ស្របពេលនៃការរីករាលដាលជំងឺកូវីដ១៩នៅកម្ពុជា អ្នកឯកទេសផ្នែកសុខភាពផ្លូវចិត្តលើកឡើងថា ពលរដ្ឋឈ្វេងយល់ពីបញ្ហាសុខភាពផ្លូវចិត្តនៅកម្ពុជាមានការកើនឡើង ប៉ុន្តែថាបញ្ហានេះគួរតែទទួលបានការយកចិត្តទុកដាក់ និងធ្វើការពង្រីកវិសាលភាពឱ្យបានច្រើនជាងមុន។
ការរាលដាលនៃជំងឺកូវីដ១៩ មកកាន់ប្រទេសកម្ពុជា មិនត្រឹមតែផ្តល់ផលប៉ះពាល់ដល់អ្នកដែលបានឆ្លងជំងឺផ្ទាល់ប៉ុណ្ណោះទេ វាក៏កំពុងធ្វើឱ្យមានផលប៉ះពាល់ដល់សុខភាពផ្លូវចិត្តជាខ្លាំងដល់មនុស្សទូទៅផងដែរ។ ទន្ទឹមនឹងនេះ ប្រជាជនខ្មែរមួយចំនួនហាក់ចាប់ផ្តើមឈ្វេងយល់ និងបើកចំហអំពីបញ្ហានេះ ក៏ដូចជាទទួលយកការផ្សព្វផ្សាយ និងព័ត៌មានណែនាំផ្សេងៗទាក់ទិននឹងបញ្ហាសុខភាពផ្លូវចិត្តនេះ។
លោកវេជ្ជបណ្ឌិត ឈឹម សុធារ៉ា នាយកប្រតិបត្តិនៃអង្គការសង្គមអន្តរវប្បធម៌កម្ពុជា ហៅកាត់ថា TPO Cambodia បានប្រាប់ Focus ឱ្យដឹងថា វិស័យសុខភាពផ្លូវចិត្តនៅកម្ពុជាមានការរីកចម្រើនគួរឱ្យកត់សម្គាល់។ លោកថាមកទល់ពេលនេះមានវេជ្ជបណ្ឌិតឯកទេសផ្លូវចិត្តច្រើនដែលផ្តល់សេវាប្រឹក្សាបញ្ហាផ្លូវចិត្តនៅក្នុងក្រុង និងតាមបណ្តាខេត្តជាច្រើនផ្សេងទៀត។ រីឯការយល់ដឹងរបស់ប្រជាជនទាក់ទងនឹងបញ្ហាផ្លូវចិត្ត លោកថាក៏មានការកើនឡើងដែរ។
លោកវេជ្ជបណ្ឌិត ឈឹម សុធារ៉ា បានរៀបរាប់ថា៖ «បើប្រៀបធៀបនឹងជាង ២០ឆ្នាំមុន យើងឃើញថាប្រជាជនយើងចាប់ផ្តើមបើកចំហមិនលាក់បាំងពីបញ្ហាផ្លូវចិត្តខ្លួនឯងដូចមុនទៀត ហើយបានមកទទួលសេវាផ្លូវចិត្តដោយមិនមានការខ្មាសអៀនដូចមុន»។
ជាមួយគ្នានេះដែរ លោកវេជ្ជបណ្ឌិតរូបនេះក៏បានគូសបញ្ជាក់ថា ការរីករាលដាលនៃជំងឺកូវីដ១៩នេះបានធ្វើឱ្យចំនួននៃការប៉ះពាល់សុខភាពផ្លូវចិត្ត និងអ្នកដែលកំពុងប្រឈមនឹងបញ្ហាផ្លូវចិត្តនេះស្រាប់ មានការកើនឡើង ដោយភាគច្រើនពួកគាត់ជួបប្រទះនូវបញ្ហាដូចជា ភ័យព្រួយអំពីការគេងមិនលក់ ការភ័យដែលមិនអាចគ្រប់គ្រងអារម្មណ៍បាន ការខ្លាចមិនហ៊ានចេញក្រៅ អារម្មណ៍តានតឹង អារម្មណ៍ឆាប់ខឹងមួម៉ៅជាងមុនជាដើម។
លោកវេជ្ជបណ្ឌិតរូបនេះបានលើកឡើងថា៖ «យើងឃើញមានការកើនឡើងខ្លះដែរនៃចំនួនអ្នកជំងឺដែលមានការភ័យខ្លាចការឆ្លងនៃកូវីដ១៩នេះ ហើយយើងក៏ឃើញមានការលាប់ឡើងវិញដែរចំពោះអ្នកជំងឺចាស់ៗដែលព្យាបាលពីមុន និងកំពុងព្យាបាល»។
