អំពើហិង្សាក្នុងគ្រួសារ ជាពិសេសទៅលើស្ត្រីនៅក្នុងអំឡុងពេលនៃការរីករាលដាលជំងឺកូវីដ១៩ គឺជាបញ្ហាមួយដែលអ្នកធ្វើការផ្នែកការពារសិទ្ធិស្ត្រីមានការព្រួយបារម្ភថាកើតមានឡើង។
ពួកគេលើកឡើងថា អំពើហិង្សាក្នុងគ្រួសារជាបញ្ហាសំខាន់ និងចាំបាច់ដែលបុគ្គលគ្រប់ៗរូបគួរតែយកចិត្តទុកដាក់ និងឈ្វេងយល់ពីបញ្ហានេះឱ្យបានច្បាស់លាស់ ដើម្បីចូលរួមចំណែកកាត់បន្ថយទង្វើមិនគួរគប្បីនេះ ក៏ដូចជាការពារខ្លួន និងអ្នកនៅជុំវិញខ្លួនពីអំពើហិង្សាក្នុងគ្រួសារ ស្របពេលនៃការរីករាលដាលជំងឺដ៏កាចសាហាវនេះ។
អ្នកស្រី ស ស៊ីណែត អគ្គនាយករងនៃអគ្គនាយកដ្ឋានអភិវឌ្ឍន៍សង្គមនៃក្រសួងកិច្ចការនារី បានពន្យល់ថា អំពើហិង្សាក្នុងគ្រួសារសំដៅទៅលើអំពើហិង្សា ឬការរំលោភបំពានដោយក្នុងរូបភាពបួនយ៉ាង គឺ៖
- ផ្លូវកាយ
- ផ្លូវភេទ
- ផ្លូវចិត្ត (រួមមានការប្រមាថមាក់ងាយ ការគំរាមកំហែង និងការដាក់ឱ្យនៅឯកោម្នាក់ឯង)
- និងអំពើហិង្សាផ្នែកជីវភាពសេដ្ឋកិច្ចដែលត្រូវបានប្រព្រឹត្តដោយមនុស្សម្នាក់ ឬច្រើននាក់ ដើម្បីត្រួតត្រាទៅលើមនុស្សផ្សេងៗទៀតដែលកំពុងរស់នៅក្នុងគ្រួសារ។
ច្បាប់ស្ដីពីការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ និងកិច្ចការពារជនរងគ្រោះឆ្នាំ២០០៥ ចែងថា អំពើហិង្សាក្នុងគ្រួសារ គឺសំដៅទៅលើអំពើហិង្សាដែលកើតមាន និងអាចកើតមានទៅលើប្តី ឬប្រពន្ធ កូនក្នុងបន្ទុក និងជនទាំងឡាយរស់នៅក្រោមដំបូលផ្ទះ និងក្នុងបន្ទុកគ្រួសារ។
អ្នកស្រី សេង រាសី នាយិកាប្រតិបត្តិអង្គការសីលការ (SILAKA) ដែលជាអង្គការមិនមែនរដ្ឋាភិបាលធ្វើការដើម្បីពង្រឹងសិទ្ធិអំណាចស្ត្រី ពង្រឹងសមត្ថភាព និងអភិបាលកិច្ចល្អ បានបញ្ជាក់ឱ្យដឹងថា កត្តាដែលអាចបណ្តាលឱ្យមានអំពើហិង្សាក្នុងគ្រួសារកើតឡើងក្នុងរដូវកាលជំងឺកូវីដ១៩ មានដូចជាការតានតឹងផ្លូវចិត្ត ឬស្ត្រេស (stress) ដោយសារការបាត់បង់ការងារ និងបញ្ហាហិរញ្ញវត្ថុរបស់សមាជិកគ្រួសារ ដូចជា ឪពុក ឬស្វាមីជាដើម ដែលធ្វើឱ្យអំពើហិង្សាលើស្ត្រី និងកុមារកើនឡើង។ លើសពីនេះ ស្ត្រីភាគច្រើនមិនអាចចេញទៅក្រៅបាន បាត់បង់ទំនាក់ទំនងជាមួយមិត្តភក្ដិ ដែលធ្វើឱ្យពួកគេមិនអាចរកជំនួយនៅពេលដែលទទួលរងអំពើហិង្សា។ ស្ត្រីក៏ត្រូវទទួលបន្ទុកការងារផ្ទះកាន់តែច្រើន ហើយកាន់តែរវល់រឿងកូនដោយសារការបិទសាលារៀនផងដែរ ហើយបើទោះជាស្ត្រីមានការងារធ្វើ ហើយត្រូវធ្វើការពីផ្ទះទៅ (online) ក៏ការងារផ្ទះទាំងអស់នៅតែជាបន្ទុករបស់ស្ត្រី ដែលនេះធ្វើឱ្យប៉ះពាល់ដល់ផ្លូវចិត្តស្ត្រីធ្ងន់ធ្ងរ។ កត្តាមួយផ្សេងទៀតដែលអាចបណ្តាលឱ្យមានអំពើហិង្សាក្នុងគ្រួសារដែរនោះ គឺបញ្ហាសេដ្ឋកិច្ច ជាពិសេសកើតមាននៅក្នុងគ្រួសារដែលមានប្រពន្ធជាមេផ្ទះ និងប្តីជាអ្នករកប្រាក់ចំណូលនៅក្រៅ។ ប្តីអាចនឹងបន្ថយ ឬរឹតត្បិតការចំណាយផ្សេងៗក្នុងគ្រួសារដោយលើកហេតុផលពីការពិបាករកចំណូលព្រោះតែជំងឺកូវីដ១៩នេះ។
អ្នកស្រី សេង រាសី មានប្រសាសន៍បន្ថែមថា ជនល្មើស ឬអ្នកប្រព្រឹត្តិអំពើហិង្សាក៏អាចប្រើប្រាស់នូវឱកាសនៃការផ្ទុះឡើងជំងឺកូវីដ១៩នេះក្នុងការប្រើប្រាស់អំណាចរបស់ខ្លួននៅក្នុងគ្រួសារ និងមិនអនុញ្ញាតឱ្យសមាជិកគ្រួសារណាទៅខាងក្រៅរកជំនួយបានឡើយ។
ចំណែកអ្នកស្រី យឹម សុធារី អ្នកព្យាបាលផ្លូវចិត្ត និងជាទីប្រឹក្សាជម្លោះ និងសន្តិភាព បានចែករំលែកនូវវិធីសាស្ត្រដែលមនុស្សអាចការពារខ្លួនពីការប្រព្រឹត្តអំពើហិង្សា ជាពិសេសក្នុងកាលៈទេសៈនេះ។ អ្នកស្រី សុធារី លើកទឹកចិត្តឱ្យពលរដ្ឋរៀនគ្រប់គ្រងអារម្មណ៍ និងឈ្វេងយល់ពីអារម្មណ៍របស់ខ្លួនទៅនឹងស្ថានភាពដោយធ្វើការសម្គាល់ពីកាយវិការ និងអារម្មណ៍របស់ខ្លួននៅពេលដែលខឹងដកដង្ហើមវែងៗ និងគេចចេញពីកន្លែងមានជម្លោះដោយសន្តិវិធី ប្រើវិធីរំសាយកំហឹងបែបអហិង្សាផ្សេងៗដូចជា ការសរសេរ ស្តាប់ចម្រៀង ការហាត់ប្រាណ ការងូតទឹក។ល។
អ្នកស្រីថាបើអាច គួរសិក្សាពីវិធីសាស្ត្របំបាត់កំហឹង ឬតានតឹងដែលមាននៅលើប្រព័ន្ធអ៊ីនធឺណិត (Internet)។ អ្នកស្រីបន្តថា ប្រសិនបើបុគ្គលណាមិនអាចគេចចេញទៅទីណា ហើយចង់ដោះស្រាយបញ្ហាភ្លាមៗ សូមអនុវត្តវិធីសាស្ត្រយល់ចិត្តគ្នាដោយក្តីមេត្តា និងព្យាយាមនិយាយគ្នាដោយប្រើប្រាស់ភាសាសមរម្យ ព្យាយាមចំណាយពេលវេលាល្អៗជាមួយគ្រួសារឱ្យបានច្រើន ដូចជា មើលទូរទស្សន៍ជាមួយគ្នា លេងកីឡា និងលេងល្បែងផ្សេងៗដើម្បីកាត់បន្ថយអារម្មណ៍តានតឹងក្នុងពេលវេលាលំបាកនេះ។
