ្ចោះសម្រាប់ការអង្គុយជជែកគ្នាលេងជុំវិញភ្នក់ភ្លើង និងសម្រាកក្រោមពន្លឺចែងចាំងតូចៗរបស់ហ្វូងផ្កាយជាច្រើន។
STAR-CBET (ឬសហគមន៍អេកូទេសចរណ៍ស្ទឹងអារ៉ែង) បង្ហាញពីសក្ដានុពលនៃយុទ្ធសាស្រ្តអភិរក្ស ដែលពឹងផ្អែកលើសហគមន៍ ដើម្បីធ្វើការប្រឆាំងនឹងបញ្ហាបំផ្លិចបំផ្លាញបរិស្ថាន។ ការទទួលយកបទពិសោធន៍ជីវិតប្រចាំថ្ងៃដ៏មានតម្លៃរបស់អ្នកស្រុក និងចូលរួមលើកកម្ពស់ជីវភាពប្រជាសហគមន៍ដោយគ្មានការបំផ្លាញបរិស្ថាន។ ផ្ទុយទៅវិញ ប្រជាជននៅសហគមន៍ស្ទឹងអារ៉ែងបានចូលរួមចែករំលែកភាពស្រស់ស្អាតនៃព្រៃឈើ និងទន្លេរបស់ពួកគាត់ទៅកាន់ពិភពលោក និងការពារបរិស្ថានសម្រាប់មនុស្សជំនាន់ក្រោយ។
អត្ថបទនេះត្រូវបានផលិតឡើងដោយ Focus – Ready for Tomorrow សហការជាមួយនឹង KampumEra.