គាត់បានបន្ថែមទៀតថា៖ «ដោយយើងមានសេវាប្រឹក្សាយោបល់តាមទូរស័ព្ទ យើងក៏ទទួលបានការហៅចូលពីប្រជាជនជាច្រើនដែរ ដែលមានបញ្ហាតានតឹងផ្លូវចិត្ត ខ្លះទាក់ទងនឹងកូវីដ១៩ ខ្លះទាក់ទងនឹងបញ្ហាទូទៅ។ ខ្ញុំមិនបានដឹងពីចំនួនពិតប្រាកដទេ តែឃើញថាមានបរិមាណច្រើនជាងមុនបន្តិច»។
ការសិក្សាឱ្យដឹងថា សញ្ញានៃជំងឺផ្លូវចិត្ត គឺសំដៅទៅលើការប្រែប្រួលក្នុងអារម្មណ៍ អ្នកជំងឺអាចមានអារម្មណ៍ក្រៀមក្រំ បាត់បង់អារម្មណ៍សប្បាយ បាត់ចំណាប់អារម្មណ៍លើអ្វីៗដែលធ្លាប់តែចូលចិត្តពីមុន ឬមានអារម្មណ៍ព្រួយច្រើនជាងមុន ប្រុងប្រយ័ត្នច្រើនជាងមុន បាត់ការផ្ដោតការយកចិត្តទុកដាក់លើការងារមិនដូចមុន បាត់ការផ្ដោតអារម្មណ៍ គិតច្រើនពីអតីតកាល ឬពីអនាគត ពិសេសគិតពីរឿងមិនទាន់កើតមាន។ អ្នកខ្លះកើតទៅជាសង្ស័យលើអ្វីមួយដែលខុសទំនង ឬអ្នកខ្លះឮសំឡេងដែលមិនមានប្រភព។ល។ ទន្ទឹមនឹងនេះ អ្នកជំងឺអាចមានបញ្ហាទាក់ទងនឹងការគេង អាចគេងមិនលក់ ឬគេងលក់ច្រើនជ្រុល បាយមិនបាន ឬញ៉ាំច្រើនជ្រុល អស់កម្លាំង ខឹងច្រើន ឬធ្វើអ្វីប្លែកៗដែលមិនធ្លាប់ធ្វើពីមុន។ ជួនកាលអ្នកជំងឺមិនមានសញ្ញាផ្លូវចិត្តទេ តែមានសញ្ញាផ្លូវកាយដូចជាឈឺក្រពះច្រើន ពិបាកក្នុងការរំលាយអាហារ នោមញឹកញាប់ដោយមិនមានការរលាក ឬបញ្ហាអ្វីមួយ ឈឺចុកចាប់កន្លែងណាមួយក្នុងខ្លួនដោយរកមូលហេតុមិនឃើញ។
កញ្ញា អាន ខេម៉ា ជាអ្នកធ្លាប់ជួបប្រទះនូវបញ្ហាវិបត្តិផ្លូវចិត្តនេះផ្ទាល់យល់ឃើញថា ចំពោះការផ្ទុះឡើងនៃជំងឺកូវីដ១៩នេះ វាបានធ្វើឱ្យមានការភ័យព្រួយតិចតួចដែរដោយសារការបាត់បង់ទម្លាប់ប្រចាំថ្ងៃមួយចំនួន និងមិនអាចចេញទៅក្រៅបានដូចពេលមុននៅពេលដែលមានអារម្មណ៍ធុញថប់ ឬពិបាកចិត្ត។
គាត់បានរៀបរាប់ថា៖ «និយាយទៅមានអារម្មណ៍ថាវាអត់គួរឱ្យខ្លាច ភិតភ័យ ស្លន់ស្លោអីទេ ព្រោះអីពេលដែលយល់ពីជំងឺ (កូវីដ១៩) ហ្នឹងច្បាស់ទៅ ដឹងថាខ្លួនឯងគួរធ្វើម៉េចទៅ ក៏អត់មានអារម្មណ៍ស្លន់ស្លោអីខ្លាំងដែរ។ […] តែបើដោយសារ social distancing (គម្លាតសង្គម) ហ្នឹង ធ្វើឱ្យមានអារម្មណ៍ថាស្រ្តេស (Stress) និងធុញថប់ ព្រោះត្រូវនៅតែក្នុងផ្ទះ អត់បានចេញទៅក្រៅ»។