អ្នកស្រី ស ស៊ីណែត អគ្គនាយករងនៃអគ្គនាយកដ្ឋានអភិវឌ្ឍន៍សង្គមនៃក្រសួងកិច្ចការនារី ឱ្យដឹងថា ក្រសួងកិច្ចការនារីនៅតែគាំទ្រ ផ្តល់សេវា និងសម្របសម្រួលបញ្ជូនជនរងគ្រោះទៅរកសេវាពាក់ព័ន្ធដែលជាតម្រូវការរបស់ជនរងគ្រោះ តាមរយៈយន្តការ និងសកម្មភាពធ្វើផ្ទាល់ និងប្រព័ន្ធផ្សព្វផ្សាយ។
ការស្រាវជ្រាវក្នុងកម្រិតតំបន់អាស៊ីប៉ាស៊ីហ្វិក និងពិភពលោក ក៏ដូចជាអង្គការសុខភាពពិភពលោក បានបញ្ជាក់ថា ជាទូទៅអំពើហិង្សាទៅលើស្ត្រីមានអត្រាខ្ពស់ដោយស្ត្រីម្នាក់ក្នុងចំណោមបីនាក់ទូទាំងពិភពលោក ធ្លាប់ទទួលរងនូវអំពើហិង្សាផ្លូវកាយ និងផ្លូវភេទដោយដៃគូជិតស្និទ្ធ ឬជនបង្កផ្សេងៗក្នុងជីវិតរបស់ពួកគេ។ ម្យ៉ាងវិញទៀត អំពើហិង្សាទៅលើស្ត្រីភាគច្រើនមានការកើនឡើងនៅពេលមានគ្រោះអាសន្ន រួមទាំងជំងឺរាតត្បាតផងដែរ។
អ្នកជំនាញផ្នែកប្រយុទ្ធប្រឆាំងនឹងអំពើហិង្សាក្នុងគ្រួសារ លើកទឹកចិត្តឱ្យពលរដ្ឋព្យាយាមជៀសឱ្យផុតពីអំពើហិង្សា ដោយកុំនៅតតាំងជាមួយជនបង្ក ព្យាយាមភៀសខ្លួនពីកន្លែងមានជម្លោះទៅកន្លែងសុវត្ថិភាព ដូចជាប៉ុស្តិ៍ប៉ូលិស សាលាឃុំ ឬផ្ទះសុវត្ថិភាព ប្រសិនបើមាន និងត្រូវរាយការណ៍ទៅប្រាប់អាជ្ញាធរ និងដែនសមត្ថកិច្ចមកជួយដោះស្រាយ ឬត្រូវទាក់ទងដោយផ្ទាល់ទៅកាន់ប្រព័ន្ធលេខទូរស័ព្ទទំនាក់ទំនងបន្ទាន់ក្នុងការរាយការណ៍ដល់អាជ្ញាធរនៅគ្រប់ ២៥រាជធានី-ខេត្ត ដែលមាននៅលើទំព័រហ្វេសប៊ុក (Facebook) របស់ក្រសួងកិច្ចការនារី ឬអង្គការផ្សេងៗទៀតដែលធ្វើការងារលើវិស័យនេះ។
ក្រុមអ្នកជំនាញទាំងនេះលើកឡើងថា អំពើហិង្សាក្នុងគ្រួសារមិនមែនជារឿងឯកជននោះទេ ប៉ុន្តែវាជាអំពើខុសច្បាប់ ដូចនេះពួកគេថាពលរដ្ឋគ្រប់រូបមានសិទ្ធិរាយការណ៍ពីហិង្សាក្នុងគ្រួសារដើម្បីរកយុត្តិធម៌ឱ្យខ្លួនឯង ឬជនរងគ្រោះ៕