កញ្ញា ខេម៉ា ដែលជាអ្នករចនាប្លង់ក្នុងគេហដ្ឋាននេះកត់សម្គាល់ឃើញថា បញ្ហាសុខភាពផ្លូវចិត្តនៅកម្ពុជា ពលរដ្ឋមានការយល់ដឹងច្រើនជាងមុន ប៉ុន្តែកញ្ញាថាវានៅមានកម្រិតនៅឡើយ ដោយហេតុថាការយកចិត្តទុកដាក់ក្នុងការព្យាបាល និងការទទួលស្គាល់ពីបញ្ហានេះនៅមិនទាន់ទូលំទូលាយនៅឡើយ។ អ្នករចនាប្លង់វ័យក្មេងរូបនេះក៏សង្កេតឃើញដែរថា ការទទួលបាននូវព័ត៌មានអំពីការថែទាំសុខភាពផ្លូវចិត្តនៅមិនទាន់បានគ្រប់គ្រាន់ទេ ពីព្រោះព័ត៌មានដែលទាក់ទងពីបញ្ហាផ្លូវចិត្តនេះ គឺភាគច្រើនទទួលបានតែតាមរយៈអ៊ីនធឺណិត (Internet) ប៉ុណ្ណោះ។
កញ្ញា ខេម៉ា និយាយបន្ថែមថា៖ «ខ្ញុំគិតថាបញ្ហាផ្លូវចិត្តនេះមានគេដឹងលឺដែរ ប៉ុន្តែគេអត់ទទួលស្គាល់ទេថាជំងឺហ្នឹងវាសំខាន់ ហើយត្រូវការយកចិត្តទុកដាក់ព្យាបាល ត្រូវការការគាំទ្រពីគ្រួសារ និងអ្នកជុំវិញខ្លួន ចឹងទៅគិតថាប្រហែលមនុស្សខ្លះគាត់ដឹង ប៉ុន្តែគាត់គិតថាវាអត់សំខាន់ ហើយភាគច្រើនគេដឹងតែតាមរយៈយូធូប (YouTube) និងហ្វេសប៊ុក (Facebook) ហ្នឹង ខ្ញុំជឿថាចឹង»។
ស្រដៀងទៅនឹងការយល់ឃើញរបស់កញ្ញា ខេម៉ា លោកវេជ្ជបណ្ឌិត ឈឹម សុធារ៉ា មានប្រសាសន៍ថា សេវាផ្លូវចិត្តដែលមាននៅមិនទាន់ឆ្លើយតបនឹងតម្រូវការរបស់ប្រជាជននៅឡើយទេ ទាំងបរិមាណ និងគុណភាព។ លោកបន្តថា ប្រទេសកម្ពុជាក៏មិនទាន់មានឱសថល្អៗប្រើដូចនៅប្រទេសជិតខាងនៅឡើយដែរ។
Focus មិនអាចសុំការបំភ្លឺបន្ថែមពីអ្នកនាំពាក្យក្រសួងសុខាភិបាល បានទេចំពោះបញ្ហានេះ។
ទោះជាយ៉ាងណា លោកវេជ្ជបណ្ឌិត ឈឹម សុធារ៉ា ផ្តល់ការណែនាំថា៖ «អ្នកណាក៏ដោយក៏អាចមានអារម្មណ៍ (បញ្ហាសុខភាពផ្លូវចិត្ត) បែបនេះដែរ ដូច្នេះមិនមែនតែអ្នកម្នាក់ទេដែលមានអារម្មណ៍ប្រែប្រួលទាំងនេះ តែវានឹងបាត់វិញក្នុងរយៈពេលដ៏ខ្លីខាងមុខ ដោយការអនុវត្តការងារប្រចាំថ្ងៃជាធម្មតា ការធ្វើលំហាត់ប្រាណ ការទទួលដំណេកឱ្យបានត្រឹមត្រូវ រក្សាទំនាក់ទំនងជាមួយគ្រួសារ និងមិត្តភក្ដិឱ្យបានច្រើន និងកាត់បន្ថយការតាមដានព័ត៌មានផ្តេសផ្តាស (ព័ត៌មានមិនពិត គ្មានប្រភពច្បាស់លាស់) ដែលទាក់ទងពីកូវីដ១៩»៕